អ្នកវិភាគចាត់ទុកការបង្ខិត​បង្ខំ និង​ការ​គំរាម​កំហែង​មិន​​​មែន​ជា​រូប​មន្ត​នៃ​ការ​ផ្សះ​ផ្សា​ជាតិ​ឡើយ

ក្រុមអ្នកវិភាគនយោបាយ ចាត់ទុកថា ដើម្បី​អាច​បើក​ផ្លូវ​ឱ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ​បាន គ្រប់​ភាគី​ពាក់​​ព័ន្ធ​​​ត្រូវចេះ​យោគ​យល់ និង​អាធ្យាស្រ័យ​គ្នាក្នុង​ន័យ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដោយ​ចៀស​វាង​​ការ​​​រំ​​លោភ​អំណាច និង​ប្រើ​ប្រាស់​រូប​ភាព​នៃ​ការ​គំរាម​កំហែង និង​ប្រើ​វិធាន​ការ​នយោបាយ​ដោយ​​ទុច​រិ​ត​។

លោកបណ្ឌិត មាស នី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​វិភាគ​នយោបាយ បាន​បង្ហោះ​សារ​នៅ​​​លើ​ប​ណ្តាញ​​សង្គម​របស់​លោក កាល​ពី​ថ្ងៃ​ទី២ ខែមេសា នៅ​ចំ​ថ្ងៃ​ដែល​​បណ្តា​គណបក្ស​នយោបាយ នៅ​​ក្រៅ​​​រដ្ឋា​​​​​ភិ​បាល បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​គោរព​វិញ្ញាណ​ក្ខន្ធ​សព លោក ហ៊ុន​ សាន ដែល​ត្រូវ​ជា​ប​​ងប្រុ​ស​​​ទី​​១​​​រប​ស់​​លោក ហ៊ុន សែន ដោយលោកលើកឡើងថា ការផ្សះផ្សាជាតិ គឺ​វា​មិន​មែន​មា​​នភាព​ងា​​យ​ស្រួ​ល​ ដូច​ការ​ផ្សា​ដែក ឬ​ផ្សា​​​​​អ្វី​ផ្សេង​ឡើយ។ ក្នុង​ន័យ​នេះ ការ​ផ្សះ​ផ្សា​ជាតិ ក៏​រឹត​តែ​មិន​អាច​កើត​ឡើង​ដោ​​យ​​កា​​របង្ខិ​ត​បង្ខំ​​នោះ​​ថែ​ម​ទៀត​ផង។

បើតាម​ លោកបណ្ឌិត មាស នី ការបង្ខំ ឬការគំរាម​កំហែង​ជា​វិធីដែល​ជំរុញ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម និង​កា​​ន់​​​​តែ​មា​​ន​ការ​រើស​អើង​គ្នា​ខ្លាំង​ឡើង​នៅ​ក្នុង​សង្គម។ ជាពិសេសវិធីសាស្រ្តនេះ នឹង​នាំ​ឱ្យ​មា​​នការ​ចង់​​អ​ឃាត​គ្នា​​មិនចប់ ហើយ​នៅ​ក្នុង​កម្មវិធី​នយោ​បាយ​មា​​នតែ​​ពា​ក្យ​​​ថា​​សង​សឹក និង​គ្មាន​បក្ស​ណា​ដែល​អា​​ច​​ធ្វើការ​ជាមួយបាន ក្រៅ​ពី​ក្រុម និង​​​បក្ខ​ពួក​របស់​ខ្លួន​ប៉ុណ្ណោះ។

ប្រភពបន្តថា៖ «ការផ្សះផ្សាជាតិ​មិន​ដូច​យើង​ផ្សា​ដែក​ទេ​ ការ​ផ្សៈ​ផ្សា​ជាតិ​ក៏​មិន​អាច​កើត​ឡើង​ដោយ​ការ​បង្ខំដែរ។ បង្ខំ ឬ​គំរាម​កាន់តែ​ច្រើន ភាព​ទុក​ចិត្ត​នឹង​កាន់​តែ​ឃ្លាត​ឆ្ងាយ ហើយ​ជំនួស​ដោយ​ការ​ស្អប់ កា​​រ​រើស​អើង ​ល​​ទ្ធផល​ចុង​ក្រោយ គឺ​ការ​ធ្វើ​នយោបាយ​តាម​បែប​សង​សឹក មាន​ឯង​អត់​អញ ក្នុង​ខណៈ​​ដែ​​​​ល​យើង​​មា​ន​ជាតិ​តែ​មួយ ទឹក​ដី​រួម​ជាមួយ​គ្នា»។

ប្រទេសកម្ពុជា នៅ​ក្រោយរំលាយគណបក្សសង្រ្គោះ​ជាតិ កាលពីចុងឆ្នាំ​២០១៧ ដោយ​តុលា​ការ​កំ​ពូ​​ល បាន​ធ្វើ​ឱ្យ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​បន្ត​ធ្លាក់​ចុះ និង​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ជួ​​បវិបត្តិ​នយោ​បា​យ​ធ្ង​ន់​ធ្ង​រ​ដល់​សព្វថ្ងៃនេះ។ រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​​សង្កេ​ត​​ឃើញ​ថា បា​ន​ប្រើ​​​គ្រប់​វិធី​ធ្វើ​យ៉ាង​ណា រក​កំហុស​​ទាល់​តែ​បាន ជាពិសេស​ទៅ​លើ​ដៃ​គូនយោ​បាយ​ដែល​​​​​មា​ន​​ប្រៀ​ប​​ជា​ង​ខ្លួន ទោះក្នុងហេតុផលមិនសមរម្យក៏​ដោយ។

ការរំលាយបក្សប្រឆាំងដ៏ធំ កាលពីជាង១០ឆ្នាំមុន ក្រោមហេតុផលក្បាលម៉ាស៊ីនដឹ​កនាំបក្សមា​នពិ​រុទ្ធ​ភា​ព ដែលវាខ្ទាស់ទៅនឹងច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវគេមើលឃើញថា វាគឺជា​ចេតនា​តែ​មួយ​​គ​ត់​ គឺ​​បក្ស​ប្រជាជនកម្ពុជា មិនអាចប្រកួតប្រជែងលើគន្លងប្រជាធិបតេយ្យ​បានតទៅទៀត។ ហេតុនេះ ជាកត្តាដែល​នាំ​​​ឱ្យ​កា​រឯកភាពជាតិ នឹងមិនអាចកើតឡើងបានទេ។

នៅក្នុងអតីតកាល កម្ពុជាក៏ធ្លាប់មានប្រវត្តិ នៃការបង្រួបបម្រួងនយោបាយដែរ ក្រោយពីបែកបាកផ្ទៃ​ក្នុង​ ដោ​យ​សង្រ្គាម​​​ស៊ីវិល អស់ជាច្រើនឆ្នាំ។ ប៉ុន្តែគ្រប់ភាគីនយោបាយ​កាលណោះ នៅ​មិន​ទាន់​មា​ន​​ឥ​ទ្ធិ​​ពល និង​​​អំ​ណាច​ដាច់ ដូច​​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​មា​ន​នៅក្នុងដៃ​ដូច​ពេ​ល​បច្ចុ​ប្ប​ន្ន​​នេះ​ទេ។

ការផ្សះផ្សាជាតិ ដែលគេមិនអាចខ្វះបាន​នៅ​ពេល​នោះ គឺ​តួអង្គ​ព្រះ​មហាក្សត្រ។ ព្រះអង្គ បា​​ន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ផ្សះ​ផ្សា​ជាតិ ដែល​មាន​ភាព​ដ៏ស​កម្ម ដែល​ជំរុ​ញ​ឱ្យ​គ្រប់​ភាគី​នៃ​​បណ្តា​បក្ស​​ន​​យោបាយ ងាក​មក​អង្គុ​យ​លើ​តុចរចា ហើយ​នៅ​ទីបំផុត អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ត្រូ​​វបង្ខំ​ចិត្ត​ទទួល​យក ការ​បង្រួ​​បបង្រួម​​មួ​​យ​​នេះ​​ ក្រោម​វត្តមានព្រះ​មហាក្សត្រ គឺ​ព្រះបា​ទ សម្តេច​ព្រះ ន​រោត្តម សីហនុ។

ជុំវិញរឿ​ងនេះ សម្រាប់អ្នកវិភាគ​នយោបាយ គឺ​លោក ប៉ោ មករា យល់​ឃើញថា មាន​ហេ​​តុផល​​ជា​​ច្រើន ដែល​នាំ​​ឱ្យ​មាន​រនាំង មិន​អាច​ឱ្យ​អ្នក​នយោបាយ​កម្ពុជា ឈាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​បាន ក្នុង​​នោះ​​ បញ្ហា​ការ​អ​នុ​វត្ត​​ច្បាប់ គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​ដែរ ក្នុង​ហេតុ​ផល​ដទៃ​ទៀត។ បន្ថែ​ម​ពីលើនេះ ក​ម្ពុ​​ជា​នៅ​តែ​​មិន ទាន់​មានភា​ព​ចាស់​ទុំ​ខាង​​នយោបាយ​នៅឡើយ បើ​ទោះ​ជា​ម្ខាងៗ សុទ្ធ​តែ​បាន​​ប្រកា​ស​​ខ្លួន​ថា ពោ​រ​ពេ​ញ​​ទៅ​ដោ​យបទ​ពិសោធន៍គ្រប់គ្រាន់ ក្នុងរឿងនយោបាយ​នេះយ៉ាង​ណា​​ក៏​ដោយ​ចុះ។

ជា​ង​នេះ​ទៀ​ត អ្វីដែលនាំឱ្យគ្រប់ភាគី​នយោបាយ មិនអាច​ត្រូវ​គ្នា ឬឯកភាពគ្នា​លើគោល​នយោបាយ ដូច​ដែល​​​ពលរដ្ឋ​ចង់​បាន​នោះ គឺ​ការ​ប្រកាន់​បក្ខ​ពួក សែ​ស្រឡាយ និង​អំពើ​ពុក​រលួយ។ រឹតតែបញ្ហាជាង​នេះ គឺ​កា​រ​ភ័យ​ខ្លាច​នៃកា​រ​បាត់​បង់​អំណាច និង​ក្រោយ​អស់​ពី​អំណាច បារម្ភ​មាន​ការ​សង​សឹក​​វិ​ញ​ពី​ដៃ​គូ​​ន​យោ​​បាយ ដែ​​ល​ខ្លួនធ្វើទុក្ខ​បុកម្នេញ។ ទាំងនេះ គឺជាហេតុផល ដែលនាំឱ្យអ្នកនយោបាយខ្មែរ គ្មានផ្លូ​វណា​ដែល​អា​ចរ​កច្រកចេញបាន ទៅលើគោលការណ៍ឯកភាព​ជាតិ និងផ្សះផ្សាជាតិ​បាន។

លោកបន្ត​ថា៖ខ្ញុំមើលឃើញថា បញ្ហានយោបាយ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ ការ​ផ្សះ​ផ្សា​ជាតិ​ហាក់ដូច​ជា​នៅ​មាន​កម្រិត មិន​ទាន់​មាន​ពេញ​លេញ និង​រឹង​ម៉ាំ។ អញ្ចឹង​អ្វី​ដែល​អ្នក​នយោបាយ​គួ​រ​ធ្វើ​ហ្នឹង គឺ​ត្រូវតែ​គោរព​ច្បាប់ ត្រូវ​មើល​ផល​ប្រយោជន៍​របស់​ប្រជាជន​ជាធំ ហើយ​ត្រូ​វ​តែ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ជនជាធំ

មកដល់ពេលនេះ គេសង្កេតឃើញ​លោក ហ៊ុន សែន នៅតែ​ប្រកាន់​ជំហ​នយោបាយ​ហិង្សា ដូច​ក្នុង​ពេ​ល​លោក​នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋ​មន្រ្តី។

ថ្មីៗនេះ ប្រធានគណបក្សកាន់អំណាចរូបនេះ បានព្រមាន​ទៀ​ត​ថា ផែន​ការ​តាម​កម្ទេច​ក្រុម​ប្រឆាំង ងើបមួយ​វៃ​មួយ​នៅ​តែ​បន្ត។ កត្តា​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំ​​​នាញ​គោល​នយោបាយ​ឯករាជ្យ ចាត់​ទុក​ថា កម្ពុជានឹង​មិន​អាច​រក​ឃើញ​ពាក្យ​សន្តិភាព​ពិត​ប្រាកដ​បា​​​ន​ទេ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀតក៏​ដោយ។

ចំណែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់គំនិត និងការ​ស្រាវ​ជ្រាវ មាន​ប្រសា​ស​ន៍ថា មានរឿងច្រើនណាស់ដែល​គ្រប់​បណ្តា​បក្ស​នយោបាយ​ត្រូវធ្វើ ជាពិសេសគណបក្សដែល​កាន់​អំ​​ណាច មុន​នឹងនិយាយដល់រឿងការឯកភាពជាតិនេះ។

លោកបន្តថា កុំថាឡើយទៅដល់ការផ្សះផ្សាជាតិ ប្រសិនបើគ្រប់និន្នាការន​យោ​បា​​យ មិនទាន់ស្រុះស្រួលគ្នាឱ្យបានល្អ និងមានសំឡេងតែមួយ ទាំ​​ង​លើគោលការណ៍ និងបទដ្ឋានគតិយុត្ត​ដែល​មាន​ស្រាប់ អ្វី​ផ្សេង​ពីនេះ​ក៏​ពិបាក​នឹង​សម្រេច​ដូច​គ្នា​ដែរ។

លោកបន្តថា៖《គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលស្គាល់ពីអតីតកាល​ ជាពិសេសជាមួយ​នឹង​បញ្ហាដែល​កើត​មាន ហើយ​បញ្ហាទាំ​ង​អស់​ហ្នឹង ត្រូវ​តែ​មាន​ទៅ​លើ​គ្រប់​ភាគីពា​ក់ព័ន្ធ​ទាំង​អស់ ហើយ​គ្រប់​ភាគីពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​តែ​ចូល​រួម​ដោះស្រាយ​ជាមួយ​គ្នា ទីពីរ​ទាក់​ទង​នឹង​ការ​ទទួល​ខុស​ត្រូវ ហើយ​ដឹង​ថា ភាគី​នីមួយ​ៗ​មាន​លក្ខណៈខុស​គ្នាហើយ ប៉ុន្តែ​បើ​យើង​បន្ត​ទម្លាក់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក មិនអាចដោះស្រាយបញ្ហាអីបានទេ》

សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺបានភ្លាមៗទេ ពីអ្នកនាំពាក្យគណបក្ស​ប្រជាជន​ក​ម្ពុជា​ នៅថ្ងៃនេះ ដោយទូរស័ព្ទពុំអាចទាក់ទងបាន។

បើទោះជាបែបណា ជារូបភាពនយោបាយនៅពេលនេះ កម្ពុជាកំពុងទទួលរកការរិះគន់ថា ជារដ្ឋាភិបា​ល​ដឹក​​នាំតាម​បែបឯកបក្ស ដូចមុនការបោះឆ្នោត២០១៧ ដដែល។

ជុំវិញស្ថានការណ៍នេះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សគ្រប់គ្រង់អំណាច ធ្លាប់បានអះអាងថា នៅក្រោយការបោះឆ្នោ​តជ្រើ​ស​តាំ​​ងតំណាងរាស្រ្តលើកទី៧ ឆ្នាំ២០២៣ រដ្ឋសភាដែលនឹងកើតក្រោយការបោះ​ឆ្នោត​នេះ នឹងលែ​​ង​ជា​​​​ស​​ភា​​តាម​​បែបឯកបក្សតទៅទៀតហើយ។

គេសង្កេតឃើញថា អ្វីដែលលោក ហ៊ុន សែន អះអាងនេះ វាហាក់ដើរផ្ទុយពីការពិត។ គណបក្សភ្លើងទៀន ដែលមាន​កម្លាំងប្រកួតប្រជែង មិនចាញ់នឹងគណ​បក្ស​សង្រ្គោះ​ជាតិ ប៉ុន្មានដែរ ត្រូវបាន គ.ជ.ប និងក្រ​សួង​មហាផ្ទៃ រកឃើញ​ថា មានកំហុសផ្នែករដ្ឋបាល ហើ​យ​​បិ​ទ​ផ្លូវគណបក្សប្រឆាំងមួយ​នេះ មិនឱ្យចូ​លរួម​បោះឆ្នោ​ត​បាន។ ក្រៅពីនេះ អ្នក​​នយោ​បា​យពីបក្ស​ជំ​ទា​ស់ ភាគច្រើនដែលមានឥទ្ធិពល ពួកគេសុទ្ធតែរងបណ្តឹង​តាម​ផ្លូវតុលា​ការ។ អ្នកទាំងនោះ រក​​ឃើ​ញ​​​ថា​ បានបាត់បង់សិទ្ធិ ក្នុងកា​រអនុវត្ត​នយោបាយ ស្ទើរទាំងស្រុង។នេះក៏ជាមូលហេតុ ដែលនាំឱ្យសំឡេ​ង​​​ប​ក្សប្រឆាំង ចេះតែបន្តចុះខ្សោយ ព្រោះតែពួ​​កគេមិនអាចអនុវត្តបានដោយ​ពេញលេញ ក្នុងសក​ម្ម​​ភា​​ពនយោបាយ នៅ​ថ្នាក់​មូលដ្ឋាន ក្រោមឥទ្ធិពលគំនាបតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ