សង់ត្រាល់ស្នើឱ្យ​រដ្ឋផ្តល់​ជំនួយ​​​មនុស្ស​​ធម៌​ដល់​​​សាច់​ញាតិ​​ពលករ​​ដែល​​បាត់​​​ខ្លួ​ន​​ក្នុង​​​​គ្រោះ​​រញ្ជួយ​​​ដី​នៅ​ថៃ

អង្គការ​សង់ត្រាល់ អំពាវនាវដល់រដ្ឋាភិបាល​កម្ពុជា ពិចារណា​​ក្នុង​​ការ​​ផ្តល់​​ជំនួយ​​មនុស្ស​ធម៌ ដល់​​​​សាច់​ញាតិ​ពលករ​ខ្មែរ​​​​​ដែល​នៅ​បន្ត​​​បាត់​ខ្លួន​ក្នុង​​ឧបទ្ទវ​ហេតុ​បាក់​អាគារ ដោយ​​​​​សារ​​គ្រោះ​រញ្ជួយ​​ដី​ នៅ​​ទីក្រុង​​បាង​កក ប្រទេ​​ស​​ថៃ ដើម្បី​ដោះ​ស្រាយ​​ទុក្ខ​លំបាក​ផ្សេង​ៗ ខណៈ​ការ​​រុក​រក​​​​ជន​រង​គ្រោះដែល​​កប់​​ក្នុងគំនរ​ថ្មអាគារ​ ពីសំណាក់អាជ្ញាធរ​ថៃ បាននិង​​កំពុង​​បន្ត​ធ្វើ។​

ក្នុងទំព័រហ្វេសប៊ុក​របស់អង្គការ​សង់ត្រាល់ ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី​០៧ ខែ​មេសា​នេះ បានឱ្យ​ដឹងថា ក្រោយករណីបាក់រលំអគារ នៅក្រុង​បាង​កក អស់រយៈពេល១១ថ្ងៃ ចាប់តាំ​ងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥​កន្លង​មក​នេះ សាច់​​ញាតិ​​ពលករ-ពលការិនី ចំនួន ២គ្រួសារ ដែល​រង​គ្រោះ​ដោយ​​អគារ​បាក់​រលំ នៅតែ​បន្តរងចាំ​ដំណឹង​ នៅខាងមុខអគារ និងមានសង្ឃឹមថាសមាជិក​គ្រួសារ​​ពួកគាត់នៅ​មានជីវិតរស់។

ប្រភពដដែល ​បន្តថា សាច់ញាតិទាំង ២គ្រួសារ ដែលនៅ​រងចាំ​កូន និង​បងប្អូននោះ រួមមាន អ្នក​ស្រី ឆាយ សុភ័ណ ត្រូវ​ជាម្តាយ​ពលករ​​​រង​គ្រោះ ឈ្មោះ ផល្លា រតនា (Phalla Ratana) រស់​នៅ​ភូមិ​-​ឃុំ​ជ្រោយ​ស្តៅ ស្រុក​​ថ្ម​គោល ខេត្តបាត់ដំបង ដែលបាន​បាត់ខ្លួន​ និង​បាត់​ដំណឹង​ តាំង​ពី​​ថ្ងៃទី​​២៨ ខែ​មីនា រហូតមកដល់ពេលនេះ។ ពលករ ផល្លា រតនា ជាជាងភ្លើង​នៅអាគារ​ដែលបាក់រលំ​នោះ ដោយ​ធ្វើការងារនៅជាន់ទី​២៦។

ចំណែក អ្នកនាង សាន់ ដែន ជា​ប្អូន​ស្រីពលករ​​រង​​គ្រោះ ឈ្មោះ សាន់ សឿន និង ឈ្មោះ សុខ គិមសី ត្រូវ​​ជាបងថ្លៃស្រី រស់​នៅ​ភូមិ​តាម៉ា សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ពលករ​ទាំង២នាក់ប្តីប្រពន្ធ​ ដែល​បាត់ខ្លួន និងបាត់ដំណឹង​ នៅ​ថ្ងៃ​កើត​ហេតុ​​ ធ្វើការ​​ជា​​ជាង​​ការ៉ូ នៅ​អាគារ​​ដែល​បាក់​រលំនោះ។

ករណីនេះ អង្គការសង់ត្រាល់ បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​​ថៃ បន្ត​ជួយ​សង្គ្រោះ​ដល់​​ជន​រងគ្រោះ​ដែលជា​ពលករ​​បរទេស​​​ទាំង​​​អស់ រួម​ទាំងពលករកម្ពុជា ឲ្យ​បាន​ឆាប់​រហ័ស រួម​ទាំង​ការ​ផ្តល់​​ជំនួយ​មនុស្ស​ធម៌ ដោយ​មិន​មាន​ការ​រើស​អើង​ឡើយ។ ទន្ទឹម​នឹងនេះ សង់ត្រាល់ ក៏បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​​កម្ពុជា ពិចារណា​ក្នុង​​ការ​​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ដល់​សាច់​ញាតិពលករ​ខ្មែរ ដែល​រង​គ្រោះទាំង​នេះ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ទុក្ខ​​លំបាក​​ផ្សេងៗ។

លោក លឹង សុផុន មន្ត្រី​គម្រោង​ផ្នែក​ពលករ​ចំណាក​ស្រុក​​នៃអង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់វីអូឌីបន្ថែម​​ថា តាមការ​សង្កេត​របស់លោកនៅទីតាំង​កើត​ហេតុ ឃើញថា ការកាយ​​គំនរ​ថ្មបាក់​បែក​ដែល​គរ​ដូច​ភ្នំ​នោះ គឺ​ធ្វើបានប្រមាណ ៣០ភាគរយ គិត​មកដល់ពេលនេះ ហើយ​អាជ្ញាធរ​ថៃបាននិងកំពុង​បន្តការ​ងារ​​យ៉ាងសកម្មផង​ដែរ បើទោះជា​នៅមិនទាន់​បានកំណត់​ពេល​ជាក់លាក់​នៃការ​បញ្ចប់កា​ររុករក​ក៏ដោយ។

ចំណែក ពលរដ្ឋខ្មែរ​ទាំង ២គ្រួសារ​​ ដែលកំពុង​​​រង​ចាំដំណឹង​​ពីសាច់ញាតិ​របស់ខ្លួន​ដែលបាត់​ខ្លួន​ នៅ​មុខ​គំនរ​​អាគារ​នោះ ក៏កំពុងជួប​ផលលំបាកក្នុងជីវភាព​ផងដែរ ដោយសារ​តែពួកគាត់ មិន​មាន​កន្លែង​ស្នាក់នៅស្រួល​បួល ដោយពេលខ្លះស្នាក់នៅតាមសំយាប​ផ្ទះ សំយាប​អគារ​​ ឬតូប​ក្បែរ​ទីតាំង​​កើត​ហេតុ និង​ខ្វះខាត​ថវិកា​​សម្រាប់ចំណាយ​ប្រចាំថ្ងៃជាដើម។​

ករណីនេះហើយ ដែលអង្គការសង់ត្រាល់ បាន​អំពាវនាវ​ដល់រដ្ឋាភិបាលកម្ពុជា ផ្តល់ជា​ជំនួយ​មនុស្ស​ធម៌ដល់សាច់ញាតិ​របស់​​ពលករខ្មែរ​ដែលបាត់ខ្លួន​ ដែលភាគច្រើនជាស្ត្រី​ ដើម្បីឱ្យ​ពួកគាត់​​​​​មានកន្លែង​​ស្នាក់នៅសមរម្យ និង​​​មានអាហារ​ទទួលទានគ្រប់គ្រាន់ អំឡុងពេលរង​ចាំ​ដំណឹង។

លោក សុផុន និយាយថា៖ «ព្រោះការ​រង​ចាំ​របស់គាត់ហ្នឹង គឺ​​តាំង​ពីថ្ងៃទី២៩[ខែមិនា]មករហូត​ដល់ពេលនេះ យើងឃើញថា វាច្រើនថ្ងៃមកហើយ ជាង១០ថ្ងៃ​ហើយដែលគាត់ធ្វើការ​រង​ចាំ​ហ្នឹង​​​ ហើយ​មានការ​រៀបចំពីរដ្ឋាភិបាល​ថៃដែរ កន្លែង​​​សម្រាក​ កន្លែង​ស្នាក់នៅរបស់​​សាច់ញាតិ​ដែល​រង​ចាំនោះ យើងឃើញ​​មានជន​ជាតិ​ថៃ ហើយនិងពលករ​ជន​ជាតិ​ភូមា​ហ្នឹង ឃើញ​រៀបចំកន្លែង​​ ឃើញ​ដូច​មានម៉ាស៊ីនត្រជាក់ម៉ាស៊ីន​​អី​នៅកន្លែង​រង​ចាំ។ ប៉ុន្តែយើងឃើញខ្មែរ​យើង គាត់​​​ដេក​​ដូចខ្ញុំលើកឡើង​​ខាង​ដើមចឹង​[គាត់សម្រាក​​តាម​សំយាបផ្ទះ សំយាបតូប​ សំយាបអគារ​ជាដើម​]គាត់ដេកនៅកន្លែងនេះបន្តិចទៅកន្លែង​នោះបន្តិចទៅ ជួនកាលទៅគេ​​ហៅ​ទៅ​ដេកនៅតូបផ្សេង​ៗទៅ ព្រោះនៅម្តុំ​ហ្នឹង មានកន្លែង​តូប​កន្លែងអី​​ស្រឡះអាចដេកបាន​ គាត់ថាលំបាក​សម្រាប់ពួកគាត់»។

ក្នុងវីដេអូឃ្លីប​​រយៈពេលជាង ២នាទី ដែលសង់ត្រាល់បានផុសលើ​ហ្វេស​ប៊ុកនោះ សាច់ញាតិពលករខ្មែរម្នាក់​ ដែលកំពុងរង​ចាំ​នៅ​មុខ​​​​​គំនរ​អគារបាក់បែក ក្នុងទី​ក្រុងបាងកក បាននិយាយថា ពួកគាត់​នៅមិនទាន់អស់​សង្ឃឹមនៅឡើយទេ ដរាបណា​​អាជ្ញាធរ​ថៃ នៅមិនទាន់រកឃើញសាច់ញាតិរបស់ពួកគេ​ដែលបាត់ខ្លួន។

អ្នកនាងថា៖ «ហើយការដែលខ្ញុំអង្គុយចាំនេះ ក៏នៅសង្ឃឹម សង្ឃឹមថាបងប្អូន​យើងនៅ​មានជីវិត​​ទាំង​អស់​គ្នា ពួកខ្ញុំ​អត់ទាន់អស់សង្ឃឹមទេ ព្រោះដរាបណា​ពួកខ្ញុំអត់ឃើញគាត់ចេញមក ជារូបភាពយ៉ាងម៉េច បែបយ៉ាង​ម៉េច ពួកខ្ញុំអត់ទាន់អស់សង្ឃឹម»

VOD មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​​​វិជ្ជាជីវៈ លោក កត្តា​ អ៊ន បានទេ។

នៅថ្ងៃចន្ទនេះដែរ ក្រុមគ្រួសារសាច់ញាតិ​​ពលករ​ខ្មែរ​ និង​ពលករមីយ៉ាន់ម៉ា(ភូមា) ដែលបាត់ខ្លួន​ក្នុងអគារការិយា​ល័យ​​សវនកម្មថៃ ដែលបាក់រលំ ក៏​​បាន​ដាក់ញត្តិ​​ជូន​អភិបាលក្រុង​បាងកកផងដែរ ដោយស្នើ​តាមដាន​ព័ត៌មាន​ជុំវិញ​អ្នករបួស និងអ្នកស្លាប់ ចាប់តាំងពីថ្ងៃកើតហេតុដែល​​​អគារនេះបាក់រលំ ខណៈពួកគេ​​បាន​​ធ្វើតេស្ត DNA រួច​​ហើយ ហើយ​បានរាយការណ៍ទៅប៉ូលិស​រួច​រាល់​ហើយដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត​​ ៧,៧រិចទ័រ កាលពីថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ នៅប្រទេស​​ថៃ បាន​បណ្តាល​​ឱ្យ​អគារ​​កំពុង​​សាង​សង់​កម្ពស់​ជាង​ ៣០ជាន់​មួយកន្លែង​ ស្ថិត​ក្នុង​​​​សង្កាត់​ចាក់​​តុ​ចាក់ (Chatuchak) ក្នុង​ទីក្រុងបាង​កក​ ​បាន​​ដួលរលំ។ ​គ្រោះរញ្ជួយដីដូចគ្នា​នេះ ក៏បាន​កើត​មាននៅប្រទេស​មីយ៉ាន់​​​ម៉ា(ភូមា)​ ដែលបានសម្លាប់មនុស្ស​រាប់​​រយ​នាក់ និង​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ក្នុ​ងប្រទេស​នេះ​អស់​ជា​ច្រើនផងដែរ។

បើតាម​ប្រភពសារព័ត៌មានថៃ​ និ​ងមន្ត្រី​អង្គការ​សង់​ត្រាល់ ​ក្នុង​ចំណោម​​ពលករ​ថៃ និង​ពលករ​បរទេស​​​​សរុប​​​​ជាង ៣០០​នាក់ ដែល​ធ្វើការ​នៅ​ការ​ដ្ឋាន​សំណង់អគារ​ដែលបាក់រលំ​ ក្នុង​ប្រទេស​ថៃ​​​នោះ​ ក៏​មានពលករ​ខ្មែរផងដែរ​។ តែយ៉ាងណា​ គេនៅពុំទាន់ដឹងពី​ចំនួន​ពលករ​ខ្មែរ​​ជាក់លាក់ ​ដែលធ្វើការ​នៅទីនោះនៅឡើយ​ទេ។​

ចំណែក ក្រសួងការ​ងារកម្ពុជា បានឱ្យដឹង​ជាបន្ត​បន្ទាប់ដែរ​ថា គិត​មកដល់ថ្ងៃទី៤ ខែមេសា​នេះ មានពលករ​ខ្មែរ​ម្នាក់ ឈ្មោះ​ មាស សាវ៉ាង អាយុ ២៣ឆ្នាំ នៅ​ខេត្តបន្ទាយមានជ័យ បានស្លាប់​​ និង​ពលការិនីខ្មែរម្នាក់ទៀត ឈ្មោះ​ សឿន សំណាង អាយុ ៤៤ឆ្នាំ នៅខេត្តកំពង់ធំ បាន​រងរបួស​បាក់ជើង ក្នុងហេតុការណ៍បាក់រលំអគារ​ ខណៈពលករខ្មែរ​ម្នាក់ទៀត ឈ្មោះ​ ឃិន សាខុន បាន​រងគ្រោះថ្នាក់របូតគន្លាក់​ជង្គង់ ក្នុងឧបទ្ទវហេតុ​រញ្ជួយដីក្នុងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ