លោក ហ៊ុន ម៉ាណែត រង​​ការ​​រិះ​គន់​​ថា ការ​​ពារ​​មរតក​​បោះ​ឆ្នោត​​ក្លែង​​ក្លាយ​​ដើម្បី​​រក្សា​​អំណាច

នាយក​រដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា កំពុង​ការ​ពារ​មរតក​បោះ​ឆ្នោត​ក្លែងក្លាយ​បន្ត​ពី​ឪពុក​ដែល​ធ្លាប់​ប្រើ​ដៃ​តុលាការ​រំលាយ​បក្ស​ប្រឆាំង រំលោភ​ឆន្ទៈ​រាស្រ្ត​ជិត​ពាក់​កណ្តាល​​​ប្រទេស ធ្វើឱ្យ​​កម្ពុជា​ស្អុយ​​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់ប្រជា​ធិប​តេយ្យ​ជិត​១​០​ឆ្នាំ​ទៅ​នេះ។

ការរិះគន់នេះ ក្រោយមេដឹកនាំឈា​មថ្មី លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មរតក​តេ​ជោ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៥​នេះ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរត្រូវ​ទៅ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា ដើម្បី​ផ្លាស់​ប្ដូរ​មេដឹក​នាំ ដែល​លោក​ថា​ជា​ការ​ស្ទង់​មតិ​ធំ​បំផុត​៥​ឆ្នាំ​ម្ដង។

ក្នុងន័យនេះ លោកថា ពលដ្ឋត្រូវអនុវត្តន៍សិទ្ធិ តាម​លទ្ធិប្រជាធិប​តេយ្យ ដើម្បី​ការ​ជ្រើស​រើសមេដឹក​នាំ តាម​គោល​ការណ៍​ប្រជា​ធិប​តេយ្យ ដើម្បី​កុំ​ឱ្យ​បែក​បាក់​សាមគ្គី​ជាតិ។

លោក​ថា៖ ​«គឺ​មាន​តែ​ការ​បោះ​ឆ្នោត​ទៅ​តាម​គោល​ការ​ណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ អនុ​លោម​តាម​រដ្ឋ​ធម្ម​នុញ្ញ​នោះ​ទេ ដែលត្រឹម​ត្រូវ ដែល​អាច​ធានា​បាន​នូ​វ​ចីរភាព និង​និរន្ត​ភាព​ និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​របស់​យើង! ដែល​យើង​អាច​បន្ត​ដំណើរទៅ​មុខ​តទៅ​ទៀត រួម​គ្នា​កុំ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្នុង​ការ​បែក​បាក់​ឯកភាព​ជាតិ​នេះ។ សុំ​ចូល​រួម»

តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ឬ​ហៅ​ការ​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​បង្រ្គប់​កិច្ច ដែល​លោក​ថា ជា​ដើមចម ធ្វើ​ឱ្យ​ជាតិ​បែក​បាក់។

ក្នុងន័យនេះ លោកថា គ្រួសារហ៊ុន​ប្រើដៃតុលាការ​ជា​ន់ឈ្លី​ឆន្ទៈ​រាស្រ្ត ដោយ​រំលាយ​បក្សសង្រ្គោះ​ជាតិ​ដែល​តំណាង​ឱ្យពលរដ្ឋ​ជិត​កន្លះ​នគរ បិទ​ខ្ទប់​បក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង សកម្ម​ជន​បរិស្ថាន សកម្ម​ជន​សង្គម និង​សិទ្ធិមនុស្ស​ជាដើម។

លោកថា៖ «បើ​បោះ​ឆ្នោតលេងសើចបោះឆ្នោតក្លែងក្លាយ បោះ​ឆ្នោត​បង្គ្រប់​កិច្ច​ដូច​ឆ្នាំ​២០២៣ បី​ដល់​ឆ្នាំ​២០១៨ កន្លងមកហ្នឹង! បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ហើយ មិ​នឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​បោះ​ឆ្នោត​សកល​ឆ្នាំ២០២៣​ហ្នឹង ហើយ​បោះ​ឆ្នោត​តែ​ម្នាក់​ឯង! អាហ្នឹង​បាន​ជា​កា​រ​បោះ​ឆ្នោត​ដែល​មិន​បង្រួប​បង្រួម​ជាតិ​ ឲ្យ​​មាន​​ការ​បែក​បាក់ជាតិ​ ហើយ​បន្ទាប់​ពី​បោះ​ឆ្នោត​ក្លែង​ក្លាយ​ហើយ! ចាប់​គេ​ដាក់​គុក ចាប់​ លោក កឹម សុខា ដាក់​គុក សកម្មជន​បក្ស​ប្រឆាំងដាក់​គុក​ សកម្មជន​បរិស្ថាន​ សកម្ម​ជន​សង្គម ដាក់​គុក​ហ្នឹង! ធ្វើ​ឲ្យ​បែក​បាក់»

កាលពីចុង​ឆ្នាំ២០២៤ ​តាម​​​​រយៈ​​សារសំឡេង​បែក​​ធ្លាយ​មួយ ​​​ផ្ញើ​ទៅ​​​កាន់​​​​សមា​ជិ​ក​គណ​បក្ស​​ប្រជាជន​កម្ពុជា គ្រប់​​រាជ​ធានី​ខេត្ត លោក ហ៊ុន សែន ​បាន​បញ្ជាឱ្យ​​បំផ្លាញ​ក្រុម​គណ​បក្ស​​​ប្រឆាំង​​​នៅ​​តាម​​​មូល​ដ្ឋាន​ ដើម្បី​​​កុំ​ឱ្យ​មាន​​លទ្ធភាព​​កសាង​កម្លាំង​ ​​សម្រាប់​​ចូល​រួម​ការ​​​បោះ​ឆ្នោត​​ឃុំ-សង្កាត់​​​អាណត្តិទី​៦ ឆ្នាំ​២០២៧ និង​​ការ​​បោះឆ្នោត​​​ជាតិ​​អាណត្តិទី​​៨​ឆ្នាំ​២០២៨។

លោក​ថា​៖ «បំផ្លាញ​កម្លាំងពួក​ប្រឆាំង កុំ​​ឱ្យ​ពួក​ប្រឆាំង​​មាន​កម្លាំង​ប្រើ បើ​ហ្ហែង​ប្រឆាំង​​ងើប​មួយ​​វ៉ៃមួយ ហ្ហែង​ចូល​ ចូល​​មួយ​​ទាញ​មួយ​ ហើយ​​ទាញ​បាន​មួយហ្នឹ​ង​គឺ​ថា ឱ្យ​អ្នក​ហ្នឹង​​​ទៅ​ទាញបន្ត​ទៀត​តាម​​វិធី​គឺថា យក​លលក​​ទាក់​លលក កុំ​យក​ដំរី​​ទៅ​ទាក់​កូន​ខ្លា ឬ​ក៏​យក​ដំរី​ទៅ​ទាក់​លលក យកនាគ​រាជ​ទៅ​ទាក់​លលក​ វា​អត់​​ត្រូវ​​ទេ។ អ៊ីចឹ​ង​សូម​យក​​ចិត្ត​​ទុក​ដាក់​​​ធ្វើ​កិច្ចការ​ងារ​ហ្នឹង​ឱ្យ​បាន​ល្អ​បំផុត​ សង្ឃឹម​ថា ឯកឧត្តម​​លោក​​​ជំទាវ​​​ធ្វើ​​កិច្ច​ការ​​​ងារ​​នេះ ​ដោយ​​ហ្មត់​ចត់​ ​ហើ​យ​នៅ​មាន​យន្ត​ការ​​មួ​យ​​ចំនួន គឺជំនាញ​​ខា​ង​រ​កមុខ​​សញ្ញា​​សម្រាប់​វ៉ៃ​ហ្មង មុខ​​សញ្ញា​ណា​វ៉ៃ​​ មុខ​​សញ្ញា​​ណា​រឹង​អាហ្នឹង​គឺ​ចូល​វ៉ៃហ្មង»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចាត់​ទុក​ការ​បញ្ចេញ​មតិ​របស់ លោក ហ៊ុន ម៉ាណែត ផ្ទុយ​ពី​ការ​ពិត ដោយ​ថា​ទាំង​មុន និង​ក្រោយ​បោះ​ឆ្នោត​មាន​ការ​អូស​ទាញ​ទិញ​ទឹក​ចិត្ត បំភិត​បំភ័យ គំរាម​គំហែង គ្រប់​រូប​ភាព មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​ រួម​មាន លោក ស៊ុន ចន្ធី លោក កឹម សុខា លោក កើត សារ៉ាយ កញ្ញា សេង ធារី និង​លោក ​ថាច់ សេដ្ឋា អនុប្រធាន​​គណបក្ស​​ភ្លើង​​ទៀន ជាដើម ។

សម្រាប់ លោក រ៉ុង ឈុន បើបក្សកាន់អំណាចដើរ​តាម​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ គោរព​តាម​គោលការណ៍​ប្រជា​ធិប​តេយ្យ ត្រូវ​ដោះ​លែង​អ្នក​ជាប់​ទោស​មនសិការ និង​ឱ្យ​អ្នក​នយោបាយ​នៅ​ក្រៅប្រទេស​ចូល​រួម​តាម​រយៈ​ការ​បោះឆ្នោត​ឡើង​វិញ ដែល​លោក​ថា​អ្នក​ទទួល​បាន​ផល គឺ​ជាតិ​និងពលរដ្ឋ។

លោកថា៖ «បើការបន្តបោះឆ្នោតមួយ​ មិនមានភា​ព​សេរី ត្រឹម​ត្រូវ យុត្តិ​ធម៌ ដូច​កន្លង​ម​ក​អ៊ីចឹង យើង​ឃើញ​ហើយ​ថាអន្តរ​ជាតិ និង​ជាតិ គេ​អត់​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ នៅ​ពេល​ដែល​គេ​អត់​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត គេ​អត់​ផ្តល់​ទំនុក​ចិត្ត​ គេ​អត់​អ្នក​វិនិយោគ​ទុន​អី គេ​មិន​មក​ដាក់​ទណ្ឌ​កម្មកម្ពុជា​យើង! អាហ្នឹង​ដែល​ជា​វា​អត់​មានចំណេញ​ទេ»។

ដោយ​ឡែក ប្រធានសមាគមនការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និយាយ​ថា ការលើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត សម្រេ​ច​វាសនា​ប្រទេស​ជាតិ គឺ​ជា​រឿង​ល្អ តែ​លោកថា រដ្ឋាភិបាល​ត្រូវ​ធានា​បរិយា​កាស​ល្អ​សម្រាប់​គូ​ប្រកួត​ប្រជែង​ផង​ដែរ ទើប​ជា​ការ​ផ្សះផ្សា​ជាតិពិត​ប្រាកដ។

លោកថា៖ «ប្រសិនបើខ្មែរចង់ឲ្យមានការផ្សះផ្សាជាតិ ច​ង់ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ ច​ង់​ឲ្យ​មាន​ស្មារតី​បង្រួប​បង្រួមជាតិ ហើយ​ឲ្យ​ខ្មែរ​យើង ​ប្រជាជនខ្មែរ​យើង​គ្រប់​និន្នា​ការ ស្រុះ​ស្រួល​គ្នា​ ខ្ញុំ​គិត​ថា រឿង​ហ្នឹង​ជា​រឿង​ដំណោះ​ស្រាយ​​របស់អ្នក​នយោបាយ ខ្មែរត្រូវ​តែ​ងាក​ទៅ​រក​ការ​ចរចា​ ដើម្បី​ឈាន​ទៅ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ។ អាហ្នឹ​ង​វា​ជា​រឿងសំខាន់​ណាស់ ដែ​​លជា​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស»។

ក្នុងការបោះឆ្នោតអាណត្តិទី៧នេះ ប្រទេសប្រជាធិបតេយ្យធំៗ រួម​មាន អាមេរិក បារាំង អាល្លឺម៉ង់ ចក្រ​ភពអង់​គ្លេស និង​សហភាពអឺរ៉ុប ជាដើម និយាយ​ស្រដៀងថា​ ជា​ការ​បោះ​ឆ្នោត​មិនសេរី និង​យុត្តិធម៌​ទេ ព្រោះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​គាប​សង្កត់ គំរាម​កំហែង សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គណបក្ស​ប្រឆាំង និង​កែ​ប្រែ​ច្បាប់​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាដើម។

ដោយឡែក ក្នុងសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅ​ទីក្រុង​ហ្សឺណែវ នៅ​ខែតុលា ឆ្នាំ​២០២៤ លោក វីទិត ម៊ុន​តាប៊ន ចាត់​ទុក​ការ​ផ្ទេ​រ​អំណាច​ពី​លោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ជា​ការ​បន្ត​ក្តោប​ក្តាប់​អំណាច​ដោយ​គ្មាន​លក្ខ​ណៈ​ប្រជាធិប​តេយ្យ និងគ្មាន​តម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ