ស្នងការគរបាលខេត្តកណ្តាល ចេញបំភ្លឺថា ករណីស្ត្រីម្នាក់ដែលអះអាងថាត្រូវគេប្រើឧបករណ៍ឆក់ បង្ខំឱ្យវេរលុយចំនួន ២៤០០ដុល្លារ ទាំងដៃជាប់ខ្នោះ ជាករណីហិង្សា ខណៈស្ត្រីរងគ្រោះបញ្ជាក់ថា មូលហេតុដោយសារខ្លួនទៅបង្ហាញខ្លួន ដើម្បីទទួលការងារជាអ្នកបកប្រែចិន។
ស្នងការខេត្តកណ្តាល បានអះអាងថា ការបំភ្លឺរបស់ខ្លួនជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់គេហទំព័រ KFN Hot News ដែលបានផ្សព្វផ្សាយវីដេអូសម្ភាសន៍ជនរងគ្រោះ។
បើតាមគេហទំព័រ KFN Hot News ស្ត្រីរងគ្រោះ ត្រូវបានគេជួលឱ្យទៅបកប្រែជាមួយថៅកែចិន នៅអគារ Princess៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល តែបែរជាត្រូវបានថៅកែចិន និងបក្ខពួកនៅទីនោះចាប់បង្ខាំង បង្ករបួសស្នាម និងបង្ខំឱ្យស្ត្រីរងគ្រោះវេរលុយចំនួន ២៤០០ដុល្លារ ទាំងដៃជាប់ខ្នោះឱ្យទៅបក្ខពួកទាំងនោះ ជាថ្នូរនៃការដោះលែង។
ស្រ្តីជនរងគ្រោះ៖ «ពួកវាយករបស់មកឆក់ចង្កេះខ្ញុំ បើខ្ញុំអត់ព្រមឡើងទៅលើ ខ្ញុំដឹងថា ខ្ញុំទៅខ្ញុំជួបរឿងគេយកខ្ញុំទៅវ៉ៃ ពេលទៅដល់លើមានបំពង់ទីបសភាពគឺខ្មៅ កាលណាខ្ញុំឃើញបំពង់ទីប ខ្ញុំឃើញហើយខ្ញុំខ្លាចខ្ញុំគិតថា ខ្ញុំនឹងស្លាប់ ខ្ញុំអត់ដឹងថាគេធ្វើអីខ្ញុំ ខ្ញុំលត់ជង្គង់ប្រហែល១៥នាទី គេឱ្យខ្ញុំបាញ់ទាំងដៃជាប់ខ្នោះមិនដោះលែងខ្ញុំទេ ឱ្យខ្ញុំបាញ់លុយទាំងដៃជាប់ខ្នោះ»។
ពាក់ព័ន្ធករណីនេះ ស្នងការនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ បានចេញបំភ្លឺថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃើញករណី គឺជាករណីហិង្សាដោយចេតនា កើតហេតុថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចំណុចក្នុងក្រុមហ៊ុនព្រីនស៍៤ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
យ៉ាងណា ប្រភពនោះអះអាងថា កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានកសាងសំណុំរឿង តាមនីតិវិធីរួចហើយ។
លើសពីនេះ ខ្លួនបានព្យាយាមទំនាក់ទំនងទៅជនរងគ្រោះទាំងពីរនាក់ជាច្រើនសារ ដើម្បីឱ្យគាត់មកបំភ្លឺបញ្ជាក់ និងរកដំណោះស្រាយ។ ប៉ុន្តែថាជនរងគ្រោះបានព្យាយាមគេចវេសមិនជួបជាមួយសមត្ថកិច្ចជំនាញ។
យ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនទាន់បង្ហាញមុខក្រុមអ្នករួមដៃគ្នាវាយខ្នោះ និងប្រើឧបករណ៍ ឆក់ស្ត្រីនោះនៅឡើយទេ គិតត្រឹមថ្ងៃទី៧ ខែមេសានេះ។
ស្ត្រីរងគ្រោះ បានប្រាប់VOD នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះថា គាត់មិនអាចទទួលយការបំភ្លឺនេះបានទេ ហើយថាពេលនេះ គាត់កំពុងរៀបចំចូលខ្លួនទៅបំភ្លឺៅបំភកលនៅស្នងការណគរបាលតាខ្មៅ នៅដនៅចំពោះមុខមន្ត្រីជំនាញនៅខេត្តកណ្តាល។
អ្នកស្រីថា៖ «ជួបខាងសមត្ថកិច្ចនៅស្នងការតាខ្មៅថ្ងៃហ្នឹង ចេញទៅជួបគេហើយ ខ្ញុំគេហៅទៅថាសួរគោលបំណងខ្ញុំ អីចឹងខ្ញុំថានឹងហើយ ព្រោះនិយាយថាការដាក់ពាក្យបណ្ដឹងហើយ ក៏ដូចជាការបំភ្លឺវាច្រើនលើកច្រើនសារសម្រាប់ខ្ញុំ[…]គេរកដំណោះស្រាយជូន សួររកគោលបំណងយើង តែក៏មិនដឹងថាយ៉ាងណាទេ គ្រាន់តែដឹងថា គេហៅយើងត្រូវ ព្រោះអីឃើញឆ្លើយតបក្នុងផេកខ្ញុំទទួលយកអត់បានទេ ថាខ្ញុំគេចវេស»។
ជុំវិញរឿងនេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចាន់រ័ត្ន ចាត់ទុកថា ករណីឈានដល់ការប្រើហិង្សានេះជាបទឧក្រិដ្ឋ ហើយបើនៅតែបន្តនឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋ សន្តិសុខ សេដ្ឋកិច្ច រួមទាំងវិស័យទេសចរណ៍ផងដែរ។
លោកបន្តថា រដ្ឋាភិបាលគួរតែពិនិត្យទីតាំងទាំងនោះដោយផ្ទាល់ និងពិនិត្យឡើងវិញពីការអនុវត្តតួនាទីរបស់មន្រ្តីពាក់ព័ន្ធ និងលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងទប់ស្កាត់បទឧក្រិដ្ធ។
លោកថា៖ «បើសិនជាបញ្ហានេះនៅតែបន្តកើតឡើងជាប្រចាំបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋហ្នឹងធ្ងន់ទៅៗហើយ វាធ្វើឲ្យមានការភ័យខ្លាចដែលប៉ះពាល់ដល់សន្ដិសុខ ការរស់នៅប្រជាពលរដ្ឋ[…]សមត្ថកិច្ចគួរតែមានវិធានការតឹងរ៉ឹងមែនទែន បើសិនជានៅតែបណ្ដែតបណ្ដោយឲ្យបញ្ហានេះនៅតែមានបន្តបែបហ្នឹង បើបញ្ហានេះនៅតែបន្តបែបនេះ ខ្ញុំជឿថា រដ្ឋាភិបាលគួរតែពិនិត្យមើលសមត្ថភាពរបស់សមត្ថកិច្ចនោះ តើមានសមត្ថភាពគ្រប់គ្រាន់ មានវិធានការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ទេ ឬក៏មានពាក់ព័ន្ធនឹងបញ្ហាពុករលួយ បញ្ហាឈ្មួញខិលខូចអីជាដើមហ្នឹង ត្រូវតែពិនិត្យមើលឡើងវិញ»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សម្ដែងការព្រួយបារម្ភបើបទឧក្រិដ្ឋមិនអាចទប់ស្កាត់ នោះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពពលរដ្ឋ រួមទាំងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
យ៉ាងណា លោកក៏ជំរុញឱ្យមន្រ្តីពាក់ព័ន្ធធ្វើការអន្តរាគមន៍ ត្រួតពិនិត្យដោយតម្លាភាព និងយុត្តិធម៌ជុំវិញបញ្ហាទាំងនេះ។
លោកថា៖ «បទចាប់ជំរិតបទឧក្រិដ្ឋផ្សេងៗទៀត ដែលបង្កដោយជនជាតិបរទេស អាហ្នឹងវាប៉ះពាល់សម្រាប់មុខមាត់កម្ពុជា ដូចកន្លងមកទាក់ទងនឹងឆបោកតាមប្រព័ន្ធអនឡាញអី មានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ ពីបណ្តាប្រទេសនៅក្នុងតំបន់ ឲ្យមានការបង្ហាញអំពីភាពភ័យខ្លាច ឬក៏ការរំលឹកសម្រាប់ពលរដ្ឋគេចូលមកកម្ពុជា មានការប្រុងប្រយ័ត្ន អាហ្នឹងសុទ្ធតែប៉ះពាល់ ជាពិសេសទៅលើវិស័យទេសចរណ៍ វិស័យវិនិយោគទាក់ទងនឹងបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពក្នុងសង្គមជាដើមដែលទាមទារឱ្យសមត្ថកិច្ចកម្ពុជា ពង្រឹងនូវយន្តការក្នុងការអនុវត្តច្បាប់ ការទប់ស្កាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីបក្សកាន់អំណាចបានវាយបំបែកកញ្ចក់សង្គម ដូចជា ការរំលោយគណបក្សប្រឆាំង បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គំរាមក្រុមអង្គការសង្គមស៊ីវិលដែលសកម្មលើកកម្ពស់សិទ្ធិជាដើម កម្ពុជាត្រូវបានគេមើលឃើញថា បានក្លាយជាជម្រកសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជន។
ជ្រុងមួយនៃបញ្ហានេះ កាលពីឆ្នាំ២០២២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សឆ្លងដែន ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ មានមន្ត្រីមួយចំនួនសមគំនិតក្នុងប្រតិបត្តិការនេះ។
មួយឆ្នាំក្រោយមក អង្គការសហប្រជាជាតិ បានចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៣ រកឃើញថា មនុស្សប្រមាណ១សែននាក់ រងគ្រោះក្នុងអំពើឆរបោក និងចាប់ជំរិតនៅកម្ពុជា។
លើសពីនេះ អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងមួយកន្លែងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនបរទេសប្រមាណជាង១០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ដែលថាពាក់ព័ន្ធនឹងប្រតិបត្តិការបង្ខាំងមនុស្ស ការធ្វើទារុណកម្ម និងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។
នៅឆ្នាំ២០២៥នេះ ក៏បានរកឃើញផងដែរ សំបុកឧក្រិដ្ឋជនមួយចំនួន នៅខេត្តព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ជាដើម ខណៈ លោក ហ៊ុន សែន យកឧក្រិដ្ឋជនមួយចំនួនធ្វើជាទីប្រឹក្សា ដូចជា លោក លី យ៉ុងផាត់ ដែលអាមេរិកដាក់ទណ្ឌកម្ម និង លោក ចេន ហ្ស៊ី (Chen Zhi) ដែលតុលាការចិន រកឃើញពាក់ព័ន្ធបទឧក្រិដ្ឋអនឡាញខុសច្បាប់៕