អុ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលបង្ហាញការយល់ឃើញផ្សេងគ្នា ពីជម្រើសចាំបាច់ដើម្បីទប់ស្កាត់វិបត្តិកម្ពុជា ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំឡើងពន្ធលើកម្ពុជាខ្ពស់ជាងគេក្នុងតំបន់ រហូត៤៩ភាគរយនោះ។
ក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៦ ខែមេសា បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មេត្តាយោគយល់ប្រជាពលរដ្ឋខ្មែរ ដោយបញ្ចុះអត្រាពន្ធនៃទំនិញកម្ពុជា នាំចូលទីផ្សារអាមេរិកឱ្យកាន់តែទាបបំផុត។
ប្រភពបន្តថា ការកំណត់ពន្ធ៤៩% នឹងក្លាយជាឧបសគ្គធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដ៏ខ្សោយ ប្រឈមវិបត្តិដួលរលំ ហើយកម្មករខ្មែរច្រើនសែននាក់ បាត់បង់ការងារ រហូតបណ្តាលឱ្យពលរដ្ឋខ្មែររាប់សែនគ្រួសារជួបគ្រោះទុរភិក្ស។
បន្ថែមពីនេះ ក្រុមប្រឹក្សាជាតិតស៊ូ ស្នើឱ្យសហរដ្ឋអាមេរិកគួរ តែដាក់លក្ខខណ្ឌជាអាទិភាព ដល់រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវតែស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ ឱ្យអ្នកនយោបាយប្រឆាំងទាំងអស់ មានសិទ្ធិចូលរួមបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ។
ប្រភពនោះអះអាងថា ផលប្រយោជន៍ ដែលជាបំណងល្អរបស់សហរដ្ឋអាមេរិក ផ្តល់ឱ្យកម្ពុជា នឹងមិនបានជួយប្រជាពលរដ្ឋខ្មែរ ជាដុំកំភួននោះទេ បើគ្មានការស្តារប្រជាធិបតេយ្យ ពីព្រោះប្រព័ន្ធដឹកនាំកម្ពុជាបច្ចុប្បន្ន ដែលថា ពោរពេញដោយអំពើពុករលួយ បក្ខពួកនិយម និងអប្រជាធិបតេយ្យនោះ ។
សម្រាប់ក្រុមប្រឹក្សាជាតិតស៊ូ បើពុំមានវត្តមានគណបក្សប្រឆាំងក្នុងសភា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ នោះការអនុគ្រោះពាណិជ្ជកម្ម និងជំនួយមនុស្សធម៌នានារបស់សហរដ្ឋអាមេរិកឱ្យប្រជាពលរដ្ឋខ្មែរ នឹងត្រូវក្រុមអ្នកត្រួតត្រាកម្ពុជាសព្វថ្ងៃ ប្រមូលប្រើជាឧបករណ៍បោកប្រាស់ពលរដ្ឋខ្មែរ។
ប្រភពបន្តថា ជាក់ស្តែង ក្រោមជំនួយជាង ៣០ឆ្នាំ របស់សហរដ្ឋអាមេរិក ដែលបង្ហូរចូលកម្ពុជា ទាំងការអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) និងជំនួយឥតសំណងប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរគួរណាស់តែមានជីវភាពធូរធារ ប៉ុន្តែបែរជានៅតែយ៉ាប់យ៉ឺន ក្រោមការដឹកនាំនាយករដ្ឋមន្ត្រីគ្រួសារបក្ខពួកនិយម ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង៩០% កាន់តែធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក បន្ទាប់ពីគ្មានគណបក្សប្រឆាំងតាំងពីឆ្នាំ២០១៧។
យ៉ាងណា ក្រោយអាមេរិកប្រកាសបែបនេះ ទាំងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងនាយករដ្ឋមន្ត្រី បានបោះដៃទៅរកសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលពីបញ្ហានេះ ។
សកម្មជនបក្សប្រឆាំង លោក ហ៊ីង សុខសាន និយាយលើហ្វេសប៊ុកថា លោកគាំទ្រចំពោះការដោះដៃទៅរកអាមេរិក រួមទាំងបញ្ចុះអត្រាពន្ធមកនៅត្រឹម៥ភាគរយ ប៉ុន្តែលោកថា ជម្រើសនេះប្រៀបបាននឹងអេសមិនចំរម៉ាស់ នូវដែលប្រធានាធិបតីត្រាំចង់បាន។
លោកលើកឡើងថា ដើម្បីសង្គ្រោះសេដ្ឋកិច្ចកម្ពុជាពីហានិភ័យមួយនេះ ដោយថាអាមេរិកជាច្រកទ្វារពាណិជ្ឋកម្មដ៏ធំ និងល្អបំផុតសម្រាប់កម្ពុជា ដែលស្ថិតក្នុងបន្ទាត់ប្រទេសក្រីក្រ។ លើសពីនេះ លោកថា កម្ពុជាមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចប្រទេសមួយចំនួន រួមទាំងប្រទេសវៀតណាមនោះទេ ។
ក្នុងន័យនេះ លោកផ្តល់យោបល់ថា កម្ពុជាមានជម្រើសតែមួយគត់ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ក៏ដូចសង្គ្រោះជីវិតពលរដ្ឋច្រើនលាន់ ពីឥទ្ធិពលដំឡើងពន្ធនេះ គឺមេដឹកនាំកម្ពុជា មានតែបន្ទន់ឥរិយាបទ សុំការយោគយល់ពីអាមេរិក ទើបអាចទៅរួច។
លោកថា៖ «បើបិទរោងចក្រ សួរថាវិបត្តិការងារ! វិបត្តិសង្គមកើតឡើងហើយ! គឺអ្នករកស៊ីទទួលទានបានការងារពីវិស័យកាត់ដេរអស់ហ្នឹង គឺចំនួន១លាននាក់ផ្ទាល់ ហើយក្នុងកម្មករម្នាក់អាចចិញ្ចឹមសមាជិកគ្រួសារ ដូចជា ចិញ្ចឹមកូន ម្តាយចាស់អី យ៉ាងតិច៣នាក់។ អ៊ីចឹងមកបើ១លាននាក់ ចិញ្ចឹម៣នាក់ឡើង ៣លាននាក់ទៀត ប៉ុន្មានហើយ?ហើយចុះ នៅអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួលផ្ទះលក់ម្ហូប លក់បាយទឹកអីៗ ហូហែរនៅក្បែរៗរោងចក្រទៀត រាប់ពាន់រាប់ម៉ឺននាក់ទៀតនោះធ្វើម៉េចទៅ! វិបត្តិសង្គមនឹងកើតឡើង ហើយអ្នកវិនិយោគគេនឹងវេចលុយចេញ! អាលំហូរមូលទុនវិនិយោគចេញទៅទៀត អ្នកណាអ្នករងគ្រោះ អ្នកណាអ្នកខាត! គឺយើង»។
ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៦ ខែមេសានេះ ក្នុងន័យដើមថា «សូមកុំលេង៣សន្លឹក» តាមប្រភពព័ត៌មានដែលខ្ញុំបានឃើញ រដ្ឋាភិបាលកម្ពុជាបានបញ្ចុះពន្ធគយនាំចូលមកត្រឹម៥% Import duty តែបែរជាបន្ថែមពន្ធពិសេស Special duty ៤៥%»។
សម្រាប់លោក សូរីដា យល់ថា បើពិតមែននោះ ចាត់ទុកពន្ធគយនាំចូលកម្ពុជាពីសហរដ្ឋអាមេរិក គឺ ៥០% (មិនមែន៥%ទេ) ដោយគ្រាន់បំបែកជា ២ប៉ុណ្ណោះ។
លោកចង់ឃើញ រដ្ឋាភិបាលកម្ពុជា ចរចាជាមួយអាមេរិកដោយភាពស្មោះត្រង់ ព្រោះអាមេរិកគេមិនល្ងង់ទេ គោលបំណងរបស់លោក ដូណាល់ ត្រាំ គឺចង់លក់ដាច់ច្រើន ផលិតច្រើន បង្កើនការងារច្រើនសម្រាប់ពលរដ្ឋអាមេរិកាំងធ្វើ។
លើសពីនេះ ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយប្រាប់VODនៅថ្ងៃទី៧ ខែមេសានេះថា ដើម្បីបញ្ចៀសពីការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិក មេដឹកនាំគ្រួសារហ៊ុនត្រូវបន្ទន់ឥរិយាបទស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ជាពិសេសលុបបំបាត់អំពើពុករលួយ បក្ខពួកនិយម។
លោកបន្តថា បើមេដឹកនាំគ្រួសារហ៊ុន នៅតែប្រកាន់ជំហរមិនព្រមស្តារប្រជាធិបតេយ្យ ហើយបន្តដឹកនាំប្រទេសតាមគោលនយោបាយប្រជាភិថុតរបស់ខ្លួនដូចឳពុករបស់លោក ដើម្បីតែចង់សម្រេចមហិច្ឆតាក្តោបអំណាច នោះបញ្ជាក់កាន់តែច្បាស់ថា គ្រួសារហ៊ុន ជាអ្នកធ្វើឱ្យពលរដ្ឋ ១៧លាននាក់ ក្លាយជាអ្នករងគ្រោះ។
លោកថា៖ «ពេលអាមេរិកគេដំឡើងពន្ធអ៊ីចឹង!ទណ្ឌកម្មវាធ្លាក់លើប្រជាពលរដ្ឋខ្មែរ អ្នកដែលជួបផលវិបាកធំបំផុតគឺប្រជាពលរដ្ឋ ដូចជាកម្មករ គ្រួសារកម្មករ កសិករហ្នឹង! ទទួលផលប៉ះពាល់ធ្ងន់ធ្ងរណាស់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក»។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន់ ចាន់ឡូត និយាយថា ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជានិងមុខមាត់កម្ពុជាឡើងវិញ មេដឹកនាំត្រូវផ្សះផ្សាជាតិដោយដោះលែង លោក កឹម សុខា។
លោកថា មេដឹកនាំកម្ពុជាតែងមើលរំលងពីបញ្ហានយោបាយស្រុកទេស គឺខ្លួនបានសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ជាពិសេសធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។
លោកថា៖ «យើងមើលរំលងអន្តរជាតិ សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសសេរី គេនៅតែឲ្យតម្លៃទៅដល់លោក កឹម សុខា។ យើងដឹងហើយ នៅពេលដែល លោក កឹម សុខា បានឲ្យនៅក្រៅឃុំមួយរយៈ បណ្ដាមេដឹកនាំទូតនៅក្នុងប្រទេស ឬក៏ឥស្សរជននយោបាយនៃបណ្ដាប្រទេសមួយចំនួន ដែលមកទស្សនកិច្ចនៅកម្ពុជា គេអត់ដែលរំលងការមកជួប លោក កឹម សុខា ទេ ហើយយើងត្រូវដឹងថា ៥ចំណុចដែលសហគមន៍អឺរ៉ុប ទាមទារឲ្យអ្នកកាន់អំណាចបច្ចុប្បន្នស្ដារឬសម្រួលឱ្យឡើងវិញនោះ គឺនៅតែមានសុពលភាព។ ៥ចំណុចមានអីខ្លះ ទី១ ដោះលែងលោក កឹម សុខា ទី២ រៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ ទី៣គឺត្រូវធានាថាគណបក្សសង្គ្រោះជាតិ គឺនៅបន្តអាទិភាព»។
យ៉ាងណា នាយកដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស«មរតកតេជោ» នៅថ្ងៃទី៧ ខែមេសានេះ បានថ្លែងថា សម្រាប់ការងារចរចាជំហានដំបូង កម្ពុជានឹងទម្លាក់ចំនួន ១៩បន្ទាន់ពន្ធ។
លោកគូសបញ្ជាក់ថា ការទម្លាក់នេះ ស្មើនឹងប្រមាណ ៨៥មុខទំនិញរបស់អាមេរិក ពី៣៥%មកនៅត្រឹម៥%ប៉ុណ្ណោះ ហើយសម្រាប់ជំហានទី២ នៅពេលអាមេរិកបើកភ្លើងខៀវ គណៈប្រតិភូកម្ពុជា នឹងហោះទៅអាមេរិកចរចាភ្លាម។
មិនតែប៉ុណ្ណោះ លោកបានឆ្លើយតបនឹងមតិរិះគន់ថា អ្នកខ្លះបានតែរិះគន់រដ្ឋាភិបាលថា ធ្វើយ៉ាងនេះមិនកើត ធ្វើយ៉ាងនោះមិនកើត ខណៈពួកគាត់មិនធ្លាប់បានកាន់ការងារជានាយករដ្ឋមន្ត្រី សូម្បីមួយថ្ងៃផង។
លោកថា៖ «ខ្ញុំបានឆ្លើយតបទៅប្រធានាធិបតីអាមេរិកផ្ញើលិខិតជូនគាត់ដើម្បីសុំពន្យារ និងការចរចារបស់យើងបញ្ជាក់ជំហររបស់យើងលោកជំទាវ ចម និម្មល ក៏ផ្ញើទៅប្រធានតំណាងសភាពាណិជ្ជកម្ម! តំណាងពាណិជ្ជកម្មរបស់គាត់ ដើម្បីយើងបើកការចរចា។ ប្រកាសនៅអាមេរិកម៉ោង៤ល្ងាចនៅ វ៉ាស៊ីនតោនថ្ងៃ២ វាស្មើនឹងម៉ោង៣ព្រឹកនៅភ្នំពេញថ្ងៃទី៣។ ម៉ោង៨ល្ងាចថ្ងៃទី៤។ ៤១ ម៉ោងមកយើងចេញលិខិតនេះ»។
តាមស្ថានទូតអាមេរិកប្រចាំកម្ពុជា និយាយនៅថ្ងៃទី៣ ខែមេសានេះថា នៅថ្ងៃទី២ ខែមេសា លោកប្រធានាធិបតី Trump បានប្រកាសថា សហរដ្ឋអាមេរិកសម្រេចអនុវត្តអត្រាពន្ធគយបដិការ(ទៅវិញទៅមក) លើគ្រប់ប្រទេសទាំងអស់ ដោយចាប់ផ្តើមពី ១០% ឡើង ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ ខែមេសា។
ប្រភពនោះ បន្តថា នៅថ្ងៃទី៩ ខែមេសា លោកប្រធានាធិបតី Trump នឹងអនុវត្តពន្ធគយបដិការខ្ពស់ថែមទៀត លើប្រទេសនិមួយៗ (ដែលរួមទាំងប្រទេសកម្ពុជា) ដែលថា សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មច្រើនបំផុត។
អាមេរិក គូសបញ្ជាក់ថា៖ «ចំណាត់ការទាំងនេះនឹងស្តារយុត្តិធម៌ និងតុល្យភាព ក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង»។
ទំនាក់ទំនងអាមេរិក និងកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែមានភាពរកាំរកូស និងតានតឹង ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ភាពតានតឹងនេះ បានចាប់ផ្តើមតាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ និងការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ ដែលរងបទចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងថា មានសហរដ្ឋអាមេរិកនៅពីខាងក្រោយ។
បញ្ហានេះ ក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញក្តីកង្វល់របស់ខ្លួនជារឿងៗ ជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ដោយមានជំនួយពីរដ្ឋាភិបាលចិន និងតែងតែទាមទារឲ្យកម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដូចជា បញ្ហាស្ថិរភាពនយោបាយ លំហលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សជាដើម៕