សមាគមអាដហុក រកឃើញថា បច្ចុប្បន្ន ស្ត្រី និងក្មេងស្រី នៅតែបន្តរងគ្រោះក្នុងករណីរំលោភបំពាន ដោយករណីខ្លះឈានដល់ការសម្លាប់យ៉ាងព្រៃផ្សៃ ក្នុងនោះបើតាមពាក្យបណ្តឹងដែលសមាគមនេះ បានទទួលពីគ្រួសារជនរងគ្រោះក្នុងឆ្នាំ២០២៤ គឺមានជិត ២០០ករណី កើនឡើងជាងឆ្នាំចាស់ប្រមាណ ៤៥ភាគរយ។
អនុប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក រី គ្រុយ ឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះថា ករណីរំលោភសេពសន្ថវៈលើស្ត្រី និងក្មេងស្រី នៅតែបន្តកើតមានឡើងក្នុងសង្គមកម្ពុជាជាញឹកញាប់ ដែលករណីខ្លះបានឈានទៅដល់ការសម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃថែមទៀតផង។
លោកបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ សមាគម បានទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ ចំនួន ១៧០ករណី ដែលចំនួននេះ បើធៀបនឹងឆ្នាំ២០២៣ គឺមានការកើនឡើងប្រមាណ ៤៥ភាគរយ ដោយក្នុងឆ្នាំ២០២៣ សមាគមនេះទទួលបានបណ្តឹង ១១៧ករណី។
បើតាមការសង្កេតរបស់មន្ត្រីអាដហុករូបនេះ មានកត្តាមួយចំនួន ដែលនាំឱ្យករណីរំលោភសេពសន្ថវៈមានការកើនឡើង ដូចជា ករណីជនប្រព្រឹត្តភាគច្រើនយល់ថា ពួកគេមានសិទ្ធិរួមភេទជាមួយជនរងគ្រោះដែលជាស្ត្រី និងក្មេងស្រីបានដោយមិនចាំបាច់មានការយល់ព្រម និងវប្បធម៌បន្ទោសទៅជនរងគ្រោះពាក់ព័ន្ធនឹងអាកប្បកិរិយា និងការស្លៀកពាក់ជាដើម ខណៈបច្ចុប្បន្ននៅមានកង្វះខាតនៃការអប់រំផ្នែកសមភាពយេនឌ័រ និងសុខភាពផ្លូវភេទ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។
ក្រៅពីនោះ លោកថា កត្តានៃការអនុវត្តច្បាប់នៅខ្សោយ ការមិនហ៊ានរាយការណ៍ជុំវិញសកម្មភាពល្មើស និងការកើនឡើងនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាដើម ក៏ជាដើមចមដែលនាំឱ្យមានករណីរំលោភបំពានកើតឡើងច្រើនផងដែរ។
លោក រី គ្រុយ បារម្ភថា បើសិនករណីនេះនៅបន្តកើនឡើង នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ និងសេដ្ឋកិច្ចគ្រួសារជនរងគ្រោះ ព្រមទាំងប៉ះពាល់ដល់សង្គម និងមុខមាត់ប្រទេសថែមទៀត។
លោកថា៖ «ព្រោះជនរងគ្រោះនៅពេលដែលគាត់ទទួលរងនូវការរំលោភបំពានទាំងអស់ហ្នឹងហើយ គឺសុខភាពផ្លូវចិត្ត ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គាត់ហ្នឹង គឺមានការប៉ះពាល់ ហើយប៉ះពាល់រយៈពេលយូរទៀត ដែលករណីមួយចំនួន ជនរងគ្រោះគាត់គិតចង់ទៅសម្លាប់ខ្លួនថែមទៀត មួយចំនួន។ ហើយដោយសារតែកត្តាសង្គម ដែលធ្វើឱ្យមានការរើសអើងទៅលើជនរងគ្រោះនៃការរំលោភបំពានហើយ ដាក់បន្ទុកផ្នែកសេដ្ឋកិច្ចទៅលើក្រុមគ្រួសារជនរងគ្រោះ ដោយក្រុមគ្រួសារហ្នឹងគាត់ត្រូវចំណាយថ្លៃព្យាបាល ឬក៏ករណីខ្លះហ្នឹង បើឡើងដល់តុលាការហ្នឹង គាត់ត្រូវចំណាយទៅលើ ករណីថ្លៃធ្វើដំណើរ ថ្លៃសេវាផ្នែកផ្លូវច្បាប់នៅតុលាការអីជាដើម។ ទី៣ ខ្ញុំថា វាប៉ះពាល់ដល់ឱកាសនៃការអប់រំ ឬក៏ឱកាសការងារចំពោះជនរងគ្រោះ ដោយសារតែជនរងគ្រោះដែលភាគច្រើនជាស្ត្រី ក្មេងស្រី ឬក៏ជាអនិតិជន គឺគាត់បោះបង់ការសិក្សារបស់ពួកគាត់ចោលតែម្តង បន្ទាប់ពីមានការរំលោភបំពានទាំងអស់ហ្នឹង»។
ដើម្បីកាត់បន្ថយបញ្ហានេះឱ្យមានប្រសិទ្ធភាព លោកយល់ថា ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាពលរដ្ឋ។
តែយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះ បានជំរុញដល់រដ្ឋាភិបាល ដែលជាតួអង្គសំខាន់ ត្រូវពង្រឹងការអនុវត្តច្បាប់ ឬក៏ដាក់ទោសដោយមិនមានការលើកលែងដល់ជនប្រព្រឹត្តនិងមិនគិតពីឋានៈឬតួនាទី លុបបំបាត់ចោលនូវការដោះស្រាយដោយត្រឹមការផ្តល់សំណង ដាក់ចេញនូវកម្មវិធីអប់រំផ្នែកផ្លូវភេទដល់ពលរដ្ឋ និងផ្តល់សេវាគាំទ្រយ៉ាងពេញទំហឹងដល់ជនរងគ្រោះ ទាំងការផ្តល់សេវាផ្នែកវេជ្ជសាស្ត្រ ការប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត និងសេវាផ្លូវច្បាប់ជាដើម។
តាមរយៈវីដេអូរយៈពេលជាង ១១នាទី ដែលសមាគមអាដហុកបានផលិតឡើង និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែមេសាថ្មីៗនេះ ម្តាយស្រ្តីរងគ្រោះមួយរូបនៅខេត្តពោធិ៍សាត់ បានថ្លែងថា កូនស្រីរបស់គាត់ ត្រូវបានជនល្មើសរំលោភ ហើយសម្លាប់ ខណៈពេលដែលកូនគាត់ទៅមើលគោ ហើយអ្នកស្រី និងស្វាមីបានទៅធ្វើចម្ការ។
អ្នកស្រីបន្តថា កូនរបស់គាត់បានបាត់ខ្លួនជាច្រើនថ្ងៃ ហើយនៅពេលដែលរកឃើញ គឺកូនរបស់គាត់ត្រូវបានស្លាប់បាត់ទៅហើយ ហើយជនល្មើសក៏បានរត់បាត់ស្រមោលថែមទៀត។
អ្នកស្រីថ្លែងថា៖ «ខ្ញុំម៉ែឪនេះចេះតែខំរកស៊ីទៅ ធ្វើការដើម្បីឱ្យបានកូនទៅរៀន។ ផ្តាំផ្ញើដល់ឪពុកម្តាយគ្រប់រូប កុំឱ្យប្រហែសដូចកូនខ្ញុំ ខ្ញុំប្រហែសកូនតែមួយភ្លែត ខ្ញុំបាត់បង់កូនពីខ្លួនខ្ញុំអស់មួយជីវិតនេះហើយ ខ្ញុំមិនអាចឃើញកូនខ្ញុំវិញទៀតទេ ខ្ញុំរាល់ថ្ងៃខ្ញុំទប់អារម្មណ៍ ឃើញកូនគេដែលទៅរៀនជាមួយកូនខ្ញុំ កូនគេនៅរស់ កូនយើងស្លាប់បាត់ទៅហើយ»។
អ្នកស្រីរូបនេះ បន្តថា មកដល់ពេលនេះ មានរយៈពេលជាង១ខែមកហើយដែលកូនរបស់គាត់ស្លាប់ដោយសារករណីរំលោភសម្លាប់ ប៉ុន្តែសមត្ថកិច្ចនៅពុំទាន់ស្វែងរកជនល្មើសឃើញនៅឡើយ ដែលករណីនេះអ្នកស្រីបានអំពាវនាវដល់សមត្ថកិច្ចជួយរកយុត្តិធម៌ ដោយរកជនដៃដល់យកមកផ្តន្ទាទោសទៅតាមច្បាប់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូរ ប៊ុនអេង មានប្រសាសន៍នៅថ្ងៃទី០៨ ខែមេសានេះថា បញ្ហារំលោភបំពាន បញ្ហាគ្រឿងញៀន ក្មេងទំនើង ជាដើមនោះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អាណាព្យាបាល និងប្រព័ន្ធផ្សព្វផ្សាយជាដើម ខណៈរដ្ឋាភិបាល បាននិងកំពុងខិតខំទប់ស្កាត់បញ្ហាទាំងនេះយ៉ាងស្វិតស្វាញ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលុបបំបាត់បញ្ហាទាំងនេះ។
លោកស្រីបានថ្លែងថា៖ «កត្តាដែលជាឧបសគ្គ គឺអត់រាយការណ៍ ហើយគេទំនាក់ទំនងគ្នា គេក៏មិនបានមកប្រាប់យើង អីចឹងនៅពេលដែលមាន គេហៅថា ភាពរងគ្រោះហើយ បានយើងដឹង ដល់គេប្រាប់ បើគេមិនប្រាប់ គឺនៅតាមព្រៃតាមវាលអញ្ចឹងយើងអត់ដឹងទេអូន ទោះបីយ៉ាងណាក៏ដោយយើងមើលមិនសព្វទេ[…] សូមអំពាវនាវឱ្យប្រជាពលរដ្ឋយើងទាំងអស់ហ្នឹងជួយគ្នា នៅក្នុងការរាយការណ៍ នៅក្នុងការមើលគ្នា ដាស់តឿនគ្នា ហើយអ្វីដែលជាឧបសគ្គ គឺត្រូវការកិច្ចសហការពីអណាព្យាបាល ឬមួយក៏ពីអ្នកដែលគេហៅថា ឃើញភាពសង្ស័យ។ រឿងដែលសំខាន់ តែកាលណាគាត់ជឿតាមការល្បួងលួងលោមហើយ គឺយើងពិបាកដឹងណាស់ ពីព្រោះគាត់មិនបានប្រាប់យើងមុនទេ ទាល់តែមានគ្រោះថ្នាក់បានយើងដឹង»។
បើតាមក្រុមអ្នកច្បាប់ អំពើរំលោភសេពសន្ថវៈ គឺជាអំពើមួយក្នុងចំណោមអំពើបៀតបៀន ដល់ផ្លូវភេទដទៃទៀត ដែលបានកើតមានជាញឹកញាប់ស្ទើរតែរៀងរាល់ថ្ងៃ ហើយអំពើនេះភាគច្រើន កើតមានចំពោះស្រ្តី និងក្មេងស្រីដែលមិនទាន់គ្រប់អាយុ។
អំពើល្មើសនេះ ក៏មានចែងយ៉ាងច្បាស់លាស់ ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលក្ខណៈនៃអំពើដែលបំពានទៅលើផ្លូវភេទមានច្រើនបែបច្រើនទម្រង់ ដែលក្រមព្រហ្មទណ្ឌ បានកំណត់ថា ជាបទល្មើសផ្សេងៗគ្នា ទៅតាមលក្ខណៈសត្យានុម័តដាច់ដោយឡែករបស់វា ដូចជា «បទរំលោភសេពសន្ថវៈ» «បទប្រទូសកេរខ្មាស» និង «បទរុកកួនខាងផ្លូវភេទ» ជាដើម។
ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា បទរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ»។ ប្រសិនបើមានស្ថានទម្ងន់ទោស នោះកម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលទៅតាមការប្រព្រឹត្ត ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ៕