សម្តេចព្រះព្រហ្មរតនមុនី ពិន សែម កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បាននិមន្តទៅសម្តែងធម៌ទេសនាក្នុងពិធីបុណ្យឆ្លងព្រះវិហារបញ្ចុះខណ្ឌសីមានៅវត្តចុងព្រៃ និងបង្សុកូលនៅចេតិយ លោកឧកញ៉ា សឺន គុយ វីរៈបុរសខ្មែរកម្ពុជាក្រោម និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រះសង្ឃតាមបណ្តាវត្តនានា និងប្រជាពុទ្ធបរិស័ទខ្មែរនៅលើទឹកដីខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង។
នៅពេលជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរនៅខេត្តព្រះត្រពាំង ជាពិសេសនៅចេតិយលោកឧកញ៉ា សឺន គុយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានផ្តល់ឱវាទផ្តាំផ្ញើថា ព្រះសង្ឃត្រូវរួបរួមសាមគ្គីគ្នារវាងព្រះសង្ឃ និងព្រះសង្ឃ រួបរួមសាមគ្គីរវាងព្រះសង្ឃនិងគ្រហស្ថ ចំណែកគ្រហស្ថត្រូវជ្រោមជ្រែងព្រះសង្ឃដើម្បីលើកស្ទួយពុទ្ធវចនៈឱ្យរីកចម្រើន។
ព្រះអង្គថែមទាំងបានផ្តាំផ្ញើឱ្យខ្មែរកម្ពុជាក្រោម នាំគ្នាទៅលេងប្រាសាទអង្គរវត្ត ដែលកសាងឡើងដោយដូនតាខ្មែរ និងថា បើបានទៅលេងអង្គរវត្ត សូមកុំភ្លេចចូលលេងវត្តរាជបូរណ៌របស់ព្រះអង្គផង ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។
ពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី នៅវត្តចុងព្រៃ ស្ថិតនៅឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ត្រូវបានធ្វើឡើងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែមេសា ឆ្នាំ២០២៥។ វត្តចុងព្រៃនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៨៥ ហើយទើបតែបានសាងសង់ព្រះវិហារថ្មីមួយ ដោយចំណាយពេលប្រមាណជា៥ឆ្នាំ។
បើយោងតាមឃ្លីបវីដេអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានាជាច្រើន នៅមុនពេលសម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តទៅដល់វត្តចុងព្រៃ ដើម្បីសម្តែងធម៌ទេសនា ព្រះសង្ឃគង់នៅវត្តចុងព្រៃមានសង្ឃដីកាតាមឧឃោសនសព្ទថា ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទនៅកម្ពុជាក្រោមទាំងអស់ មានសេចក្តីរំភើបរីករាយក្រៃលែង និងសូមគោរពក្រាបថ្វាយបង្គំ និងស្វាគមន៍សម្តេច ពិន សែម ដោយចិត្តជ្រះថ្លា សូមអនុមោទនាចំពោះការយាងនិមន្តមកដល់នៃសម្តេចព្រះព្រហ្មរតនមុនី ពិន សែម។
សំឡេង៖ «សម្តេច ពិន សែម គង់នៅវត្តរាជបូរណ៌ក្នុងក្រុងសៀមរាប ព្រះអង្គនិមន្តមកកាន់ទឹកដីនៃវត្តចុងព្រៃនៃយើង ដើម្បីបានឱកាសសម្តែងប្រទាននូវព្រះធម៌ទេសនា អំពីអត្ថន័យខ្លឹមសារពាក្យពេចន៍ពីរោះក្រអួនក្រអៅនូវចំណេះចេះដឹងរបស់សម្តេច ទុកជាធម្មឱសថ ទុកជាធម្មនាវា ទុកជាធម្មបណាការ ទុកជាធម្មឱវាទដែលយើងទាំងអស់គ្នា គួរស្តាប់ហើយត្រិះរិះពិចារណាទុកជាធម្មឱសថ ក្នុងការគោរពបដិបត្តិសិក្សារៀនសូត្រ នូវបាវចនារបស់ព្រះសម្មាសម្ពុទ្ធ ដែលជាមាគ៌ានាំមកនូវសេចក្តីសុខ សន្តិភាព ដល់មនុស្សនិងទេវតា»។
ព្រះអង្គ ពិន សែម មានសង្ឃដីកាពេលសម្តែងធម៌ទេសនាថា អ្វីដែលព្រះអង្គព្រួយបារម្ភបំផុតខ្លាចក្រែងការទេសនារបស់ព្រះអង្គ ត្រូវញោមញាតិស្តាប់អត់បាន មិនយល់ដោយសារតែភាសាអ្នកសៀមរាបផ្សេងខុសគ្នាពីភាសាញោមញាតិនៅកម្ពុជាក្រោម តែប្រសិនបើញោមញាតិស្តាប់បាន ព្រះអង្គរីករាយត្រេកអរបំផុតនាឱកាសនេះ។
ព្រះអង្គមានសង្ឃដីកាថា នេះគឺជាលើកទី១ហើយ ដែលព្រះអង្គបានមកស្គាល់ទឹកដីកម្ពុជាក្រោមនៃខេត្តព្រះត្រពាំង ដោយសារតែមានការនិមន្តពីព្រះចៅអធិការ គណៈកម្មការវត្តចុងព្រៃ និងប្រជាពុទ្ធបរិស័តនៅទីនេះ។
ព្រះអង្គ ពិន សែម មានសង្ឃដីកាថា៖ «បើកុំតែមានពិធីបុណ្យឆ្លងព្រះវិហារ បញ្ចុះខណ្ឌសីមានេះ ខ្ញុំព្រះករុណាអាត្មាភាពអត់បានមកស្គាល់ទេខេត្តព្រះត្រពាំង ដែលសព្វថ្ងៃហៅត្រាវិញ។ ឮតែឈ្មោះខេត្តព្រះត្រពាំងតាំងពីយូរយារតាំងពីនៅក្មេង ដោយសារមានព្រះសង្ឃពីខេត្តព្រះត្រពាំងនេះ លោកនិមន្តធ្វើធូដុង្គដល់ទៅខេត្តសៀមរាប រួចលោកទៅគង់ស្នាក់នៅវត្តនៅខេត្តសៀមរាប ហើយអង្គខ្លះក៏បានធ្វើជាចៅអធិការវត្តនៅខេត្តសៀមរាប»។
យ៉ាងណាក្តី ធម្មទេសនារបស់សម្តេច ពិន សែម បានធ្វើការពន្យល់តែពីអត្ថន័យនៃពិធីបុណ្យឆ្លងព្រះវិហារបញ្ចុះខណ្ឌសីមា ដោយពុំមានលើកឡើងពីបញ្ហាប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម ឬបញ្ហានយោបាយទាក់ទងនឹងខ្មែរកម្ពុជាក្រោមនោះទេ។
លោក ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ ប៉ុន្តែក្រសួងធម្មការបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ក្រសួងថា ក្នុងឱកាសនិមន្តទៅសម្តែងព្រះធម៌ទេសនាលើទឹកដីខ្មែរក្រោមនេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បាននិមន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្ឃតាមបណ្តាវត្តនានា ក្នុងខេត្តព្រះត្រពាំងផងដែរ។
ទោះជាយ៉ាងណា លោក តាំង សារៈ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំតំបន់កម្ពុជា មានសេចក្តីរំភើប និងកោតសរសើរសម្តេច ពិន សែម ខ្លាំងណាស់ ដែលព្រះអង្គបាននិមន្តទៅកាន់ដែនដីកម្ពុជាក្រោម។ លោក តាំង សារៈ បានថ្លែងប្រាប់សំឡេងប្រជាធិបតេយ្យវីអូឌី នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះថា បើប្រៀបធៀបជាមួយមន្ត្រីខ្មែរ ឬក៏ព្រះសង្ឃខ្មែរដែលបាននិមន្ត ឬអញ្ជើញទៅកម្ពុជាក្រោមខ្លះៗ នាពេលកន្លងមក ឃើញថា សម្តេច ពិន សែម ហាក់ដូចជាមានឧត្តមគតិជាតិច្រើន។ ចំណុចទី១ គឺព្រះអង្គទេសនាគឺបានហៅថាកម្ពុជាក្រោមតែម្តង មិនមែនហៅថា នៅប្រទេសវៀតណាម ដូចមន្ត្រី ឬព្រះសង្ឃដទៃទៀតនោះទេ។
លោកថា៖ «ទី២ ព្រះអង្គបាននិមន្តចូលរួមទៅបង្សុកូលដល់ផ្នូរលោកឧកញ៉ា សឺន គុយ។ ចំណុច២នេះដែលខ្ញុំចាប់អារម្មរណ៍មែនទែន ឃើញថា មន្ត្រីខ្មែរនិងព្រះសង្ឃខ្មែរលើកមុនៗ បើទោះបីជាលោកបាននិមន្ត និងអញ្ជើញទៅដល់ហ្នឹងមែន ប៉ុន្តែលោកមិនហ៊ាននិយាយថា កម្ពុជាក្រោមផ្ទាល់អ៊ីចឹងទេ ហើយក៏មិនសូវដែលឃើញមន្ត្រីណា បានទៅដល់ផ្នូរ ឬក៏ចេតិយរបស់លោកឧកញ៉ា សឺន គុយ ទេ។ នេះជាចំណុចដែលខ្ញុំចាប់អារម្មរណ៍ និងសូមកោតសរសើរចំពោះព្រះអង្គ»។
សូមបញ្ជាក់ថា លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាលខេត្តព្រះត្រពាំង មុនពេលដែលខេត្តនេះ បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់វៀតណាម។
លោកត្រូវបានវៀតណាមកាត់ទោសប្រហារជីវិតដោយកាត់ក្បាលនៅឆ្នាំ១៨៤១ ដើម្បីជាថ្នូរឲ្យខ្មែរកម្ពុជាក្រោម អាចរក្សាបាននូវសាសនា និងវប្បធម៌ខ្មែរនៅលើដែនដីកម្ពុជាក្រោម។
ដោយហេតុដូច្នេះហើយ លោកឧកញ៉ា សឺន គុយ ត្រូវបានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចាត់ទុកជាវីរៈបុរសជាអ្នកមានគុណ ដែលមិនអាចកាត់ថ្លៃបាន ពីព្រោះថា បើមិនមានការលះបង់អាយុជីវិតដ៏ធំធេងរបស់លោកឧកញ្ញ៉ា សឺន គុយ នោះទេ ម្ល៉េះមកដល់ពេលនេះ កម្ពុជាក្រោមមិនមានសល់អ្វីដែលបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរនោះឡើយ។
លោក តាំង សារៈ ដែលមានវ័យ៧១ឆ្នាំ ជាអតីតអាចារ្យបង្រៀនបាលីនៅសាលាបង្រៀនធម៌វិន័យវត្តទេពភារាមព្រៃជាប់ ខេត្តពលលាវ (វៀតណាមប្តូរទៅបាក់លីវ) ថ្លែងថា ជាធម្មតាខ្មែរកម្ពុជាក្រោមគ្រប់រូបតែងតែមានភាពសប្បាយរីករាយ នៅពេលមានមន្ត្រី ឬមិនមែនជាមន្ត្រី សូម្បីត្រឹមប្រជាពលរដ្ឋខ្មែរនៅព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទេសចរណ៍ក្តី ទៅធ្វើបុណ្យធ្វើទាននៅកម្ពុជាក្រោមក្តី គឺតែងតែស្វាគមន៍និងមានទឹកចិត្តរីករាយអបអរសាទរ។
គួររំឭកថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងគណបក្សប្រជាជនកម្ពុជា រួមទាំងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ក៏បានរួមគ្នាធ្វើ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដើម្បីដង្ហែទៅកាន់វត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ខេត្តព្រះត្រពាំង ផងដែរ។
លោក ហ៊ុន សែន បានថ្លែងតាមរយៈហ្វេសប៊ុករបស់លោក កាលពីពេលនោះថា៖ «ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា»។
អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមចំនួន២១ខេត្ត ក្រុង ប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាជាផ្លូវការទាំងដែលខ្មែរមិនបានយល់ព្រម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល៧៦ឆ្នាំហើយ។
ក្នុងរយៈពេល៧៦ឆ្នាំកន្លងមកនេះ បើទោះបីជាអាជ្ញាធរវៀតណាម បានបន្តធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ដើម្បីរំលាយពូជសាសន៍ខ្មែរនៅដែនដីកម្ពុជាក្រោមក្តី ក៏ខ្មែរកម្ពុជាក្រោមនៅតែបន្តរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវសាសនាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ។
បើយោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន៨ ៧៥០អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាខ្មែរចំនួន៤៦១វត្ត។ ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម បានធ្វើជំរឿនជាផ្លូវការកាលពីឆ្នាំ២០០៩ ដោយបានបង្ហាញថា ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោម មានតែជាង១លាននាក់ប៉ុណ្ណោះ។
ប៉ុន្តែសហព័ន្ធខ្មែរកម្ពុជាក្រោម បានកំណត់ដោយមានការឯកភាពពីអង្គការUNPO(អង្គការនៃប្រជាជាតិដែលគ្មានតំណាងនៅអង្គការសហប្រជាជាតិ) ដែលបានចុះទៅផ្ទាល់នៅកម្ពុជាក្រោម បានសន្និដ្ឋានថា ពលរដ្ឋខ្មែរកម្ពុជាក្រោមមានចំនួន ៧លាននាក់។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរវៀតណាមក្នុងខេត្តព្រះត្រពាំង បានចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន៣នាក់ ក្រោមការចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទិ្ធប្រជាធិបតេយ្យ»។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរវៀតណាមនេះ និងបានទាមទារឱ្យដោះលែងពលរដ្ឋខ្មែរក្រោមទាំង៣នាក់នេះជាបន្ទាន់។
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ដែលគេដឹងឮជាទូទៅថា ត្រូវបានលើកបន្តុបដោយវៀតណាម តែងតែទទួលរងការស្តីបន្ទោសថា បានព្រងើយកន្តើយមិនដែលយកចិត្តទុកដាក់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ទៅលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមឡើយ ខណៈគ្រប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមមកកម្ពុជា តែងតែផ្តាំផ្ញើឱ្យរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ មើលថែពលរដ្ឋវៀតណាមរាប់សែននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បើទោះបីជាជនអន្តោប្រវេសន៍វៀតណាមទាំងនោះ កំពុងរស់នៅលើទឹកបឹងទន្លេសាប ដែលបំពុលបរិស្ថាន និងប្រកបរបរធ្វើនេសាទត្រីខុសច្បាប់ បំផ្លាញធនធានត្រីទឹកសាបកម្ពុជាក៏ដោយ៕