អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ត្រូវបានគេអះអាងមកថា បានចុះជួបមន្ត្រីពាក់ព័ន្ធនៅខេត្តស្វាយរៀង ក្រោយពលរដ្ឋចំនួន២០ភូមិ បានផ្តិតមេដៃទាមទារឱ្យដកស្មៀនឃុំត្រពាំងល្ពៅឈ្មោះ នង ម៉ូវ ចេញពីតំណែង ដោយចោទពីការរំលោភអំណាច និងពុករលួយ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមេសានេះ តំណាងពលរដ្ឋមួយចំនួនដែលបានចូលរួមផ្តិតស្នាមមេដៃទាមទារឱ្យដកស្មៀនឃុំត្រពាំងល្ពៅ និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានជួបប្រជុំគ្នានៅសាលាខេត្តស្វាយរៀង តាមលិខិតកោះអញ្ជើញរបស់រដ្ឋបាលខេត្ត។
តាមលិខិតកោះអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានកោះអញ្ជើញអភិបាលស្រុករមាសហែក និងសមាសភាពពាក់ព័ន្ធ រួមមាន អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្មៀនឃុំត្រពាំងល្ពៅ។
លិខិតនោះបញ្ជាក់ថា មូលហេតុនៃការកោះអញ្ជើញ គឺដើម្បីជួបជាមួយក្រុមការងារក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃអំពីរបៀបរបបបំពេញការងាររបស់ស្មៀនឃុំត្រពាំងល្ពៅ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក នៅសាលាខេត្ត។
ទោះយ៉ាងណា ក្នុងលិខិតអញ្ជើញរបស់សាលាខេត្ត មិនបានបញ្ជាក់លម្អិតពីជំនួបជុំវិញករណីរឿងអាស្រូវរបស់ស្មៀនឃុំនេះទេ។
ប៉ុន្តែបើយោងតាមញត្តិ ចុះថ្ងៃទី២៧ ខែកុម្ភៈ ដែលអ្នកភូមិប្តឹងទៅក្រសួងមហាផ្ទៃ ដែលមានស្នាមមេដៃ៣៥១ និងអះអាងថាតំណាងឱ្យ២០ភូមិ ពួកគេស្នើឱ្យក្រសួងមហាផ្ទៃដកតំណែងស្មៀនឃុំ លោក នង ម៉ូវ។
បើតាមលិខិតនោះ ស្មៀនឃុំ ឈ្មោះ នង ម៉ូវ មានភាពមិនប្រក្រតីជាច្រើន ដូចការរំលោភអំណាច ប្រព្រឹត្តអំពើពុករលួយក្នុងសាលាឃុំ។
នៅពេលដែលប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈម្តងៗ ត្រូវបានក្រុមបក្ខពួករបស់ លោក នង ម៉ូវ បង្គាប់ឱ្យបង់លុយកាក់ច្រើនលើសពីតារាងកំណត់ដោយក្រសួងមហាផ្ទៃ ឬទុកឯកសារ ចោល បើមិនមានលុយឱ្យពួកគេ។ មិនតែប៉ុណ្ណោះ លោក នង ម៉ូវ ធ្លាប់បានលួចប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលផ្តល់ទៅកាន់ប្រជាជនក្រីក្រ ជួបហានិភ័យអំឡុងជំងឺកូវីដ-១៩ ដោយដាក់ឈ្មោះឪពុកក្មេកឈ្មោះ ដួង សាម៉ុន និងប្រពន្ធឈ្មោះ ដួង ណាគ្រី ដែលជាប្រជាជនរស់នៅឃុំផ្សេងជាអ្នកទទួលទៅវិញ ហើយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ មិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។
VOD មិនអាចទាក់ទងក្រសួងមហាផ្ទៃ ដើម្បីសុំបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ៕