តុលាការខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺ ក្រោយរងការរិះគន់ ជុំវិញការកាត់ឱ្យមន្រ្តីនគរបាលផ្កាយ១ម្នាក់ឈ្នះក្តីស្រ្តីម្ចាស់បំណុលដែលបានឱ្យភរិយាមន្ត្រីខ្ចីលុយចំនួន២ម៉ឺនដុល្លារ ហើយក្លាយជាជនជាប់ចោទក្រោយគំរាមទម្លាយរឿងអាស្រូវសន្យារត់ការឡើងផ្កាយពីរ។
តាមដំណើររឿង ម្ចាស់លុយ ឈ្មោះ ចិន ស្រីដា ដែលរងការចោទ ពីបទគំរាមកំហែងហែកកេរ្តិ៍ បានឱ្យភរិយាដើមបណ្តឹង លោក សម្បត្តិ កុសល ខ្ចីលុយជាបន្តបន្ទាប់ រហូត២ម៉ឺនដុល្លារ។
ប៉ុន្តែការប្តឹងផ្តល់ក្រោយស្ត្រីជាប់ចោទគំរាមទម្លាយសារសំឡេង លោក សម្បត្តិ កុសល ដែលបានសន្យារត់ការឡើងផ្កាយ២ បើភរិយា លោក សម្បត្តិ កុសល នៅតែគេចវេស មិនព្រមសងលុយ ដែលបានខ្ចីចំនួន២ម៉ឺនដុល្លារនោះត្រឡប់មកវិញ។
លោក សម្បត្តិ កុសល ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងជាដើមបណ្តឹង ប្តឹងម្ចាស់លុយ រហូតតុលាការខេត្តសៀមរាប ចោទស្រ្តីម្ចាស់លុយ គំរាមកំហែងហែកកេរ្តិ៍ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងសងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៤លានរៀល ឬស្មើ១ពាន់ដុល្លារ។
តាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប បាននិយាយថា ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ មានជនជាប់ចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ និងដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ សម្បត្តិ កុសល ភេទប្រុស។
លិខិតបំភ្លឺកម្រាស់២ទំព័រនោះ បានការពារថា វិធាននេះ នៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ ឈ្មោះ ចិន ស្រីដា បានគេចវេសមិនសហការ រហូតចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដើម្បីអាចបង្ខំឱ្យជនត្រូវចោទរូបនេះមកបង្ហាញខ្លួន និងសួរចម្លើយតាមនីតិវិធីច្បាប់។
លើសពីនេះ តុលាការថា ជនជាប់ចោទមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ជាបទគំរាមកំហែងហែកកេរ្តិ៍ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
សំអាងលើហេតុផលនេះ តុលាការថា សាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបាន ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារ ២ឆ្នាំ បង្គាប់ឱ្យសងសំណងជំងឺចិត្ត ទៅឱ្យដើមបណ្តឹងចំនួន៤លានរៀល និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមនីតិវិធីច្បាប់ ហើយការសម្រេចរបស់ចៅក្រមជំនុំជម្រះ ផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយការពិចារណាត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះភាគីដែលមានការពាក់ព័ន្ធក្នុងសំណុំរឿង។
ដោយឡែកពីនេះ បើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ទ្រី ប្រាថ្នា ត្រូវជាប្ដីអ្នកស្រី ចិន ស្រីដា ដែលបានដាក់ទៅក្រសួងមហាផ្ទៃ បានអះអាងថា លោក សម្បត្តិ កុសល មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី និងមានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
បើតាមប្រភពនោះ លោក សម្បត្តិ កុសល និងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ បានប្រព្រឹត្តអំពើពុករលួយ និងរំលោភទំនុកចិត្តពាក់ព័ន្ធលុយជាង២ម៉ឺនដុល្លារ តាមរយៈការខ្ចីជាបន្តបន្ទាប់ ដោយម្ដងយកចំនួន៣០០០ដុល្លារ និង៤០០០ដុល្លារ ដើម្បីរត់ការឱ្យបុរសជាប្ដី (សម្បត្តិ កុសល) ឡើងបុណ្យស័ក្តិក្នុងអំឡុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខណៈដំបូងឡើយប្រាក់នោះជាការខ្ចីបុលពីសំណាក់ស្ត្រីជាភរិយា ឈ្មោះ វ៉ាំង ភិរម្យ តែក្រោយមកដោយគ្មានប្រាក់សង ទើបលោក សម្បត្តិ កុសល និងភរិយា សន្យារត់ការរកតំណែងក្នុងជួរមន្ត្រីនគរបាលជាតិជំនួសវិញ។
ជុំវិញបញ្ហានេះ អ្នកប្រើប្រាស់បណ្តាញសង្គម ឈ្មោះ ហ្វេស បានរិះគន់សេចក្តីសម្រេចរបស់ចៅក្រមដោយថាម្ចាស់លុយជាប់គុក អ្នកមិនសងលុយរួចខ្លួន។
អាខោនហ្វេប៊ុកឈ្មោះ ប៊ុក ណូយ រិះគន់ថា៖ «អយុត្តិម៍សម្រាប់គាត់ពេកហើយ ម្ចាស់លុយជាប់គុក កូនបំណុលរួចខ្លួន»។
គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ អឿន ហូយនី សរសេរថា «រកស៊ីចំណេញបង់ពន្ធជូនរដ្ឋហើយ រកប៉ះចំអ្នកមានអំណាច ម្ចាស់បំណុលជាប់គុកទៀត»។
អាខោនហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ ម៉ូន សុវណ្ណរតនៈ និយាយថា «អ្នកអនុវត្តច្បាប់រួមដៃគ្នាជាមួយអ្នកមានអំណាច អ្នកតូចតាចក្លាយជាជនរងគ្រោះទៅវិញ»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី៨ ខែមេសានេះថា ភាពអយុត្តិធម៌សង្គមនឹងបន្តកើតមាន បើប្រព័ន្ធច្បាប់ស្ថិតនៅក្រោមអំណាចមេដឹកនាំផ្តាច់ការ បក្ខពួកនិយមនោះ។
លោកបារម្ភថា ការដឹកនាំប្រទេសដែលប្រើអំណាចផ្តាច់ការ បក្ខពួកនិយម ប្រព្រឹត្តិអំពើពុករលួយជាដើមនោះ អ្នកដែលបន្តរងគ្រោះពីអំពើជិះជាន់ ការធ្វើបាប និងការចាប់ជំរិតជាដើម គឺប្រជាពលរដ្ឋស្លូតត្រង់។
សម្រាប់លោក សូរីដា យល់ថា ដើម្បីលុបបំបាត់ភាពអយុត្តិធម៌សង្គម អំពើពុករលួយ ឬបក្ខពួកនិយម មេដឹកនាំត្រូវហ៊ានអារឈាមស្អុយ ដើម្បីស្តារមុខមាត់ប្រទេសជាតិ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។
លោកថា៖ «កាលណាប្រព័ន្ធយុត្តិធម៌មួយវាមិនបានផ្តល់នូវភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋទេ វាបង្កើតឲ្យមានការឈឺចាប់ ពីសំណាក់ជនរងគ្រោះ ហើយកាលណាប្រជាពលរដ្ឋឲ្យមានការឈឺចាប់ដូចខ្ញុំនិយាយមិញថា តុលាការគឺជាប្រព័ន្ធមួយនៅក្នុងការធានាគេហៅថា ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសណ្ដាប់ធ្នាប់ និងសុខដុមរម្យនា»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចសុំការស្រាយបំភ្លឺ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក សម្បត្តិ កុលស បាននៅឡើយ។
យ៉ាងណា កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក សម្បត្តិ កុសល ធ្លាប់បែកធ្លាយសារសំឡេងរឿងអាស្រូវពុករលួយ ស៊ីសំណូកយកលុយប្រជាពលរដ្ឋ រត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ។
លោកថា៖ «ដូចនៅប៉ោយប៉ែតសុទ្ធតែ៣០ជាង ចង់បានធូរថ្លៃទាល់តែប៉ះអ្នកបោក។ បើខ្ញុំសុទ្ធតែជាអ្នកហ្ស៊ីនៗទេ។ ទោះបីថ្លែ ប៉ុន្តែមួយដឹងមួយហ្នឹង ឥឡូវមិនសូវហ៊ានទទួលគេទេ ព្រោះដឹងស្រាប់ហើយឥឡូវ បើយកលុយគេហើយធ្វើការឱ្យគេអត់បានមានរឿងរ៉ាវច្រើនណាស់ឥឡូវ។ អ្វីដែលសំខាន់ពេលនេះ គឺធ្វើម៉េចឲ្យគេទុកក្របខណ្ឌឱ្យយើង មានតែប៉ុណ្ណឹង ហើយនិយាយរឿងតម្លៃយើងមិនទាន់និយាយទេ ដោយសារគ្រាន់តែយើងដឹងប្រហាក់ប្រហែលប៉ុណ្ណឹង ២០ក្រាស់ទៅ៣០ហ្នឹង កំពុងតែសុំគេ ប៉ុន្តែមិនដឹងថាបានឬមិនបាននោះទេ»។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនដោយនិយាយថាការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។
ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃ នោះម្ចាស់បំណុលត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន។
ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការប្រើអំណាច បុណ្យស័ក្តិ ដើម្បីដាក់សម្ពាធ ឬគំរាមគំហែងពលរដ្ឋ គឺជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
លោកបារម្ភថា បើអ្នកមានលុយមានអំណាច នៅតែបន្តប្រើអំណាចដើម្បីគាបសង្កត់ ជិះជាន់ និងកេងប្រវ័ញ្ច ឬធ្វើទុក្ខបុកម្នេញពលរដ្ឋ នោះឆ្លុះបញ្ចាំងថា ការអនុវត្តច្បាប់មានភាពធូរលុងគឺច្បាប់ស្តង់ដាពីរ។
លោកថា៖ «ខ្ញុំនៅតែយល់ថា ប្រសិនបើរឿងហ្នឹងវាមានបញ្ហាការសិក្សារកមិនបានឱ្យដឹតដល់ទេ នោះវាអាចធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះ នឹងកាន់តែទទួលរងគ្រោះកាន់តែធ្ងន់ធ្ងរថែមទៀតទៅ ហើយអ្នកដែលឬមានអំណាចមានបុណ្យស័ក្ដិអីហ្នឹង អាចជាអ្នកធំនៅតែទទួលបាននូវជ័យជម្នះ បានធ្វើការឈ្នះក្តីវាធ្វើឲ្យសង្គមយើង នៅតែយល់ថាអ្នកតូចមិនអាចឈ្នះអ្នកធំអីអ៊ីចឹងទៅ»។
យ៉ាងណា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ចិន ស្រីដា បានប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមខាងលើ ហើយសំណុំរឿងខាងលើនេះ ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍បាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់សាលាឧទ្ធរណ៍បាត់ដំបង៕