ជនរងគ្រោះថា វត្តមាន​មេធាវី​រដ្ឋាភិបាល​ហាក់​ជា​ចេតនា​ការ​ពារ​ឧក្រិដ្ឋ​ជន​ស្និទ្ធ​មេដឹក​នាំ

ជនរងគ្រោះថា ការចាត់មេធាវី​រដ្ឋាភិបាល​ឱ្យ​ចូល​ខ្លួន​រក​យុត្តិធម៌​ក្នុង​រឿង​ក្តី​អតីត​ឧកញ៉ា ឡេង ចាន់​ណា ហាក់​ជា​ចេតនា​ជួយ​បិទ​បាំង​ទង្វើ​មន្រ្តី​ស្និទ្ធ​មេដឹកនាំ​ ដែល​ពាក់​ព័ន្ធ​ជ្រៅ​ក្នុង​បទ​ឧក្រិដ្ឋឆបោក ធ្វើ​ឱ្យ​យុត្តិធម៌​ត្រូវ​ជាប់​គាំង​ជាង​១ឆ្នាំ​ទៅ​នេះ បណ្តាល​ឱ្យ​ជន​រង​គ្រោះខ្លះ​មាន​សមាជិកគ្រួសារ​ស្លាប់ ក្រោម​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ។

ជនងរងគ្រោះម្នាក់ លោក អៀ សុផល ដែល​ចាញ់​បោក​លុយ​ជិត​២ម៉ឺន​ដុល្លារ ជា​លុយ​ខ្ចីធនាគារ ប្រាប់​VO​D​ថា លោក​គ្មាន​ជំនឿ​លើ​មេធាវី​រដ្ឋាភិបាល​ទេ ដោយ​ថា​ជាង​១ឆ្នាំ​ទៅ​នេះ​ជនរង​គ្រោះនៅ​តែ​មិន​ទទួល​បាន​សំណង ទោះ​មាន​ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្តី។

លោកថា៖ «បើចំពោះខ្ញុំ​ផ្ទាល់​ វា​គ្រាន់​តែ​ជា​លេស​មួយ​នោះ​ទេ គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ហៅ​ថា ឱ្យ​មាន​ចិ​ត្តស្ងប់​រំងាប់ កុំ​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​តវ៉ា​បាតុកម្ម។ អ៊ីចឹ​ង​បើ​តាម​ការ​គិត​របស់​ខ្ញុំ គេ​យក​មេធាវី​ហ្នឹង តំណាង​ឲ្យ​ប្រជា​ពលរដ្ឋរាប់ពាន់គ្រួសារ​ដែល​ចាញ់​បោក ឧកញ៉ា ឡេង ចាន់​ណា វា​គ្រាន់​តែ​ជាយុទ្ធ​សាស្រ្ត​ជា​ល្បិច​មួយ​តែ​ប៉ុណ្ណឹងឯង»។

ជនរ​ងគ្រោះម្នាក់ទៀត លោក ផ្លើយ ផ្លុំ ប្រាប់​ថា ភរិយារ​បស់​លោក​បាន​ស្លាប់​ កាល​ពី​ជាង​១ឆ្នាំមុន ដោយ​សារ​វិបត្តិ​ផ្លូវ​ចិត្ត​រីង​រៃ និង​រួម​រឹត​ដោយ​ជំងឹ​ប្រចាំ​កាយ ក្រោយ​ខ្ចី​លុយ​ធនាគារ​ ៣ម៉ឺន​៥ពាន់​ដុល្លារ យក​ទៅ​វិនិយោគ​ក្នុង​ក្រុម​ហ៊ុន​ឆបោក​របស់​អតីត​ឧកញ៉ា ឡេង ចាន់​ណា។

លោកថា៖ «គ្រួសារខ្ញុំបានស្លាប់ ដោយសារ​មូល​ហេតុ​រឿង​លុយ​យើង​ដាក់​ជាមួយ​នឹង​ក្រុម​ហ៊ុន​នេះ​ឯង។ ដាក់​ទៅ វាមាន​ការ​ស្ទះ​ទៅ ក៏​រក​អី​អត់​​បាន​បង់​ធនាគារ គាត់​ក៏​មាន​អារម្មណ៍ (ឈឺចិត្ត) ណា​មួយ គាត់​ទឹ​កនោម​ផ្អែម​ផង គាត់​គិតច្រើន គាត់​ពិបាក​ចិត្ត​រ​ក​អី មិន​បាន​បង់​ធនាគារ​វ័ណ្ឌក»

កន្លងទៅ អតីត​ឧកញ៉ា ឡេង ចាន់ណា ធ្លាប់​និយាយ​ថា ក្រុម​ហ៊ុន​ប្រ៊ីលាន​ស៊ីធី​ មាន លោក ហ៊ុន ម៉ាណែត ជា​ខ្នង​បង្អែក។

យ៉ាងណា នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បដិសេធ​ការ​លើក​ឡើង​នេះ តាម​រយៈ​លិខិត​មួយ​សន្លឹក កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ទាំង​គ្មាន​ការ​ស៊ើប​អង្កេត​ណាមួយ​កើត​ឡើង។

ទោះជាបែប​ណា លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធិ​លោក ហ៊ុន ម៉ាណែត ធ្លាប់​និយាយ​បែប​អូសទាញ​ថា អ្នក​រក​ស៊ី​ក្នុង​ក្រុម​ហ៊ុន​ឆបោក​ប្រ៊ីលាន​ នឹង​មាន​វាសនា​រក​លុយ​បាន​ច្រើន​តាម​ការខិត​ខំ​រៀងៗ​ខ្លួន តាម​រយៈ​ការ​បង្កើត​ទីផ្សារ​លក់​ផលិត​ផល​សុខភាព ដីធ្លី និង​ផ្ទះល្វែង ជាដើម។

លោកថា«ខ្ញុំជឿថា ប្រហែលជា​ក្រោ​យ​អំពី​សិក្សា​លក់​ទំនិញ​នៅ​ទីផ្សារប្រ៊ីលាន​នេះ​ទៅ ប្រហែល​ជា​លែង​ចង់​ទៅប្រទេស​កូរ៉េ​ហើយ ខ្ញុំ​ជឿជាក់​ដូច្នេះ​ឯង ដោយ​សារ​ការ​រកលុយ​នៅ​ទី​នេះ មាន​លក្ខណៈ​ងាយ​ស្រួល តាម​រយៈ​ការ​បង្កើត​បណ្តាញ​លក់​ឱ្យ​គេ លក់​ផលិត​ផល ហើយ​ក្នុង​មួយ​ថ្ងៃៗ គឺលុយ​លោត​ចូល​ក្នុង​ទូរស​ព្ទ​យើង​នៅ​ពេល​ណា​ដែល​យើង​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ លុយ​លោត​ចូល​កាន់​តែ​ខ្លាំង»

ជនរងគ្រោះម្នាក់ទៀត​ដែល​កំពុង​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ លោក អង យូហៃ ប្រាប់​ថា លោក​បាន​ចាញ់​បោក​ទាំង​គ្រួសារ​សរុប​ជាង ៥ម៉ឺន​ដុល្លារ ក្រោយ​ការ​ជឿជាក់​លើ លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធ​លោក ហ៊ុន ម៉ាណែត ដែល​តែងតែ​ថ្លែង​នៅ​តាម​វេទិកា​សាធារណៈ​ជាមួយ​អ្នកស្រី ឡេង ចាន់​ណា ឃោសនា​ឱ្យ​ពលរដ្ឋ​ជឿ​ជាក់​លើក្រុម​ហ៊ុន​ប្រ៊ីលាន​ស៊ីធី។

លោកថា«សុទ្ធតែជឿជាក់លើឯកឧត្តម ស៊ាន បូរ៉ាត់ ហើយ​និង ឡេង ចាន់​ណា ព្រម​ទាំង​សម្តេច​(ហ៊ុន ម៉ាណែត) ចុះ​ទៅ​សម្ពោធ។ ចឹ​ង​ជឿ​ជាក់​ថា ពួក​គាត់​មិន​បោក​ពលរដ្ឋ​ទេ តែ​ចុង​ក្រោយ​ពួក​ខ្ញុំ​ទឹក​ភ្នែក មិន​ចេញ​ប្រជា​ពលរដ្ឋ​ពិបាកខ្លាំង​ណាស់​បង​អើយ​ ម្នាក់ៗ​សឹង​តែ​ចង​ករ​សម្លាប់​ខ្លួន​អស់​ហើយ អ្នក​ខ្លះម​ក​ប្រទេស​ថៃ ទាំង​ខុស​ច្បាប់​ក៏​មាន​ដែរ។ សព្វថ្ងៃ​រស់​ទាំង​ត្រដរ​ទេ បើ​យើង​មិន​ប្រឹង​មាន​អង្ករ​ណា​ច្រក​ឆ្នាំង បើ​សេចក្តី​សង្ឃឹម​យើង​ខំ​សន្សំ​រាប់​ឆ្នាំ​ គេ​បោក​អស់​រលីង​ពឹងប្រាក់​ខែ​មួយ​ខែ​បាន​តែ​១ម៉ឺន​បាត ខំ​រក​ចង់​ងាប់​ចុង​ក្រោយ​គេ​មក​បោក ស្តាយ​គំនិត​ស្តាយ​ចិត្ត​ដែល​ធ្លាប់​ទុក​ចិត្ត»

លោក ស៊ាន បូរ៉ាត គឺជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ឋានៈ​ស្មើ​រដ្ឋ​មន្រ្តី និង​ជារដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និ​ងកីឡា ព្រម​ទាំ​ងជា​ប្រធាន​សហព័ន្ធ​កីឡាបា​ល់​បោះ​កម្ពុជា​ផង​ដែរ។

ក្នុងគណបក្សកាន់អំណាច លោក ស៊ាន បូរ៉ាត់ អនុប្រធានយុវជ​ន​គណបក្ស​ប្រជាជន​កម្ពុជាថ្នាក់​កណ្ដាល ដែល​មាន លោក ហ៊ុន ម៉ាណែត ជាប្រធាន។

យ៉ាងណា មន្រ្តីស្និទ្ធមេដឹកនាំ ដែលត្រូវគេសង្ស័យថា នៅ​ពីក្រោយ​បទ​ឧក្រិដ្ឋ​ឆបោក​រូប​នេះ ត្រូវ​បាន​តុលាការ​ចាត់​ទុក​ថា​ ត្រឹម​តែ​ជា​សាក្សី​ក្នុង​រឿង​ឆបោក​នេះ​ទៅ​វិញ។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ លោក អ៊ុំ សំអាន យល់ឃើញថា ការ​ចាត់​ទុក​ លោក ស៊ាន បូរ៉ាត់ ក្នុង​នាម​ជា​សាក្សី​បែប​នេះ វា​ជា​តម្រុយ​បង្ហាញ​ពី​​​សេណារីយូ​គប់គិត​​គ្នាជាប្រព័ន្ធ​រវាងស្ថាប័ន​តុលាការ និង​មន្រ្តី​ឆបោក ដើម្បី​បើក​ភ្លើង​ខៀវ​ឱ្យ លោក ស៊ាន បូរ៉ាត់ មាន​ឱកាស​រួច​ខ្លួនពី​សំណាញ់​ច្បាប់។

លោកថា៖ «យើងឃើញភស្តុតាងវីឌីអូផ្សេងៗហ្នឹង​ច្បាស់​ក្រឡែត​ថា ស៊ាន បូរ៉ាត់ នៅ​ពី​ក្រោយ​ខ្នង ជា​មេខ្លោង គប់​គិតជាមួយ​ ឡេង ចាន់ណា ដើម្បី​បោក​ប្រាស់​ប្រជា​ពលរដ្ឋ។ ដល់​កោះ​ហៅ​ជា​សាក្សី​ចឹង! អា​ចគ្រាន់​តែ​ឆ្លើយ​បំភ្លឺ អត់​ឃាត់ខ្លួន ព្រោះថា​ក្នុង​នាម​ជា​សាក្សី មិន​មែន​ជា​អ្នក​ដែល​ពាក់​ព័ន្ធ​ការ​ឆបោក​ផង ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ផង​ហ្នឹង។ យើងអាច​សន្និដ្ឋាន​ពួក​គេ​គប់​គិត​គ្នា​ឱ្យ​ លោក ស៊ាន បូរ៉ាត់ រួច​ខ្លួន»។

អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជនរងគ្រោះ​ផ្ទុះការតវ៉ាជាបន្ត​បន្ទាប់​ រយៈពេល​ប្រមាណ ១ខែ ដែល​មាន​អ្នក​ចាញ់​បោក​ប្រមាណ ៧០០០​​គ្រួសារ គិត​ជា​ទឹកប្រាក់​ជាង ៣០០​លាន​ដុល្លារ​អាមេរិក។

ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពី មេធាវី​រដ្ឋាភិបាល លោក គី តិច និង​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀម​រាប លោក យិន ស្រ៊ាង បានទេ​ដោយ​ទូរសព្ទ​ពុំ​អាច​ទាក់​ទង​បាន។

យ៉ាងណា លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ដែលចូលខ្លួនធ្វើជាតំណាងឱ្យជនរង​គ្រោះ បាន​បញ្ជាក់ក្នុង​សន្និសីទ​សារព័ត៌​មាន​ កាល​ពី​ខែ​តុលា ឆ្នាំ​២០២៤​ថា មាន​ជន​រងគ្រោះ​​​ចំនួន​ជិត ៥ពាន់​នាក់ ស្ម័គ្រ​ចិត្ត​ឱ្យ​ក្រុម​មេធាវី​លោក​ការ​ពារ​សំណុំ​រឿង​របស់​ពួក​គេ និងបន្ត​ប្រមូល​ឯកសារ​ពី​ក្រុម​អ្នក​ចាញ់​បោក​នៅ​ក្រៅ​ប្រទេស​បន្តទៀត។

យន្តការនេះ ធ្វើឡើងតាម​បញ្ជារ​បស់លោក ហ៊ុន ម៉ាណែត កាលពីខែ​ឧសភា ឆ្នាំ​២០២៤ តែចាប់​ពី​មេធាវី​រូប​នោះ​ជួយ​ការ​ពារ​ក្តី​ជិត​មួយ​ឆ្នាំ​ទៅ​នេះ ជន​រង​គ្រោះ​នៅ​តែ​មិន​ទទួល​បានសំណង​មក​វិញ​នោះ​ទេ ខណៈ​ពួក​គេ​បាន​លក់​ដី​ស្រែ ខ្លះ​ចំ​ណាក​ស្រុក ក្រោម​សម្ពាធ​បំណុល។

តុលាការខេត្តសៀមរាប កាលពីខែមេសា ឆ្នាំ២០២៤ បានប្រកាសថា បាន​បង្កក​គណនីធនាគារ ក្រុម​ហ៊ុន ប្រ៊ី លាន​ស៊ីធី ចំនួន​១៨៣​គណនី។

តែក្រុមជនរងគ្រោះ និយាយថា ទោះបីមានការចាប់ខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា និងមានវិធានបង្កកគណនីធនាគាក្តី តែពួកគេថាមិនបានទទួលប្រាក់ដើមមកវិញទេ ។

បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួមមាន បទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ប៉ុន្តែលោក ស៊ាន បូរ៉ាត់ ដែលជាមន្ត្រីមានឥទ្ធិពលក្នុងការអូសទាញអតិថិជន ក្នុង​អំពើ​ឆបោកនេះ​ដែរ បន្ត​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ និង​ត្រូវ​បាន​តុលាការ​ចាត់​ទុក​ថា ជា​សាក្សី បើ​ទោះ​បី​ជាមា​ន​ភស្តុតាង​បង្ហាញ​ថា មន្រ្តី​រូប​នេះ​ជា​មេខ្លោង​នៅពីក្រោយ​អំពើ​ឆបោក​ជាមួយអតីត​ឧកញ៉ា​ ឡេង ចាន់ណា ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ