រដ្ឋាភិបាលឱ្យទប់ស្កាត់មន្ត្រី​ខិល​ខូច​​ជំរិ​តទារ​លុយ​​​​ពីពលករ​ខ្មែរ​​ឆ្ល​ង​ដែន​ពី​ប្រទេស​ថៃ

រដ្ឋាភិបាលតាមរយៈ​ក្រសួងមហាផ្ទៃ​ ណែនាំ​ដល់​អាជ្ញាធរខេត្តជាប់​ព្រំដែន​ជាមួយប្រទេសថៃ ដោះ​ស្រាយ​ប​ញ្ហា​ប្រឈម​​​​នានា និង​​ទប់​ស្កាត់​ការ​​ទាម​ទារ​​ប្រាក់​កម្រៃ​សេវា​ក្រៅ​ផ្លូវ​​ការ​ពី​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ពេល​​ឆ្ល​ង​ដែន​​​​ចូ​ល​មក​​កម្ពុជា​​វិញ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ។

នេះបើតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ លោក ស សុខា ផ្ញើ​ទៅកាន់​អភិបាល​ខេត្ត​ជាប់ព្រំដែន​ថៃ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ។

លោក ស សុខា រំឭក​ថា ជា​ទម្លាប់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺមាន​ប្រជាពលរដ្ឋខ្មែរ​ជាច្រើន​ដែលកំពុង​ស្នាក់​នៅ​និង​ធ្វើកា​រ​​​នៅ​ប្រទេស​ថៃ តែង​តែ​ធ្វើ​ដំណើរ​ឆ្លង​ដែន​​​ត្រឡប់​មក​​កម្ពុ​ជា​វិញ ដើម្បី​ជួប​ជុំ​គ្រួសារ ហើយ​ស្ថាន​ភាព​នេះ​នឹង​​បង្ក​​ការ​​កក​​ស្ទះ​​នៅ​ទី​ស្នាក់​ការ​​ត្រួត​ពិនិត្យ​​ច្រក​ទ្វារ​​ព្រំដែន​ ឬ​មាន​ការ​​រង់ចាំ​​យូរ​​ក្នុងការ​​បំពេញ​បែបបទ និងនីតិវិធីសម្រាប់ឆ្លងដែន។

លោកថា ជាមួយគ្នានេះ ខាងរដ្ឋាភិបាលថៃ ក៏បាន​លើកលែង​ថ្លៃទិដ្ឋការ​ចេញចូល​ដល់ពលករខ្មែរ ឡាវ និង​មីយ៉ាន់​ម៉ា ដែលកំពុងស្នាក់នៅនិងធ្វើការ​ស្របច្បាប់ក្នុង​ប្រទេស​ថៃ ចំនួន​១ដង ដោយពុំបង់​​កម្រៃ​សេវា​ពាក់ព័ន្ធ ចាប់ពីថ្ងៃ​ទី១ ខែមេសា ដល់ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២៥។

ករណីនេះ ក្រសួងបានណែនាំដល់​រដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​សមស្រប​​ដើម្បី​ធានាសន្តិ​សុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាម​ច្រកទ្វារ​ព្រំដែន​និមួយៗ និង​​ត្រូវដោះស្រាយ​បញ្ហា​ប្រឈមនានា កុំឱ្យ​មានការ​កកស្ទះនៅ​ទី​ស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន ដោយ​បង្កើនចំនួន​មន្ត្រីប្រថាប់​ត្រា​​ផ្តល់​ទិដ្ឋការ​ចេញ​ចូល​ឆ្លង​ដែន ព្រមទាំង​ត្រូវ​ទប់ស្កាត់​ ​និង​ចាត់វិធានការ​ចំពោះ​​បុគ្គលណា ដែល​​ទាមទារ​រក​កម្រៃសេវា​ក្រៅ​ផ្លូវ​ការ​ពីប្រជា​ពលរដ្ឋ​ខ្មែរ​នៅពេលឆ្លងដែន។

ក្រៅពីនោះ ក្រសួងក៏បាន​ណែនាំឱ្យ​ជូនដំណឹងទៅម្ចាស់ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ត្រូវ​ផ្តល់កិច្ចសហការ​រក្សា​តម្លៃសេវាដឹកជញ្ជូន​ឱ្យ​នៅដដែលផងដែរ។

បើតាមមន្ត្រីអង្គការ​សង់ត្រាល់ប្រចាំនៅប្រទេស​ថៃ លោក លឹង សុផុន គិតមកដល់ឆ្នាំ២០២៥ ពលករបម្រើការងារនៅប្រទេសថៃទាំងខុសច្បាប់ និងស្របច្បាប់មាន​​ប្រហែលជិត ៣លាននាក់។

តែយ៉ាងណា​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យ​​ដឹងកាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ថា​ ចំនួន​ពលករខ្មែរ​ដែល​ធ្វើការ​នៅបរទេសក្នុងឆ្នាំ២០២៤ មាន​​ចំនួន ១លាន៣សែន៨ម៉ឺននាក់ ដោយ​ក្នុង​នោះ​ពួកគេ​ធ្វើការ​នៅប្រទេស​​​ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ជាដើម។

លោកបន្ត​ថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បានកើនឡើង​ក្នុង​ឆ្នាំ​២០២៤ បើធៀបនឹងឆ្នាំ​២០២៣ ដែលមានចំនួន ១លាន៣សែន៥ម៉ឺននាក់។

យ៉ាងនេះក្តី ប៉ុន្មានថ្ងៃជាប់​គ្នាទៅនេះ ពលរដ្ឋ​មួយចំនួន​បាន​បង្ហោះ​វីដេអូ លើ​បណ្តាញ​សង្គម បង្ហាញ​ពី​បញ្ហាប្រឈម​ជា​ច្រើន មាន​ការ​កក​ស្ទះ​ច្រើន​ម៉ោង និង​ខ្លះ​ត្រូវ​មន្ត្រី​ជំរិ​ត​ទារ​ប្រាក់ ពិសេស​កើត​ឡើង​លើ​ពលករ​ខ្មែរ ដែល​គ្មាន​ឯកសារ​ឆ្លង​ដែន​ត្រឹម​ត្រូវ នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ចូល​រួម​ពិធី​បុណ្យ​ចូលឆ្នាំ​។

ការ​សំអាងពីបញ្ហាប្រឈមនេះ ហាក់ដូចគ្នា​ទៅ​ឆ្នាំមុនៗ​ដែរ ទោះ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​ទប់​ស្កាត់​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ