តួលេខ​នាំទំនិញ​​ចូល​អាមេរិក​សន្ធឹក​សន្ធាប់​ត្រូវ​គេ​ភ្ជាប់​​នឹង​​​​បទ​​ចោទ​​មិន​ត្រឹម​ត្រូវ​លើ​លោក កឹម សុខា

វិធានដំឡើង​ពន្ធ និ​ងទំហំពាណិជ្ជកម្ម ដែលកម្ពុជានាំចូលទៅលក់នៅ​សហរដ្ឋ​អាមេរិក រហូត​ដល់​ទៅ​ជាង​១ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៤​នោះ ត្រូវ​បាន​ក្រុម​គណបក្សប្រឆាំង​ទាញ​ភ្ជាប់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​មិនត្រឹម​ត្រូវ​លើ លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អំឡុង​ចុង​ឆ្នាំ​២០១៧។

ក្នុងន័យនេះ ពួកគេថាមុន​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​សហរ​ដ្ឋ​អាមេរិក ដើម្បី​សង្គ្រោះ​សេដ្ឋ​កិច្ច​កម្ពុជា​ជុំវិញ​វិធាន​ដំឡើង​ពន្ធ​ខ្ពស់​ពី​រដ្ឋ​ការ​ លោក ដូណាល់ ត្រាំ ពេល​នេះ ចាំបាច់​ត្រូវ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់លើ​លោក កឹម សុខា ទំលាក់​ការ​ចោទ​ប្រកាន់​លើ​សហរដ្ឋ​អាមេរិក​ថា​ជា «សត្រូវ​នឹង​កម្ពុជា» ជាមុន​សិន រួមទាំង​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ទីលាន​ប្រកួត​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក ហ៊ុន សែន អះអាង​ថា​ លោក​​ជា​អ្នក​បញ្ជាឱ្យ​ចាប់​ខ្លួន លោក កឹម​ សុខា ដែល​បាន​ធ្វើឡើង​ទាំង​កណ្តា​​ល​​អាធ្រាត​​​ឈាន​ចូល​ថ្ងៃ​ទី៣ ខែកញ្ញា ចោទ​ថា​គប់​គិត​ជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

​ក្រោ​​យមកតុលាការចោទ លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិ​ភាព ឬ​ក្បត់ជាតិ ដែល​មជ្ឈដ្ឋាន​នានា មើល​ឃើញថា ជា​រឿង​ន​យោបា​យ​ ដើម្បី​តែ​កម្ចាត់​គណបក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោ​បាយ ខណៈ​ប្រជាពលរដ្ឋ​ជិតពាក់​កណ្តាល​ប្រទេស​បោះ​ឆ្នោត​ដក​សេច​ក្តី​ទុក​ចិត្ត​ពី​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អំឡុង​ឆ្នាំ២០១៧។

ជុំវិញសំណុំរឿង​ដ៏ចម្រូង​ចម្រាស​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា បាន​បង្ហោះសារ​លើ​ហ្វេស​ប៊ុ​ក​របស់​លោក​ នៅថ្ងៃទី​៨ ខែមេសា ដោយ​ចោទ​ជា​សំណួរ​ថា តើ​លោក កឹម សុខា គប់​គិតជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តួល​រលំ​រដ្ឋាភិបាល​កម្ពុជា​មែន​ឬ​ទេ?

ជុំវិញចម្ងល់នេះ លោក​លើក​ឡើង​ថា តាម​រយៈ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​អាមេរិក-កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ មានដល់​ទៅ ១៣០.០០០.០០០.០០០ដុល្លារ (13 billion USD) ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់ ១២៧.០០០.០០០.០០០ដុល្លារ (12.7 billion USD)។

លោកថា បើសហរដ្ឋអាមេរិកចង់ផ្តួល​រដ្ឋាភិបាល​កម្ពុជា នោះ​សហរដ្ឋ​អាមេរិក​ច្បាស់​ជា​មិន​ឱ្យ​កម្ពុជា​នាំ​ចូលប្រទេស​ខ្លួន​បែប​នេះ​ទេ។ តើ​ហេតុអ្វីបាន​ជារដ្ឋាភិបាល​កម្ពុជា ចោទ​លោក កឹម សុខា ថា​គប់​គិត​ជាមួយសហរដ្ឋ​អាមេរិក​​ផ្តួលរលំខ្លួនទៅវិញ?

មួយវិញទៀត លោកថា ក្នុង​ពេលនេះ​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធ​លើ​កម្ពុជា​៤៩% ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋាភិបា​ល​អាមេរិក​ក្នុង​ការ​ចរចា​លើ​អត្រា​ពន្ធ​នេះ។

លោកលើកជាចម្ងល់ថា បើកម្ពុជាចាត់ទុក​សហរដ្ឋ​អាមេរិក ជា​សត្រូវ​ទៅ​ហើយ​នោះ ហេតុ​អ្វី​ចាំបាច់​អ្វី​ត្រូវការ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ទៅ​វិញ?

ក្នុងន័យនេះ លោក សូរីដា គិត​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​ពិត​ជា​មា​ន​សារៈ​សំខាន់​ខ្លំាង​ណាស់​សម្រាប់​ផលប្រយោជន៍​ជាតិ​ខ្មែរ ហើយ​ថា ដូច្នេះ មុន​រដ្ឋាភិបាល​កម្ពុជា​ចរ​ចា​ជាមួយ​សហរដ្ឋ​អាមេរិក ចាំបាច់​ត្រូវ​ទំលាក់ចោល​ការ​ចោទ​ប្រកាន់​លើ​ លោក កឹម សុខា នោះ​មាន​ន័យ​ថា ទំលាក់​ការ​ចោទ​ប្រកាន់​លើ​សហរដ្ឋ​អាមេ​រិក​ថា​ជា​ «សត្រូវ​នឹង​កម្ពុជា» ជាមុនសិន។

លើសពីនេះ លោក សួន សូរីដា រំឭក​ដែរ​ថា ចិន​នាំ​ទំនិញ​ចូល​កម្ពុជា​នូវ​ទឹក​ប្រាក់​ជាង​ ១៣​ពាន់​លាន​ដុល្លារ(១៣.៥​៤៥.០​០០.​០​០​​០ដុល្លារ)​ ហើយ​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​នូវ​ទឹក​ប្រាក់​ជិ​ត ១​៣​ពាន់​លាន​ដុ​ល្លារ ​(១២.៧០០​.០០​០​.​០០០ដុល្លារ​)សម្រាប់​ឆ្នាំ​២០២៤។

សម្រាប់តំណាងរាស្រ្តបក្ស​ប្រឆាំង តាម​រយៈ​ទិន្ន​ន័យ​នេះ បញ្ជាក់​ថា ទំនិញ​ចិន​ហូរ​ទៅ​សហរដ្ឋ​អាមេរិក​ដោយ​ឆ្លង​កាត់​កម្ពុជា (ទោះ​បី​កែ​ឆ្នៃ​ឬ​ផលិត​នៅ​កម្ពុជា​ក៏​ដោយ)។

ក្រោមហេតុផលនេះ លោក​ថា មើល​ទៅ​កម្ពុជា​ប្រហែល​ពិបាក នៅ​ពេល​មហា​យក្ស​សេដ្ឋកិច្ច​អាមេរិក និងចិន​លេង​គ្នា។

លោក​​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​​ កាល​ពី​ថ្ងៃទី​០២​ ​ខែ​មេសា​ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញមក​កា​​ន់​សហរដ្ឋ​​អាមេរិក​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

កម្ពុជាត្រូវ​បាន​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​មក​កាន់​អាមេរិក​​ចំនួន​ ៤៩%​ នូវ​អ្វីដែល​លោក​ប្រ​ធានា​ធិបតី​បា​​នបញ្ជាក់​ថា ​​វាជា​ប្រភេទ​ពន្ធ​ពាណិជ្ជ​កម្ម​ទៅវិញ​ទៅ​មក​។

ដោយឡែក ក្រុមប្រឹក្សាជាតិ​តស៊ូ របស់​លោក សម រង្ស៊ី និយាយ​ក្នុងសេចក្តីថ្លែង​ការណ៍​មួយ ចុះថ្ងៃ​​ទី៦ ខែមេសា​នេះ​ថា ខ្លួន​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ គួរ​តែ​ដាក់​លក្ខ​ខណ្ឌ​ជា​អាទិភាព ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ពី​ជម្រើ​ស​ស្តារ​ប្រជាធិប​តេយ្យក​ម្ពុជា​ឡើង​វិញ ដើម្បី​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​ទាំង​អស់​ មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាង​មុខ​នេះ។

ប្រភពនោះ អះអាងថា ផលប្រយោជន៍ ដែលជាបំណងល្អរបស់​សហរដ្ឋ​អាមេរិក ផ្តល់​ឱ្យ​កម្ពុជា នឹង​មិន​បានជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ដុំ​កំភួន​នោះ​ទេ បើ​គ្មាន​ការ​ស្តារ​ប្រជាធិប​តេយ្យ ពី​ព្រោះ​ប្រព័ន្ធ​ដឹក​នាំ​កម្ពុជាបច្ចុប្បន្ន ពោរ​ពេញ​ដោយ​អំពើ​ពុក​រលួយ បក្ខ​ពួក​និយម និង​មិន​ប្រ​ជាធិប​តេយ្យ​នោះ។

សម្រាប់ក្រុមប្រឹក្សាជាតិតស៊ូ បើ​ពុំមានវត្តមាន​គណបក្ស​ប្រឆាំង​ក្នុង​សភា ដើម្បី​ការ​ពារ​ផល​ប្រ​យោ​ជន៍​ប្រជាពលរដ្ឋ​ខ្មែរ នោះ​ការ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម និង​ជំនួយ​មនុស្ស​ធម៌​នានា​របស់​ស​ហរដ្ឋ​​អាមេរិក ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ នឹង​ត្រូវ​ក្រុម​អ្នក​ត្រួត​ត្រាក​ម្ពុជា​សព្វ​ថ្ងៃ ប្រមូល​ប្រើ​ជា​ឧ​បករ​​​ណ៍​​​បោក​ប្រាស់​ពលរដ្ឋ​ខ្មែរ។

ប្រភព​បន្ត​ថា ជាក់​ស្តែង ក្រោម​ជំនួយ​ជាង ៣០​ឆ្នាំ របស់​សហរដ្ឋ​អាមេរិក ដែល​បង្ហូរ​ចូល​កម្ពុជា ទាំង​ការអនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម (GSP) និង​ជំនួយ​ឥត​សំណង​ប្រមាណ ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រជា​ពលរដ្ឋខ្មែរ​គួរ​ណាស់​តែមាន​ជីវភាព​ធូរធារ ប៉ុន្តែ​បែរ​ជា​នៅ​តែ​យ៉ាប់​យ៉ឺន ក្រោម​ការ​ដឹក​នាំ​នាយក​រដ្ឋ​មន្ត្រីគ្រួ​សារ​បក្ខពួក​និយម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៩០% កាន់​តែ​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​វ័ណ្ឌក បន្ទាប់​ពី​គ្មាន​គណបក្ស​ប្រឆាំង​តាំ​ង​ពី​ឆ្នាំ​២០១៧។

សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយ​រឿង​នេះ​ទេ​ ដោយថា រដ្ឋាភិបាល​បានបង្ហាញ​ជំហរ​ដើម្បី​សម្រប​សម្រួល​ពី​ការ​ដំឡើង​ពន្ធ​នេះ តាម​រយៈ​ក្រសួង​ពាណិជ្ជ​កម្ម។

លោកថា៖ «អូ! ខ្ញុំ​មិន​មែន​អ្នក​សេដ្ឋកិច្ច​ទេ មិន​អាច​និយាយ​បាន​ទេ ហើយ​ក្នុង​នេះ​ជំទាវ​ក្រសួង​ពាណិជ្ជកម្ម​លោ​​កបាន​លើក​ឡើង​បង្ហាញ​ជា​សាធារណៈ​រួច​ហើយ​ថា តើ​ទស្សនៈ​រដ្ឋាភិបាល​ថា​ម៉េច​ ​លោក​ជំទាវក្រសួង​ពា​ណិ​​ជ្ជ​កម្ម​តំណាង​ឱ្យ​រដ្ឋាភិបាល​ហ្នឹង លោក​បាន​បង្ហាញ​រួច​ហើយ ជម្រាប​ជូន​សាធារណជ​ន​ជ្រាបរួច​ហើយ​»។

បើតាមរដ្ឋាភិបាល កម្ពុជា​បាន​ត្រៀម​តួអង្គ​ពី​ររូប សម្រាប់​ចរចា​ជាមួយ​ភាគីអាមេរិក ពី​វិធាន​ដាក់​ពន្ធ​ខ្ពស់​លើកម្ពុជា​នេះ ដែល​មាន លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​ស្រី ចម និម្មល រ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម។

យ៉ាងណា សហមេធាវីការពារក្តីឱ្យ​ លោក​ កឹម សុខា គឺ​លោក ផែង ហេង​ បាន​និយាយ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី៩ ​ខែ​មេសា​​នេះ​ថា តើមា​នប្រយោជន៍​អី​ដល់​ជាតិ និង​ប្រជា​រាស្ត្រ​ខ្មែរ ទើប​គ្រប់​ភាគី​កាន់​ជើង​ម្ខាងៗ ខំបង្កើត​ព័ត៌មាន​ក្លែង​​ក្លាយ​​យក​មក​បន្លំ?

លោកនិយាយថា ការកត់សម្គាល់របស់លោក ឃើញភាគី​ចូល​ស្លុង​ក្នុង​នយោបាយ​ជំទាស់ និង​នយោ​បាយស្រប ខំ​បំប៉ោង​សាច់​រឿង ហើយ​សុទ្ធ​តែ​រឿង​បំផ្លាញ​ខ្មែរ។

សម្រាប់ លោក ផែង ហេង រឿងពន្ធគយរបស់លោកប្រធានាធិបតី ត្រាំ ម្ខាង​ថា ៤៩% អាមេរិក​ដាក់​មិន​ថយទេ ម្ខាង​ថា អាមេរិកកំណត់​យក​តែ ១០% វិញ​ហើយ ខណៈ​ក្រុម​ចរចា​រឿង​នេះ​មិន​ទាន់​បាន​ជួប​គ្នា​និយាយគ្នា​ម្តង។

មួយទៀត លោក​ថា រឿង​ព្រំដែន ​ដី​កោះ ដី​គោក និង​សមុទ្រ ខណៈ​គណៈ​កម្មការ​ភាគី​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ នៃ​ប្រទេស​និមួយៗ​មិន​ទាន់​សម្រេច​អ្វី​ទាំង​អស់។

លើសពីនេះ រឿងក្តីនយោបាយរបស់លោក កឹម សុខា ខណៈអាមេរិកថាខ្លួន​មិន​បាន​គប់​គិត​ជាមួយ​លោក កឹម សុខា ទេ ហើយ​លោក ហ៊ុន សែន ក្នុង​នាមរដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល និង​តុលាការ មិន​បាន​ចោទ​អាមេរិក ហើយ​រឿង​នេះ លោក កឹម សុខា និយាយ​ខ្លួន​ឯង​ឱ្យលោក​ កឹម សុខា និង​អាមេរិក និយាយ​គ្នា​ទៅ។

លោកនិយាយ​ក្នុង​ន័យ​ដើម​ថា បើ​យោង​លើ​ចំណុច​ទី​៣ ផ្អែក​លើ​លិខិត​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រសាសន៍​​​លោក ហ៊ុន សែន ​ក៏​ដូច​ការ​បំភ្លឺ​របស់​លោក កឹម សុខា ក្នុង​តុលាការ កន្លង​មក ក៏​គួរ​អ្នក​សារព័ត៌មាន​ផ្លូវ​ការ និង​មិន​ផ្លូវកា​រ​យល់ រួម​ទាំង​បណ្តាញ​សង្គម​ផង​ដែរ។

លោក ផែន ហេង ចោទជាសំណួរថា ចុះ​ហេតុអ្វី​បា​ន​នៅ​តែ​យក​រឿង​ក្តី​នយោបាយ​នេះ​ មក​ភ្ជាប់​នឹង​អាមេរិក​ទៀត? លោក​បញ្ជាក់​ថា ក្រែង​ខ្មែរ​យើង កំពុង​ស្វែង​រក​ការ​ចរចា​រឿង​ពន្ធ​គយ ៤៩%? និង​បាន​នឹង​កំពុងប្រើ​ក្រុម​ឡប​ប៊ី ចរចា​ជាមួយ​អាមេរិក ដើម្បី​លុប​ស្នាម​ប្រេះ​​ស្រាំ ហើយ​ស្តារ​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើង​វិញ?។

សម្រាប់មេធាវីរូបនេះ គួរគ្រប់​ភាគី បើ​ស្រឡាញ់​ជាតិ អាណិត​ប្រជា​រាស្ត្រដែ​លកំ​ពុង​វ័ណ្ឌក​នឹង​បំណុលស្រាប់ ផ្តល់​យោបល់​ឲ្យ​ទម្លាក់​បទ​ចោទ​មក​លើ លោក កឹម សុខា ដើម្បី​ស្តារ​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក និង​អឺរ៉ុប ហើយ​សុំប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​ឡើង​វិញ​ទាំង GSP អាមេរិក និង EBA អឺរ៉ុប។

លោកសង្កត់ធ្ងន់ថា តើបែ​បនេះ​មិន​បាន​ជួយ​ជាតិ ជួយ​ប្រជា​រាស្ត្រ សម​ជា​អ្នកជាតិ​និយម​ខ្មែរ? បើ​ធ្វើ​តាមចំណុច​ចុង​​ក្រោយ​នេះ ៤៩% ក៏​រួច ផ្សះ​ផ្សា​ជាតិ​ក៏​មាន។ លោក​ថា នេះ​មិន​មែន​ខ្មែរ យក​អធិប​តេយ្យ​ជាតិទៅ​ដូរ​ទេ នេះ​ហៅ​ថា​ខ្មែរ​ចេះ​ដឹក​នាំ។ ចូ​រមើល​ចិន​គេ​នៅ​តែ​បើក​ទ្វារ​ចរចា​ជាមួយ​អាមេរិក បើ​ទោះ​ចិន​ធំ ចិនខ្លាំង ហើយ​វិស័យ​ខ្លះ​ខ្លាំងលើស​អាមេរិក​ផង។

យ៉ាងណា តាមសេចក្តីរាយការណ៍ពីបណ្តាញ​ព័ត៌មាន BBC ពន្ធគយនាំចូល​អាមេរិក​ពី​កម្ពុជា គ្មាន​ការ​កែប្រែ​នៅ​ឡើយ​​​ទេ គឺ​​រក្សា ៤៩% ដដែល ហើយ​វៀត​ណាម ក៏​នៅ ៤៦% ដដែល​ដូច​គ្នា។ ប៉ុន្តែ​អាមេរិក ដំឡើង​ពន្ធ​នាំចូល​ពី​ចិន​ដល់ ១០៤% ខណៈ​ស្ថាន​ទូត​អាមេរិក​និយាយ​កាល​ពី​ថ្ងៃទី​៣ ខែ​មេសា​ថា នៅ​ថ្ងៃ​ទី ៩ ខែ​មេសា​នេះ លោក​ប្រធានា​ធិប​តី Trump នឹង​អនុវត្ត​ពន្ធគយ​បដិការ​ខ្ពស់​ថែម​ទៀត លើ​ប្រទេស​និមួយៗ (ដែល​រួម​ទាំង​ប្រទេស​កម្ពុជា) ដែល​ថា សហរដ្ឋ​​អាមេរិ​ក​មាន​ឱន​ភាព​ពាណិជ្ជ​កម្ម​ច្រើន​បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ