លោក ហ៊ុន ម៉ាណែត ប្តេជ្ញា​ការ​ពារ​ព្រំដែន​ក្រោម​ការ​រិះ​គន់​មិន​ដក​ដី​ពី​វៀត​ណាម

មេដឹកនាំឈាមថ្មី​ លោក ហ៊ុន ម៉ាណែត ប្តេជ្ញា​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន ក្រោម​ហេតុ​ផល​ថា ដើម្បី​ទាក់​ទាញ​ពលរដ្ឋ​ឱ្យ​ទៅ​រ​ស់​នៅ​ជា​ប្រសិទ្ធិ​ភាព​ការ​ការ​ពារ​ព្រំដែន ខណៈ​បន្ត​ជួល​​​ដី​ជាង​២៤​​ម៉ឺ​ន​​ហិកតា ​​ឱ្យ​​ក្រុម​​ហ៊ុន​​វៀត​​ណាម​​គ្រប់​​គ្រង​​ជិត​​១០០​​ឆ្នាំ ដែល​ជា​ក្តី​បារម្ភ​ថា​យុទ្ធ​សាស្រ្តនេះ ​ជួយ​​សម្រេច​​មហិច្ចតា​​វៀត​​ណាម​​លេប​​ទឹក​​​ដី​​ក្រោម​​រូប​ភាព​អភិវឌ្ឍន៍។

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុ​វត្ត «កម្មវិ​ធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន» នៅ​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០២៥ ប្រកាស​អភិវឌ្ឍន៍​ខេត្ត​៤​ជាប់ព្រំដែន តាម​រយៈ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ជំរុញ​ការ​វិនិយោគ​បង្កើន​ចរន្ត​សេដ្ឋ​កិច្ច ដើម្បី​ប្រមូល​ផ្តុំ​ប្រជាជន​ឱ្យ​ទៅ​រស់​នៅ​តំបន់​នោះ។

លោកថា៖ «បើនិយាយ​ដោយ​ខ្លី ​នៅ​ពេល​ដែល​យើង​និយាយ​ពី​កា​រ​ស្រឡាញ់​ជាតិ​ ស្រឡាញ់​ទឹក​ដី យើង​ត្រូវ​សួរ​ដែរ​ថា​តើ​​យើង​ការ​ពារ​ជាតិ​ដូច​ម្ដេច​នៅ​ពេល​ដែល​យើង​គ្មាន​ទាំង​ផ្លូវ គ្រប់​តំបន់​នៅ​ក្រោម​ដែន​អធិ​ប​តេយ្យ​ភាព​របស់​យើង​ផងនោះ។ យើង​អាច​ការ​ពារ​ទឹក​ដីរបស់​យើង​ ដែល​នាំ​គ្នា​ស្រែក​តាម​ហ្វេស​ប៊ុក​ពី​ក្រៅ​ប្រទេស បាន​ដែរ​យ៉ាង​ណា! ប្រសិន​បើគ្មាន​កង​ទ័ព​ឬ​ប្រជាជន​រស់​នៅ​ការ​ពារ​តាម​ព្រំដែន​ដោយ​ផ្ទាល់​នោះ ពិ​ត​ជា​មិន​អាច​ទៅ​រួច​ទេ»។

យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន និយាយ​ថា បើ លោក ហ៊ុន ម៉ាណែត មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី​ពិត​មែន ក៏​គួរ​តែ​លុប​ចោល​កិច្ច​សន្យា​ជួល​ដី​ឱ្យ​ក្រុម​ហ៊ុន​វៀតណាម និង​យោធា​វៀត​ណាម​ ៩៩​ឆ្នាំ​ផង​ដែរ។

លោក​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន​ជន​អន្តោ​ប្រវេសន្ត​វៀត​ណាម ហូរ​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​បោះ​ទីតាំង​លើ​ដី​ជាង​២៤​ម៉ឺន​ហិកតា​នោះ​ ច្រើនម៉ឺន​នាក់​រួច​ទៅ​ហើយ ដោយ​ថា ការអភិវឌ្ឍ​​នៅ​តំបន់​ជាប់​ព្រំដែន អ្នក​ទទួល​ផល​គឺ​ជា​ជន​ជាតិ​វៀត​ណាម​មិន​មែន​ខ្មែរ​ទេ។

លោកថា៖ «បើសិនជាមិនដកហូតដី​សម្បទានសេដ្ឋកិច្ច​ជាង​២៤​ម៉ឺន​ហិកតា ត្រឡប់​មក​វិញ​ទេ មិន​បណ្ដេញ​ជន​ជាតិ​វៀត​ណាម​ខុស​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​វៀត​ណាម​វិ​ញ​នោះ​ទេ ការ​អភិវឌ្ឍនៅខេត្តទាំង​៤​ប្រៀប​ដូច​ជា​អភិវឌ្ឍន៍​​ឲ្យ​ជន​ជាតិវៀត​ណាម​រស់​នៅ​កន្លែង​ហ្នឹង​អ៊ីចឹង​ឯង ហើយ​ឱ្យ​ខ្មែរ​យើង​ហ្នឹង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៅ! ទុក​ដី​ឲ្យ​វៀតណាម​នៅ។ អាហ្នឹង​វា​គ្រោះថ្នាក់​ទៅ​ដល់​បូរណភាព​ទឹក​ដី​របស់​យើង​នាពេល​អនាគត។ វា​អាច​ខេត្ត​ទាំង​៤ហ្នឹង​បាត់​ទៅប្រទេស​វៀតណាម​នៅ​ពេល​អនា​គត! ហើយ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច​របស់​ហូជីមិញ​ ដែល​ចង់​លេប​ត្របាក់​កម្ពុជា និង​ឡាវ​ ដាក់​រួម​ជាមួយ​វៀត​ណាម​ បង្កើត​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន​នឹង​បាន​សម្រេច​នៅ​ពេល​អនាគត»។

បើតាម លោក សំអាន បច្ចុប្បន្ន​​ការ​​ផ្ត​ល់​​​​​ដី​​សម្ប​ទាន​ជាង​ ២៤​​ម៉ឺន​​ហិកតា ឱ្យ​​ក្រុម​​ហ៊ុន​​​វៀ​ត​​ណាម ធ្វើ​​ឱ្យ​​ធនធាន​​ធម្ម​ជាតិ​​ខ្មែរ​ រួម​​មាន ព្រៃឈើ និង​​រ៉ែ ​នៅ​​តំបន់​​កន្ទុយ​​នាគ រង​​ការ​​បំផ្លាញ​​ស្ទើរ​ហិន​​ហោច។

ដោ​យ​ឡែក ជនជាតិដើមភាគតិចរស់​នៅខេត្តមណ្ឌលគិរី អ្នក​ស្រី ភ្លឹក ភារម្យ បង្ហាញ​ក្តី​បារម្ភ​ថា ក្រុម​ហ៊ុន​អ្នក​មាន​អំណាច នឹង​កេង​ចំណេញ​បំពាន​យក​ដី​អ្នក​ភូមិ​នៅ​តំបន់​អភិវឌ្ឍន៍​នោះ បើ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​តម្លាភាព​ក្នុង​គម្រោង​នានា ក្នុង​ខេត្ត​ដែល​គាត់​រស់​នៅ។

អ្នកស្រីថា«អ្វីដែលខ្ញុំបារម្ភនោះ គឺអ្នកចំណូល​ស្រុក​មក​រស់​នៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច គេ​មិន​បាន​គោរព​លើ​គោល​ការណ៍ គោល​បំណង​របស់​ជនជាតិ​ភាគ​តិច​ទេ អាច​ថា​មាន​ជន​ដែល​បន្លំ​យក​ដី​របស់​ជន​ជាតិ​ដើម​ភាគ​តិច។ ខ្លាច​អាហ្នឹង​ច្រើន​ជាង​គេ បន្លំ​យក !អត់​មាន​អ្នក​ក្រមែន​ទែន​ទេ! អ្នក​ធំៗ​មក​បន្លំ​អ៊ីចឹង​ទៅ មក​រស់​នៅ​លើ​ដី​ហ្នឹង​ទៅ»។ 

ចំណែក អ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ ចង់​ឃើញ​រដ្ឋ​គិត​គូរ​បង្កើត​​ផ្លូវ​ថ្នល់ អគ្គិសនី ទឹក​ស្អាត សេវា​អ៊ីន​ធើណេត មណ្ឌល​សុខ​ភាព សាលារៀន ជា​ដើម ដើម្បី​គាំទ្រ​ដល់​អ្នក​ភូមិ​ឱ្យ​ទទួល​បាន​​​សេវាដូចគ្នា​ជាមួយ​អ្នក​នៅ​ទីក្រុង​ដែរ។

បន្ថែមលើនេះ ការផ្តល់ឥណទាន​ការ​ប្រាក់​ទៀត ជំនួ​យ​ផ្នែក​កសិកម្ម និង​ស្វែង​រក​ទីផ្សារ​លក់ផលិត​​ផល សុទ្ធ​តែ​ជា​គោល​នយោបាយ​ដែល​រដ្ឋ​គួរ​​យក​ចិត្ត​ទុក​ដាក់។ ជាង​នេះ​ទៀត ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​ឆន្ទៈ​ការ​ពារ​ព្រំដែន ដោយ​សហការ​ជាមួយ​មន្រ្តី​ខ្មែរ និង​ទប់​ស្កាត់​អំពើ​ពុក​រលួយសុទ្ធ​តែ​ជា​យន្ត​ការ​ដែល​មិន​គួរ​មើល​រំលង​នោះ​ឡើយ។

លោកថា៖ «គោលនយោបាយណាមួយ អាច​ជួយ​ទៅ​ដល់ពួក​គាត់​ឲ្យ​មានជីវភាព​រឹង​មាំ ហើយ​និង​មាន​ការ​ការ​ពារ​និងគាំទ្រ​ពី​រដ្ឋាភិបាល​បាន​ល្អ​ ហើយ​ពួក​គាត់​ក៏​អាច​នឹង​ងាយ​រ​ង​គ្រោះ​ដែរ បើ​សិន​ជា​តំបន់​ជាប់​ព្រំដែន​ជាប់​ប្រទេស​​ជិត​ខាងនោះ មាន​បញ្ហា​រកាំ​រកូស​ជាមួយ​គ្នា»។

យ៉ាងណារបាយការណ៍​​អង្គការ​​​ការ​ពារ​​សិទ្ធិ​មនុស្ស (លីកាដូ) ​ចេញ​​ផ្សាយ​​កាល​ពី​​ចុង​​ឆ្នាំ​២០២៣ រក​ឃើញ​ថា ក្រុម​ហ៊ុន​​វៀត​ណាម​ទទួល​​បាន​​​ដី​​សម្បទាន​​សេដ្ឋ​កិច្ច​​ពី​​​កម្ពុជា ជាង​២៤​​ម៉ឺន​ហិកតា ក្រោម​​កិច្ច​សន្យា​រយៈ​ពេល​៩៩​​ឆ្នាំ ក្នុង​ខេត្ត​ទាំង​៤ នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ មានខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹង​ត្រែង។

របាយការណ៍​ដដែល ​រកឃើញ​ថា ដី​​សម្បទាន​​សេដ្ឋកិច្ច​១​ហិកតា​​ជា​​មធ្យម​​ត្រូវ​ការ​​កម្មករ ៣​នាក់ ដូច្នេះ​ដី​សម្បទាន​​សេដ្ឋកិច្ច​​របស់​​ក្រុម​ហ៊ុន​​វៀត​ណាម ជាង ២០​​ម៉ឺន​​ហិកតា​​នៅ​​តំបន់​​អភិ​វឌ្ឍន៍​​​ត្រីកោណ​​នេះ គឺ​​ត្រូវ​ការ​​កម្មករ​​ជាង ៧៣​ម៉ឺន​​នាក់។

បើតាមអង្គការ​លីកាដូ បញ្ជាក់​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​​វៀតណាម​​ទទួល​​បាន​​ដី​សម្ប​ទាន​​សេដ្ឋកិច្ច​​ចំនួន ៥៥​​កន្លែង ដែល​​មាន​​ផ្ទៃដី​សរុប​​ជាង​៣៦​​ម៉ឺន​​ហិកតា ដែលត្រូវការ​កម្មករ​ជាង១​លាន​នាក់ ខណៈកម្មករ​ទាំងនោះ​​ជាង ៩០% គឺ​​ជា​ជនជាតិ​វៀតណាម។

ក្រុមប្រឹក្សាជាតិតស៊ូ ពីទីក្រុងប៉ារីស៍ ប្រទេស​បារាំង តាមរយៈលិខិត​២សន្លឹក កាល​ពី​ថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៥ បាន​ទាម​​ទារ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន សើរើ​​ដី​​សម្បទាន​ជាង​ ២៤​​ម៉ឺន​​ហិកតា ដែល​​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​វៀត​ណាម​​គ្រប់​គ្រង​ជិត​១០០​ឆ្នាំ ដោយ​ថា រដ្ឋាភិបាល​គ្រួសារ​​​ហ៊ុន មិន​ទាន់ចាត់វិធានការដោះស្រាយ​ឲ្យអាចធានា​សុវត្ថិភាព​ទឹកដី​​ជាតិ​កម្ពុជា​នៅឡើយ​ទេ ទោះ​បី​​ប្រកាស​ដក​ខ្លួនចេញ​ពី​គម្រោង​(CLV)​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ