ទោសក្បត់ជាតិ​ត្រូវ​គេទ​ម្លាក់​ដាក់ លោក ហ៊ុន សែន ដោយ​​​សំអាង​ពី​ការ​ធ្វើ​ឱ្យ​បាត់​ទឹក​ដី

បញ្ហាព្រំដែននៅតែជាផ្ទាំងស៊ីប របស់ក្រុមអ្នកឃ្លាំមើល​ដែល​មិន​ចំណុះ​រដ្ឋាភិ​បាល បាញ់​ឆ្ពោះ​ទៅ​រក​មេដឹក​នាំ​បក្ស​កាន់​​អំណាច ដោយ​សំអាង​ពី​ការ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី ទៅ​ប្រទេស​ជិត​ខាង ក្រោម​ការ​ដឹក​នាំជាង​៤ទសវត្សរ៍​ទៅ​នេះ បើ​ទោះ​ជា លោក ហ៊ុន សែន ធ្លាប់​ប្រើ​ពាក្យ​ក្បត់​ជាតិ​នេះ វាយ​បក​ទៅ​មេ​បក្សប្រឆាំង រួម​ទាំង​លោក សម រង្ស៊ី ថា​ជា​អ្នក​ក្បត់​ជាតិ​៣​ជំនាន់​ក្តី។

សារនយោបាយ​បែប​លាប​ពណ៌​គ្នា​រវាងគ្នា​មិន​ចេះ​ចប់​មិ​ន​ចេះ​ហើយ ជុំវិញ​ការ​ប្រើ​ពាក្យ​ជន​ក្បត់​ជាតិ រវាង​មេដឹក​នាំ​កំពូលៗ​កម្ពុជា រវាង​មេដឹកនាំ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​នេះ វា​ហាក់​បាន​កើត​ឡើង​ច្រើនឆ្នាំ​ណាស់​ទៅ​ហើយ​ដែរ ។

ពោ​លគឺចាប់ពីបន្ទាត់នយោបាយ​របស់ លោក ហ៊ុន សែន ត្រូវ​បាន​គេមើល​ឃើញ​ថា បាន​ដើរ​ចេញ​ពីគន្លង​ប្រ​ជា​ធិប​តេយ្យ រអិល​យ៉ាង​លឿន​ទៅ​រក​របប​ដឹក​នាំ​បែប​ផ្តាច់​ការ រៀប​ចំ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ​យក​រដ្ឋ​ធម្ម​នុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ ធ្វើ​ជា​ឧបករណ៍ ដើម្បីតែ​ចង់​ក្តោប​អំណាច​តពូជ។

ជំងឺសង្គមមួយនេះ តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​៩ ខែមេសា​នេះ អះ​អាង​ថា លោក សម សារី ឪពុក​លោក សម រង្ស៊ី មិន​មែន​ជា​ជន​ក្បត់​ជាតិ ដូច​ការ​ចោទ​ប្រកាន់​ទេ ដោយ​សំអាង​ថា ព្រោះ​បុគ្គល​រូប​នោះ មិន​បាន​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​បរទេស។

តែផ្ទុយទៅវិញ លោកថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​បាន​កាត់​កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​សេះ ដែន​សមុទ្រ​ខ្មែរ និង​ទឹក​ដី​ខ្មែរ​ជាច្រើន​តាម​ព្រំដែន ឱ្យ​វៀត​ណាម​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បញ្ជា​ឱ្យ​ លោក សុខ អាន កាត់​ឆ្វៀល​កោះ​គុត​ចេញ​ពី​ដែន​សមុទ្រ​ខ្មែរ​តាម​សន្ធិ​សញ្ញា MOU កាល​ពី​ឆ្នាំ២០០១ គឺ​កាត់​កោះ​គុត​ឱ្យ​ថៃ​ទៅ​គ្រប់​គ្រង នោះ​ទើប​ជា​ទង្វើ​ក្បត់​ជាតិ។

លោក អ៊ុំ សំអាន ឱ្យ​VODដឹងបន្ថែម​នៅថ្ងៃទី៩ ខែ​មេសា​នេះ​ថា អ្នក​ដែល​ក្បត់​ជាតិ​ខ្មែរ​ពិត​ប្រាដក​ គឺ​ជាមេដឹក​នាំ​ដែល​បម្រើ​ហិច្ចតា​បរទេស​ឈ្លាន​ពាន​ទឹក​ដី ឬ​អ្នក​ដែល​កាត់​ទឹក​ដី​បុព្វ​បុរស​ឱ្យ​បរទេស​ជិត​ខាង។

លោកថា៖ «លោក ហ៊ុន សែន ហ្នឹងអ្នកកាត់ទឹកដីខ្មែរឱ្យបរទេសនោះ គឺជាជនក្បត់ជាតិ ដូច្នេះអ្នកក្បត់ជាតិពិតប្រាកដនោះ គឺ លោក ហ៊ុន សែន។ មិនមែន លោក កឹម សុខា មិនមែន លោក សម សារី ឬក៏លោក សម រង្ស៊ី នោះទេ ព្រោះអ្នកទាំងប៉ុន្មាននាក់នោះមិនបានកាត់ទឹកដីឱ្យបរទេស ដូចលោក ហ៊ុន សែន ទេ»។

សម្រាប់​ លោក អ៊ុំ សំអាន យល់ថា នយោបាយ​​ទុច្ចរិត លោក ហ៊ុន សែន តែង​​​តែ​​ព្យាយាម​ទម្លាក់​​កំហុសរឿង​ក្បត់​​ជាតិ​ឱ្យ​អ្នក​ដទៃ ខណៈ​​ខ្លួន​គាត់​កាន់​អំណាច​ជាង​៤០​ឆ្នាំ បាន​​បំផ្លាញ​​​ជាតិ កាត់​ដី​ឱ្យ​បរទេស។

លោកថា មេដឹកនាំគ្រួសារហ៊ុន​​គ្មានឆន្ទៈ​​ការពារ​​ទឹកដី​ដូនតា​​ខ្មែរ​ទេ គឺ​គេ​ធ្វើ​គ្រប់​យ៉ាង​​ ​ដើម្បី​តែ​​រក្សាអំណាច​​​ផ្តាច់​ការ តត្រកូលរ​បស់​ខ្លួន សុខ​ចិត្ត​​យ​ក​ទឹក​ដី​​របស់​ដូនតា​ទៅបញ្ចាំឱ្យ​បរទេស​ជិត​ខាងជាដើម។

លោកថា៖ «យើងមានភស្តុតាងទី១ គឺគាត់បានធ្វើសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ បានកាត់កោះ​​ត្រល់ និងកោះក្រចកសេះទៅឱ្យយួន ហើយបានកាត់ដែនសមុទ្រខ្មែរយើងចំនួន ៣០០០០គីឡូម៉ែត្រការ៉េ ឱ្យយួនហើយដាក់សមុទ្រខ្មែរយើងរួមជាមួយយួន ដែលគេហៅថាតំបន់ទឹកប្រវត្តិសាស្រ្តហ្នឹង១០០​០​០​​គីឡូម៉ែត្រការ៉េ ហើយដល់ឆ្នាំ២០០៥ គាត់បានធ្វើសន្ធិសញ្ញាបំពេញបន្ថែម ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ បានធ្វើឲ្យបាត់បង់ទឹកដីរបស់ខ្មែរតាមព្រំដែនទៅឱ្យយួនយ៉ាងច្រើន»។

មេដឹកនាំបក្សកាន់អំណាចដែលក្តោប​អំណាច​ជាង​៤០ឆ្នាំ លោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​ថា លោក សម រង្ស៊ី ជា​ត្រកូល​ក្បត់​ជាតិ​៣​ជំនាន់ ដែល​សារ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ផ្កាប់​មុខ​យក​ទៅ​ចែក​ចាយ​បន្តច្រើន​ឆ្នាំ​ទៅ​នេះ ចំពេល​បន្ទាត់​នយោបាយ​ងាក​ចេញ​ពី​គន្លង​ប្រជាធិប​តេយ្យ បន្សល់​ទុក​ជន​រ​ង​គ្រោះ​​រាប់លាន​នាក់ ជាប់​បំណុល​វណ្ឌក និង​ខ្លះ​ធ្វើ​អត្តឃាត ដោយ​សារ​វិបត្តិ​បំណុល និង​ខ្លះ​កំពុង​ប្រឈម​នឹង​ដាច់បាយ។

លើសពីនេះ នៅថ្ងៃទី៨ ខែ​មេសា​នេះ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក ដោយនិ​យា​យ​ថា ឯកសារភាសាបារាំងសរសេរថា លោក សម សារី ជន​ក្បត់​ជាតិ។ លោកបន្តថា ឪពុកក្បត់ជាតិ ដូច្នេះកូនក្បត់ជាតិ គឺក្បត់ជាតិតជំនាន់។

បន្ទោរតាម​ពី​ក្រោយ​នេះ អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា មេដឹក​នាំ​គណបក្ស​​ប្រជាជ​ន​កម្ពុជា លោក ហ៊ុន សែន មិន​បាន​កាត់​ទឹក​ដី​ឱ្យ​បរទេស ដូច​ការ​ចោទ​ប្រ​កា​​ន់​នោះទេ។

លោក​អះអាងថា ក្រុមអ្នកប្រឆាំងទេ ដែលក្បត់ជាតិ​បម្រើ​បរទេស យក​លុយ​បរទេស​ដើម្បី​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោកថា៖ «ចំពោះ លោក កឹម សុខា គ្មាននរណាចោលគាត់ទេ គឺគាត់ពេលដែលគាត់មានការជួយឧប​ត្ថម្ភ​គាំ​ទ្រពីសហរដ្ឋអាមេរិក គឺគាត់បានលទ្ធផលចំនួនតាំងពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០០០ផ្លាយនេះ គា​ត់​​យកទៅផ្សាយនៅប្រទេសអូស្ត្រាលី គាត់អួតក្អេងក្អាងថា គាត់នឹងបានទទួលមេរៀនបទពិសោធន៍ពីរដ្ឋាភិបាលអាមេរិក ដែលជួលសាស្ត្រាចារ្យល្បីឈ្មោះនៅវ៉ាស៊ីនតោនឌីស៊ី ហើយនិងទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា ទៅឲ្យមកណែនាំគាត់ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេស។

ដោយឡែក ប្រធានក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ហៅសារនយោបាយចោទ​ប្រកាន់​គ្នា​ទៅ​វិញទៅ​មក មិន​ឆ្លុះ​បញ្ចាំង​ពី​ចរិក​មេដឹកនាំ​បែប​ប្រជា​ធិប​តេយ្យ ដែល​គិត​គូរ​ពី​បញ្ហា​ជាតិ មាតុភូមិ និង​ពលរដ្ឋនោះ​ទេ។

លោ​ក​អះអាងថា អ្នកដែលកាន់អំណាចដឹកនាំប្រទេសជាតិ​ដែលធ្វើឱ្យ​បាត់​បង់​ទឹក​ដី ទើប​ជា​ជន​ក្បត់​ជាតិ ព្រោះ​គាត់​មាន​សិទ្ធិ​អំណាច​ពេញ​ដៃ កាត់​ទឹក​ដី​ឱ្យ​បរទេស បំបែក​បំបាក់​ជាតិ ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា ឥត​ស្រាក​ស្រាន។

យ៉ាងណា លោកថា ដើម្បី​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ របស់​អ្នក​នយោបាយ​ដែល​ចោទ​គ្នា​នេះ​បាន វា​ត្រូវ​បាន​ផ្តើម​ចេញ​ពី​ការ​បង្រួបបង្រួម​ជាតិ រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​ដោយ​តម្លា​ភាព មាន​កា​រ​ជឿទុក​ចិត្ត​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ ទើប​ហៅ​ថា មេដឹកនាំ​ស្មោះ​ត្រង់​នឹង​ជាតិ។

លោកព្រមានថា បើអ្នកនយោបាយ​ខ្មែរ​មិន​អាច​រក​ការ​ផ្សះ​ផ្សា​ជាតិ​បាន​ទេ កុំ​ថា​ឡើយ​ដោះ​ស្រាយ​បញ្ហាដែល​បាន​បាត់​បង់ សូម្បី​តែ​ទឹក​ដី​ដែល​នៅ​សល់ ក៏​មិន​អាច​ការ​ពារ​បាន​ដែរ ហើ​​យ​ថា ជម្លោះ​ជាតិ​សាសន៍ឯង នឹ​ង​បន្ត​អូស​បន្លាយ​ច្រើន​​ជំនាន់ទៀត គ្មាន​ថ្ងៃ​បញ្ចប់។

លោកថា៖ «ឱ្យ​អ្នក​នយោបាយ​ទាំង​ក្រៅ​រដ្ឋាភិបាល​ទាំង​​ក្នុ​ង​រដ្ឋាភិបាល​ហ្នឹង​ មើល​ខ្លឹម​សារ​រដ្ឋ​ធម្ម​នុញ្ញ​ឡើង​វិញ ហើយ​នឹង​មើល​ខ្លឹម​សារ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍​ទៅ មើល​ទាំង​ពីរ​ហ្នឹង​ទៅ​គ្រប់​គ្រាន់​ហើយស​ម្រា​ប់​​បញ្ឈប់​ការ​ចោទ​ប្រកាន់​​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង វា​លែង​មាន​អ្នក​ណាក្ប​ត់​ជាតិ​ទៀត​ហើយ​ នៅពេល​ដែល​មើ​​ល​ខ្លឹម​សារ​រដ្ឋ​ធម្ម​នុញ្ញ និង​មើល​ខ្លឹម​សារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​នោះ»។

បើតាមប្រភពខាងលើ លោក ហ៊ុន សែន ថ្វី​បើ​អាច​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ប្រើ​ប្រ​ព័ន្ធ​​តុលាការ​​ចាប់​ចង​មនុស្ស​ដែល​គាត់​មិន​ពេញ​ចិត្ត​តាម​ទំនើង​ចិត្ត ប៉ុន្តែ​មិន​ហ៊ាន​ជំទាស់​នឹង​ការ​ទា​​មទា​រ​រ​បស់​​វៀតណាមទេ។

ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់​គំរាម​រំលាយ​ស្ថាប័ន​ព្រះ​មហា​ក្សត្រ ដើម្បី​សម្រេច​ម​ហិច្ឆ​តា​​វៀត​ណាម​លេប​ទឹក​ដី បើ​ព្រះអង្គ​មិន​ឡាយ​ព្រះ​ហស្ត​លេខា លើ​សន្ធិសញ្ញាព្រំដែន​ខុស​ច្បាប់​ដែល​គូរ​វា​ស​ដោយ​វៀត​ណាម ឆ្នាំ​១៩៨២ ៨៣ និង​៨៥ ឱ្យ​រស់​ឡើង​វិញ​ទេ​នោះ។

បន្ថែមពីនេះ លោក ហ៊ុន សែន តែង​តែ​ចោទ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា ជា​ជន​ក្បត់​ជាតិ ខណៈ​ពួក​គេជា​ញឹក​ញាប់​បាន​ប្រើ​យន្ត​ការ​សភា ​និយាយ​​លាត​​ត្រដាង​​ពីមហិច្ឆតា​​វៀ​ត​ណាម​​លេប​​ទឹក​ដី​ខ្មែរ​នេះ។

លើសពីនេះ គណបក្សសង្គ្រោះជាតិ​ ជាប​ក្សប្រឆាំង​ធំ​​ជា​ងគេ ត្រូវ​បាន​ លោក ហ៊ុន សែន ប្រើ​តុលា​ការរំលាយ​ចេញ​ពី​ឆាក​នយោបាយ​នៅ​ចុង​ឆ្នាំ​២០១៧ និង​បន្ត​សម្លាប់​ជីវិត​នយោបាយ​មេដឹក​នាំ​ រហូត​បច្ចុប្បន្ន ក្នុង​នោះ​រួម​ទាំង លោក កឹម សុខា ផង​ដែរ។

យ៉ាងណា មន្រ្តីគណបក្សប្រឆាំង ​និងអ្នកឃ្លាំមើលព្រំដែន អះអាងថា វៀតណាម​បាន​រំលោភ​យក​ដី​ខ្មែរ តាម​បន្ទាត់​​ព្រំដែន​ច្រើន​កន្លែង រួម​ទាំងប្រជុំ​​កោះ​ក្រចក​សេះ និង​កោះ​ត្រល់​ជាដើម ដោយ​គ្មាន​ការ​ជំទាស់ពី​លោក ហ៊ុន សែន ដែល​វៀត​ណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​អំឡុង​ឆ្នាំ​១៩៧៩​នោះ​ទេ។

កម្តៅព្រំដែន​នេះ ត្រូវ​បានគេមើល​ឃើញ​ថា ជាដើម​ចម​ធ្វើ​ឱ្យ​ លោក ហ៊ុន សែន ជាប់​អន្ទាក់​ប្រទេស​ជិតខាង ហើយ​បន្ត​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កម្ចាត់​សំឡេង​ប្រឆាំង ដោយ​បារម្ភ​រក​ឃើញ​អាថ៌​កំបាំង​នៅ​ពីក្រោយ​ភាពមិន​ប្រក្រតី​នៃ​យន្ត​ការ​បោះ​បង្គោល​ព្រំដែន​នាសម័យ​ទំនើប​នេះ ក្រោយ​ពី​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​រស់​នៅ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៥ ដែល​ជា​ការ​ចង់​បាន​របស់​វៀត​ណាម។

ទង្វើនេះ​បាន​ផ្ទុយ​ទៅ​នឹ​ង​មាត្រា​៥២ និង​មាត្រា​៥៥​នៃ​រដ្ឋ​ធម្ម​នុញ្ញ ដែល​បាន​ចែង​ថា សន្ធិ​សញ្ញា និង​កិច្ចព្រម​ព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិប​តេយ្យ បូរណ​ភា​ព​ទឹក​ដី អព្យាក្រឹត​ភាព និងឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួម​ជាតិ ដើម្បីការពារឯកភាពជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែង​ថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ