មន្ត្រីនគរបាលផ្កាយ១​ដែល​ឈ្នះ​ក្តី​ម្ចាស់​បំណុល​ត្រូវ​បានក្រសួង​ប្តូរ​​តួនាទី

ក្រសួងមហាផ្ទៃ បាន​សម្រេចផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាលផ្កាយ១​ម្នាក់ ឈ្មោះ សម្បត្តិ កុសល ពីស្នង​ការ​រងនគរបាល​ខេត្តបន្ទាយមានជ័យ ឱ្យ​ទៅបម្រើការ​ងារ​​នៅ​នាយកដ្ឋាន​វិទ្យុ​​ទាក់​ទង ស្រប​​ពេល​​មន្ត្រី​រូប​នេះ ឈ្នះ​ក្តី​ក្នុង​សំណុំរឿង​គំរាម​​កំហែង​​ហែក​កេរ្តិ៍ លើ​​ម្ចាស់​​បំណុល ដែលនាំឱ្យ​​សាធារជន​មានការរិះគន់។

ប្រកាសរបស់រាជរដ្ឋាភិបាល ស្តីពីការ​ផ្ទេរភារកិច្ច​មន្ត្រីនគរបាល ចុះថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥ ដែលត្រូវបានគេផ្សព្វ​ផ្សាយនៅថ្ងៃទី០៩​ ខែមេសានេះ បានសម្រេច​ផ្ទេរភារកិច្ច លោក ឧត្តម​សេនីយ៍ត្រី(ផ្កាយ១) សម្បត្តិ កុសល ពីស្នងការ​រងនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ ឱ្យទៅបម្រើការងារ​នៅនាយកដ្ឋាន​វិទ្យុ​ទាក់ទង​ ចំណុះអគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​វិញ។

តែក្នុងប្រកាសនោះ ពុំបានបញ្ជាក់ពីមូលហេតុនៃការ​ផ្ទេរភារកិច្ចមន្ត្រីនគរបាល​ផ្កាយ១នេះទេ។

លោក សម្បត្តិ កុសល ដែលជាអតីត​​ស្នងការ​រង​​នគរ​បាល​ខេត្ត​​បន្ទាយ​​មាន​ជ័យ ក៏​​​ជា​ដើ​​ម​​បណ្តឹង ប្តឹង​​​ម្ចាស់​​​លុយ រហូត​​តុលាការ​​ខេត្ត​​សៀម​រាប ចោទ​ស្រ្តី​ម្ចាស់​​លុយ ពីបទ គំរាម​កំហែង​ហែក​​​កេរ្តិ៍ ឱ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ និង​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្តឹង​ចំនួន​ ៤លាន​រៀល ឬ​ស្មើ​១ពាន់​ដុល្លារ។

តាមដំណើរ​រឿង ម្ចាស់​លុយ ឈ្មោះ ចិន ស្រីដា ដែល​រង​ការ​ចោទ ពី​បទ​គំរាម​កំហែង​ហែក​កេរ្តិ៍ បា​ន​​ឱ្យ​​ភរិយា​​ដើម​បណ្តឹង​ លោក សម្បត្តិ កុសល ខ្ចី​លុយ​ជា​បន្ត​បន្ទាប់ រហូត​២ម៉ឺន​ដុល្លារ តែ​ភរិយា លោក សម្បត្តិ កុសល គេចវេសមិនព្រមសង។

ហេតុផលនេះ ទើបម្ចាស់​បំណុល គំរាម​ទម្លាយ​សារសំឡេង កូនបំណុលខ្ចីលុយដើម្បី ​រត់ការ​ឡើង​​តំណែង បើកូនបំណុល​នៅតែ​គេចវេស​មិន​ព្រម​សង ដែល​បញ្ហានេះ​ធ្វើឱ្យ​​ លោក សម្បត្តិ កុសល ប្តឹងម្ចាស់បំណុល រហូត​ឈ្នះក្តីនៅតុលាការខេត្តសៀមរាប ។

ក្រោយពី​តុលាការ​កាត់ក្តីឱ្យ លោក សម្បត្តិ កុសល ឈ្នះក្តី អ្នកប្រើប្រាស់បណ្តាញសង្គមជា​ច្រើន បានផ្ទុះកា​ររិះគន់ទៅ​លើ​​ចំណាត់ការ​របស់តុលាការ ដោយអ្នក​ខ្លះថា ជារឿងអយុត្តិធម៌​សម្រាប់​ម្ចាស់លុយ ដែលឱ្យ​គេ​ខ្ចីលុយ​ហើយត្រូវជាប់ គុក​​​ទៀត។ អ្នកខ្លះទៀតថា រកស៊ីចំណេញ​បង់​ពន្ធជូនរដ្ឋ​ហើយ រកប៉ះចំ​អ្នក​មាន​អំណាច ម្ចាស់បំណុលជាប់គុកទៀត ខណៈមតិខ្លះទៀតថា អ្នកអនុវត្តច្បាប់​រួមដៃគ្នា​ជាមួយ​​​​អ្នក​មាន​អំណាច ហើយអ្នកតូចតាចក្លាយជាជនរងគ្រោះ​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ