អ្នកចាញ់បោកក្រុមហ៊ុនពិភពដីមាសម្នាក់ទៀត រស់នៅខេត្តបាត់ដំបង បានស្លាប់ដោយសារសម្ពាធផ្លូវចិត្ត និងជំងឺប្រចាំកាយ ក្រោយគ្មានលុយព្យាបាលជំងឺ ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់២៤នាក់ ដែលវិបត្តិនេះជនរងគ្រោះទាមទារឱ្យរដ្ឋាភិបាល ចាប់បង្ខំឱ្យមេឆបោកសងលុយពួកគេវិញ ដើម្បីកុំឱ្យចំនួនអ្នកស្លាប់បន្តកើនឡើង។
ភរិយាសព គឺអ្នកស្រី កាន់ គយ រស់នៅខេត្តកំពត ប្រាប់VODថា ស្វាមីរបស់គាត់គឺ លោក ដែង ដន បានស្លាប់នៅថ្ងៃទី៨ ខែមេសា ដោយសារមានវិបត្តិផ្លូវចិត្ត ក្រោយជួបវិបត្តិបំណុលធ្ងន់ធ្ងរ ដោយសារចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ជិត៨ម៉ឺនដុល្លារដែលជាលុយខ្ចីធនាគារ។
លោកថា៖ «គាត់គិតច្រើនអ៊ីចឹងទៅ វាស្លោកស្រោមខួរ។ ខ្ញុំចាញ់បោកហ្នឹងអស់ ៨ម៉ឺនហើយសុទ្ធតែលុយធនាគារទាំងអស់។ គេមកអូសទាញយើងឲ្យយកលុយធនាគារយកទៅដាក់។ ប្តីខ្ញុំស្លាប់ចោលហើយ ខ្ញុំគ្មានសមត្ថភាពរកស៊ីសងធនាគារទេ! ពិបាកចិត្តអត់មានលុយសងគេ។ គាត់គិតច្រើន ដេកអត់លក់»។
ជនរងគ្រោះរូបនេះ រៀបរាប់ថា ក្រុមហ៊ុនពិភពដីមាសកាលពី២ឆ្នាំមុន បានសន្យាឱ្យការប្រាក់៣ភាគរយក្នុងមួយខែ តែគាត់បើកបានតែ២ខែដំបូង ក៏លែងទទួលបានបន្តទៀត។
លោកថា៖ «បើសិនមិនចាញ់បោកគេ យើងអាចយកលុយហ្នឹង មកមើលព្យាបាលប្ដីខ្ញុំជាហើយ បើយើងអត់លុយមើល។ ប្ដីខ្ញុំបាត់បង់ជីវិតទៅបាត់ហើយ ព្រោះខ្ញុំមិនមានលុយមើល ចាញ់បោកគេអស់រលីងហើយ។ ខ្ញុំរស់នៅតែ២នាក់ប្តីប្រពន្ធទេ ឥលូវទេវតាយកប្តីខ្ញុំ។ ខ្ញុំរស់នៅតែឯងទេ! លោកគ្រូអើយជួយខ្ញុំផង ជួយឱ្យរដ្ឋាភិបាលជួយចាត់ចែងធ្វើម៉េចឲ្យក្រុមហ៊ុនពិភពដីមាសហ្នឹងសងខ្ញុំវិញ បើមិនចឹង ខ្ញុំមុខតែងាប់ម្នាក់ទៀតហើយ ព្រោះអីខ្ញុំគិតច្រើន ចាប់ផ្ដើមខូចខួរក្បាលទៀតហើយ»។
ជាមួយគ្នានេះ តំណាងជនរងគ្រោះ គឺលោក សេង ហាន់ បានបង្ហោះសារលើហ្វេសប៊ុកលោកថា ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ហើយ បើគិតករណីស្លាប់ចុងក្រោយនេះ។
លោកបានអំពាវនាវឱ្យស្ថាប័នតុលាការ និងក្រសួងយុត្ដិធម៌ ពន្លឿនរកយុត្តិធម៌ដើម្បីឱ្យពលរដ្ឋរងគ្រោះដែលបានចាញ់ក្រុមហ៊ុនពិភពដីមាស ឆាប់ទទួលបានសំណងមកវិញ។
ជុំវិញរឿងនេះ VODមិនអាចសុំការឆ្លើយតបពី លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ ដោយលោកមិនទទួលទូរសព្ទ។
អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទ ឆបោក តែប្រមាណ៤ខែក្រោយមក ពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការបានដោះលែងវិញ ក្រោយជនឆបោករូបនេះ ឱ្យជនរងគ្រោះផ្តិតមេដៃដើម្បីបាននៅក្រៅឃុំរកលុយសងពលរដ្ឋវិញ។ តែរយៈពេលជាងមួយឆ្នាំទៅនេះ លោកមិនបានគោរពសន្យានោះទេ។
ករណីនេះ ក្រុមជនរងគ្រោះ ធ្លាប់បានលើកគ្នាមកប្រមូលផ្តុំនៅមុខក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាច្រើនលើក ដើម្បីទាមទារឱ្យចាប់ខ្លួនអតីតឧកញ៉ារូបនេះដាក់ពន្ធនាគារវិញ និងរឹបអូសទ្រព្យសម្បត្តិមកសងជនរងគ្រោះវិញ តែនៅតែគ្មានចំណាត់ការណាមួយកើតឡើងនោះទេ។
ក្នុងសកម្មភាពតវ៉ានោះ ពួកគេខ្លះបានលើករូបភាពសាច់ញាតិដែលស្លាប់ ក្រោយគ្មានលុយព្យាបាលជំងឺ និងបង្ហាញរូបភាពសាកសពជនរងគ្រោះ ធ្វើអត្តឃាតដោយចងកផងដែរ។
បើតាមជនរងគ្រោះ ធ្លាប់ប្រាប់VODថា អ្នកចាញ់បោកមានសរុបចំនួន ៨០០០នាក់ បាត់បង់ថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក។
សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា អ្នកចាញ់បោកក្រុមហ៊ុនវិនិយោគគម្រោងអចលនទ្រព្យ ជាទូទៅ គឺជាអ្នកខ្ចីលុយពីធនាគារ ដែលរដ្ឋាភិបាលគួរមានកិច្ចអន្តរាគមន៍បន្ទាន់ កុំឱ្យវិបត្តិសង្គមរីករាលដាលកាន់តែធំទៅ ធ្វើឱ្យពលរដ្ឋជួបភាពក្រីក្រ វិបត្តិផ្លូវចិត្ត និងឈានទៅរកការធ្វើអត្តឃាតជាដើម។
លោកថា៖ «បើសិនជាករណីនេះ មិនមានដំណោះស្រាយណាមួយកើតឡើងទេ បញ្ហាពួកគាត់កាន់តែធ្ងន់ធ្ងរហើយ ចឹង! បញ្ហាវិបត្ដិផ្លូវចិត្ដធ្ងន់ធ្ងរជំរុញឲ្យប៉ះពាល់សុខភាព ហើយបណ្តាលឲ្យឈឺធ្ងន់អាចឲ្យស្លាប់ ឬក៏អាចឲ្យមានការធ្វើអត្ដឃាត ហើយមានការចំណាកស្រុកកូនចៅត្រូវបោះចោល ការសិក្សាដើម្បីស្វែងរកការងារធ្វើ ជួយដោះបំណុល អីជាដើម។ អាហ្នឹងវាសុទ្ធតែជារឿងមួយ ដែលជាផលប៉ះពាល់ ហើយវិបត្តិទាំងអស់នេះ ធ្វើឲ្យប៉ះពាល់ដល់សង្គម ហើយរដ្ឋាភិបាល ក៏មានកាតព្វកិច្ចក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងផងដែរ»។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន យល់ថា ការទុកឱ្យអតិថិជនរបស់ខ្លួនបន្តរងគ្រោះរហូតដល់ស្លាប់បែបនេះ បង្ហាញថា ភាគីក្រុមហ៊ុនកំពុងគេចវេសពីការទទួលខុសត្រូវ ដែលបញ្ហានេះទាមទារឱ្យរដ្ឋាភិបាល ត្រូវចេញមុខស្វែងរកដំណោះស្រាយបន្ទាន់ស្របតាមតួនាទីរបស់ខ្លួនក្នុងការបំរើរាស្រ្ត។
លោកថា៖ «ខ្ញុំមិនដឹងថា រាជរដ្ឋាភិបាលមានលទ្ធភាពប៉ុណ្ណាទេ! ក្នុងការដោះស្រាយនោះ ប៉ុន្តែយ៉ាងហោចណាស់ រាជរដ្ឋាភិបាលត្រូវមានតួនាទីមានកាតព្វកិច្ចក្នុងការដោះស្រាយ ហើយត្រូវតែទទួលការខុសត្រូវនោះ ព្រោះក្រុមហ៊ុននីមួយៗ នេះសុទ្ធតែមានយ៉ាងហោចណាស់មាន កិច្ចព្រមព្រៀង ឬក៏ការស្នើសុំ ដើម្បីបង្កើតក្រុមហ៊ុនហ្នឹងមួយៗពីរាជរដ្ឋាភិបាលលោកដូច្នេះរាជរដ្ឋាភិបាលត្រូវមានតួនាទីក្នុងការធ្វើអន្តរាគមន៍»។
មាត្រា៣៥ បញ្ញត្តិថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ដោយឡែក មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
យ៉ាងណា ចំពេលយុត្តិធម៌ត្រូវជាប់គាំងបែបនេះ ជនរងគ្រោះបានទម្លាយលិខិត២ច្បាប់ ដែលVODទទួលបាន បង្ហាញថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាប្រធាន បានបង្កើតសាខាបក្សនៅក្រុមហ៊ុនពិភពដីមាស ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣។
តំណែងអតីតឧកញ៉ា ហ៊ី គឹមហុង ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំនៅរាជធានីភ្នំពេញនេះហើយ ដែលជងរងគ្រោះចោទថា ធ្វើឱ្យពួកគេស្លាប់ជាបន្តបន្ទាប់ រហូតជាង២០នាក់ ដោយសារប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសមេឆបោករូបនេះ៕