កម្ពុជាត្រូវ​ស្តារប្រជាធិបតេយ្យ​ឡើងវិញ​ទើប​អាច​​ទទួល​បាន​​ការ​​អនុ​គ្រោះ​​ពន្ធ​ពី​អាមេរិក​​និង​អឺរ៉ុប​

ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក​ ដូណាល់​ ត្រាំ​ បាន​​សម្រេច​​ពន្យារ​ពេល​អនុវត្ត​​ពន្ធ​​ថ្មី ​ចំនួន​​៩០​ថ្ងៃ​ និង​​ប​​​ន្ថ​យ​ពន្ធ​​មក​នៅ​ត្រឹម​១០​ភាគរយ​​ដូច​គ្នា​ក្នុង​​រយៈ​​ពេល​​នេះ សម្រាប់​​ប្រទេស​​ចំនួន​៧៥​​ដែល​​បាន​​ស្នើ​​សុំ​ចរចា​។ ប៉ុន្តែ​​លោក​​​បាន​​ដាក់​​ពន្ធ​​លើ​​ទំនិញ​​ចិន​​រហូត​​ដល់​ ១២៥​​ភាគ​រយ​ ដោយ​សារ​​​តែ​​កាយ​​វិការ​​សង​សឹក​របស់​​ចិន​​។

នេះ​បើ​​តាម​​ការ​ចុះ​​ផ្សាយ​​​នៅលើ​បណ្តាញ​សង្គមផ្លូវការ​របស់ ​លោក ត្រាំ​ នៅ​​យប់​​ថ្ងៃ​ទី​​៩​ ​​ខែ​មេសា ឆ្នាំ​២០២៥ គឺ​​មាន​​​រយៈ​ពេល​​តែ​​ប៉ុន្មាន​​ម៉ោង​​ប៉ុណ្ណោះ​​ ​បន្ទា​ប់​​ពី​ទីក្រុង​​វ៉ាស៊ីន​តោន ​បា​ន​ប្រកាស​ដាក់​​ចូល​​ជាធរមាន​លើ​​​ការ​​សម្រេច​​​​ការ​​យក​​ពន្ធ​​ ដែល​ទើប​ដំឡើង​​ថ្មី​​កាល​ពី​ថ្ងៃ​ទី​២ ​​ខែ​មេសា​។

 ​បើ​តាម​លោក ត្រាំ ​ការ​ផ្អាក​នេះ គឺ​ដោយ​សារ​​​តែ​​មាន​ប្រទេស​៧៥​ប្រទេស បាន​ទាក់​ទង​​តំណាង​​របស់​​សហរដ្ឋ​​អា​មេរិក ដើម្បី​ចរចា​សម្រាប់​ដោះ​​ស្រាយប្រធានបទផ្សេងៗ​ ទាក់ទងនឹងពា​ណិ​ជ្ជ​កម្ម អត្រា​​ពន្ធ​ដើម ច្បាប់រ​បាំ​​ង​ពាណិជ្ជ​កម្ម ការ​កែប្រែអត្រា​ប្ដូរប្រាក់ និងពន្ធដើមមិន​មែន​សាច់​ប្រាក់។

 ជាមួយគ្នា​នេះ គឺនៅព្រឹកថ្ងៃទី១០ ​ខែមេសានេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​បាន​ចេញសេចក្តី​ប្រកាស​​ព័ត៌​មា​ន​​​​​ប្រាប់​ទៅ​​ធុរជន ​និង​​អ្នកនាំចេញទាំង​អស់​ថា យោង​តាមការ​ចុះផ្សាយ​របស់​សេតវិមាន ​នៅថ្ងៃទី​៩ ​ខែមេសា លោ​ក ​​ដូណាល់ ត្រាំ បាន​​ប្រកាស​ព្យួរ​ការអនុវត្ត​ពន្ធគយ​បដិការ​​មក​ត្រឹមអត្រា​១០​​ភាគ​រយ​ ក្នុង​រយៈ​ពេល​​៩០​ថ្ងៃ​ សម្រាប់​ប្រទេស​ទាំង​អស់​ ដែល​បាន​ស្នើ​សុំចរចា​ស្វែង​រកដំណោះស្រាយ​​ជាមួយ​សហរដ្ឋអាមេរិក ​ក្នុងនោះ​​​រួម​មាន​កម្ពុជាផង​ដែរ។

ដូចនេះ អត្រាពន្ធ​គយបដិការ ៤៩​ភាគរយ សម្រាប់កម្ពុជា នឹង​អនុវត្ត​មក​ត្រឹម​​អត្រា​​១០​ភាគរយ​​តែប៉ុណ្ណោះ​។ ក្រសួង​បន្ត​ថា រាជរដ្ឋាភិបាល​​កម្ពុជា​ ​ទទួល​​បាន​​ចម្លើយ​​វិជ្ជមាន​ពីភា​គី​សហរដ្ឋ​​អាមេរិ​ក​​​លើ​​សំ​ណើ​​​​​​​​​សុំ​បើ​ក​កា​រ​​​ច​រចាស្វែងរកដំណោះស្រាយ​​រួម ហើយ​​ក្រុមការងាររបស់​រដ្ឋាភិបាលកម្ពុជា ​​និងភាគី​សហរដ្ឋអាមេ​រិក ​នឹងបើ​កការចរចានា​ពេល​ឆាប់ៗ​​ខាងមុខ។

នៅក្នុង​ពិធី​ស​ម្ពោធ​ស្ពានអាកាស​មរតកតេជោ កាលពីថ្ងៃទី​៧ ខែមេសា​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បាន​​ថ្លែង​ថា​ សម្រាប់​ការ​ងារ​ចរចា​ពី​បញ្ហា​ពន្ធ​នេះ​​ ជំហ៊ាន​​ដំបូង​​កម្ពុជា​នឹង​​ទម្លាក់​ចំនួន ​១៩​បន្ទាត់​ពន្ធ ដែល​​ស្មើនឹ​​​ង​ប្រមាណ​ ៨៥មុខ​ទំនិញ​​របស់​​សហរដ្ឋ​អាមេរិក​ពី​៣៥​​ភាគរយ​ នៅ​ត្រឹម​៥ភាគរយ​​ប៉ុណ្ណោះ​ ហើយ​​ស​ម្រា​ប់​​ជំហ៊ានទី២​ នៅ​ពេល​​​ដែល​​អាមេរិក​​បើក​​ភ្លើង​ខៀវ គណប្រតិភូកម្ពុជា​នឹងធ្វើដំណើរទៅ​សហរដ្ឋអាមេរិក​ដើ​ម្បីចរចាភ្លាម។

មិនតែប៉ុណ្ណោះ​ លោក ​ហ៊ុន ម៉ាណែត ​ដែល​ឡើងកាន់​តំណែងជានាយក​រដ្ឋ​មន្ត្រី ​​តាម​រយៈ​ការលើកបន្តុប​ពីឪ​ពុក​​រ​បស់​​លោក​ បាន​ឆ្លើយតប​បែបចំអកឡកឡឺយ​ទៅកាន់​អ្នក​រិះគន់ថា អ្នកខ្លះបាន​តែ​និយាយថា រដ្ឋាភិបាល​​ធ្វើបែបនេះ មិន​កើតធ្វើបែបនោះមិនកើត ខណៈ​ពួក​គាត់​មិនធ្លាប់​កាន់​​តំណែង​ជានាយករដ្ឋមន្ត្រី សូម្បី​តែ​មួ​យ​ថ្ងៃ​ផង។

លោកសម រង្ស៊ី ប្រធានក្រុមប្រឹក្សា​ជាតិតស៊ូ​ បាន​សរសេរនៅលើហ្វេសប៊ុករបស់​លោក នៅ​ថ្ងៃ​ទី​១០ ​ខែមេសានេះ​ថា អាមេរិក និងអឺរ៉ុប លើក​លែង​ពន្ធ​កម្ពុជា​ច្រើន​ឆ្នាំ​​មក​ហើយ តែ​ផល​​ចំណេញ​មិន​បាន​ធ្លាក់​ដល់​ដៃប្រជាជន​ខ្មែរ​ទេ គឺ​បាន​ធ្លាក់​ត្រឹម​ដៃ​ថៅ​កែ​ចិន និង​មន្ត្រី​ខ្មែរពុក​​រលួយ​តែប៉ុណ្ណោះ។

បន្ថែមពីនេះ​ ក្រុមប្រឹក្សា​ជាតិ​​តស៊ូ បាន​ចេញ​សេចក្តីអំពាវនាវ​មួយ កាលពីថ្ងៃទី​៩​​ខែមេសា​ថា ស្ថានភាព​នៃ​កា​រ​​​យ​ក​​ពន្ធ​របស់​​អាមេរិក​ដល់​​៤៩​ភាគ​រយ នឹង​ធ្វើឲ្យសេដ្ឋកិច្ច​កម្ពុជា ធ្លាក់ក្នុង​វិបត្តិ​ងើបមិនរួច ហើយកម្មករ​នឹ​ង​​​​បាត់បង់ការងាររាប់សែនកន្លែងថែមទៀត កសិផលរបស់​កសិករ​កាន់តែគ្មានទីផ្សារ​​ អាជីវករនឹងលក់មិនដាច់​។ នៅចំពោះ​មុខវិបត្តិនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹងពុំមានប្រាក់បង់សង​​បំណុល​នោះទេ ព្រោះគ្មាន​ចំណូល។

ក្រុមប្រឹក្សាជាតិតស៊ូ បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជំពាក់​បំណុល​​ថា មានសិទ្ធិ​​ពន្យារ​ពេល ឬ​ផ្អាក ឬ​មិន​​​ប​ង់​សង​​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយ​រយៈ​សិន រហូតទាល់​តែសេដ្ឋកិច្ចកម្ពុជា​វិលទៅរក​ភាពប្រ​ក្រ​តី​ឡើងវិញ ពីព្រោះ​វិបត្តិសេដ្ឋកិច្ចពាណិជ្ជកម្ម ដែល​ប៉ះពាល់ដ៏អាក្រក់ដល់ការ​ងារ និង​ចំណូលរបស់ព​ល​រដ្ឋ​នេះ មិនមែនជាកំហុស​របស់​ពលរដ្ឋ​ឡើយ ប៉ុន្តែ​គឺ​ដោយ​សារ​​ពន្ធ​របស់​​សហរដ្ឋ​អាមេរិក​មួយ​ផ្នែក និង​ជា​​រួម​​ព្រោះ​តែ​ការ​ដឹក​នាំ​​ផ្ដាច់​​ការ​​ពុក​រលួយ​បំផ្លាញ​​ជាតិ នៃ​រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន។

លើសពីនេះទៀត មូលហេតុចំបង​ដែល​​បណ្ដាល​​ឲ្យ​​ពលរដ្ឋ​​ជួប​គ្រោះ​បែប​នេះ គឺ​​កើត​ឡើង​​​ពីប្រព័ន្ធ​អំណាចគ្រួសារ​បក្ខ​ពួក​និយម របស់​លោក ហ៊ុន សែន ដែលមិនខ្វល់ខ្វាយ​នឹងទុក្ខ​វេទនា​របស់​ពលរដ្ឋ ខណៈបំណុល​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ក៏មានបុព្វហេតុពីការចាញ់បោក​​ក្រុមហ៊ុន​ស្និទ្ធនឹង លោក ហ៊ុន ម៉ាណែន ដូចជា ក្រុម​​ហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា ជាដើម​ផងដែរ​។

បន្ថែមពីនេះ ​ក្រុមប្រឹក្សាជាតិតស៊ូ បាន​រំឭក​ថា ជាង ៣០​ឆ្នាំ​មក​នេះ ក្រោម​ការ​​ដឹក​នាំ​ចោល​​ម្សៀត​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ប្រជាពលរដ្ឋខ្មែរ​ងើប​មិន​រួច​​​ពី​ភាព​ក្រីក្រ និង​កាន់​តែ​​វ័ណ្ឌក​ដោយ​បំណុល ធន​ធាន​ធម្មជាតិ​កាន់​តែ​ហិន​ហោច ហើយ​​ប្រទេស​កម្ពុជា​កាន់​តែ​​ប្រឈម​ភាព​​អសន្តិ​សុខ ដោយ​សារ​ពួក​ម៉ាហ្វី​យ៉ា​ដ៏​មានអំណាច​ដែល​​ស្និទ្ធនឹ​ង​គ្រួសារ​​ហ៊ុន។

យ៉ាងណាក្តី​ លោក​ ផែង ហេង សហមេធាវី​ការ​ពារ​ក្តី​​​ឱ្យ​ លោក កឹម សុខា ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​​សរសេរ​​​​​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក ​នៅថ្ងៃទី៩​​ខែមេសា​​ថា រឿង​ក្តី​​នយោ​បាយរបស់​ លោក​ កឹម សុខា ត្រូវ​បាន​ ​លោក​ ហ៊ុន សែន ធ្លាប់​លើក​​ហើយ​ថា ទាំង​​រដ្ឋាភិ​បាល ទាំង​តុលាការ​កម្ពុជា មិន​បាន​ចោទ​អាមេរិក​ទេ ហើយ​​រឿ​ង​នេះ​​លោក​​ប្រធានា​​ធិបតី ដូណាល់ ត្រាំ ក៏​បាន​សរសេរ​មក លោក ​ហ៊ុន សែន ​ដែរ​ថា អាមេរិក​មិន​​ស្វែង​​រក​ការ​​ផ្លាស់​ប្តូរ​របប​នៅ​កម្ពុជា​ទេ។

ដូចនេះ ពន្ធគយ​របស់​លោក ​ត្រាំ ក៏​គួរ​លើក​លែង ឬ​អនុ​គ្រោះ​​ឲ្យ​​កម្ពុជា និង​ឲ្យ GSP មក​កម្ពុជា​វិញ ហើយជា​ការ​​តប​ស្នង​ រដ្ឋាភិបាល​កម្ពុជា​​​ក៏គួ​រ​​លើ​ក​​លែង​​​​ការ​​ចោទ​ប្រកាន់​លើ​​អាមេរិក ហើយ​ឲ្យ​តុលាការ​ផ្តល់​​យុត្តិ​ធម៌​​​មក លោក កឹម សុខា ដោយ​រួច​​ផុ​ត​​​ពី​​​បទ​ចោទ​ប្រកាន់​នេះ​ នោះ​​បញ្ហា​នឹង​ត្រូវ​ដោះ​​ស្រាយ​​បាន​​ចប់​ល្អ។

ទាក់​ទង​នឹង​រដ្ឋាភិបាល​​និង​គណបក្ស​ប្រឆាំង​ ​នៅតែបន្ត​វាយប្រហារគ្នា លោក​​មេធាវី​ ផែង ហេង បាន​​ផ្តល់​ជាដំណោះ​ស្រាយ​ថា គួរគ្រប់​ភាគី បើ​ស្រឡាញ់​ជាតិ អាណិត​ប្រជារាស្ត្រ​​ដែល​កំពុង​វ័ណ្ឌក​​នឹង​បំណុល​ស្រាប់ គួរ​​​ផ្ត​ល់យោបល់​ឲ្យ​ទម្លាក់​​​បទ​ចោទ​មក​លើ​ លោក​ កឹម សុខា ដើម្បី​ស្តារ​ទំនាក់​ទំនង​ល្អជា​មួយ​អាមេរិក និងអឺរ៉ុប ហើយ​សុំ​ប្រព័ន្ធ​អនុ​​គ្រោះ​​ពន្ធ​គយ​​ឡើង​​វិញ​ទាំង GSP អាមេរិក និង EBA អឺរ៉ុប។

លោក​ថា បើធ្វើតាមចំណុ​ចដែល​លោកលើក​ឡើងនោះ ​ពន្ធ​៤៩% ក៏រួច ផ្សះ​ផ្សា​​ជាតិ​ក៏​មាន ហើយ​​នេះ​មិនមែន​ខ្មែរ​យក​អធិប​តេយ្យ​ជាតិ​​ទៅ​ដូរ​ទេ នេះ​ហៅ​ថា​​ខ្មែរ​​ចេះ​ដឹក​នាំ​។

ចូរមើល​ចិន​ គេនៅតែបើកទ្វារចរចាជា​មួយអាមេរិក បើទោះចិនធំ ចិន​ខ្លាំង ហើយវិស័យ​ខ្លះ​​ចិនខ្លាំងលើសអាមេរិក​​ផងក៏ដោយ។​

លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម ​បាន​លើក​ឡើង​ថា តាម​ការ​​ពន្យល់ ការ​កំណត់​​​លើ​​អត្រា​​ពន្ធ នាំចូល​ទំនិញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក គេ​គណនា​តាម​​អត្រា នៃ​ឱន​ភាព​ពាណិជ្ជ​កម្មរវាង​ទ្វេ​​ភាគី​ ដូច​នេះ កម្ពុជា​ហាក់​ដូច​មាន​ច្រក​តូច​ណាស់​​ក្នុង​​ការ​ចរចា​ជាមួយ​អាមេរិក លើ​​អ​ត្រា​ពន្ធ​នាំ​ចេញទៅ​អាមេរិក​នេះ។

ជាមួយគ្នា​នេះ លោក ​សុខ សុគន្ធ ហៅ ជែ​ម សុខ អ្នក​​ធ្វើអត្ថាធិប្បាយ​​​ពី​បញ្ហា​​នយោបាយ​​និង​​សង្គម​​​រស់​នៅ​ស​ហ​រដ្ឋ​​អាមេរិក ​ថ្លែង​​ថា រដ្ឋាភិបាល​កម្ពុជា​​និង​សហរដ្ឋ​អាមេរិក ​នឹង​ដោះ​​ស្រាយ​​​គ្នា​ដែល​​លទ្ធផ​ល​បែប​ណា​មិន​​ទា​​ន់​​អាច​ដឹង​​នៅ​ឡើយ​ទេ។

ប៉ុន្តែ​លោក​​លើកឡើង​ថា រឿងមួយដែលអាមេរិកក្រឡេក​មើល គឺ​ទំនិញ​ចិន ដែល​អាច​​ពា​ក់​ស្លាក​ផលិត​នៅកម្ពុជា ជា​​បញ្ហា​​ដែល​​រដ្ឋាភិបាល​​កម្ពុជា​​ត្រូវ​​ប្រុង​ប្រយ័ត្ន។

បន្ថែមពីនេះ​ អ្នកនាង​ កន្និដ្ឋា ម្ចាស់​ផេក The Kanitha Show ដែល​​ទើប​តែចេញ​មក​ធ្វើ​វីដេ​អូ​​​​ជាថ្មី​ទៀត​ ​បាន​​​ចោទ​សួរ​ថា ហេតុអ្វី​សហរដ្ឋអាមេរិក​បង្កើត​​សង្រ្គាម​ពាណិជ្ជ​​កម្ម​ជាមួយ​​ពិភព​​លោក តាម​រយៈ​​ការ​ដំឡើង​ពន្ធ? អ្នក​នាង​ កន្និដ្ឋា ដែល​​បាន​​បាត់​មុខ​ប្រមាណ​ជា​៧ខែ​​នៅ​លើ​​បណ្តាញ​​សង្គម បន្ទាប់​​​ពី​បាន​និយាយ​​ការ​ពិត​​​ធ្វើ​​​ឱ្យ​ប៉ះ​ពាល់​​ដល់​គ្រួសារ​​ហ៊ុន ហើយ​​បាន​​ចេញ​​​សុំទោស​គ្រួសារ​​ហ៊ុន​ ​​លើក​ឡើង​ថា សហរដ្ឋអាមេរិក បាន​​លះ​បង់​ជួយ​ដល់​ប្រទេស​​ពេញ​​មួយ​​​ពិភព​លោក​ចូល​ជិត​៨០​​ឆ្នាំ​មក​ហើយ ហើយ​មិន​អាច​បន្តធ្វើ​បែប​នេះ​​ទៀ​​ត​​នោះ​ទេ ​ពីព្រោះ​បាន​​ខាតប្រាក់​​១ពាន់​​ពាន់​លាន​ដុល្លារ​ក្នុង​​១ឆ្នាំ​។ ​នេះហើយ​​​គឺ​ជា​មូល​ហេតុ​ដែល​​សហរដ្ឋ​​អាមេ​​រិ​ក​​ត្រូវ​​តែ​ដំឡើង​ពន្ធ​នាំ​ចូល។

អ្នកនាង​បន្ត​ថា ប្រទេស​ដែលក្រីក្រ​ពួក​គេ​គិត​ថា ត្រូវ​​​តែ​​ខិតខំ​​ផលិត​ផលិត​ផល​​ ដើម្បី​​នាំ​ចេញ​​​ទៅ​​លក់​​នៅក្រៅ​​​​​ប្រទេស​​​ទើប​អាច​មាន​បាន​​។ ការ​​គិត​​បែប​​នេះ គឺ​ខុស​ពី​ព្រោះ​សេដ្ឋ​កិច្ច​នាំ​​ចេ​ញ​ ​វា​​មិន​​បាន​​​ធ្វើ​ឱ្យ​​ប្រទេសនោះ​​​​ក្លាយ​ទៅ​ជា​ប្រទេស​​អ្នក​​​មាន​​នោះ​ទេ។

ប្រភពនោះថា៖ «ភស្តុតាង គឺយើងទាំងអស់គ្នា​​បាន​​ឃើញ​​រួច​​ហើយ​ ប្រទេស​ខ្លះ​​បាន​ធ្វើ​ខ្លួន​​​ជា​សេដ្ឋកិច្ច​នាំ​ចេ​ញ​​​​សឹង​​តែ​ពេញ​​មួយ​​ជីវិត​ហើយ​ក៏​នៅ​​​តែ​ក្រ ៣០​ឆ្នាំ​ទៅ​៤០​​ឆ្នាំ​ហើយ​ក៏​នៅ​តែ​ក្រ ចង់​នាំ​​ចេញ​១០០​​ឆ្នាំ​ទៅមុខ​ទៀត​ក៏​នៅ​តែ​ក្រ ហើយ​បើទោះ​បីទំហំនាំចេញ​ វាបានកើនឡើងលើស​ពី​១០០​ដង​ លើស​ពី​ពេលបច្ចុប្បន្ន​នេះ​ទៀត ក៏​នៅ​តែ​ក្រីក្រ​ដដែល​ហ្នឹង ពីព្រោះ​គន្លឹះ​​ដើម្បី​ក្លាយ​​ទៅជា​ប្រទេសអ្នកមាន ​វាមិន​មែនជាសេដ្ឋ​កិច្ចនាំ​ចេញទេ ផ្ទុយមក​វិញ វាជារបៀប​គ្រប់​​គ្រង​​ធន​​ធាន​​នៅ​ក្នុង​ប្រទេស​នោះ​ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​វិញ​ទេ។ នេះជា​មូល​ដ្ឋាន​​គ្រឹះ​នៃ​សេដ្ឋកិច្ច»

អ្នកនាង​ កន្និដ្ឋា លើកឡើងទៀតថា ប្រទេស​ដែលក្រីក្រ​ គឺបណ្តាល​មកពី​មេដឹកនាំ​​នៃ​ប្រទេស​​ទាំងនោះ ​ធ្វើកា​រ​​​គ្រប់គ្រងធនធាន​​របស់​​​ប្រទេស​​មិនបាន​ត្រឹមត្រូវ ពុក​រលួយ និងមិន​មាន​ភាព​យុត្តិធម៌​ជាដើម​។

ជាមួ​យគ្នា​នេះ​ លោក ​អ៊ុំ សំអាន អតី​ត​​អ្នក​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ ​​លើកឡើង​ថា​ អាមេរិក​រក​ឃើ​ញ​​ថា កម្ពុជានិងវៀតណាម បានលួចនាំ​ចូល​សំលៀកបំពាក់​ពី​ប្រទេស​ចិន រួច​​វាយ​​ស្លាក​​ថា ផលិត​​ក្នុង​​ប្រ​ទេ​ស​​របស់​​ខ្លួន​ ហើយនាំចូលទៅអាមេរិក។

ហេតុ​នេះ វៀត​ណាម​​​បាន​​បរាជ័យ​​ក្នុងការ​សុំចរចាបញ្ចុះ​ពន្ធ ​បើទោះបីជាវៀតណាម​​បាន​បញ្ចុះពន្ធនាំ​ចូល​លើទំនិញ​​អាមេរិក​​ដល់​​សូន្យភាគរយ​​​យ៉ាងណាក៏ដោយ​ ហើយ​កម្ពុជា​ក៏​​នឹងបរាជ័យដូចវៀត​ណាម ​ក្នុងការច​រ​ចា​​ជាមួយអាមេ​រិក​​នាពេលអនាគតផងដែរ​ ដោយសារអាមេរិក​បានរក​ឃើញថា​ កម្ពុជាបានលក់កូតា​​នាំទំ​និ​ញ​​ទៅ​អាមេរិក​ឱ្យ​​ចិន និង​ឱនភាព​ពាណិជ្ជ​កម្ម។

លោក អ៊ុំ សំអាន បាន​​សរសរ​ក្នុង​​សំណេរ​ដើម​ថា «ហេតុនេះ កម្មករខ្មែររាប់ម៉ឺននាក់ នឹង​បាត់​បង់ការងារ និងក​ម្ពុ​ជា​នឹ​​ងជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ ហើយ​ការ​ដឹក​នាំ​របស់​ត្រកូល​ហ៊ុន នឹង​​ជិ​ត​​ដល់​ទី​បញ្ចប់​ហើយ​ដែរ។ ជ​ម្រើស​មាន​តែ​មួយ​​គត់ ​​គឺ​ស្តារ​ប្រជាធិប​តេយ្យ និង​គោរព​​សិទ្ធ​មនុស្ស ដោះ​លែង​អ្នក​ទោស​នយោបាយ និងបោះ​​​ឆ្នោត​​ដោយ​សេរី​និង​យុត្តិធម៌ ដើម្បី​​ទទួល​បាន​​ប្រព័ន្ធ​​ការ​អនុគ្រោះ​ពន្ធ​ទូ​ទៅ GSP របស់​អា​មេរិក និង​ប្រ​ព័​ន្ធ​​កា​​រអនុ​គ្រោះ​ពន្ធ EBA ២០% របស់សភាពអឺរ៉ុប​មកវិញ»។

លោ​ក​បន្តថា ពលរដ្ឋខ្មែរ​ត្រូវតែដាក់កំហុសទាំងនេះ​ទៅត្រកូលហ៊ុន ដែល​ដឹកនាំប្រទេស​​តាំងពីបង់​ពន្ធចូលអាមេរិក ០% តាមរយៈប្រព័ន្ធការអនុគ្រោះពន្ធទូទៅ GSP រហូតឡើងទៅ​ដល់៤៩%។ ការបាត់បង់ប្រព័ន្ធការ​អនុគ្រោះពន្ធទូទៅ GSP របស់​អាមេរិក ដោយសារ​លោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ