តំណាងកសិករនៅខេត្តក្រចេះ​បដិសេធ​ការ​ចោទ​ថា​បាន​កៀង​គរ​គ្នា​ទៅ​ទន្ទ្រាន​ដី​ក្រុម​ហ៊ុន​វៀត​ណាម

តំណាងអ្នកតវ៉ាដីធ្លីនៅស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​បដិ​សេធ​ចំពោះ​កា​រ​ដែល​ក្រ​សួង​ពាក់​​ព័ន្ធ​ចោ​ទ​ថា ពួក​គាត់​៦នាក់​​បាន​កៀង​គរ​ពលរដ្ឋ​ផ្សេង​ទៀត ទៅទន្ទ្រានយកដី​ក្រុម​ហ៊ុន​វៀត​ណាម ទំហំ​​៥២​០​​ហិក​តា ដោ​​យដី​នោះ​ពួក​បាន​អាស្រ័យ​មុន​​ក្រុម​ហ៊ុន​ចូល​មក​ដល់។

ការបដិសេធ​នេះ ក្រោយ​ពី​ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា កិច្ច​សុំ​អន្តរាគមន៍​របស់​ពួក​គេ កន្លង​ទៅ​ ​ក្រសួង​ទុ​ក​ឱ្យ​​តុលាការ​ខេត្ត​ក្រចេះ ដំណើរ​ការ​នីតិ​វិធី ដោយ​ក្រសួង​សំអាង​លើ​​របាយ​ការណ៍​របស់​​មន្ត្រី​ជំនា​ញ​ រក​​ឃើញ​ថា ពួក​គេ​ទាំង​៦នាក់​បាន​កៀង​គ​រ​អ្នក​ទៅ​ទន្ទ្រាន​ដី​ក្រុម​ហ៊ុន​ទំហំ ៥២០​ហិកតា អំឡុង​ឆ្នាំ​២០២៤។

នេះបើតាមលិខិត​ឆ្លើយ​តប​របស់​ក្រសួង​យុត្តិ​ធម៌ ចុះ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៥ ឆ្លើយ​តប​ទៅ​​នឹ​ង​សំណើ​រ​សុំ​​​អន្តរា​គមន៍ ពី​តំណាង​ពលរដ្ឋ ដែល​VOD ទទួល​បាន​នៅ​ថ្ងៃ​ទី​១០ខែ​មេសា​នេះ។

ជុំវិញបញ្ហានេះ តំណាងអ្នកតវ៉ាដីធ្លី​នៅ​ខេត្តក្រចេះ អ្នក​ស្រី អ៊ែល រ៉ូហ្សា ប្រាប់​VOD​នៅថ្ងៃ​​ទី១០ ខែ​​មេសា​នេះ​​ថា គាត់​សុំ​បដិសេធ​ទាំង​ស្រុង ចំពោះ​ការ​បក​ស្រាយ​បែប​ចោទ​ប្រកាន់​លើ​ពួក​គាត់។ ស្ត្រី​តវ៉ា​​ដីធ្លី​រូប​​នេះអះ​អាង​ថា ពួក​គេ​ជាង​២០០​គ្រួសារ បាន​អាស្រ័យ​លើ​ដី​នោះ មុន​រដ្ឋាភិបាល​ដាក់​ជា​ដី​សម្បទាន​ឱ្យ​ក្រុម​ហ៊ុនវៀត​ណាម។

អ្នកស្រីបន្តថា គាត់​ពិតជាមានក្ដីបារម្ភ​ខ្លាំង​ពី​សុវត្ថិ​ភាព សិទ្ធិ​សេរីភាព និង​ជីវភាព ខណៈ​កំពុង​ទទួល​រង​នូវភាព​អយុត្តិ​ធម៌។

អ្នកស្រីថា៖ «គាត់រស់នៅតាំងពីជំនាន់៨០​​មក អយុត្តិធម៌ចំពោះពួកខ្ញុំ​​ទាំង៦រូបណាស់ មិនមែនតែខ្ញុំ៦រូបទេ ហើយមានសមត្ថភាពឯណាទៅកៀងគរពួកគាត់មកនោះ វាអយុត្តិធម៌ហើយហៅតែពួកខ្ញុំ៦រូបចោទប្រកាន់ពួកខ្ញុំ៦រូប ហើយប្រជាពលរដ្ឋទាំងអស់ហ្នឹង គាត់ចង់និយាយ​​ថា គាត់តវ៉ាថាដីគាត់ពិតប្រាកដបានហើយរស់នៅតាមហ្នឹង តាំងពីជំនាន់ជីដូនជីតា ហេតុអីមកចោទប្រកាន់ថាគាត់យកដីក្រុមហ៊ុន»

បើតាមលិខិតរបស់​ក្រសួង គណៈ​បញ្ជាការ​ដឹកនាំ​​យុទ្ធនាការ ពិនិត្យ​ឃើញ​​ថា តាម​ពាក្យ​បណ្ដឹងចុះ​ថ្ងៃ​ទី​១១ ខែ​​កក្កដា ​ឆ្នាំ​​២០២៤ របស់​​ក្រុម​ហ៊ុន​​កសិកម្ម​​​យុវជន​ស្វាយ​រៀង បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៩-២០១០ ក្រុម​ហ៊ុន កាម៉ា​ដេនូ វេនឈីរ (ខេមបូឌា) លីមីធីត និង​ក្រុម​ហ៊ុន​អិនខេ អេហ្គ្រី (ខេម-បូឌា) លីមីធីត បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​វិនិយោគ​លើ​គម្រោង សម្បទាន​ដី សេដ្ឋ​កិច្ច​ទំហំ ១៦ ៨៩២​ហិកតា ដើម្បី​ធ្វើ​កសិ​ឧស្សាហ​កម្ម (អំពៅ) និ​ង​សាង​សង់​​រោង​​ចក្រ​​ស្ករស មាន​​ទីតាំង​​​នៅ​​ឃុំ​​កោះខ្ញែរ ឃុំ​​អូរ​គ្រៀង ឃុំសំបូរ និង​ឃុំក្បាល​ដំរី នៃ​​ស្រុក​​សំបូរ ខេត្ត​​ក្រចេះ កាលពី​​​​ថ្ងៃទី​​១៩ ខែ​​សីហា ឆ្នាំ​២០០៩។

នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ និង​កិច្ច​សន្យា​ស្តីពី​ការ​វិនិយោគ ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ធ្វើ​ឡើងរវាង​ក្រុមហ៊ុន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ក្រោយមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ​ដីខេត្ត​ក្រចេះ បាន​ចុះ​​វាស់​វែង និង​កាត់ឈ្វៀល ធ្វើ​ការ​ចុះ​បញ្ជី​ដី​ជា​កម្ម​វត្ថុ​នៃ​គម្រោង​​វិនិយោគ ជា​ដី​ឯកជន​របស់​រដ្ឋ និង​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សម្ប​ទាន​​​សេដ្ឋកិច្ច​ចំនួន ៦៣​ប័ណ្ណ មាន​ផ្ទៃ​ដី​សរុប​ចំនួន ១៤ ៩២១,៤៩ (មួយ​ម៉ឺន​បួន​ពាន់​ប្រាំ​បួន​​រយ​ម្ភៃមួយ​ក្បៀស​សែសិ​ប​ប្រាំ​បួន)​ហិកតា។

នៅអំឡុងឆ្នាំ២០២៤ ក្រុមហ៊ុនកសិកម្ម​យុវជន​ស្វាយរៀង ឯ.ក នឹង​អាជ្ញាធរ​ខេត្ត រក​ឃើញ​ដី​មួយ​ផ្នែក​ទំហំ ៦០,១៨ (ហុក​សិប​ក្បៀស​ដប់​​ប្រាំ​បី)​ហិកតា ត្រូវ​បាន​ទន្ទ្រានចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់ ដោយ​បុគ្គល ៦​នាក់ មាន លោក ភេម ឡៃ កាន់​កាប់​ដី​ទំហំ ២០,៧០​ហិកតា, លោក ស៊ឹង ករុណា ទំហំ ១១,៨៣​ហិកតា, លោក​ ប្រុក ភារម្យ ទំហំ​១,៧៨​ហិកតា, លោក ឌុច សាគី ទំហំ ៥,០៣​ហិកតា, អ្នកស្រី អែល រ៉ូហ្សា ទំហំ ៩,២០​ហិកតា និង​លោក អ៊ុន សុខុម ទំហំ ១១,៦៤​ហិកតា បាន​ធ្វើ​សកម្មភាព​កៀង​គរ ញុះ​ញង់ និ​ង​ដឹក​នាំពលរដ្ឋ ចូល​ទៅ​ទន្ទ្រាន និង​កាន់​កាប់​ដី​ទំហំ ៥២០​ហិកតា ដែល​បាន​ចុះ​បញ្ជី​រួច។

បច្ចុប្បន្ន សំណុំរឿងនេះ សាលា​ដំបូង​ខេត្តក្រចេះ កំពុង​ស៊ើប​អង្កេត​នៅឡើយ និងចាត់ការលើករណីនេះឱ្យ​បាន​ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

សម្រាប់ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ពូនង​ អ្នក​ស្រី ញែម ផុម បាន​អះ​អាង​ថា ពួក​គាត់​មិនបាន​ចូល​ទៅ​ទន្រ្ទាន​យក​ដី​ក្រុម​ហ៊ុន​នោះ​ទេ មាន​តែ​ក្រុមហ៊ុន​ទេ​ដែល​រំលោភ​យក​ដី​ពលរដ្ឋ ដែល​អាស្រ័យផល​តាំង​ពី​ជំនាន់​​ម្ដាយ​ឪពុក​គាត់។

ប្រភពបន្តថា គាត់ជាពលរដ្ឋ​ក្រីក្រ​គ្មាន​អ្វី​ជា​ទី​ពឹង​ក្រៅ​ពី​ដី​នេះ​ទេ ពួក​គាត់​ស្នើ​រដ្ឋា​ភិបាល​ជួយ​រក​យុត្តិធម៌​ជូនពួក​គាត់​ផង។

អ្នកស្រីថា៖«មិនមែនការពិតទេ រឿងហ្នឹងគេបំផុសបំផុលបង្ខូចពួកគាត់ទេ ការពិតអត់មានទេ មានតែក្រុមហ៊ុនទេដែលបំពានយកដីពលរដ្ឋ បើឱ្យពលរដ្ឋបំពានដីក្រុមហ៊ុនគ្មានទេខាងក្រុមហ៊ុន គេចោទថាយើងយកដីក្រុមហ៊ុន គឺមិនពិតទេ ខ្ញុំធ្វើស្រែរាល់ថ្ងៃធ្វើទាំងវេទនា ឥលូវដីភូមិប៉ះខាងបរិស្ថានដីស្រែប៉ះខាងក្រុមហ៊ុន ឥលូវពិបាកណាស់ ជីវភាពខ្វះខាតទៀតរកល្ងាចខ្វះព្រឹករកព្រឹកខ្វះល្ងាច»។

ករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលិន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ។ ដោយ​ឡែក សម្រាប់ អនុ​​ប្រធាន​​​ផ្នែក​​​​​សិទ្ធិ​​​​មនុស្ស ដីធ្លី និង​​​​ធនធាន​​​​ធម្មជាតិ នៃ​​​​សមាគម​​​​​ការ​​ពារ​​​សិទ្ធិ​​​​មនុស្ស​​​អាដ​ហុក លោក យិន ម៉េងលី ជំរុញឱ្យមានការដោះស្រាយក្រៅប្រព័ន្ធ​តុលាការ ស្រប​តាម​គោល​នយោបាយ ឈ្នះ​ឈ្នះ និង​យន្តការ​គណៈ​កម្មការ​សូរិយោដី ដែល​សំដៅ​ដល់​ការ​សម្រប​សម្រួល​ដោយ​ផ្ដល់​ឱ្យ​ភាគី​ទាំង​សង​ខាង​ ទទួលទាំង​អស់​គ្នា។

បន្ថែមពីនេះ លោក​ចង់​ឃើញ​រដ្ឋាភិបាល ពន្លឿន​ដោះ​ស្រាយ​បញ្ចប់​​បញ្ហា​នេះ ជា​ជាង​អូស​បន្លាយ​ពេល​បែបនេះ បើ​អា​ច​​ទម្លាក់​បទ​ចោទ​តែ​ម្ដង ព្រោះ​បញ្ហា​នេះ​បាន​អូស​បន្លាយ​មក​ជា​យូរ​ហើយ។

លោកថា៖«រឿងនេះវាអាចធ្វើទៅបាន មិនមានអីដែលធ្វើមិនបាននោះទេ តុលាការគាត់កុំទទួលក្ដីរឿងនេះ ព្រះរាជអាជ្ញាទម្លាក់បទចោទនេះ ចេញហើយបង្វិលរឿនេះមកឲ្យគណៈកម្មការយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលមានស្រាប់គឺជារឿងមួយដែលល្អ មិនមានរឿងអីដែលមិនអាចធ្វើបាននោះទេ យើងចូលចិត្តតែប្ដឹងផ្ដល់ទៅតាមផ្លូវតុលាការ ហើយយើងដឹងហើយតាមផ្លូវតុលាការ បទចោទគឺសុទ្ធតែពាក់ព័ន្ធនឹងព្រហ្មទណ្ឌ វាធ្វើឲ្យមានការឈ្នះមានចាញ់ មានអ្នករត់ចោលស្រុករត់ចោលផ្ទះសម្បែង មានអ្នខ្លះព្រាត់ប្រាសប្រពន្ធកូន បាត់បង់ការងារធ្វើឲ្យស្ថានភាពជីវភាពកាន់តែលំបាក»

បើតាមអាដហុក ជុំវិញសំណុំរឿង​នេះ តុលាការខេត្តក្រចេះ នឹង​កោះ​​​ហៅ​ឱ្យ​តំណាង​អ្ន​​កតវ៉ា​​ដីធ្លី​​ទាំ​​ង​នោះ ​ចូល​​​ទៅ​បំភ្លឺ​ជាថ្មី​ទៀត​នៅ​ចុង​ខែ​មេសា​នេះ តាម​បណ្តឹង​របស់​ក្រុម​ហ៊ុន។

ជុំវិញ​បញ្ហា​ដីធ្លីនេះដែរ​​ កាល​ពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ តុលាការខេត្ត​ក្រចេះ បាន​កោះ​ហៅ​តំណាង​​ពលរដ្ឋ​ចំនួន ៦នាក់ តាម​​បណ្តឹង​​របស់​​ភាគី​​ក្រុម​ហ៊ុន ដោយ​​ចោទ​​​​​ពីបទ​​ហិង្សា។

បើតាមប្រភព​​​ដដែល ជិត​១ឆ្នាំទៅ​នេះ ពួក​​គាត់​​​បា​​ន​​ឡើង​​​មករាជធានី​​​ភ្នំពេញ រក​​​កិច្ច​​​អន្តរាគមន៍​​ពី​មេដឹក​នាំ​​ញឹក​ញាប់ រួម​​​​​ទាំង​​​​​ក្រសួង​​​ពាក់​ព័ន្ធ​​​របស់​​រដ្ឋាភិបាលផ​ង​​ដែរ ឱ្យ​​ជួ​យ​​​ទប់​​​ស្កាត់​​​​ការ​​រំលោភ​យក​ដី ពី​សំណាក់​​ក្រុម​​ហ៊ុន​​​វៀត​​ណាម​​​នេះ ប៉ុន្តែ​​​ថា​​មក​ដល់​​ពេល​​នេះ​​គ្មាន​​ដំណោះ​​ស្រាយ​ទេ។

ពួកគាត់​ថា ចំពេល​យុត្តិធម៌​​ត្រូវ​​​បាន​​ស្ថាប័ន​​​ជាតិ​​​កប់​​​ចោល ក្រុម​​ហ៊ុន​​វៀត​​ណាម បាន​​​​បង្កើន​​​​ការ​​​ប្រើ​​​ដៃ​តុលាការ ប្តឹង​​​ចោ​ទ​​​ប្រកាន់​តំណាង​​ពួក​គាត់​ជា​ជន​​រង​គ្រោះ​ទៅ​វិញ ហើយ​ពេល​នេះ​​រង​សម្ពាធ​​ពី​​ក្រសួង​​បង្ខំឱ្យ​​ចាក​​ចេញ​​ពី​ដី​ធ្លាប់​អាស្រ័យ​​ផល ទៅ​ទទួល​យក​​​ដី​​នៅ​​​ខេត្ត​​ស្ទឹង​​ត្រែង ដើម្បី​​បើក​​ផ្លូវ​ឱ្យ​ក្រុម​​ហ៊ុន​​វៀត​ណា​ម ដែល​​​រំលោភ​​បំពាន​​ដីធ្លី​ពួក​​គាត់​​ទៅ​​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ