អ្នកឃ្លាំ​មើល​ថា បញ្ហា​ធំ​២​ដែល​មេដឹក​នាំ​ត្រូវ​ធ្វើ​ដើម្បី​សង្គ្រោះ​សេដ្ឋ​កិច្ច​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

អ្នកឃ្លាំមើល និយាយថា ដើម្បី​សង្គ្រោះ​ជីវភាព​ពលរដ្ឋ​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម ដែល​មាន​ពេល​ត្រឹម ៩០​ថ្ងៃ​ទៀត​នោះ កម្ពុជា​ចាំបាច់​ណាស់ ត្រូ​វ​ធ្វើ​ឱ្យ​ប្លុក​លោក​សេរី​មាន​ជំនឿ​ថា ខ្លួន​មិន​មែន​ជា​ឧបករណ៍​របស់​ចិន និង​ភាព​ចាំ​បាច់មួយ​ទៀត គឺ​ត្រូវ​ស្តារ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ។

ការលើក​ឡើង​នេះ ចំពេល​ដែល​ប្រធានា​ធិបតី ត្រាំ បាន​បង្កើន​ការ​ដំឡើង​ពន្ធ​ដល់​មហា​អំណាច​យក្ស​ចិនដល់​១២៥​ភាគ​រយ រីឯ​ប្រទេស​ចំនួន​៧៥​ទៀត អាមេរិក​ផ្អាក​អនុវត្ត​ការ​ដំឡើង​ពន្ធ​ខ្ពស់ ដោយ​ទុក​ពេល​៩០​ថ្ងៃ សម្រាប់​ការចរចា​ដោយ​អនុវត្ត​ត្រឹម​១០​ភាគ​រយ​ដូច​គ្នា។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយ​ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​ថា ដើម្បី​សង្គ្រោះ​សេដ្ឋ​កិច្ច​កម្ពុជា មេដឹកនាំ​កម្ពុជា ចាំបាច់​ត្រូវ​ស្តារ​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ និង​ដោះ​លែង​ លោក កឹម សុខា។
លោក​ថា ការចោទប្រកាន់ លោក កឹម សុខា គប់​គិត​ជាមួយ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ក៏​ជា​កត្តាជំរុញ​ឱ្យ​អាមេរិក មិន​ពេញ​ចិត្ត​ឈាន​រហូត​ការ​ដាក់​ទណ្ឌ​កម្ម គឺ​ដំឡើង​ពន្ធ​ខ្ព​ស់​មក​លើ​កម្ពុជា​ផង​ដែរ។ លើសពី​នេះ លោក​ថា ការ​មិន​ស្មោះ​ត្រង់​ចំពោះ​អាមេរិក​ ដែល​មេដឹក​នាំ​កម្ពុជា តែង​តែ​ឱប​ជើង​ចិន​ជ្រុល ឬ​ជា​ឧបករណ៍​របស់​ចិន​នោះ ធ្វើ​ឱ្យ​​អាមេរិក​មិន​ពេញចិត្ត​ ទើប​ដំឡើង​ពន្ធ​ខ្ពស់​លើ​កម្ពុ​ជា​បែប​នេះ។

លោកថា៖ «អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ត្រូវ​ស្ពាយ​ពីរចំនុច។ ចំណុច​ទី១ គឺ​ត្រូ​វ​ធានា​ឲ្យ​បាន​ច្បាស់​ អំពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ រវាង​កម្ពុជា​ជាមួយ​អាមេរិក និង​កម្ពុជាជា​មួយ​ចិន ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​កម្ពុជា​ក្លា​យប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ សម្រាប់​ឆ្លង​កាត់​ទំនិញ​របស់​ចិន​ទៅសហរដ្ឋ​អាមេ​រិក​ រឿង​ហ្នឹង​ត្រូវ​ធ្វើ​ឲ្យ​ច្បាស់។ ទី២​គឺ​ត្រូ​វងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅកម្ពុជា តាម​រយៈ​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ លោក កឹម សុខា ហេតុ​អ្វី​បាន​ខ្ញុំ​និយាយ​ចឹង ដោយ​សារ​តែរឿង​ក្តី លោក កឹម សុខា ជារឿង​ដែល​រដ្ឋាភិបាល​កម្ពុជា​ ចោទ​សហរដ្ឋ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិ​បាល»។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិ​តស៊ូ លោក គឹម សុខ បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​នៅ​ថ្ងៃ​ទី​១០ខែ​មេសា​នេះ​ថា កម្ពុជា​នឹង​នៅ​តែ​ជា​ឧបករណ៍​របស់​ចិន បើ​សហរដ្ឋ​អាមេរិក មិន​ភ្ជាប់​លក្ខខណ្ឌ​ឱ្យ​​ស្តារ​ប្រជា​ធិប​តេយ្យ តាម​រយៈ​​​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ បើក​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ ។ បំបាត់​ពួក​ម៉ាហ៊្វីយ៉ា​និយម​ដ៏​មាន​អំណាច ដែល​ជាក្រុម​ជួញ​ដូរ​​មនុស្ស កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ឆបោក​តាម​អន​ឡាញ។

ក្រៅពី​នេះ គឺការ​ធានា​អព្យា​ក្រឹត​ភាព នៃ​ទំនាក់​ទំនង​យោធា​កម្ពុជា ជាមួយ​រដ្ឋ​បរទេស ជាពិសេស​ការ​ជម្រះ​ឲ្យ​អស់សង្ស័យ​អំពី​ឥទ្ធិពល​កងទ័ព​ចិន នៅ​មូល​ដ្ឋាន​ទ័ព​សមុទ្រ​រាម។

លើស​ពី​នេះ ប្រធាន​ចលនា​ជាតិ​តស៊ូ លោក សម រង្ស៊ី និយាយ​ថា អាមេរិក​ និង​អឺរ៉ុប លើក​លែង​ពន្ធ​កម្ពុជា​ច្រើនឆ្នាំ​មក​ហើយ តែ​ផល​ចំណេញ​មិន​បាន​ធ្លា​ក់ដល់​ដៃ​ប្រជាជន​ខ្មែរ​ទេ គឺ​បាន​ធ្លា​ក់​ត្រឹ​ម​ដៃ​ថៅកែ​ចិន និង​មន្ត្រី​ពុក​រលួយខ្មែរ​តែ​ប៉ុណ្ណោះ។

VODមិនទាន់អាចសុំការអត្ថាធិប្បាយ​ ពីអ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក មាស សុខ​សេន​សាន នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ប្រាប់​VOD​ថា រដ្ឋាភិបាល​តាម​រយៈ​រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា លោក​ស្រី ចម និម្មល បាន​ប្រាប់​រួច​ហើយ​ពី​យន្ត​ការ​ត្រៀម​ចរចា​ ជុំវិញ​វិធាន​ដែល​អាមេ​រិកដំឡើង​ពន្ធ​លើ​កម្ពុជា​នេះ។

លោកថា៖ «អូ! ខ្ញុំមិន​មែនអ្នកសេដ្ឋកិច្ចទេ មិន​អាច​និយាយ​បាន​ទេ ហើយ​ក្នុង​នេះ​ជំទាវ​ក្រសួង​ពាណិជ្ជ​កម្ម លោកបាន​លើក​ឡើង​បង្ហាញ​ជា​សាធារណៈ​រួច​ហើយ​ថា តើ​ទស្សនៈ​រដ្ឋាភិបាល​ថា​ម៉េច លោក​ជំទាវ​ក្រសួង​ពាណិជ្ជ​កម្មតំណាង​ឱ្យ​រដ្ឋាភិបាល​ហ្នឹង លោក​បាន​បង្ហាញ​រួច​ហើយ ជម្រាប​ជូន​សាធារណ​ជន​ជ្រាប​រួច​ហើយ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់ លោក មឿន តុលា អះ​អាង​ថា សម្ពាយ​ដែល​កម្ពុជា​ត្រូវ​វេច​ទៅ​ចរចា​ជាមួយ​អាមេរិក​ ជុំវិញ​វិធាន​ដំឡើង​ពន្ធ​នេះ កម្ពុជា​ត្រូវ​លាង​សម្អាត​ខ្លួន​ពីមន្ទិល ដែល​អាមេរិក​ធ្លាប់​សង្ស័​យ​ថា ជា​កូន​អ៊ុក​របស់​ចិន។

មួយវិញ​ទៀត លោក​គិត​ថា បើទោះ​បី​វិធាន​ដំឡើង​ពន្ធ​នេះ ប្រធានាធិបតីអាមេរិក ហាក់​មិន​ផ្តោត​លើ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​ក្តី តែ​ថាក​ម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ទៀត បើ​មិន​ស្តារ​ប្រជា​ធិប​តេយ្យ។

សម្រាប់ លោក តុលា កម្ពុជានៅមានលំហូរទីផ្សារធំៗមួយ​ចំនួន​ទៀត ក្រៅ​​​ពី​សហរដ្ឋ​អាមេរិក ដូច​ជា ទីផ្សារ​អឺរ៉ុប ចក្រ​ភព​អង់​គ្លេស និង​ប្រទេ​ស​ប្រជាធិបតេយ្យ​ជឿន​លឿន​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ថា ច្រក​ទ្វារ​ទីផ្សារ​ប្រទេស​ទាំងនោះ រួម​ទាំង​សហភាព​អឺរ៉ុប​ផង មាន​លក្ខណៈ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ការ​ងារ និង​សិទ្ធិ​នយោបាយ តាម​គន្លង​ប្រជាធិប​តេយ្យ ខណៈ​ការដក​ប្រព័ន្ធ​អនុគ្រោះ​EBA ២០​ភាគរយ កន្លង​ទៅ និង​ព្រមាន​ដក​៨០ភាគរយ​ទៀត ដែលនៅ​សល់ គឺ​ថា ដោយ​សារ​តែ​មេដឹក​នាំបក្ស​កាន់​អំណាច​កម្ពុជា ធ្វើ​មិន​ដឹង​មិន​ឮ​ពី​ការ​ជំរុញ​ឱ្យ​ស្តារ​ប្រជា​ធិប​តេយ្យ។

លោកថា៖ «រឿងរ៉ាវទំនាក់ទំនងការទូត រវាង​កម្ពុជា​និង​អាមេរិក​នេះ គឺ​វា​ហាក់​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិនសូវ​ជា​ល្អូក​ល្អឺន​ជាមួយ​គ្នា​ប៉ុន្មាន​ទេ។ អាមេរិក​បារម្ភ​ខ្លាច​កម្ពុជា​ប្រគល់​ ឬ​ក៏​ផ្តល់​ទីតាំង​ឱ្យ​ចិន​ដាក់​មូល​ដ្ឋាន​ទ័ព ដូច​នៅ​រាម ដូច​នៅ​កោះ​កុង​ជាដើម។ ហើយ​ចំណុច​មួយ​ទៀត​ហ្នឹង គឺ​រឿង​ឲ្យ​ចិន​ហ្នឹង​យក​ទំនិញ​ទៅ​អាមេរិក​ដោយដាក់​ផ្លាក​កម្ពុជា ដើម្បី​បាន​រួច​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ឬ​មួយ​ក៏​ពន្ធ​ធូរ​ថ្លៃ ឥឡូវ​ចិន​ទទួល​រង​ពន្ធ​រហូត​ដល់​ ១២៥% ចឹង​អ្វី​ដែល​មេដឹកនាំ​ខ្មែរ​ចាំបាច់​ត្រូវ​វេច​ស្ពាយ​យក​ទៅ​ជជែក​ចរចា​ហ្នឹង គឺ​រឿង​ហ្នឹ​ងឯង គឺ​រឿង​ឱ្យ​ច្បាស់​ថា​ខ្លួន​ឯងពិត​មាន​អធិប​តេយ្យ​មែន គឺ​មិន​មែន​ជា​ឧបករណ៍​របស់​ចិន»។

សភាអឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើង​វិញ​អំណោយ​ផលប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន ៨០% ជាមួយ​កម្ពុជា ដែល​ជា​ការ​ឆ្លើយ​តប​ការ​មិន​អើ​ពើ​ស្តារ​ប្រជាធិប​តេយ្យ ពី​សំណាក់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ចាប់​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​​មេដឹក​នាំគណបក្ស​នេះ ដាក់​ពន្ធនាគារ​ រួម​ទាំង លោក កឹម សុខា និ​ងយាយី​សំឡេង​ប្រឆាំង​រហូត​បច្ចុប្បន្ន។

រីឯ ប្រពន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ក៏​កម្ពុជា​មិន​ទាន់​ទទួល​បាន​ឡើង​វិញ​ដែរ ក្រោ​យពី​ត្រូវ​ផ្អាក​អំឡុងឆ្នាំ​២០២០។

ប្រព័ន្ធអនុគ្រោះពន្ធទាំង២នេះ បានភ្ជាប់កាតព្វកិច្ចគោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ ដែល​ជាអំណោយ​ផល​ដល់​កំណើន​សេដ្ឋ​កិច្ច​ជាតិ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​ច្រើន​លាន​នាក់ ទាំង​ផ្ទាល់​និង​ប្រយោល តាម​រយៈ​បង្កើត​ទីផ្សារ​ការ​ងារ ក្នុង​ប្រទេស​កម្ពុជា ពិសេស​វិស័យ​កាត់​ដេរ។

ប៉ុន្តែអំណោយ​ផល​សេដ្ឋកិច្ច​ទាំងពី​រ​នេះ បានរបូត​ទៅវិញ ក្រោយ​បន្ទាត់​នយោបាយ​គ្រួសារ​ហ៊ុន ជិត​១០​ឆ្នាំ​​ទៅ​នេះ ត្រូវ​បាន​គេមើ​ល​ឃើញ​ថា បាន​ដើរ​ចេញ​ពី​គន្ល​ងប្រជាធិប​តេយ្យ ហើយ​រអិល​កាន់​តែ​លឿន​ទៅ​រក​របប​ដឹកនាំ​​បែបផ្តាច់​ការ ហើយស្នង​តំណែង​តពូជ ដូច​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ