បញ្ហាក្មេងទំនើងហាក់មានការកក្រើកឡើងវិញ នៅមុនពេលចូលឆ្នាំថ្មីនេះ ដោយក្នុងនោះសមត្ថកិច្ចខណ្ឌឬស្សីកែវ បានស្រាវជ្រាវចាប់ខ្លួនក្មេងទំនើងដែលប្រើប្រាស់ហិង្សាវាយតប់គ្នាចំនួន ៥នាក់ ខណៈក្មេងទំនើងជាតិ ១០០នាក់ទៀត ត្រូវបានសមត្ថកិច្ចរាជធានី-ខេត្ត បញ្ជូនខ្លួនទៅតុលាការ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកនានា ឱ្យដឹងថា សមត្ថកិចខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវចាប់ខ្លួនក្មេងទំនើងចំនួន ៥នាក់ ដែលបង្កសកម្មភាពហិង្សាវាយតប់គ្នា បង្កចលាចល បាត់សណ្តាប់ធ្នាប់ និងអសន្តិសុខក្នុងមូលដ្ឋាន។
ប្រភពដដែលបន្តថា ក្រោយការសាកសួរ ពួកគេត្រូវបានសមត្ថកិច្ច កសាងនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
ចំណែក នៅថ្ងៃទី៩ ខែមេសាម្សិលមិញនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ក្មេងទំនើងជិត ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាក្នុងរាជធានី និងខេត្តមួយចំនួន។
ប្រភពដដែល បន្តថា ក្មេងទំនើងទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមិនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នាមុនឱកាសពិធីបុណ្យចូលឆ្នាំ ដែលពួកគេទាំងនោះមានមូលដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកំណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវជាដើម។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ប្រាប់វីអូឌី នៅថ្ងៃទី១០ ខែមេសានេះថា យុទ្ធនាការបង្ក្រាបក្មេងទំនើងនេះ គឺខាងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើយ៉ាងសស្រាក់សស្រាំ ដោយអនុវត្តតាមវិធីសាស្ត្របង្ការ អប់រំ និងបង្កើនកិច្ចសហប្រតិបត្តិការនៅសហគមន៍។
លោកបន្តថា នៅដើមឆ្នាំ២០២៥នេះ បញ្ហាក្មេងទំនើងបានថយចុះប្រមាណ ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះជាបញ្ហានេះនៅបន្តកើតមានខ្លះៗ ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដោយ។
អ្នកនាំពាក្យរូបនេះ បន្តទៀតថា បញ្ហាក្មេងទំនើងដែលនៅបន្តកើតមាននេះ ដោយសារតែមានយុវជនខ្លះនៅភ្លើតភ្លើន មិនទាន់ភ្ញាក់រលឹកទទួលការអប់រំពីអណាព្យាបាល ពីសហគមន៍ និងពីគ្រូបង្រៀនជាដើម ខណៈបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់បណ្តាញសង្គម តាមរយៈការឌឺដងគ្នាមួយចំនួន ក៏បង្កើតទៅជាបញ្ហាក្មេងទំនើងវាយតប់គ្នាផងដែរ។
យ៉ាងណា លោកថា សមត្ថកិច្ចបានដាក់ចេញវិធានការជាច្រើន ក្នុងការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែបញ្ហានេះ ក៏ត្រូវមានការចូលរួមផ្សព្វផ្សាយ និងអប់រំបន្ថែមទៀត ព្រមទាំងការរាយការណ៍ពីការប្រមូលផ្តុំរបស់ក្រុមក្មេងទំនើង ពីម្ចាស់អាជីវកម្មហាងកាហ្វេមួយចំនួនផងដែរ ដើម្បីឱ្យការទប់ស្កាត់មានប្រសិទ្ធភាព។
លោក ឆាយ គឹមខឿន ក៏បានអំពាវនាវដែរថា៖ «បើជុំគ្នា ជុំគ្នាពិភាក្សាការសិក្សា វិធីសាស្ត្រធ្វើម៉េចរៀនពូកែ ស្តាប់ដំបូន្មានគ្រូបង្រៀន ស្តាប់ដំបូន្មានមាតាបិតា ហើយបញ្ហាប្រើហិង្សា អាងបក្សពួកអ៊ឹងកងនេះ វាអត់ដែលផ្តល់ផលល្អទេ ហើយកុំនាំគ្នាទទួលយកឥទ្ធិពលពាលាអាវ៉ាសែ ដែលជាគេហៅថាវប្បធម៌បំពុលសង្គមនោះ ហើយសំណូមពរដល់មាតាបិតា អណាព្យាបាល ក៏ដូចជាលោកគ្រូអ្នកគ្រូ ដែលលោកនៅក្នុងគ្រឹះស្ថានសិក្សា សូមមេត្តាផ្តល់កិច្ចសហការដល់សមត្ថកិច្ច មានតែពួកគាត់ទេដែលដឹងថា ជាពិសេសលោកគ្រូអ្នកគ្រូគាត់ដឹងថា ក្នុងសាលានេះ មានសិស្សណាមួយដែលវាលេចធ្លោរឿងខិលខូច អត់ចូលសាលា ហើយឪពុកម្តាយក៏សុំតាមដានកូនដែរ ហើយបើមានបញ្ហាសូមផ្តល់ព័ត៌មានមកសមត្ថកិច្ច»។
នាពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានបញ្ជាទៅកាន់អភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងវិធានការបង្ក្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើងនេះផងដែរ។
លោកថា៖ «អភិបាលគណៈអភិបាលរាជធានីខេត្ត មួយរយៈនេះឃើញអាពួកក្មេងទំនើងវាកើតឡើងវិញ នៅតាមបណ្តាខេត្តមួយចំនួន ហើយនៅរាជធានីភ្នំពេញ សូមឯកឧត្តមលោកជំទាវ ចាត់ចែងអារឿងនេះឱ្យបាន កុំឱ្យប្រជាពលរដ្ឋធុញទ្រាន់ បាត់ជំនឿលើយើងដដែលជាដដែល ដាក់បានតិចងើបៗ បើអារឿងអីផ្សេងវាពិបាកធ្វើ វាស្ងាត់ អារឿងគ្រឿងញៀនអារឿងអីនេះ វាដូចអំពិលអំពែក តែពួកអាក្មេងស្ទាវកាប់ដាវនេះ ដូចជាមិនលំបាកធ្វើទេ តាមមុខសញ្ញាវា ចាប់ឱ្យជាប់ទាំងអស់។ ខ្ញុំប្រាប់ទៅឯកឧត្តម កើត រិទ្ធ មើលអាពួកចូលគុកហ្នឹង កុំឱ្យលែង តុលាការអីហ្នឹងមើល អីចឹងរឿងសមត្ថកិច្ចរបស់យើងត្រូវពង្រឹង សូមឱ្យប្រគល់ភារកិច្ចឱ្យស្នងការរាជធានីខេត្ត ជាមួយអាវុធហត្ថ ចាត់ចែងពួកអាហ្នឹងមើល គ្មានខាតទេដាក់ពួកអានេះក្នុងគុកនោះ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សង្កេតឃើញថា ការបង្ក្រាបក្មេងទំនើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជាធ្វើឡើងមួយឆាវៗ ដោយថា នៅពេលដែលថ្នាក់ដឹកនាំប្រទេសលើកឡើង ឬក៏បញ្ជាឱ្យទប់ស្កាត់ បញ្ហានេះក៏រៀងធូរស្រាល ហើយនៅពេលដែលថ្នាក់ដឹកនាំស្ងាត់ ការទប់ស្កាត់ និងការបង្ក្រាបក៏រសាយទៅតាមនោះដែរ។
លោកបន្តថា ការទប់ស្កាត់បញ្ហាក្មេងទំនើងនេះ ចាំបាច់ត្រូវមានការចូលរួមបង្ការ និងទប់ស្កាត់ទាំងអស់គ្នា មិនថាតែតួអង្គរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាណាព្យាបាល និងវិស័យអប់រំនោះទេ ដោយត្រូវមានផែនការរួមគ្នា ធ្វើការរួមគ្នា និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក នៅពេលដែលមានសញ្ញាណមិនល្អណាមួយកើតឡើងក្នុងសហគមន៍។
លោកថា៖ «ក្រសួងពាក់ព័ន្ធ ខ្ញុំថា ជាការទទួលខុសត្រូវរបស់គាត់ ហើយត្រូវធ្វើជាប្រចាំរឿងអស់ហ្នឹង ហើយតើវិធានការស្អីខ្លះដែលត្រូវធ្វើ ហើយត្រូវប្រើប្រាស់ឱ្យគ្រប់វិធានការ មិនមែនគ្រាន់តែថា គ្រាន់តែចាប់ហើយ យកទៅដាក់ពន្ធនាគារហ្នឹង គឺចាត់ទុកជារឿងចប់ទេ បើសិនជាយើងកែប្រែគាត់ ចង់ធ្វើសមាហរណកម្មគាត់ចូលសង្គម ត្រូវតែកែប្រែឥរិយាបទគាត់ឱ្យក្លាយជាមនុស្សឡើងវិញ ហើយពួកយុវជននេះ កាលណាតែយើងគិតតែលើការដាក់ទោសទណ្ឌតែមួយមុខ គឺអត់អាចនឹងកែប្រែឥរិយាបទ មកចូលរស់នៅក្នុងសង្គមស្រួលបួលនឹងគេនឹងឯងទេ គឺតែងតែមានបញ្ហាកើតឡើងជាបន្តបន្ទាប់ទៀតហើយ»។
ក្រៅពីនោះ លោកថា ការបង្ក្រាបក៏ត្រូវធ្វើឱ្យដល់ឬសគល់នៃបញ្ហាផងដែរ ដូចជាត្រូវទប់ស្កាត់រឿងបញ្ហាគ្រឿងស្រវឹង និងគ្រឿងញៀនជាដើម ដោយសារមានក្មេងទំនើងខ្លះក៏ពាក់ព័ន្ធនឹងបញ្ហាទាំងពីរ ដែលធ្វើឱ្យពួកគាត់ហ៊ានទៅដល់ការប្រើហិង្សារវាងគ្នានឹងគ្នា។
បើតាម លោក យង់ គិមអេង កាលណាតែក្មេងទំនើងនៅតែបន្តកើតមានច្រើន នោះវាបង្ហាញថាសង្គមនោះមានរឿងអសន្តិសុខ ដែលបង្កភាពខ្លាចក្នុងចំណោមប្រជាជន និងភ្ញៀវទេសចរហើយវាក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ ដែលមានកូនៗ ឬសមាជិកជាក្មេងទំនើងនោះដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” កាលពីថ្ងៃទី២៥ ខែធ្នូថា អនុវត្តទៅតាមបញ្ជារបស់នាយករដ្ឋមន្ត្រី និងការណែនាំរបស់ក្រសួងយុត្តិធម៌ តុលាការរាជធានី-ខេត្ត បានទទួលចាត់ការសំណុំរឿងក្មេងទំនើងចំនួន ២ ១១៥កណី ចាប់ពីថ្ងៃទី២៣ ខែឧសភាកន្លងមក ក្នុងនោះ ជនដៃដល់ និងអ្នកពាក់ព័ន្ធដទៃទៀតសរុប ២ ៨៤៩រូប ត្រូវបានឃុំខ្លួន៕