ពលរដ្ឋខ្មែរនឹង​​រង​គ្រោះ​ធ្ងន់​ធ្ងរ​បើ​ចិន​នៅ​​​តែ​​អាច​​​យក​កម្ពុជា​​ធ្វើ​​ទីផ្សារ​​ដើម្បី​​កើប​​លុយ​ពី​អាមេរិក

អ្នកឃ្លាំមើលមួយចំនួន ព្រមាន​ថា ពលរដ្ឋ​កម្ពុជា​នឹង​រង​គ្រោះ​ធ្ងន់​ធ្ងរ ពី​សង្គ្រាម​ពាណិជ្ជ​កម្ម របស់​មហា​អំ​ណាច បើ​បន្ទាត់​នយោបាយ​របស់​គ្រួសារ​ហ៊ុន មិន​ព្រម​លាង​ជម្រះ​មន្ទិល ដែល​ថា កម្ពុជា​ជា​ប្រទេស​នាំ​ទំ​និញ​​ចិន ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក​នោះ។

ក្តីបារម្ភនេះ ក្រោយ​​​ពី​​សង្គ្រាម​​ពាណិជកម្ម​​មហា​អំណាច​ទាំង​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ចិន​ កំពុង​ផ្ទុះ​ឡើង គឺ​អាមេរិក​​ដាក់​ពន្ធ​ចិន​ឡើង​ដល់ ១៤៥​ភាគ​រយ និង​ដំឡើង​ពន្ធ​ដល់​ប្រទេស​មួយ​ចំនួន​ទៀត រួម​ទាំង​កម្ពុជា ដោយ​ទុក​ពេល​៩០​ថ្ងៃសម្រាប់​ចរចា​ជាមួយ​ប្រទេសចំនួន​៧៥ ក្នុង​នោះ​មាន​ទាំង​កម្ពុជា។

ក្រោមកម្តៅនេះ មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង នឹង​​​​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំ​បន់អាស៊ី រួម​ទាំង​ប្រ​​​ទេស​​​កម្ពុជា​ នៅ​សប្តាហ៍​ក្រោយ​នេះ ដោយ​សំអាង​ពី​ការ​ពង្រឹង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​កម្ពុជា ចិន ដែល​ជា​មិត្ត​ដែក​ថែប។

ក្នុងដំណើរ​ទស្សនកិច្ចនោះ លោក ស៊ី ជីនពីង នឹង​ចូល​គាល់​ព្រះមហាក្សត្រ នៅ​ព្រះបរម​រាជ​វាំង និង​ជួបជាមួយ​ប្រធាន​​​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ស្តីពី​ការ​ពង្រឹងពង្រីក​ទំនាក់​ទំនង​​ទ្វេ​ភាគី និង​ផ្លាស់​ប្តូរ​​យោបល់ អំពី​​បញ្ហា​តំបន់ និង​អន្តរ​ជាតិ ដែល​មាន​ការ​​ចាប់​អារម្មណ៍​ដូច​គ្នា។

ជុំវិញបញ្ហានេះ​ តំណាងរាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី១១ ខែ​មេសា​នេះថា ដំណើរ​ទស្សន​កិច្ច​មេដឹកនាំ​ចិន​មក​កម្ពុជា ជា​សញ្ញា​មិន​ល្អ​សម្រាប់​កម្ពុជា ស្រប​ពេល​អាមេរិក​កំពុង​ធ្វើសង្រ្គាម​ពាណិជ្ឋ​កម្ម​ជាមួយ​ចិន។

លោក​ថា សញ្ញា​អវិជ្ជមាន​ត្រង់​ថា អាមេរិក​កំពុង​ដំឡើង​ពន្ធ​គយ​លើ​ប្រទេស​ចិន​ខ្ពស់​ជាង​រហូត​ដល់១៤៥% ដូច្នេះ​អ្ន​ក​ដែល​បន្ត​ឱប​ក្រសោប​ជើង​ចិន ឬ​ចង់​ធ្វើ​ជា​ឧបករណ៍​របស់​ចិន និង​អាច​ជា​សត្រូវ​របស់អាមេ​រិក។

លោកថា៖ «ដំណើរ​ទស្សនកិច្ច លោក ស៊ី ជីងពីន មក​ប្រទេស​កម្ពុជា​ហ្នឹង គឺ​ជា​សញ្ញា​មិន​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ នៅ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជ​កម្ម​​​រវាង​អាមេរិក​និង​ចិន​កំពុងតែ​ផ្ទុះ​ឡើង ហើយ​យើង​ដឹងហើយ​អាមេរិ​កាំង​កំពុង​តែ​ដាក់​ពន្ធ​ទៅ​លើ​ចិន​រហូត​ដល់​១៤៥% ហើយ​អ្នក​ណា​ដែល​អាច​ចូល​ដៃ​ជើងជាមួយ​ចិន​ អាច​ពិបាក​ក្នុង​ការ​ចរចា​ដើម្បី​​បញ្ចុះ​ពន្ធ​នាំ​ចូល​ទៅ​អាមេរិក គេ​អាច​យល់​ថា អ្នក​ហ្នឹង​ជា​អ្នក​ស៊ុម​គ្រលុំ​ជាមួយ​ចិន​ គប់គិត​​ជា​មួយ​​ចិន ដែល​ចូល​ដៃ​ជើង​ជាមួយ​ចិន​ ដែល​អាច​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត»។

សម្រាប់ លោក អ៊ុំ សំអាន យល់ថា ដំណាក់កាលនេះ កម្ពុជា​ត្រូវ​តែ​ឱន​លំទោន​ទៅ​អាមេរិក​ច្រើន​ជាង​ចិន ខណៈ​ទីផ្សារ​​ពាណិជ្ជ​កម្ម​ធំៗ​រ​ប​ស់​កម្ពុជា ភាគ​ច្រើន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក និង​សហ​ភាព​អឺរ៉ុប​​ជា​ដើម។

លោក​ថា អ្វីដែលកម្ពុជាត្រូវធ្វើនាពេលនេះ គឺ​បញ្ជាក់​ភាព​ស្អាត​ស្អំ​របស់​ខ្លួន ជុំវិញ​ទំនិញ​នាំ​ចេញ​ទៅ​អាមេរិក​ មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ផលិត​កម្ម​រ​បស់​ចិន ដែល​ផលិត​នៅ​កម្ពុជា ជាពិសេស​បញ្ហា​ទ័ព​ជើង​ទឹក​ចិន​នៅ​រាម។

លោក​ថា៖ «កម្ពុជាអាចនឹង​ទទួលទណ្ឌកម្មដូចចិនដែរ ដោយ​សារ​អាមេរិក​យល់​ថា កម្ពុជា​ជា​កូន​ជឹង​របស់​ចិន​ ហើយ​ការ​ចរចា​ចង់​ទម្លាក់​ពន្ធ​ ៤៩%​ហ្នឹង​ ក៏​មិន​បាន​ចុះ​ក្រោម​ហ្នឹង​ដែរ ព្រោះ​កាល​ណា​បញ្ហា​ពន្ធ​ហ្នឹងមិន​បាន​ចុះ​ក្រោម​៤៩%​ វា​គឺ​ធ្វើ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​កម្ពុជា កម្មករ​អត់​ការ​ងារ​ធ្វើ រោង​ចក្រ​មួយ​ចំនួនបិទ​ទ្វារ គេ​រើទៅ​​ប្រទេស​ណា​ដែល​បង់​ពន្ធ​ទាប​ជាដើម»។

ចំណែក តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ម្នាក់ទៀត​គឺ លោក សួន សូរីដា និយាយ​ថា ឥទ្ធិពល​​សង្គ្រាម​​ពាណិជ្ជ​កម្ម​មហា​អំណាច​ទាំង​ពីរ​នេះ នឹង​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​កម្ពុជា ទាំង​សេដ្ឋ​កិច្ច និងបូរណ​ភាព​ទឹក​ដី បើ​កម្ពុជា​មិន​ពង្រឹង​ផ្ទៃ​ក្នុង​ជាតិ និង​មិន​ព្រម​ទទួល​ស្គាល់​ថា ខ្លួន​ជា​ប្រទេស​ចែក​ចាយ​ទំនិញ​ចិនចូល​ទីផ្សារ​អាមេរិក​នោះ។

លោកថា៖ «ព្រោះ​យើងខ្លាចថាប្រទេសកម្ពុជា ជា​ប្រទេស​មួយ​ដែល​នាំ​ចូល​ទំនិញ​ពី​ចិន ឆ្លង​កាត់​ប្រទេស​កម្ពុជា​លក់​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​យើង​ឃើញ​ថា​ជញ្ជីង​ពាណិជ្ជ​កម្ម​ រវាង​ប្រទេស​កម្ពុជា​ជាមួយចិន​ និង​រវាង​អាមេរិក​និង​​កម្ពុជា អ៊ីចឹង​តាម​រយៈ​ជញ្ជីង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ យើង​ឃើញ​លំហូរ​នៃ​ទំនិញ​របស់​ចិន នឹង​ហូរ​ទៅ​សហរដ្ឋ​អាមេរិក​ដោយ​ឆ្លង​កាត់​ប្រទេស​​កម្ពុជា»។

លោកបន្តថា សេដ្ឋកិច្ចកម្ពុជា​១ភាគ៣ ពឹង​ផ្អែក​លើ​ការ​នាំ​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក ដែល​បញ្ជាក់​ថា អាមេរិ​ក​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​បម្រើ​ឱ្យ​សេដ្ឋ​កិច្ច​កម្ពុជា និង​ការ​អភិវឌ្ឍ​កម្ពុជា។ លោក​ថា កម្ពុជា​ពេល​នេះខ្សោយ​ទាំង​សេដ្ឋ​កិច្ច និង​កម្លាំង​ទ័ព ដែល​ថា មិន​ចង់​​​មានសង្គ្រាម​​​ពាណិជ្ជ​កម្ម​របស់​មហា​អំណាច​នេះ កម្ពុជា​រង​គ្រោះ​មួយ​ជាន់​ទៀត ពី​ប្រទេស​ជិត​ខាង​បើ​ខ្វះ​យន្ត​ការ​ពង្រឹង​ផ្ទៃ​ក្នុង​ជាតិ​ឡើង​វិញ​នោះ។

លោកថា៖ «ស្ថានភាព​បច្ចុប្បន្ន​ ជា​ស្ថានភា​ព​ដែល​សភាព​ការ​អន្ត​រ​ជាតិ​ មាន​ភាព​រង្គោះ​​រង្គើរ​​ខ្លាំ​ង​តាម​រយៈសហរដ្ឋ​អាមេរិក​ ដក​តួនាទី​ជា​អ្នក​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ពិភព​លោក ចឹង​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ដែលមាន​កម្លាំង​ទ័ព​ខ្លាំង​ហ្នឹង អាច​ឈ្លាន​ពាន​ទៅ​ប្រទេស​ទន់​ខ្សោយ ចឹង​នៅ​ក្នុង​ស្ថាន​ភាព​នេះ​ដែល​កម្ពុជា​មាន​ការ​បែក​បាក់​ជាតិ ចឹង​ប្រទេស​​កម្ពុជា​ខ្សោយ​មួយ​ទៅ​ហើយ ទន្ទឹម​នឹង​សេដ្ឋកិច្ច​ខ្សោយ ការ​បែក​បាក់​ជាតិ ចឹង​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​​អាច​នឹង​ឈ្លាន​ពាន»។

អនុប្រធាន​គណបក្សខ្មែរ​រួប​រួម​ជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា​នេះ និយាយ​​ថា ហានិភ័យ​-ផល​អវិជ្ជ​មាន​ អាច​កើត​មាន​ពី​​​​សង្គ្រាម​ពាណិជ្ជ​កម្ម​ (ដែល​កំពុង​បង្ក​ឡើង​ពីការ​ដំឡើង​ពន្ធ​របស់​អាមេរិក​ និង​​អស្ថិរភាព​នៃវិ​ស័យ​អចលន​ទ្រព្យ (រប​ស់​ប្រទេស​ចិន)​ ជាពិសេស​​ភាពតាន​តឹង​នៃ​ភូមិ​សាស្រ្ត​នយោ​បាយ។

យ៉ាងណា ក្រោយពីលោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ ប្រកាស​ព្យួរ​ការ​អនុវត្ត​ពន្ធគយ​បដិការ​របស់​ខ្លួន​ មក​ត្រឹម​អត្រា ១០% ក្នុង​រយៈ​ពេល ៩០​ថ្ងៃ សម្រាប់​ប្រទេស​ទាំង​៧៥ រួម​ទាំង​កម្ពុជា​ផង​នោះ។

រដ្ឋាភិបាលកម្ពុជា ក៏​បាន​​ចម្លើយ​ជា​វិជ្ជមាន​ទៅ​ភាគី​អាមេរិក​ ដើម្បី​សុំ​បើក​ការ​ចរចា​ស្វែង​រក​ដំណោះ ស្រាយ​រួម តាម​រយៈ​លិខិត​របស់​នាយក​រដ្ឋ​មន្ត្រី ចុះ​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០២៥ និង​លិខិត​របស់ លោកស្រី ចម និម្មល រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជ​កម្ម ចុះ​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០២៥ ដោយ​បង្ហាញ​សុច្ឆន្ទៈ​ស្នើ​សុំបើក​ការ​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​រួម និង​បញ្ចុះ​​ពន្ធ​គយ​ពី​អាត្រា ៣៥% មក​ត្រឹម ៥% លើ ១៩​ក្រុមមុខ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​នាំ​ចូល​មក​កម្ពុជា។

អ្នក​តាមដាន​​ភូមិសាស្ត្រ​នយោបាយ​​តំបន់​អា​ស៊ី​​អាគេ្នយ៍ លោក​ សេង វណ្ណលី​ យល់​ថា ដំណើរ​ទស្សន​កិច្ចមេដឹក​នាំ​ចិន អាច​បង្ហាញ​ថា ចិន​នៅ​តែ​ត្រូវ​ការ​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ជួយ​គាំទ្រ​ពាណិជ្ជ​កម្ម​ខ្លួន​។

លោកបន្តថា ដំណើរទស្សនកិច្ចនេះ​ ជា​ការ​ពង្រឹង​ទំនាក់​​ទំនង​រវាង​ប្រទេស​មួយ​ចំនួន​ ដែល​ធ្លាប់​ជា​ដៃ​គូពាណិជ្ជ​កម្ម​ និង​ធ្លាប់​ជា​កូន​បំណុល​របស់​ចិន​ ដូច​ជា​ ប្រទេស​កម្ពុជា ស្រប​ពេល​ចិន​កំពុង​មាន​សង្រ្គាម​ពាណិជ្ជ​កម្ម​ជាមួយ​អាមេ​រិក។

លោកថា៖ «បើមើលពីការពឹងផ្អែករបស់កម្ពុជា ដែល​ជាមួយ​ភាគី​ចិន​នោះ គឺ​លើ​គ្រប់​វិស័យ​ដោយ​ខ្លួន​ឯងអាច​ពិបាក​​ក្នុង​ការ​ដក​ខ្លួន​ ហើយ​ប្រសិន​ជា​រដ្ឋាភិបាល​កម្ពុជា​ មិន​អាច​ស្វែង​រក​យុទ្ធ​សាស្ត្រណា​មួយ​ ដែលអាច​ពង្រីក​និង​​ធ្វើ​ប្រតិកម្ម​ទំនាក់​ទំនង​ការ​ទូត​ ពង្រឹង​កិច្ច​សហការ​ជាមួយ​ប្រទេស​លោក​សេរី ដាក់​ឲ្យ​បានជោគ​ជ័យ​ទេ ខ្ញុំ​គិត​ថា កម្ពុជា​នឹង​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ឥទ្ធិពល​របស់​ចិន​ជាក់​ជា​មិន​ខាន»។

សម្រាប់លោក សេង វណ្ណឌី នៅតែអះអាងថា អ្វីដែលកម្ពុជា ត្រូវវេច​សម្ពាយ​ទៅ​ចរចា​មួយ​អាមេរិក​រឿងការ​ដំឡើង​ពន្ធ​គយ ដើម្បី​សង្រ្គោះ​សេដ្ឋ​កិច្ច​កម្ពុជា​នេះ ចាំបាច់​ណាស់​ត្រូវ​លាង​សម្អាត​ខ្លួន​ពី​ចិន គឺ​បញ្ជាក់​ជំហរ​​ប្រាប់​អាមេរិក​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កង​ទ័ព​ចិន​នៅ​សមុទ្រ​រាម​នោះ​ទេ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា សហរដ្ឋ​អាមេរិក គឺ​ជា​ទីផ្សារ​ធំបំផុត​មួយ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា។ រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២៤ ទំហំពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​អាមេរិក​សម្រេច​បាន​សរុប​ប្រមាណ​ជាង​ ៤២​ពាន់​​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជានាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​ប្រមាណ​​ជាង ៤០ពាន់​លាន​ដុល្លារ ខណៈ​អាមេរិក​នាំ​ចូល​មក​​កម្ពុជា​វិញមាន​ប្រមាណ​ជាង​ ១ពាន់​៤រយ​លាន​ដុល្លារ។ 

ដោយឡែក​ ក្នុងរយៈពេល ៣ខែ ដើម​​ឆ្នាំ២​០២៥ សហរដ្ឋ​អាមេរិក នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​ទំនិញ​កម្ពុជាលំដាប់​ទី១​ដដែល និង​ថា កម្ពុជា​មាន​ផលិត​ផល​សំខាន់ៗ​ដែល​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ដូច​ជា សម្លៀក​បំពាក់ វាយ​នភណ្ឌ ផលិត​ផល​កៅស៊ូ គ្រឿង​ចក្រ ឧបករណ៍​អគ្គិសនី ផលិត​ផល​ស្បែក​ជើង គុជ ឧបករណ៍​អគ្គិសនី និង​វត្ថុ​ធ្វើ​ពី​ដែក​ជាដើម។

ជញ្ជីង​​ពាណិជ្ជកម្ម​ខាងលើនេះ ត្រូវបានគេវាយតម្លៃថា ច្រើន​ទស្សវត្សរ៍​ទៅ​នេះ ចិន​បាន​ប្រើ​ប្រាស់​ដែន​ដីកម្ពុជា សម្រាប់​​កើប​លុយ​រាប់​ពាន់​លាន​ដុល្លារក្នុ​ង១​ឆ្នាំៗ​ពី​អាមេរិក តា​ម​រយៈ​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ