មេដឹកនាំ​ចិន​នឹង​​មកកម្ពុជា​សប្តាហ៍​​ក្រោយ​​​ចំ​​ពេល​សង្គ្រាម​​​ពាណិជ្ជ​​កម្ម​​​អាមេរិក-ចិន

មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង នឹង​​​​ធ្វើ​ដំណើរម​ក​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំ​ប​ន់​អាស៊ី រួម​ទាំង​ប្រ​​ទេស​​​កម្ពុជា​ នៅស​ប្តាហ៍​ក្រោយ​នេះ ចំ​ពេល​​សង្គ្រាម​​ពាណិជ្ជ​កម្ម​​កើត​​ឡើង​រវាង​ចិន និង​អាមេរិក ខណៈ​អា​មេ​រិក​ទុក​ពេល​៩០​ថ្ងៃ ឱ្យ​ប្រ​ទេ​ស​ចំនួន​៧៥ រួម​ទាំង​កម្ពុជា ធ្វើ​ការ​ចរចា​​ការ​​​ដំឡើង​​ពន្ធ​គយ​បដិការ​នេះ។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​​សហប្រតិបត្តិ​ការ​​អន្តរ​​ជាតិ​កម្ពុជា ចុះ​​​ថ្ងៃ​​​ទី​​១១ ខែ​មេសា ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា តប​តាម​​ការ​​អញ្ជើញ​​របស់​ព្រះ​មហាក្សត្រ​​កម្ពុជា ប្រធានា​ធិបតី​​​ចិន លោក ស៊ី ជីន​ពីង នឹង​​មក​បំពេញ​ទស្សន​កិច្ច​​​ផ្លូវ​​រដ្ឋ នៅ​ក​ម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៥​នេះ។

ប្រភពដដែលបន្តថា ក្នុងដំណើរ​ទស្សនកិច្ចនោះ លោក ស៊ី ជីនពីង នឹង​​ចូល​គាល់​ព្រះ​មហា​ក្សត្រ នៅ​ព្រះបរម​​រាជ​វាំង និង​ជួប​ជាមួយ​ប្រធាន​​ព្រឹទ្ធ​សភា លោក ហ៊ុន សែន និង​​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត ស្តីពី​ការ​​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​​ទ្វេ​ភាគី និង​ផ្លាស់ប្តូរ​យោបល់ អំពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការ​ចាប់អារម្មណ៍​ដូចគ្នា។

បើតាម​ក្រសួងការបរទេសកម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់មេដឹកនាំ​កំពូល​ចិន នា​ពេល​នេះ នឹង​ធ្វើឱ្យ​ចំណង​​មិត្ត​ភាពជាប្រពៃណី​​របស់​ប្រទេស​​ទាំងពីរ កាន់​តែ​រឹងម៉ាំ​ថែម​ទៀត ហើយ​ទស្សនកិច្ច​នេះ ក៏នឹង​បង្កើន​សារៈ​សំខាន់​​បន្ថែម​ទៀត​ដល់​​ចំណង​មិត្ត​ដែក​​ថែម និង​ភាព​ជា​​ដៃ​គូ​​យុទ្ធ​​សាស្ត្រ​​​គ្រប់​ជ្រុង​​ជ្រោយ​​រវាង​ប្រជាជាតិ​​ទាំង​២ផង​ដែរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ កម្ពុជារំពឹង​ថា នឹង​មាន​ការ​ចុះហត្ថ​លេខា​​​​​លើ​​ឯកសារ​​​ជា​ច្រើន​ ដើម្បី​​លើក​កម្ពស់​កិច្ច​​សហប្រតិបត្តិ​​​ការ​​​ក្នុង​វិស័យ​នានា​​ផង​ដែរ។ គេ​សង្កេតឃើញថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំកំពូលចិន មកកម្ពុជានៅពេល​នេះ ស្រប​ពេល​​ដែល​សង្គ្រាម​​​ពាណិជ្ជកម្ម រវាង​ចិន និងអាមេរិក កំពុង​តែមាន​កម្តៅ​ខ្លាំង​ ក្នុង​នោះ​​អាមេរិក បាន​​សម្រេច​ដំឡើង​​ពន្ធ​គយ​លើទំនិញ​ដែលនាំចូលពីចិនដល់ទៅ ១៤៥ភាគរយ។

ចំណែក​ បណ្តា​​ប្រទេស​​​ផ្សេងៗ ក្នុងនោះមានកម្ពុជា​​ផងដែរ អាមេរិក​សម្រេចពន្យាពេល​ដាក់​ពន្ធ​គយ​​រយៈពេល ៩០​ថ្ងៃ ហើយកំណត់បន្ទាត់ពន្ធត្រឹម ១០ភាគរយ​ស្មើគ្នា។ នេះ​បើតាម​កា​រប្រកាស​ពី​សេត​វិមាន​អាមេរិក កាលពីថ្ងៃទី១០ ខែមេសា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ