មនុស្សស្និទ្ធិលោក សម រង្ស៊ី ហៅការបែកធ្លាយសៀវភៅ ជីវិត និងនយោបាយ និពន្ធដោយលោក សុន ឆ័យ ដែលមានខ្លឹមសាររិះគន់លើ លោក សម រង្ស៊ី នោះថា គ្រាន់តែជាការផ្គាប់ចិត្តលោក ហ៊ុន សែន ដើម្បីបានបន្តជីវិតនយោបាយ និងរួចផុតពីការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការតែប៉ុណ្ណោះ ដែលថា យុទ្ធសាស្រ្តនេះកំពុងដើរចូលអន្ទាក់ របស់មេដឹកនាំផ្តាច់ការបន្សល់ទុកវិបត្តិសង្គមជាច្រើន។
ប្រតិកម្មនេះ ក្រោយមានការបែកធ្លាយសៀវភៅជីវិត និងនយោបាយ និពន្ធដោយលោក សុន ឆ័យ នៅលើបណ្តាញសង្គមដែលរិះគន់ លោក សម រង្ស៊ី ថាមានទម្លាប់មិនស្តាប់យោបល់គេ ចូលចិត្តធ្វើអ្វីដោយមិនពិចារណា និងជាមនុស្សមិនគោរពពាក្យសន្យាជាដើម។
លើសពីនេះ អ្នកសិក្សាផ្នែកច្បាប់ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត បានទាញភ្ជាប់ខ្លឹមសារនេះថា ជីវិតនយោបាយលោក សម រង្ស៊ី នឹងបញ្ចប់ត្រឹមការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដែលទើបបង្កើតឡើងថ្មីៗនេះ។
បើតាមហ្វេសប៊ុក លោក វ៉ន ចាន់ឡូត នៅថ្ងៃទី១០ ខែមេសា ហៅសមាសភាពក្នុងក្រុមនេះគ្រាន់តែជាអ្នកហែរហមជូនដំណើរលោក សម រង្ស៊ី លើកម្រាលព្រំក្រហមចូលមជ្ឈូសមរណៈប៉ុណ្ណោះ។ ជាងនេះទៀត បន្ទាប់ពីចប់បេសកកម្មនេះ អ្នកមួយចំនួននៅយំឱបសពនិងអ្នកមួយចំនួនមកទទួលរង្វាន់ពីសម្ដេចជាដើម។
យ៉ាងណា មនុស្សស្និទ្ធិលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្រ្ទ មើលឃើញថា ការបែកធ្លាយនេះ វាហាក់ជាចេតនាផ្គាប់ចិត្ត លោក ហ៊ុន សែន ដើម្បីទទួលបានការលើកលែងទោស និងជាថ្នូរបានចូលស្រុកពីមនុស្សមួយចំនួន ដែលរិះគន់លោក ហ៊ុន សែន ប៉ុណ្ណោះ។
បើតាមលោក សុថាវរិន្រ្ទ គឺលោក សម រង្ស៊ី ជាអ្នកនយោបាយគិតគ្រប់ជ្រុងជ្រោយ ជាអុ្នកសេដ្ឋកិច្ចឆ្អិនឆ្អៅ និងមានទឹកចិត្តស្នេហាជាតិខ្ពស់ ផ្ទុយពីខ្លឹមសារក្នុងសៀវភៅបែកធ្លាយពេលនេះ។
លោកថា៖ «លោក សម រង្ស៊ី គាត់អត់មានខ្វល់ទេ ប៉ុន្តែយើងមើលទៅសិទ្ធិទេ សម្រាប់ខ្ញុំ! ខ្ញុំលោកក៏អាចឆ្លើយបានដែរ ព្រោះ ធម្មតាទេ ពួកគាត់ គាត់ចង់ចូលស្រុកវិញ។ លោក វ៉ន ចាន់ឡូត អីហ្នឹងគាត់ចង់ចូលត្រលប់មកវិញ។ ធម្មតាទេ គាត់អាចមើលទៅ អត់អាចមានជ័យជម្នះគាត់ ចង់ចូលស្រុកវិញ ហើយជាពិសេស លោក សុន ឆ័យ ដឹងស្រាប់ហើយ ព្រោះលោក សុខ ឆ័យ គាត់ចង់បានសុខ ព្រោះដោយសារទ្រព្យសម្បត្តិ ដោយសារគាត់មានបញ្ហាជាមួយ បងធម៌គាត់លោក ហ៊ុន សែន យូរឆ្នាំហើយ ព្រោះរឿងថវិកា រឿងប្តឹងផ្តល់ហ្នឹង ចឹងធម្មតាទេ ចង់មិនចង់ទាល់តែវៃ សម រង្ស៊ី បានអាចមានការលើកលែងសន្ដោសប្រណីពីជនផ្តាច់ការ»។
ដោយឡែក អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ តាមរយៈហ្វេសបុករបស់លោកនៅថ្ងៃទី១១ ខែមេសានេះ ចាត់ទុកសៀវភៅនេះ គឺជាការផ្សាយមិនត្រឹមត្រូវ មានបំណងបំបែកបំបាក់ផ្ទៃក្នុងគណបក្ស។
បើតាម លោក សុន ឆ័យ សៀវភៅនេះមិនទាន់អនុញ្ញាតឲ្យផ្សព្វផ្សាយដោយអ្នកនិពន្ធនៅឡើយ ដោយត្រូវពិនិត្យ និងកែតម្រូវបន្ថែម តែមានគេលួចចែកចាយដោយខុសច្បាប់ ហើយថា សៀវភៅផ្លូវការនឹងចេញផ្សាយតាមប្រព័ន្ធអនឡាញ នៅពេលខាងមុខ។
បន្ថែមលើនេះ តាមរយៈសារវែងអន្លាយរបស់ លោក វ៉ន ចាន់ឡូត បានប្រកាសជំហរថា តាំងពីដើមមកដល់ឥឡូវ លោកមិនដែលទៅសុំចូលក្រុមណាមួយ ឬទាមទារតំណែងតួនាទីអ្វីទេ។
លោកគិតថា គ្រប់មេដឹកនាំប្រជាធិបតេយ្យ សុទ្ធតែអាចត្រូវទទួលរងការរិះគន់ពីសាធារណជន និងសូម្បីតែសមាជិកសមាជិការបស់ខ្លួន។ ប៉ុន្តែលោកមើលឃើញថា សង្គមកម្ពុជា ហាក់ដើរលើសពីប្រជាធិបតេយ្យ ទៅជាការផ្ដាច់ការ ឬអនាធិបតេយ្យ ដោយម្ខាងប្រឹងបំបិទមាត់មិនឱ្យនិយាយ រីឯម្ខាងប្រឹងបំផ្លើសលាបពណ៌ កម្ទេចទាំងរស់។
លោកបានជំរុញឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវជនគួររៀនឆ្លើយតបបែបប្រត្តិកម្ម គិតគូរហេតុបច្ច័យ និងផលជះ ហើយឆ្លើយតបប្រកបដោយគំនិតទស្សនៈឱ្យតម្លៃគ្នាទៅវិញទៅមក។
យ៉ាងណា ភាពមិនប្រក្រតីនៃការបែកធ្លាយសៀវភៅនៅពេលនេះ ស្របពេល លោក សុន ឆ័យ ចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា ពីបទ «បរិហារកេរ្តិ៍» ដែលត្រូវសងជំងឺចិត្តជិត១លានដុល្លារ។
ករណីនេះ គណបក្សកាន់អំណាច បានប្ដឹងលោក សុន ឆ័យ ពីបទ បរិហារកេរ្តិ៍ កាលពីខែមិថុនា ឆ្នាំ២០២២ ក្រោយលោករិះគន់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោត ជាដើម។
បរិបទនយោបាយនេះដែរ ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃទី៨ ខែមេសា បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់ឯកសារជាភាសាបារាំងសរសេរថា លោក សម សារី ជាជនក្បត់ជាតិ។ លោកថា ឪពុកក្បត់ជាតិ ដូច្នេះកូនក្បត់ជាតិ គឺក្បត់ជាតិតជំនាន់។
សម្រាប់ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា អ្នកប្រជាធិបតេយ្យមិនគួរប្រើប្រាស់បណ្តាញសង្គម យកបញ្ហាបុគ្គលមកវាយប្រហារគ្នានោះទេ។
ផ្ទុយទៅវិញ គួរតែយកបញ្ហាដាក់លើតុជជែកគ្នា បង្កើតវប្បធម៌នយោបាយអហិង្សា និងមានវិជ្ជាជីវៈ ផ្សព្វផ្សាយពីការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋជាដើម ដើម្បីរក្សាស្ថេរភាពនយោបាយ កុំឱ្យបែកបាក់ជាតិ ទើបជាប្រយោជន៍សម្រាប់ម្ចាស់ឆ្នោត។
លោកថា៖ «ការវាយប្រហារគ្នា តាមសារលើបណ្ដាញសង្គម ក្នុងរង្វង់អ្នកនយោបាយប្រជាធិបតេយ្យ គួរតែដោះស្រាយគ្នាដោយសន្តិវិធី។ ទី១ គឺរក្សាឲ្យបាននូវអភិបាល បរិយាប័ន្ន គួរតែប្រើប្រាស់សារដោយការគោរពគ្នាទៅវិញទៅមក។ ការផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ហើយនិយាយនៅក្នុង តិះទៀនបែបស្ថាបនាតាមទម្រង់វិទ្យាសាស្ត្រនយោបាយ ហើយមិនគួរប្រើប្រាស់ភាសាចោទប្រកាន់គ្នាទៅវិញទៅមក ឬក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ផ្ទៃក្នុង រវាងអ្នកនយោបាយប្រជាធិបតេយ្យនោះទេ»។
ប្រធានក្រុមប្រឹក្សាជាតិតស៊ូ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅស្រុកបារាំង ធ្លាប់បានចូលរួមនយោបាយជាមួយគណបក្សហ៊្វុនស៊ីនប៉ិច តែក្រោយដើរចេញពីបក្សរាជានិយមនោះ លោក សម រង្ស៊ី បានបង្កើតគណបក្សជាតិខ្មែរ និងបានប្តូរឈ្មោះទៅជាគណបក្សសមរង្ស៊ី។អំឡុងឆ្នាំ២០១២ លោក សម រង្ស៊ី បានរួបរួមជាមួយនឹងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា បង្កើតជាគណបក្សប្រឆាំងថ្មីមួយ មានឈ្មោះថា គណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងធំជាងគេ ត្រូវបាន លោក ហ៊ុន សែន ប្រើដៃតុលាការរំលាយចេញពីឆាកនយោបាយនៅចុងឆ្នាំ២០១៧។
ចំពេលបន្ទាត់នយោបាយងាកចេញពីគន្លងប្រជាធិបតេយ្យច្រើនឆ្នាំទៅនេះ បានបន្សល់ទុកជនរងគ្រោះរាប់លាននាក់ ជាប់បំណុលវ័ណ្ឌក ខ្លះធ្វើអត្តឃាត ដោយសារវិបត្តិបំណុល វិបត្តិកសិផលគ្មានទីផ្សារ ជម្លោះដីធ្លី លំហូរចូលនៃគ្រឿងញៀន និងកម្ពុជារងការរិះគន់ថា ជាជម្រកឧក្រិដ្ឋជនជាដើម៕