វប្បធម៌សងសឹកលើសង្វៀន​នយោបាយ​កំពុង​​ពង្រីក​​ខ្លួន​ទោះ​​រាស្ត្រ​ច្រើន​លាន​នាក់​ជួប​វិបត្តិ

វិបត្តិនយោបាយ​នៅ​កម្ពុជា ត្រូវ​គេមើលឃើញ​ថា កាន់​តែ​មាន​រូប​ភាព​ក្នុង​ទ្រង់​ទ្រាយ​ធំ​ទៅៗ ដែល​គ្រ​​ប់​ភា​​គី​ពា​​ក់​ព័ន្ធ នឹង​មិន​អាច​ស្វែង​រក​ការ​ឯកភាព​បាន​ទេ។

លោក ហ៊ុន សែន ដែលជាតួអង្គសំខាន់ នៅក្នុ​ង​ជម្លោះ​នយោបាយ​នេះ នៅ​តែ​ប្រកាន់​ជំហរ​មិន​ចរចា ហើ​យ​រឹ​​តតែ​ប្រកាន់​គោល​ការណ៍​តាម​​កម្ទេច​ក្រុ​​ម​​​ប្រឆាំ​ង​ដល់​ទីបញ្ចប់​ថែម​ទៀត។ វិភា​​គស​ង្គម យល់​ឃើញ​​ថា ​ប​ញ្ហា​​​​នៃ​​ការបែក​បាក់​ជាតិ ក៏តែ​​ង​មាន​ភាព​ផុយស្រួយ និង​គ្រោះ​ថ្នាក់​ក៏​​កា​​ន់​​​តែ​​​ខ្លាំ​ង​ជា​ង​មុន។

អ្នកជំនាញ​គោលនយោបាយ យល់ឃើញថា ការដែល​លោក ហ៊ុន សែន ចាប់​ផ្តើម​បញ្ចេ​ញ​សារ​​ឯក​សា​​រ​ប្រ​វត្តិ​​​សាស្រ្តអំពី​ឪពុក លោក សម រង្ស៊ី ដោយ​ចាត់​ទុក​ជា​ជន​ក្បត់​ជាតិ​ជាថ្មី​ទៀត​នេះ ជា​កា​​រ​ឆ្លុះ​ប​ញ្ចាំ​​ងឱ្យ​ឃើញ​ពី​​កា​រ​ប្រើ​​ស្នៀត​ចាស់​របស់​លោក ដែល​តែង​ប្រើ ហើយ​ទទួល​បាន​ផល​​មក​លើ​មេដឹក​នាំ​​​គណ​ប​​ក្ស​​​ប្រ​ឆាំ​ង និង​​អ្ន​​​​​កនយោបាយ​ផ្សេង​ទៀត ដែល​សំឡេង​ផ្ទុយ​ពី​ខ្លួន។

លោក ប៉ោ មករា អ្នកវិភាគនយោបាយ លើកឡើងថាអ្វីដែ​ល​ប្រធាន​ព្រឹទ្ធ​សភា បង្ហាញ​ឯកសារ​​​ដែ​ល​​​ចាត់​ទុក​ លោ​ក សម សារី ជាជនក្បត់ជាតិនេះ គឺជារូបមន្តដដែលជា​ដដែល​ទេ ដែល​អ្នកនយោបា​យ​​ចា​ស់​វស្សា​រូប​នេះ តែង​យក​ទៅ​ប្រើ ប្រឆាំង​នឹង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិ​បាល។

លោកបន្តថា ការធ្វើន​យោ​បា​​យដើម្បី​តែចង់ឈ្នះ ចង់​ចាញ់​បែប​នេះ វា​មិន​មែន​ជា​ការ​ជួយ​ឱ្យ​ជាតិ​ខ្លាំង និង​រុង​រឿង​ទេ​។ ផ្ទុ​​យ​​ទៅ​វិញ កត្តា​នេះ​នឹង​ជំរុញ​ឱ្យ​អ្នក​ដែល​ទទួល​ថ្មបា​ក់​គឺ​ពលរដ្ឋ និង​ភាព​ហិច​​ហោច​គឺ​ប្រទេស​​ជា​តិ​​​ទាំ​ង​​មូ​​ល ហើយ​បញ្ហា​នេះ គឺ​ជា​រូបភាព​មួយ​ដ៏​អាក្រក់ តជំនាន់ ព្រោះតែ​ហេតុផល​ដើម្បី​តែអំណាច​​របស់​ខ្លួ​ន​​។​

លោកបន្តថា៖យើងធ្វើនយោបាយ​​វាទៅតាមប្រវត្តិសាស្រ្ត​ ពីសម័យកាលមួយទៅសម័យកាល​មួយ គឺរបៀប​ធ្វើ​នយោបាយ ហើយ​​តាមកម្ទេច​គ្នា ហើយ​ចោទ​ប្រកាន់​គ្នា​ថា អ្នក​នេះ​ស្រឡាញ់​ជាតិ អ្នក​នោះ​ក្បត់ជាតិអី​​អញ្ចឹង​ទៅ ឬ​ក៏​ក្រុម​នេះ​ស្រឡាញ់​ជាតិ​ខ្លាំង​ជាង​អីអញ្ចឹង​ទៅ ហើយ​របៀប​ធ្វើ​បែប​ហ្នឹង ខ្ញុំ​នៅ​តែ​មើលឃើញ​ថា​ វា​នៅតែ​ឥតមាន​ឱកាស​ផ្សះ​ផ្សា​ជាតិ​ដែល​រឹង​ម៉ាំ​បាន​ទេ

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន សែន បានបន្តចែករំលែកឯកសារប្រវត្តិសាស្រ្តមួយ​ចំនួន ទាក់​ទងប្រវត្តិ​ការងាររបស់​លោក សម សារី ដែលត្រូវជាឱពុករបស់លោក សម រង្ស៊ី។

តា​មរយៈឯកសា​រដែល​ប្រធានគ​ណបក្សប្រជាជនកម្ពុជា បញ្ចេញនេះ គឺហាក់មានរូ​បភាពដូចគ្នាទៅនឹង​យុទ្ធ​​​​សា​ស្រ្ត​​​ន​​យោ​បាយ ដែលលោក ហ៊ុន សែន ធ្លាប់កម្ទេចក្រុមប្រឆាំងឱ្យរាបដល់ដី ក្នុងពេលកន្លងទៅ​ដែរ​​។​​ គ​ណ​ប​ក្ស​សង្រ្គោះជាតិ ដែល​មាន​កម្លាំង​អ្នក​គាំទ្រ​ដ៏ធំ មិន​ចាញ់​នឹង​គណបក្ស​កាន់​អំណាច​ប៉ុន្មាន​ដែរ គឺត្រូវ​​បា​ន​តុលាការ​កំពូល​រំលាយ នៅ​ចុង​ឆ្នាំ​២០១៧។

ជាយុទ្ធសាស្រ្ត និងជាផែនការ ដើម្បី​អាចក​ម្ទេចគ​​ណ​បក្ស​​នេះ ចេញ​​ពី​ឆាក​នយោបាយ​បាន គឺ​លោក ហ៊ុន សែន និង​គណបក្ស​កាន់អំ​ណាច បាន​ព្យា​យា​ម​រ​​ក​គ្រ​​ប់​​វិធី ធ្វើ​​​យ៉ា​​​ងណា​រក​ទោស​កំហុស​ឱ្យ​ឃើញ​រ​ប​ស់​​ក្បាល​​​ម៉ាស៊ីន​ដឹក​នាំ​បក្ស មុន​នឹង​ឈាន​ទៅ​​រំលា​​យ​​​​​ប​ក្សប្រ​​ឆាំ​ង​​បាន។

គណបក្សប្រឆាំង ប្រសិនបើមិនត្រូវបានរំ​លាយ​ទេ មក​ដល់ពេល​នេះ អ្នកវិភាគ​​គោ​​ល​​នយោបាយ យ​ល់​ឃើញ​​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​មិន​មែន​ជា​ដៃ​គូ​នយោ​បាយ​​​របស់ប​ក្ស​នៅ​ក្រៅ​​​រដ្ឋាភិបា​ល​មួ​យ​នេះ​​ទៀ​​តឡើយ។

ត្រង់ចំណុចនេះហើយ ដែលលោក ហ៊ុន សែន តែងអះអាងជាសាធារណៈថា នេះជាយុទ្ធសាស្រ្ត​ដែល​​មិនអា​ច​​​ទុក​​គណបក្ស​ប្រឆាំង​ឱ្យ​នៅ​តទៅ​ទៀត​បាន ក្រោម​ហេតុ​ផល​ក្រុម​អ្នក​នយោបាយ​បក្ស​ជំទាស់ មា​ន​បំ​ណង​​ផ្តួល​រលំ​លោក​ពី​អំណាច។

ការប្រើរូបភាពថ្មីទៀត របស់ប្រធានព្រឹទ្ធសភា​លើកនេះ ដោយព្យាយាម​ទាញភ្ជាប់សកម្ម​ភាព​ក្នុ​ង​អ​តី​​ត​​កាល រប់ស​លោក សម សារី ដែល​ចាត់ទុកថាក្បត់​ព្រះមហាក្សត្រ​នេះ ត្រូវ​បាន​​អ្នក​វិភា​គ​សង្គម​ ចាត់​ទុ​ក​ថា ជា​ល្បែង​​នយោ​បាយ​ដែល​ លោក ហ៊ុន សែន ធ្លាប់​ដើរ​រួច​មក​ហើយពី​​អតីតកាល​​។

យុទ្ធ​សា​ស្រ្ត​​នេះ លោក ហ៊ុន សែន តែងទទួលបានជោគជ័យជានិច្ច ទៅលើដៃគូនយោ​បាយរបស់ខ្លួន ក្នុ​ង​នោះ​​​អង្គ​​​​ការចាត់​តាំងរបស់​ខ្មែរ​ក្រហម ត្រូវដួល​រលំ​រលាយ។

គ​ណបក្សរាជានិយមហ្វុនស៊ិនប៉ិច ត្រូវបែក​​ខ្ញែ​ក​​ជាចំ​រៀក ជាចំរៀក ហើយចុង​ក្រោយ​នេះ​ទៀត គ​ណ​ប​ក្សប្រ​​ឆាំង ត្រូវ​បែក​ជាកង់ៗ និង​កាត់​ខ្លួន​រ​ប៉ា​ត់​​​​របាយ។

ក្រៅពីនេះ វប្បធម៌សងសឹកគ្នាលើសង្វៀននយោបាយ ដែលបានបន្តចេញដំណើរជិត១០ឆ្នាំទៅនេះ ក៏បានសន្សល់ទុកផងដែរវិបត្តិកសិករគ្មានទីផ្សារ ពលរដ្ឋជិត៥លានជាប់បំណុលវ័ណ្ឌក ឧក្រិដ្ឋកម្មគ្រឿង​ញៀន និង​បទឧក្រិដ្ឋចាប់ជម្រិត។

បន្ថែមពី​នេះ វាក៏បានលេចឡើង​បណ្តុំ​ឧកញ៉ា​ឆបោក ធ្វើ​ឱ្យ​ជន​រងគ្រោះច្រើន​ម៉ឺន​នាក់ មិន​ត្រូវ​បាន​ការ​ពារដោ​យ​​​ប្រ​ព័ន្ធច្បាប់ ធ្វើឱ្យ​អ្នក​រង​គ្រោះ​ស្លាប់​ជា​បន្ត​បន្ទាប់ ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ​ចាប់​ជម្រិត ក្នុង​ដែន​ដី​មួយ​ដែល​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ជម្រក​សុវត្ថិភាព​របស់​ក្រុម​ឧក្រិដ្ឋ​ជន។

ជុំវិ​ញរឿងនេះ លោក សួន សូរីដា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ យល់​ឃើញ​ថា អ្វី​ដែ​ល​​លោ​ក ហ៊ុន សែន កំពុងតែធ្វើនេះ គឺ​ជា​នយោបាយ​សង​សឹក​គ្នា​រវាង​បក្ស​ប្រឆាំង និង​រូប​លោក ហ៊ុន សែន ផ្ទា​ល់។ ប​ញ្ហា​​នេះ ក៏មិនខុសអីពី​ប្រធាន​គណបក្ស​កាន់​អំណាច ធ្លាប់​ធ្វើ​ដោយ​ជោគ​ជ័​​យដែរ​ទៅ​លើ​ លោ​ក កឹ​ម សុខា។

រឿងដែលសំខាន់ បើទោះជារឿងនេះពិត ឬមិនពិត​ក៏ដោយ អ្វីដែលនាំ​ឱ្យ លោក ហ៊ុន សែន ប្រតិ​កម្ម​ខ្លាំង នោះ​ ​ក៏ព្រោះតែចរន្តនៃ​ចលនា​ជាតិ​តស៊ូ ដែលលោក សម រង្ស៊ី បានបង្កើត​ឡើ​ង​​នេះ អា​ចជា​​ការ​គំរា​ម​​កំ​ហែង​ទៅ​​ស​ន្តិសុ​ខ​​នយោ​បាយ និង​អំណាច​របស់ លោក ហ៊ុន សែន តែម្តង។

លោកបន្តថា៖《ខ្ញុំគិតថា នេះជាសញ្ញាដំបូងនៃការចាត់វិធានការ​ទៅលើ លោក សម រង្ស៊ី នៃការបង្កើតក្រុម​ប្រឹក្សាជាតិតស៊ូ ឬរដ្ឋាភិបាលក្រៅប្រទេសនេះឯង។ ជាធម្មតា គឺដូច លោក កឹម សុខា អញ្ចឹងត្រូវ​បាន​រដ្ឋាភិ​បាលសម័យ​មុន​ដែល​ដឹក​នាំ​ដោយ​ លោក ហ៊ុន សែន បានចោទប្រកាន់​លោក កឹម សុខា ថា​ក្បត់​ជាតិ ហើយ​រួម​គ្នា គប់គិតជាមួយ​​សហរដ្ឋ​អាមេរិក​ផ្តួល​រលំ​រដ្ឋាភិ​បាល ហើយ​ក៏​ចាប់​ លោក កឹម សុខា ដាក់​គុកចំនួន​២៧​ឆ្នាំ ដោយ​សា​លាដំបូង​》។

សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់អាច​ស្វែងរកការបំភ្លឺបានទេ ពីអ្នកនាំពាក្យគ​ណបក្សប្រ​ជាជន​កម្ពុ​ជា នៅថ្ងៃនេះ។ បើទោះជាបែបណា សម្រាប់អ្នកវិភាគនយោបាយ ចាត់ទុកថា ប្រសិនបើអ្នកនយោបាយខ្មែរ នៅ​​​​តែ​​បន្ត​ខ្វែ​ង​​គំ​និ​តមិនឈប់បែបនេះ អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។

​​ជា​ង​នេះ​​ទៀត ប្រា​ក​ដ​​ណាស់ ការលូតលាស់ និង​ភាពយឺតយ៉ាវ នៃការអភិវឌ្ឍ​ប្រទេស វាមិនមែ​នត្រឹម​តែ​​ជា​​​​បន្ទុ​​ក​របស់​​​សង្គម​នោះ​ឡើយ ក​ត្តា​​​នេះ​​​ក៏នឹងនាំទៅដល់ការគំរាម​កំហែងផ្នែកសន្តិសុ​ខ​ទាំងក្នុងតំប​ន់ និង​ភព​លោ​កដូច​គ្នាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ