សាលាឧ​ទ្ធរណ៍​បាត់​ដំបង ​​​ដោះលែងស្ត្រី​​ម្ចាស់​លុយ​​ដែល​ចាញ់​​ក្តី​មន្ត្រី​ផ្កាយ១ ឱ្យ​​មាន​សេរី​ភាព​វិញ

ស្ត្រីឈ្មោះ ចិន ស្រីដា ជា​ម្ចាស់លុយ​​​ឱ្យ​​​ភរិយា​​​​មន្ត្រី​​នគរបាល​​​​ផ្កាយ១​​ខ្ចី​ហើយ ហើយ​ត្រូវ​​មន្ត្រី​នគរបាល​រូប​នោះ​ប្តឹង​​រហូត​ជាប់​ពន្ធនាគារ​នោះ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​​បាត់​ដំបង សម្រេច​ដោះ​លែង​ឱ្យ​មានសេរីភាពវិញហើយ។​

សេចក្តីប្រកាសព័ត៌មាន​របស់សាលាឧទ្ធរណ៍​បាត់ដំបង ឱ្យ​ដឹងថា នៅថ្ងៃទី១១ ខែមេសានេះ សាលាឧទ្ធរណ៍បាត់ដំបង បាន​បើកសវនាការ​ជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿង​​សភា​ព្រហ្មទណ្ឌ(មុនអង្គសេចក្តី) លើសំណុំរឿង គំរាម​កំហែងហែកកេរ្តិ៍ ដែលមានជនជាប់​ចោទ​ឈ្មោះ​ ចិន ស្រីដា អាយុ២៧ឆ្នាំ មានទីលំនៅ​នៅភូមិ​សាលា​កន្សែង សង្កាត់ស្វាយដង្គំ ក្រុង​សៀម​រាប ខេត្តសៀមរាប។

ប្រភពដដែល បន្តថា ក្រោយ​ធ្វើកិច្ចពិភាក្សាដេញ​ដោល​លើជនជាប់​ចោទ ភាគីពាក់ព័ន្ធ និងបាន​ពិនិត្យភស្តុតាង​ អង្គហេតុ និងអង្គច្បាប់ នាពេលសវនាការ​រួចមក ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ជា​អសាធារណៈ​នូវ​សាលដីកា​ ដោយសម្រេច​ដោះលែង​ជនជាប់​ចោទ ឈ្មោះ ចិន ស្រីដា ឱ្យមាន​សេរី​ភាព​។

សភាព្រហ្មទណ្ឌនៃ​សាលាឧទ្ធរណ៍បាត់ដំបង នឹង​បើកសវនាការ​លើសំណុំរឿង​អង្គសេចក្តី​នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥​ខាងមុខ។

កាលពីថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សាលាដំបូង​ខេត្ត​សៀមរាប ចេញ​សាល​ក្រម​​ព្រហ្ម​ទណ្ឌ​ ដោយ​​សម្រេច​ផ្តន្ទាទោ​ស​​ជន​ជាប់​​ចោទ ឈ្មោះ ចិន ស្រីដា ដាក់​ពន្ធនា​គារ ២ឆ្នាំ និង​បង្គាប់​​ឱ្យ​សំណង​​ជំងឺ​ចិត្ត​​​ទៅ​ឱ្យ​ដើម​​បណ្តឹង ឈ្មោះ សម្បតិ្ត កុសល ចំនួន ៤លាន​រៀល ក្រោម​​ការ​​ចោទ​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍។

តាមដំណើររឿង​​ ឈ្មោះ ចិន ស្រីដា ដែល​​​​រង​ការ​ចោទ ពី​បទ ​គំរាម​កំហែង​ហែក​កេរ្តិ៍ នោះ​ គឺបាន​​​ឱ្យលុយទៅ​​​​ភរិយា​​​ដើម​​បណ្តឹង​ លោក សម្បត្តិ កុសល អតីត​ស្នងការ​រងនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមាន​ជ័យ ​​ខ្ចីជា​បន្ត​បន្ទាប់ រហូត​២ម៉ឺន​ដុល្លារ ដើម្បី​រត់​ការ​ឱ្យ​ លោក សម្បត្តិ កុសល ឡើង​តំណែង​ផ្កាយ​២។

នៅពេលដែលឱ្យខ្ចីលុយ​រួច ម្ចាស់លុយ ឈ្មោះ ចិន ស្រីដា បាន​ឆាតទៅទារលុយពី លោក សម្បត្តិ កុសល ដែលជា​ប្តីរបស់កូនបំណុល ហើយ​​លោក សម្បត្តិ កុសល ក៏​បានដាក់​ពាក្យ​​ប្តឹង​ទៅ​​សាលា​ដំបូង​​ខេត្ត​សៀមរាប​តែម្តង។

ក្រោយពី​តុលាការ​ខេត្តសៀមរាប បាន​កាត់ក្តីឱ្យ លោក សម្បត្តិ កុសល ឈ្នះក្តីលើម្ចាស់​លុយ​ដែល​​ប្រពន្ធលោក​បានខ្ចីនោះ អ្នកប្រើប្រាស់បណ្តាញសង្គមជា​ច្រើន បានផ្ទុះកា​ររិះគន់ទៅ​លើ​ចំណាត់ការ​របស់តុលាការ ដោយអ្នក​ខ្លះថា ជារឿងអយុត្តិធម៌​សម្រាប់​ម្ចាស់លុយ ដែលឱ្យ​គេ​ខ្ចីលុយ​ហើយត្រូវជាប់គុក​ទៀត។ អ្នកខ្លះទៀតថា រកស៊ីចំណេញបង់ពន្ធជូនរដ្ឋ​ហើយ រកប៉ះចំ​អ្នក​មាន​អំណាច ម្ចាស់បំណុលជាប់គុកទៀត ខណៈមតិខ្លះទៀតថា អ្នកអនុវត្តច្បាប់​រួមដៃគ្នា​ជាមួយ​​​​​​អ្នក​មាន​អំណាច ហើយអ្នក​តូចតាចក្លាយជាជនរងគ្រោះ​ទៅវិញ។

ស្របពេល​​​មានការ​រិះគន់នេះ លោក សម្បត្តិ កុសល ក៏ត្រូវបាន​ក្រសួងមហាផ្ទៃ ផ្ទេរ​តួនាទី​ពីស្នង​ការ​​រងនគរបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យទៅបម្រើការ​ងារ​នៅ​នាយក​ដ្ឋានវិទ្យុ​ទាក់ទងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ