ចំពេលសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាច សហរដ្ឋអាមេរិក និងចិន បានផ្ទុះឡើងជិតពីរសប្តាហ៍ទៅនេះ ហើយកម្ពុជា ជាប្រទេសក្រីក្រមួយ បានក្លាយជាគោលដៅដំឡើងពន្ធខ្ពស់ពីអាមេរិក រហូតដល់៤៩ភាគរយដែរនោះ ក្រុមអ្នកតស៊ូមតិកម្ពុជា(CAT) បានចេញសេចក្តីវិភាគមួយ ជុំវិញបញ្ហាចម្បងដែលកម្ពុជាក្លាយជាប្រទេសគោលដៅ នៃវិធានដំឡើងពន្ធខ្ពស់ជាងគេ ពីមហាអំណាចលោកសេរីនេះ។
បើតាមសេចក្តីវិភាគ ចេញពីទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ មានកម្រាស់៤ទំព័រ ដែល(CAT)វិភាគលើជញ្ជីងពាណិជ្ជកម្ម កម្ពុជា អាមេរិក និងកម្ពុជា ចិន ប្រភពនោះរកឃើញថា បញ្ហាចម្បងមួយ គឺការដែលកម្ពុជាក្លាយជាប្រទេសគោលដៅនៃវិធានដំឡើងពន្ធខ្ពស់ពីអាមេរិកនេះ គឺចិនបានប្រើប្រាស់ដែនដីកម្ពុជា ច្រើនទសវត្សរ៍ទៅនេះ ដើម្បីកើបលុយរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ ពីរនាំងពន្ធគយរបស់សហរដ្ឋអាមេរិក។
បើតាមសេចក្តីវិភាគនោះ (CAT ) រំឭកថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានសម្រេចដំឡើងពន្ធនាំចូលទំនិញរបស់ប្រទេសកម្ពុជា ចូលសហរដ្ឋអាមេរិកពីកម្រិតអត្រាពន្ធ ១៤% ឡើងទៅដល់ ៤៩% ដែលជាអត្រាដ៏ខ្ពស់ជាងគេ។
បញ្ហានេះ(CAT)សង្កេតឃើញថាមានការវិភាគ និងមតិយោបល់របស់អ្នកសេដ្ឋកិច្ច អ្នកនយោបាយ អ្នកនាំពាក្យរដ្ឋាភិបាល អ្នកធ្វើការងារសង្គម និងសារព័ត៌មានជាតិ–អន្តរជាតិ បានប្រមើរមើល និងឥទ្ធិពលដែលប៉ះពាល់ដល់ប្រទេសកម្ពុជា។
សម្រាប់ CAT ក្រោយមានវិធានដំឡើងពន្ធខ្ពស់ពីប្រធាននាធិបតី ត្រាំលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានព្រមានថា “ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាពន្ធ៤៩% ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដាក់លើកម្ពុជាឱ្យបានហ្មត់ចត់នៅសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស”។
លោកបានសង្កត់ធ្ងន់ថា កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ៣៥០លានដុល្លារប៉ុណ្ណោះ ដូច្នេះវានឹងត្រូវចំណាយតិចតួចសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកអាចនាំចូលទីផ្សារកម្ពុជាដោយគ្មានពន្ធ ហើយកម្ពុជាគួរតែផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័ស ដល់អាជីវកម្មរបស់សហរដ្ឋអាមេរិក ដូចជា Starlink ជាដើម។
ក្រុមអ្នកតស៊ូមតិកម្ពុជា អះអាងថា ការវិភាគរបស់ខ្លួន ធ្វើឡើងដោយប្រៀបធៀបនឹងក្របខណ្ឌច្បាប់ នយោបាយជាតិ នយោបាយតំបន់ ពិភពលោក និងរចនាសម្ព័ន្ធដឹកនាំប្រទេសកម្ពុជា។
ផ្តើមចេញពីការវិភាគលើប្រធានបទដែលថាហេតុអ្វីបានជាកម្ពុជា ជាគោលដៅនៃការដំឡើងពន្ធនាំចូលអាមេរិក ៤៩%ខ្ពស់ជាងគេ ក្នុងតារាងរបស់សហរដ្ឋអាមេរិក? CATបានបង្អុលបង្ហាញបញ្ហាចម្បងៗចំនួន៥ដែលជាផ្នែកសំអាងលើមូលដ្ឋានវិភាគរបស់ខ្លួន។
សម្រាប់(CAT)កម្ពុជាមិនមែនមានតែរាជរដ្ឋាភិបាលតែមួយទេ ក៏ប៉ុន្តែមានប្រជាពលរដ្ឋ មានទឹកដី ជាជាតិសាសន៍ ដែលមិនអាចគណនាជាប្រាក់បានទេ។
ក្រៅពីនេះកម្ពុជា មានស្ថាប័នជាតិដែលតំណាងឲ្យប្រជាពលរដ្ឋគឺរដ្ឋសភាជាតិ ព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំសង្កាត់។
បន្ថែមលើស្ថាប័នតំណាងកម្ពុជា មានព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋដែលទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត ទទួលរបាយការណ៍ពីរាជរដ្ឋាភិបាល រៀងរាល់២សប្តាហ៍ម្តង អំពីការវិវឌ្ឍ វឌ្ឍនភាព។
រហូតដល់ថ្ងៃទី០៩ ខែមេសា ជាថ្ងៃចុងក្រោយនៃការដាក់ពន្ធ ៤៩% ចូលជាធរមាន មានតែលិខិតមួយរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើទៅសុំចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក និងលិខិតរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្ញើទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លើសពីនេះ(CAT) សង្កេតឃើញថាការដាក់ពន្ធលើទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិក ៤៩% នឹងប៉ះពាល់ដល់ក្រុមគ្រួសារគ្រប់និន្នាការ គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាមិនទាន់មានសាមគ្គីភាពជាតិ ដែលខ្លួនចាត់ទុកបញ្ហាពន្ធនាំចូលអាមេរិក ៤៩% គឺជាបញ្ហាជាតិទាំងមូលរបស់កម្ពុជា ដែលមិនមែនគ្រាន់តែជារឿងរបស់រាជរដ្ឋាភិបាល ឬគណបក្សកាន់អំណាចនោះទេ។
ប្រភពនោះក៏បានទាញភ្ជាប់ផងដែរពីការរកឃើញអំពើពុករលួយជាប្រព័ន្ធក្នុងចំណោមមេដឹកនាំដែលធ្វើឱ្យទ្រព្យសម្បត្តិជាតិធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាច។
(CAT) សំអាងថាថ្មីៗនេះ អង្គការតម្លាភាពអន្តរជាតិ(TI) បានចេញរបាយការណ៍សន្ទស្សន៍ពុករលួយប្រចាំឆ្នាំ២០២៤ ដែលចេញផ្សាយក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១៥៨ ក្នុងចំណោម ១៨០ ប្រទេស ដែលជាចំណាត់ថ្នាក់បាតតារាងក្នុងតំបន់អាស៊ាន។
របាយការណ៍នេះ បង្ហាញថា អំពើពុករលួយក្នុងចំណោមអ្នកដឹកនាំស្ថាប័នជាតិ ជាមុខរបរជាប្រព័ន្ធក្នុងសង្គមកម្ពុជា ដើម្បីប្រមូលទ្រព្យធនសម្រាប់គ្រួសារជាជាងប្រមូលទ្រព្យធន សម្រាប់ស្ថាប័នរដ្ឋរបស់ប្រទេសជាតិ។
ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងៗ ដែលសហរដ្ឋអាមេរិកដាក់ពន្ធនាំចូល ៤៩% គឺកម្ពុជាគឺជាទីកន្លែងនៃវត្តមានចិន និងក្រុមហ៊ុនចិនគេចពីរនាំងពន្ធរបស់សហរដ្ឋអាមេរិក។
ការនាំចូលទំនិញពីប្រទេសចិនមកកម្ពុជា មានប្រមាណជា ១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ចំណែកឯកម្ពុជាបាននាំទំនិញចូលទៅចិនវិញ តែជាង ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលចំនួនប្រាក់ដែលបានពីការលក់ទំនិញកម្ពុជាចូលទៅទីផ្សារអាមេរិក ត្រូវបានក្លាយជាប្រាក់របស់ប្រទេសចិន។
ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ថា ការពាក់ព័ន្ធនឹងអំពើពុករលួយ គប់គិតគ្នាកេងប្រវ័ញ្ចយកផលប្រយោជន៍ជាតិធ្វើជារបស់អ្នកដឹកនាំរបស់គណបក្សកាន់អំណាច គឺជាមូលហេតុដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារនីមួយៗរបស់កម្ពុជា។
មូលដ្ឋានវិភាគមួយទៀតប្រភពនោះរំលេចថាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សហរដ្ឋអាមេរិក គឺជាប្រទេសដែលបាននិងកំពុងជួយដល់កម្ពុជា តាមរយៈការទិញផលិតផលពីប្រទេសកម្ពុជាដែលគិតតែក្នុងឆ្នាំ២០២៤ មានជាង ១២ពាន់លានដុល្លាអាមេរិក និងផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារក្នុងមួយឆ្នាំ។
ហេតុផលទាំងនេះ(CAT)ចង្អុលបង្ហាញថាយើងគួរចាត់ទុក សហរដ្ឋអាមេរិកជាមិត្តពិតប្រាកដ លើកកម្ពស់សេរីភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ដែលកម្ពុជាមិនគួរភាន់ច្រឡំ ឬបន្លំថាជាអ្នកបង្កបញ្ហានោះឡើយ។
មួយវិញទៀតប្រភពនោះ សង្កេតឃើញថាជុំវិញបញ្ហានេះមានព័ត៌មានបន្លំ បំភ្លៃអំពីតួនាទីរបស់សហរដ្ឋអាមេរិកដែលជាហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្នុងការកសាងនិងអភិវឌ្ឍន៍កម្ពុជា ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានការគ្រប់គ្រង ដឹកនាំតាមបែបប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។
សម្រាប់ CAT សហរដ្ឋអាមេរិក មិនលើកកម្ពស់របបកុម្មុយនិស្ត ផ្តាច់ការ គ្រួសារ–បក្ខពួកនិយមឡើយ។ យើង មិនមែនការពារសហរដ្ឋអាមេរិកទេ ក៏ប៉ុន្តែជាសច្ចភាព និងតថភាពដែលបាននិងកំពុងកើតឡើង។
ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ថា រាជរដ្ឋាភិបាលកម្ពុជា អនុវត្តយន្តការជាតិចែងក្នុងរដ្ឋធម្មនុញ្ញ ដោយរាជរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវផ្ទាល់ចំពោះមុខរដ្ឋសភា និងព្រះប្រមុខរដ្ឋ ព្រមទាំងប្រជាជាតិទាំងមូល ដោយបរិយាប័ន។
រដ្ឋសភា និងព្រះប្រមុខរដ្ឋ មិនមែនតំណាងឲ្យតែអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែតំណាងឲ្យអ្នកដែលមិនគាំទ្រ អ្នកជំទាស់ រួមទាំងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។ ក្រុមអ្នកតស៊ូមតិកម្ពុជា ក៏សង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប្រតិបត្តិដោយការរើសអើងនយោបាយ ជាប្រព័ន្ធ ដោយមិនស្វាគមន៍មតិផ្ទុយ ឬមតិជំទាស់ ដែលជាសិទ្ធិមនុស្សរបស់ពលរដ្ឋកម្ពុជា ធានាក្នុងច្បាប់។
ជុំវិញបញ្ហានេះក្រុមអ្នកតស៊ូមតិកម្ពុជា និយាយថា ខ្លួនមិនមានសង្ឃឹមបន្តិចណាឡើយថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នឹងប្រតិបត្តិច្បាប់សម្រាប់ផលប្រយោជន៍ជាតិដោយស្មោះត្រង់ គ្មានអំពើពុករលួយ និងទទួលយកមតិផ្ទុយក៏ដោយ ក៏ខ្លួនបន្តតាមដានរបៀបដោះស្រាយបញ្ហាពន្ធនាំចូលទំនិញកម្ពុជាទៅសហរដ្ឋអាមេរិក៤៩% ដោយផ្លែផ្កា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្រៅពីនេះ CATថា ខ្លួននិងបន្តតាមដានការវិវត្តសន្ទស្សន៍ពុកលួយដែលបាននិងកំពុងប្រព្រឹត្តយ៉ាងសកម្មក្នុងរដ្ឋាភិបាលកម្ពុជា នៅឆ្នាំបន្តទៀត ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ ប្រជាធិបតេយ្យ និងជាពិសេសដោះស្រាយបញ្ហាពុករលួយ និងបញ្ហាឥទ្ធិពលបរទេសក្នុងនយោបាយ សេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ ខ្លួនបន្តតាមដាននូវចំណាត់ការរបស់ក្រុម លោក ហ៊ុន ម៉ាណែត ក្នុងរឿងពន្ធ ៤៩% ជាមួយសហរដ្ឋអាមេរិក ដែលអាចជាការបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស ដូចមតិរបស់ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រសិនមិនអាចមានដំណោះស្រាយ៕









