ខ្មែរនៅ​ក្រៅប្រទេស​រំឭក​យុត្តិ​ធម៌ លោក លិម គិម​យ៉ា ក្រោម​​មន្ទិល​លើ​គ្រួសារ​ហ៊ុន

ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​បន្ត​រំឭក​យុត្តិធម៌ លោក លិម គិមយ៉ា តាម​​​រយៈ​ការ​​​ធ្វើ​​​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ នៅប្រទេស​បារាំង ខណៈ​​រដ្ឋា​ភិ​បាល​​កម្ពុជា​បន្ត​​លាក់​​ជន​​សង្ស័យ លី រតន​​រស្មី និង ពេជ្រ​ គឹម​ស្រ៊ិន ជិត​៤​ខែទៅ​​នេះ ខណៈ​គណបក្ស​ប្រឆាំង ដាក់​ការ​សង្ស័យ​ថា គ្រួសា​រហ៊ុន​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។

ប្រធាន​ចលនា​ជាតិ​តស៊ូ លោក សម រង្ស៊ី បង្ហោះ​សារ​លើ​ហ្វេសប៊ុក​កាល​ថ្ងៃ​ទី​១៦ ខែ​មេសា អំពាវ​នាវ​ឱ្យមាន​ការ​ចូល​រួម​កម្ម​វិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ នៃ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។

ប្រភព​បន្ត​ថា កម្ម​វិធី​បុណ្យ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ប្រទេស​បារាំង។

លោក សម រង្ស៊ី និយាយ​ថា លោក លិម គិមយ៉ា ជា​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ខ្មែរ​សញ្ជាតិបារាំង ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​បំផុត នៅ​ទីក្រុង​បាំង​កក ប្រទេស​ថៃ។

លោក​ថា ឃាតករ​ជន​ជាតិ​ថៃ​ឈ្មោះ អេកា​ឡាក់ ភេណយ និង​ជន​សង្ស័យ​សំខាន់​ឈ្មោះ លី រតន​រស្មី ពេជ្រ គឹម​ស្រិន និង​បក្ខ​ពួក កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​ការ​ពារ​ពីលោក ហ៊ុន សែន។

លើស​ពី​នេះ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​១២ ខែ​មេសា កូន​ប្រុស​លោក លិម គិមយ៉ា គឺ​លោក លិម តូម៉ា ក៏​បានបង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ ដោយ​និយាយ​ថា ឪពុក​រ​បស់​ខ្ញុំ អាយុ​៧៤​ឆ្នាំ ត្រូវ​​បា​ន​គេ​បាញ់សម្លាប់ ហើយ​ថា ថ្ងៃទី​២០ មេសា​នេះ ជា​ខួប​គម្រប់​១០០​ថ្ងៃ នៃ​ឃាតកម្ម​លើ​ឪពុក​ខ្ញុំ លើ​ទឹក​ដី​ប្រទេសថៃ។

សម្រាប់​ លោក លិម តូម៉ា និយាយ​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​លែងបា​ន​នៅ​ជាមួយ​គាត់​ទៀត​ហើយ ព្រោះ​មាន​មនុស្ស​​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​ធ្វើ​ឃាត​គាត់ គឺ​បាញ់​សម្លាប់​គាត់។

ប្រភពបន្តថា យើង​បាន​ជួប​ចៅ​ក្រម​បារាំង​ នឹង​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រព័ន្ធ​យុត្តិធម៌​ថៃ ក្នុងសប្តាហ៍​នេះ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​បន្ថែម​ ជុំវិញ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មួយ​នេះ។

ប្រភព​បន្ថែម​ទៀត​ថា កា​រធ្វើ​ឃាត​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ជន​សង្ស័យ​សំខាន់​គឺ លី រតន​រស្មី និង ពេជ្រ គឹម​ស្រ៊ិន ជា​ជន​ជាតិ​ខ្មែរ ហើយ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់ លោក តូម៉ា ចោទ​ជាសំណួរថា តើ​ប៉ូលីស​ខ្មែរ​នឹង​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់ គឺ លី រតនរស្មី និង ពេជ្រ គឹម​ស្រ៊ិន នេះដើម្បី​ស្វែង​រក​ការ​ពិត និង​មូល​ហេតុ​អ្វី​ដែល​ពួក​គេ​បាន​សម្រេច​ចិត្ត​សម្លាប់​ឪពុក​គាត់​ ដែល​មាន​មនសិការ​ជាតិ​លើ​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែ​រ​ឬ​ទេ?

សម្រាប់លោក លិម តូម៉ា អះអាងថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រើ​មនុស្ស​ឲ្យ​មក​និយាយ​បញ្ចុះ​បញ្ចូល​ឪពុក​គាត់​ជា​ច្រើន​ដង ឲ្យ​ចូល​រួម​ធ្វើកា​រ​ជាមួយ​ក្នុង​រដ្ឋាភិ​បាល តែ​ត្រូវ​ឪពុក​លោក​ប្រកែក បដិ​សេធ។

ប្រភព​បន្តទៀត​ថា បើសិនជា​ឪពុក​លោក​យល់​ព្រម​តាម​ការ​បញ្ចុះ​បញ្ចូល​របស់ លោក ហ៊ុន សែន តើគាត់​ត្រូវ​គេ​ធ្វើ​ឃាត​ឬ​ទេ? តើ​រដ្ឋ​អំណាច​កម្ពុជា​ធ្វើការ​ស៊ើប​អង្កេត​ការ​ស្លាប់​នេះ​ទេ?

តំណាង​រាស្រ្តបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្រ្ទ ប្រាប់​VO​D​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ​ថា យុត្តិ​ធម៌​លោក​ លិម គិមយ៉ា មិន​ត្រូវ​បំភ្លេច​នោះ​ទេ ដរាប​ណា ឃាតករ​ពិត​នៅ​ពី​ក្រោយ មិន​ទាន់​ត្រូវ​ចាប់​ខ្លួន​។

លោក​បន្តថា ពលរដ្ឋខ្មែរក្រៅប្រទេស នឹង​បន្ត​បន្លឺ​សំឡេង​ទាម​ទារ យុត្តិធម៌ជូន​គ្រួសារ​លោក លិម គិមយ៉ា និង​ជំរុញ​ឱ្យ​អាជ្ញាធរ​បារាំង សហការ​ជាមួយ​តុលាការ​ថៃ វែ​ក​មុខ​ឃាតករ​ពិត បាញ់​សម្លាប់​លោក លិម គិមយ៉ា។

លោក​​អំពា​វនាវ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​ មេត្តា​ចូល​រួម​ពិធី​​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ លោក លិម គិមយ៉ា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​វត្ត​សង់​សៀ​ម៉ាន ជាយ​ក្រុង​ប៉ារីស ប្រទេសបារាំង។

ម្យ៉ាងវិញទៀត លោក​ថា កម្មវិធីនេះ​​ក៏​ជា​​ការ​​​ផ្ញើ​សារ​​ថា ពលរដ្ឋ​​ខ្មែរ​​ក្រៅ​​ប្រទេស​មិន​​បំភ្លេច​​វីរៈ​​​ភាព ​លោក លិម គិម​យ៉ា និង​បន្ត​​ទាម​​ទារ​ឱ្យ​ចាប់​ខ្លួនមេខ្លោង ​​​នៅ​​​ពី​ក្រោយ​​ឃាតកម្ម​​ដ៏​​ឃោរឃៅ​​នេះ​​មក​​ផ្តន្ទា​​ទោស។

លោកថា៖ «ខ្ញុំសូមឱ្យបងប្អូនខ្មែរទាំងអស់ ដើម្បីលើកទឹកចិត្តក្រុមគ្រួសារ លោក លិម គិមយ៉ា ថាប្រជាពលរដ្ឋខ្មែរយើង នៅតែរំឭកពីគុណបំណាច់លោក លិម គិមយ៉ា ដែលគាត់ធ្វើជាតំណាងរាស្ត្រអតីតតំណាងរាស្ក្រ ហើយនឹងជួយគ្រួសារ លោក លិម គិមយ៉ា កុំឱ្យគាត់នៅឯកាតែម្នាក់ឯង ព្រោះឥឡូវនេះឃើញគ្រួសារលោក លិម គិមយ៉ា នៅតែមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិរហូតចឹង គឺយើងចង់លើកទឹកចិត្តឱ្យក្រុមគ្រួសារ កុំឱ្យបាក់ទឹកចិត្ត​​យើង ក្នុងនាមគណបក្សសង្គ្រោះជាតិនឹងជួយដើម្បីរកយុត្តិធម៌ជូនគ្រួសារទាំងលោក លិម គិមយ៉ា និងលោក កែម ឡី ទាំងអស់»

តំណាងរាស្រ្តបក្សសង្គ្រោះ​ជាតិ​ម្នាក់​ទៀត លោក​ សួន សូរីដា និយាយ​ថា កម្ម​វិធី​បុណ្យ​នេះ ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស មិន​បំភ្លេច​វីរៈ​ភាព​ដ៏​អង់​អាច​ក្លាហាន​របស់​ លោក លិម គិមយ៉ា ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​នោះ​ទេ។

លោកបន្តថា ខ្មែរនៅ​ក្រៅ​ប្រទេស នឹង​​ប​ន្ត​​បន្លឺ​​សំឡេង​​ទាម​​ទារ​​យុត្តិធម៌​​សម្រាប់ លោក លិម គិ​ម​យ៉ា បន្តទៀត ដរា​ប​​ណា មេដឹក​នាំ​​គ្រួសារ​​ហ៊ុន​ បន្ត​​លាក់​​បាំង​ជន​សង្ស័យ​​រួ​ម​​​ដៃ​​ក្នុង​​សំណុំ​រឿង​ឃាតកម្ម​នេះ។

សម្រាប់លោក សូរីដា យល់ថា ដរាបណា​មេដឹកនាំ​គ្រួសារ​ហ៊ុន ​បន្ត​លាក់​ជន​សង្ស័យ លី រតនរស្មី និង ពេជ្រ គឹម​ស្រ៊ិន ​មហាជន​​នៅ​តែ​ដាក់​​ការ​សង្ស័យ​ថា រដ្ឋាភិបា​ល​​កម្ពុជា អាច​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​នេះ។

ការណ៍​នេះ លោក រំឭកថា បើមេដឹកនាំគ្រួសារហ៊ុន ត្រូវក្លាហាន​លា​ង​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហា​ជនគឺ​ត្រូវ​ចាប់​បញ្ជូន លី រតនរស្មី និង​ពេជ្រ គឹម​ស្រ៊ិន ឱ្យ​តុលាការ​ថៃ​ឬ​អាជ្ញាធរ​បារាំង ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់។

លោក​ថា៖ «វាជារឿងអយុត្តិធម៌មែនទែន ពីព្រោះយើងដឹងហើយថាមិនមែន លោក គិមយ៉ា ទាល់តែជាតំណាងរាស្រ្តទើបមហាជនស្វែងរកយុត្តិធម៌ទេ សូម្បីតែប្រជាពលរដ្ឋខ្មែរសាមញ្ញក្រីក្រក៏ដោយ កាលណាមាឃាតកម្មបាញ់សម្លាប់នៅប្រទេសគេ រដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការក្នុងនាមជារដ្ឋាភិបាលដែលឈឺឆ្អាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ចឹងខ្ញុំគិតថាការដែលបាញ់សម្លាប់ លោក លិម គិយ៉ានៅកណ្ដាលទីក្រុងបាងកកនេះ ខ្ញុំគិតថា វាជារឿងមួយដែលអាចទាក់ទងទៅរឿងនយោបាយពីព្រោះយើងមើលលោក លិម គិមយ៉ា ជាអ្នកនយោបាយ»

VODមិនទាន់អាចសុំការបំភ្លឺ ពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បានទេ ដោយ​លោក​ចុច​ផ្តាច់ ខណៈ​សំណួរ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម ក៏​លោក​មិន​ឆ្លើយ​តប។

យ៉ាងណា កន្លងទៅ សំណុះរឿងឃាតកម្មនេះ លោក ឆាយ គឹមខឿន ធ្លាប់​​ទម្លាក់​​កំហុស​​ដាក់​​ភា​គី​ថៃ ជុំវិញ​​​ភាព​​យឺត​​យ៉ាវ​នៃការចាប់​បញ្ជូន លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ​នេះ។

លោកបកស្រាយថា កម្ពុជា​ទទួល​បាន​សំណើរ​ពី​ភាគី​ថៃ និង​ទទួល​បាន​​និវេទន៍​​ក្រហម​ពី​​ប៉ូលីស​​អន្តរ​ជាតិក៏​ពិត​មែន ក៏​ប៉ុន្តែ​​ថា កម្ពុជា​មិន​ទា​ន់​មាន​​ឯកសារ​ផ្លូវ​ការ​ណា​មួយ ដែល​ផ្តល់​ដោយ​ភាគី​ថៃ ដើម្បី​​បំពេញ​នីតិ​​វិធី​ក្នុង​​កិច្ច​សហការ​ផ្នែក​​ច្បាប់ ​ក្នុ​ង​​វិស័យ​​ព្រហ្ម​ទណ្ឌ​នៅ​ឡើយ​ទេ។

លោក ឆាយ គឹមខឿន គូសបញ្ជាក់ថា ភាគីកម្ពុជា ​ធ្លាប់​​​ជួប​ផ្ទាល់​ជាមួយ​​ភាគី​​ថៃ ដើម្បី​​សុំ​​​របាយ​​ការណ៍​ស៊ើប​អង្កេត​លម្អិត​ប​ន្ថែម ប៉ុន្តែ​​ថា ​មក​ដល់​ពេល​នេះ​ កម្ពុជា​​មិន​​ទទួល​​បាន​​លទ្ធផល​​​អ្វី​​ទាំង​​អស់​ពី​ភាគីថៃ។

បញ្ហានេះ លោក​ថា មិន​អា​​ចប្រាប់​បាន​​ពី​ពេល​វេលា​ជាក់​​លាក់​ លើ​​វិធាន​ចាប់​​បញ្ជូន​​ជន​​សង្ស័យ​ទាំង​​ពី​រ​នាក់​​នេះ​​បាន​​ទេ។

លោកថា៖ «អ្វីដែលជា​ប្រភព​​មូល​ដ្ឋាន​ច្បាស់​លាស់ ​​សម្រាប់​ផ្ដល់​ការ​ស៊ើប​អង្កេត​បន្ត​​នេះ វា​​ស្ថិត​​ក្នុង​​ដៃ​​ភាគី​​ថៃ ដូច្នេះ​យើង​ក៏​នៅ​តែ​រងចាំ​ឯកសារ​មួយ​ចំនួន ដែល​ពាក់​ព័ន្ធ​ការ​ងារ​ជំនាញ​ស៊ើប​អង្កេត​នៃ​ភាគី​ទាំង​សង​​ខាង ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​​លាស់ ​ហើយ​ចំពោះ​គេ​លើក​ឡើង​យ៉ាង​ណា​យ៉ាង​ណី​នោះ​ អាហ្នឹង​សិទ្ធិ​របស់​គេ​ទេ! ប៉ុន្តែ​គ្រាន់​ថា ការ​លើក​​ឡើង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ឱ្យ​ចេះ​ច្បាប់ ចេះ​ទម្លាប់ ឱ្យ​ដឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង»

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់​ថា អំពើ​និទណ្ឌ​ភាព​នៅ​កម្ពុជា នឹ​ង​ត្រូវ​បាន​បញ្ចប់ បើ​កម្លាំង​មហាជន​រួម​គ្នា​ទាម​ទារ​យុត្តិ​ធម៌។

លោកបន្តថា រយៈពេលជិត៤ខែទៅនេះ មហាជន​និងគ្រួសារ​លោក លិម គិមយ៉ា នៅ​តែ​ដាក់​ការ​សង្ស័យថា ករណី​ឃាត​កម្មនេះ​ជា​រឿង​នយោបាយ ហើយមានជាប់​ពាក់​ព័ន្ធ នឹង​មេដឹកនាំ​កម្ពុជា​ផង​ដែរ។

លោកថា៖ «ករណីឃាតកម្មលើ លោក លិម គិមយ៉ា វា​ជា​ការ​បង្ហាញ​អំពី​ការ​ធ្វើ​នយោបាយ​ ដោយ​យកគ្នា​ជា​សត្រូវ​ យក​​​គ្នា​ស្លាប់​និង​រស់​ ដោយ​អត់​មាន​ដែល​គេ​ហៅ​ថា ការ​យោគ​យល់​អំពី​និន្នាការ ​និង​ទស្សនៈ​នយោ​បាយ​ផ្សេង​គ្នា ដោយ​​ប្រើ​មធ្យោបាយ​គ្រប់​រូប​ភាព​ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្នា​រហូត​ដល់​ការ​សម្លាប់ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ ហើយ​ការ​សម្លាប់​ទៀត​សោធ​នៅ​ពេល​ដែល​បុគ្គល​នយោបាយ ឬ​ក៏​អ្នក​វិភាគនយោ​បាយ ឬ​ក៏​អ្នក​វិភាគ​សង្គម អ្ន​ក​ធ្វើ​កិច្ច​ការ​ងារ​សង្គម​ណា ត្រូវ​បាន​ធ្វើ​ឃាត​ តែ​​អំ​ពើ​យុត្តិ​​ធម៌​ដែល​ផ្ដល់​ជូនអ្នក​រង​គ្រោះ​ គ្រួសារ​អ្នក​រង​គ្រោះ គឺ​ឆ្ងាយ​ដូច​ជើង​មេឃ​ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋា​ភិបាល​ដែល​​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​នេះ​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​មើល​ឃើញ​ថា ជា​រឿង​មួយ​ដែលមិ​ន​អាចទទួល​បាន​នូវ​យុត្តិធម៌»។

លោក លិម គិមយ៉ា តំណាងរាស្ត្រគនបក្សសង្គ្រោះជាតិ​កូតាពីគណបក្សសិទ្ធិមនុស្ស របស់​លោក កឹម សុខា ត្រូវ​បានគេបាញ់​សម្លាប់ក្នុងទីក្រុង​បាងកក ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ ខណៈ​លោក​និង​ភរិយា​ជា​ជន​ជាតិ​បារំាង ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​សៀម​រាប នៃ​ប្រទេស​កម្ពុជា ។

ក្រោយឃាតកម្មកើតឡើង តុលាការថៃ បានចេញដីការឱ្យចាប់ខ្លួន លី រតន​រស្មី ជា​ទីប្រឹក្សា​លោក ហ៊ុន សែន មេដឹក​នាំ​កម្ពុជា។

បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ប៉ូលិស​​អន្តរ​ជាតិ​​អាំង​​​ទែ​ប៉ូល (Interpol) បាន​​​ចេញ​​​និវេទន៍​​​ក្រហម (Red notice) ​​​​​​​ឱ្យ​​ស្វែង​​រក​​​ចាប់​​ខ្លួ​​ន​​អ្នក​​​ផ្តល់​​​​តម្រុ​យ​​​​​​ឱ្យ​​បា​​ញ់​សម្លាប់ លោក លិម គិមយ៉ា គឺ​ជន​សង្ស័យ​​ឈ្មោះ ពេជ្រ គឹម​ស៊្រិន ។

ពេជ្រ គឹមស៊ិន ត្រូវគេស្គាល់ថា ជាមនុស្សនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលញឹកញាប់គេសង្កេតឃើញតាមវេទិការសាធារណៈ លោក ឃួង ស្រេង តែងតែលុតក្រាប​សំពះ​គ្រួសារហ៊ុន។

មួយវិញទៀត ឃាតកម្មនេះ កើតឡើង​ក្រោយ​ពី​​​លោក លិម គិម​យ៉ា រិះ​គន់​​គ្រួសារ​​​ហ៊ុន រឿង​​​​​​ធ្វើ​ឱ្យ​​ឆេះ​​​រូប​​ព្រះ​ឆាយា​ល័ក្ខណ៍​​ព្រះមហា​ក្សត្រ ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» កា​លពី​យប់​ឆ្លង​ឆ្នាំ​សកល ឆ្លងចូលឆ្នាំ២០២៥ ដែលរៀបចំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន ។

យ៉ាងណា ជិត៤ខែទៅនេះ ជនសង្ស័យ លី រតនរស្មី និងពេជ្រ គឹមស៊្រិន ត្រូវបានគេដឹងថានៅបន្តលាក់ខ្លួនក្នុង​ប្រទេស​កម្ពុជា ដែលការណ៍នេះ រងការរិះគន់ថា គ្រួសារហ៊ុន ជាប់ពាក់ព័ន្ធនឹងការរៀបចំគម្រោងឱ្យធ្វើឃាតលើ លោក លិម គិមយ៉ា ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ