គណបក្សក្រៅ​រដ្ឋា​ភិបាល​លុប​ចោល​ពិធី​រំឭក​ខួប​ថ្ងៃ​១៧​មេសា​ក្រោយ​សាលា​ក្រុង​បដិសេធ​ផ្តល់​ទី​តាំង

គណបក្សភ្លើងទៀន​ លុបចោល​គម្រោង​ធ្វើ​ពិធី​រំឭក​ខួប​បែប​ជំនឿ​សាស​នា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញា​ណ​​​ក្ខ​ន្ធជ​នរ​ង​គ្រោះ ដែល​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម ក្នុង​ខួប​៥០​ឆ្នាំ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​​​នេះ ក្រោ​​​យពី​អាជ្ញាធរ​ក្រុង ​បដិសេធ​ផ្តល់​ទីតាំង នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ា​យុត្តិ បាន​ប្រាប់​VOD នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​នេះ​ថា មូល​ហេតុ​នៃ​ការ​លុប​ចោល​ពិធី​បែប​សាសនា​នេះ ដោយ​សារ​សាលារា​ជ​ធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធពិធី​នេះ នៅ​មជ្ឈ​មណ្ឌល​​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក តាម​ការ​គ្រោង​ទុក។

បើតាមប្រភព​ដដែល សំអាងថា ការបដិសេធ​នេះ ដោយ​យោង​លើ​វត្ត​មាន ប្រធានា​ធិបតី​ចិន លោក ស៊ីន ជីន​ពីង មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា នា​ថ្ងៃ​ទី១៧ ខែមេសានេះ។

លោកថា៖ «អីចឹង​ទេ​សាលារាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​យើង​លើក​ពេល ការ​ប្រារព្ធ​ពិធី​នេះ​ទៅ​២​ថ្ងៃ ឬ​៤​ថ្ងៃ ក្រោយ​ថ្ងៃ​១៧​មេសានេះ​ទៅ​វិញ ដោយ​យល់​ទៅ​លើ​ហេតុ​ផល មាន​ទស្សន​កិច្ច​ជាន់​ខ្ពស់​របស់​​លោកប្រធានា​ធិប​តី​ លោក ស៊ី ជីន​ពីង នៅ​ថ្ងៃ​ទី​១៧​មេសា​នេះ[…] គណបក្ស​បាន​សម្រេច​ចិត្ត​ថា មិ​ន​ប្រារព្ធ​ពិធី​ទេ​នៅ​ឆ្នាំនេះ គឺ​យើង​មិន​អាច​ប្រារព្ធ​ពិធី​ខុស​ថ្ងៃ​១៧​មេសា​ទេ»។

តាមលិខិតចុះថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៥ គណបក្ស​ភ្លើងទៀន ជូន​ដំណឹង​ទៅ​សាលា​ក្រុង ពី​គម្រោង​រៀប​ចំ​ពិធី​បុណ្យប​ង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ ដែល​បាត់​បង់​ជីវិត ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ខ្មែរ​ក្រហម ក្នុង​ខួប​៥០​ឆ្នាំ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥​នេះ។

លិខិតដដដែល បញ្ជាក់ថា គណបក្សភ្លើង​ទៀន នឹង​យក​បរិវេណ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ស្ថិត​នៅ​ភូមិ​រលួស ស​ង្កា​​ត់​ជើង​ឯក ខណ្ឌដង្កោ រាជធា​នី​ភ្នំពេញ ធ្វើ​ពិធី​នេះ តាម​បែប​ជំនឿ​សាសនា រយៈពេល​​មួយ​ព្រឹក ចំថ្ងៃទី១៧ខែ​មេសា​នេះ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ និង​ព្រះ​សង្ឃ​៥​អង្គ។

យ៉ាងណា នៅថ្ងៃទី១០ ខែ​មេសាាលពីប៉ុន្មានង្់ជនរងគ្រោះ ដែលបាន រដ្ឋបាល​រាជធានីភ្នំពេញ បាន​ចេញលិខិត​បដិសេ​ធ និង​បាន​ព្រមាន​ថា ក្នុង​ករណី គណបក្ស​នៅ​តែ​រៀប​ចំ​ប្រារព្ធ​ពិធី​ខាង​លើ បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុ​ខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារ​ណៈ​នោះ ប្រធាន​គណបក្ស​ត្រូវ​ទទួល​ខុស​ត្រូវ ទាំង​ស្រុង​ចំពោះមុ​ខ​ច្បាប់​ជា​ធរមាន។

យ៉ាងនេះក្តី ជំនួយឱ្យការលុបចោល​គម្រោង​ប្រារព្ធ​ខួប​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​នេះ គណបក្សភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម រំឭ​ក​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ជិត​២លាន​នាក់ ត្រឹ​មរយៈ​ពេល​ជិត​២ឆ្នំា ដោយកា​រ​ធ្វើ​ទារុណ​កម្ម ពី​សំណាក់​ក្រុម​ខ្មែរ​ក្រហម។

ប្រភពនោះបញ្ជាក់ថា ប្រវត្តិសាស្ត្រដ៏ជូរចត់​នេះ បាន​បង្រៀនឱ្យមានសាមគ្គីភាព​ក្នុងចំណោម​ប្រជាជា​តិ​ខ្មែរ  ដើម្បី​កសាង​សង្គម​មួយ ដែល​ចាក់​ឫស​ដោយ​សច្ចៈ​ធម៌ មេត្តា​ធម៌ និង​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​ថា​ប្រ​ជាជន​កម្ពុជា នៅ​តែ​ប្រាថ្នា​ចង់​បាន​លទ្ធិ​ប្រជាធិប​តេយ្យ សេរី​ពហុបក្ស​ពិត​ប្រាកដ។

លើសពីនេះ គណបក្សទាំងពីរ​នោះ បាន​ផ្ញើសា​រ​ថា យើង​នឹង​នៅ​តែ​តស៊ូដោ​យ​គ្មាន​ការ​​ភ័យ​ខ្លាច​នឹង​ការ​គាបសង្កត់ ដើម្បី​នាំ​មក​នូវ​សេរីភាព និង​យុត្តិ​ធម៌​ក្នុង​សង្គម​កម្ពុជា ស្រប​តាម​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា និង​កិច្ចព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។

របបខ្មែរក្រហម មុនដួលរលំ ត្រូវបានគេដឹងជាទូទៅថា មហាអំណាចចិន ជា​អ្នក​គាំទ្រ និង​ឧបត្ថម្ភ​ទាំងស្បៀង និង​សព្វាវុធ ដល់​របប​វាល​ពិឃាត​មួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ