ថៃ​គ្រោង​​ផ្តល់​សំណង​​ដល់ជនរងគ្រោះ​រលំ​អគារ​ក្នុងគ្រោះ​រញ្ជួយដីម្នាក់​១០ម៉ឺន​បាត

រដ្ឋាភិបាល​ថៃ​អះអាង​ពី​ការ​ពន្លឿន​​ការ​​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​​ជនរងគ្រោះ ​ក្នុ​ង​ហេ​​តុ​​ការណ៍​ដួល​រលំ​អ​គារ​ ក្នុង​គ្រោះ​រញ្ជួយ​ដី ដោយ​គ្រោង​​ផ្តល់​សំណង ១០​ម៉ឺន​​បាត ក្នុង​ម្នាក់ ខណៈចំ​​នួ​​ន​​អ្ន​​កស្លាប់បា​ន​កើន​​ដ​​ល់ជាង៤០​នាក់ និង ៥០​នាក់​ទៀត ​កំពុ​​ង​បាត់​​ខ្លួន ក្នុងនោះ​ក៏មា​ន​ពលករខ្មែរ​ផងដែរ។

យោងតាមប្រភពសារព័ត៌មានថៃ Khaosod Post ចុះ​ផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ និង​ត្រូវបាន​ផ្សព្វ​ផ្សាយ​បន្ត​ដោយ​អង្គការ​សង់ត្រាល់ ឱ្យ​ដឹង​ថា សាស្ត្រាចារ្យ ថាវីដា អភិបាលរងក្រុងបាងកក បង្ហើបថា ទីក្រុងបាង​កក កំពុង​ពន្លឿនការផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ ផ្តល់​​សំណង​ដល់​ពលករដែលជាជនរងគ្រោះ​ ដោយ​សារ​ការ​បាក់​រលំ​អគារការិយា​ល័យ​សវនកម្ម ក្នុងម្នាក់​ចំនួន១០ម៉ឺនបាត។ ប្រភពដដែលបន្តថា ការ​ផ្តល់​សំណង​​ជំហាន​​ដំបូង គ្រោង​​​ធ្វើ​ឡើង​​នៅ​ថ្ងៃទី​១៨ ខែ​មេសា​នេះ។

ការផ្តល់សំណងនេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីសហជីព សង្គមស៊ីវិលថៃ ភូមា កម្ពុជា និងអ្នកន​យោបា​យ​​បក្សក្រៅរដ្ឋាភិបាលថៃ រួមទាំងសង្គមស៊ីវិលពី​កម្ពុជា និង​អង្គការអន្តរជាតិនានា ដែលធ្វើការលើកកម្ព​ស់​សិ​​​ទ្ធិ​ពលករ​ចំណាក​ស្រុក​ផង​ដែរ។

ប្រភពព័ត៌មានដដែល បន្តថា អ្នកនយោបាយ សង្គមស៊ីវិល និង​​ប្រជាពលរដ្ឋ​ថៃ​មួយ​​ចំនួន អំពាវ​​​នាវ​​ឲ្យ​​​និ​យោជក​​ទាំងអស់ រាយការណ៍ពីចំនួនកម្មករ-ពលករ ដោយការពិត។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត​​ ៧,៧រិចទ័រ កាលពីថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ នៅប្រទេស​​ថៃ បាន​ប​ណ្តាល​ឱ្យ​អគារ​​កំពុង​​សាង​សង់​កម្ពស់​ជាង​៣០ជាន់​មួយកន្លែង ​ស្ថិត​ក្នុង​​​សង្កាត់​ចាក់​តុចាក់ (Chatuchak) ក្នុង​​ទីក្រុងបាង​កក​ ​បាន​​ដួលរលំ។

 ហេតុ​ការណ៍នេះ បានបណ្តាលឱ្យ​ពលករ​​ខ្មែរ​​ម្នាក់ ឈ្មោះ មាស សាវ៉ាង អាយុ ២៣ឆ្នាំ នៅ​ខេត្តបន្ទាយមានជ័យ បានស្លាប់​​ និង​ពលការិនី​ខ្មែរម្នាក់ទៀត ឈ្មោះ​ សឿន សំណាង អាយុ ៤៤ឆ្នាំ នៅខេត្តកំពង់ធំ បាន​រងរបួស​បាក់ជើង ខណៈពលករខ្មែរ​ម្នាក់ទៀត ឈ្មោះ​ ឃិន សាខុន បាន​រងគ្រោះថ្នាក់របូតគន្លាក់​ជង្គង់ ក្នុងឧបទ្ទវហេតុ​រញ្ជួយដីក្នុងប្រទេសថៃ។

ចំណែក គ្រួសារ​ពលករខ្មែរដែលបាត់ខ្លួន​ចំនួន ៣នាក់​​ទៀត ក៏កំពុងរងចាំដំណឹងពីការរុករក​របស់​អាជ្ញាធរ​ថៃ នៅទីតាំង​​អគាររលំនោះផងដែរ។

យោងតាមសារព័ត៌មានថៃ The Nation Thailand ចុះផ្សាយកាល​ពីរសៀល​​ថ្ងៃទី១៥ ខែមេសា ឱ្យ​ដឹង​ថា រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ពីការ​រកឃើញ​​សាក​ស​​ព​បន្ថែម​ទៀត​​ ​នៅ​​​​តំបន់ C នៃ​អគារ​កម្ពស់ ៣០ជាន់ ដែល​បាន​ដួល​រលំ​នោះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៤៤​នាក់ និង​អ្នក​របួស ៩នាក់ ក្នុងចំណោមមនុស្សសរុបចំនួន​​ ១០៣នាក់ ដែលរងផលប៉ះពាល់​ក្នុងឧបទ្ទវហេតុ​នេះ។ ចំណែក​អ្នកបាត់ខ្លួនវិញ តាមប្រភពពីរដ្ឋបាល​ក្រុងបាងកក គឺ​នៅមាន ៥០នាក់ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ