ការបាត់បង់ដែនកោះនិងសមុទ្រ ក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ជំរុញឱ្យមានការលើកឡើងថា កម្ពុជាចាំបាច់ត្រូវផ្តល់សច្ចាប័ន លើច្បាប់សមុទ្រUNCLOS ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាន តែថាបើមេដឹកនាំមិនឱ្យតម្លៃច្បាប់នេះ ជាការធ្វើនយោបាយបម្រើមហិច្ឆតាបរទេសឈ្លានពាន ដោយលាក់មុខ។
ការបាត់បង់កោះត្រល់ និងដីជាច្រើនទៅប្រទេសវៀតណាម និងថៃគ្រប់គ្រងកោះគុត ជំរុញឱ្យអ្នកឃ្លាំមើលព្រំដែន លើកឡើងថា ជាកំហុសធ្ងន់ធ្ងររបស់មេដឹកនាំដែលមិនឱ្យតម្លៃលើច្បាប់សមុទ្រUNCLOS ហើយនឹងបន្តបាត់ថែមទៀត បើកម្ពុជា មិនផ្តល់សច្ចាប័ន ឬផ្តល់ការយល់ព្រមលើច្បាប់សមុទ្រអន្តរជាតិUNCLOSនេះ។
ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយប្រាប់VODនៅថ្ងៃទី១៨ ខែមេសានេះថា ការមិនផ្តល់សច្ចាប័នលើច្បាប់សមុទ្រUNCLOS ឆ្លុះបញ្ចាំងថាមេដឹកនាំគ្រួសារហ៊ុន បម្រើមហិច្ចតាបរទេសឈ្លានពានទឹកដីដោយលាក់មុខ ដើម្បីតែក្តោបអំណាចតពូជ។
លោកបន្តថា ការមិនឱ្យតម្លៃលើច្បាប់សមុទ្រUNCLOS ដើម្បីការពារដែនសមុទ្រ និងប្រជុំកោះខ្មែរ ក៏ព្រោះតែ លោក ហ៊ុន សែន បានកាត់កោះត្រល់ និងចង្កោមកោះក្រចកសេះ ឱ្យទៅប្រទេសវៀតណាម។
លោកគូសបញ្ជាក់ថា បើកម្ពុជាមានច្បាប់នេះ កម្ពុជានឹងអាចប្តឹងទាមទារដែនសមុទ្រ និងកោះទាំងនោះត្រឡប់មកវិញ ហើយទៅថ្ងៃអនាគត ប្រទេសជិតខាង ទាំងវៀតណាម ទាំងប្រទេសថៃ មិនអាចឈ្លានពានទឹកដីខ្មែរ បំពានច្បាប់អន្តរជាតិនេះបានទេ។ ប៉ុន្តែបញ្ហានៅត្រង់ថា តើគ្រួសារហ៊ុន មានឆន្ទៈការពារទឹកដី ឬក៏អត់។
លោកអះអាងថា បើមេដឹកនាំគ្រួសារហ៊ុនហ៊ានផ្តល់សច្ចាប័នលើច្បាប់សមុទ្រUNCLOSនេះ ចៅហ្វាយនាយរបស់គាត់ គឺវៀតណាម នឹងទាញទម្លាក់គ្រួសារហ៊ុនចេញពីអំណាចផ្តាច់ការនៅកម្ពុជាភ្លាម។
លោកថា៖ «ធម្មតាពួកហ្នឹងមិនហ៊ានប្រើទេច្បាប់សមុទ្រ ព្រោះមូលហេតុគឺនៅត្រង់ថាវៀតណាមជាម្ចាស់នៃកិច្ចព្រមព្រៀងព្រំដែនទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ ដោយសារ ហ៊ុន សែន គាត់ជាប់ជំពាក់ជ្រៅជាមួយវៀតណាមក្នុងរឿងកិច្ចព្រមព្រៀង កិច្ចសន្យាព្រំដែនទឹកប្រវត្តិសាស្រ្ត ប្រគល់កោះត្រល់ កោះក្រចកសេះឱ្យទៅវៀតណាមហ្នឹង អីចឹង ហ៊ុន សែន ពិបាកក្នុងការប្រើប្រាស់ច្បាប់សមុទ្រនេះណាស់»។
យ៉ាងណា លោក ម៉ែន ណាត យល់ថា ជម្រើសតែមួយគត់ដែលមេដឹកនាំគ្រួសារហ៊ុន ត្រូវបង្ហាញឆន្ទៈដល់ជនរួមជាតិខ្មែរពីការការពារដែនកោះនិងសមុទ្ររបស់កម្ពុជា គឺត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រUNCLOS។
លោកពន្យល់ថា ច្បាប់សមុទ្រUNCLOS ជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់រាល់សកម្មភាពមានជម្លោះដែនសមុទ្រ និងដែនកោះ រវាងប្រទេសនិងប្រទេស។
លោកថា៖ «UNCLOSជាច្បាប់អន្តរជាតិ ដែលរៀបចំធ្វើដោយអង្គការសហប្រជាជាតិ ហើយប្រទេសកម្ពុជា ក៏ជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ អីចឹងUNCLOSវាមានសារៈសំខាន់ណាស់សម្រាប់គ្រប់ប្រទេសដែលមានដីជាប់ដែនសមុទ្រគ្នា ចឹងប្រទេសដែលជាប់សមុទ្រហ្នឹង ដែលមានជម្លោះនឹងគ្នានឹងអាចប្រើប្រាស់ច្បាប់សមុទ្រនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមបាន»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា មេដឹកនាំក្រាញអំណាចគ្រួសារហ៊ុន មិនហ៊ានប្រើប្រាស់ច្បាប់សមុទ្រUNCLOSនោះទេ ព្រោះខ្លាចប៉ះពាល់ចៅហ្វាយនាយខ្លួនគឺវៀតណាម។
លោកថា បើប្រើប្រាស់ច្បាប់សមុទ្រUNCLOSជាមួយភាគីថៃ ជុំវិញកោះគុតនិងដែនសមុទ្រត្រួតស៊ីគ្នានោះ ថៃនិងជំរុញឱ្យសើរើសន្ធិសញ្ញាព្រំដែនខុសច្បាប់ ដែលលោក ហ៊ុន សែន គប់គិតជាមួយវៀតណាម ធ្វើឱ្យបាត់បង់កោះត្រល់ ចង្កោមកោះក្រចកសេះ និងដីខ្មែរតាមបន្ទាត់ព្រំដែនជាច្រើនហិកតាទៀត។
លោកបន្តថា បញ្ហាទាំងអស់នេះហើយ ដែលគ្រួសារហ៊ុនព្យាយាមគេចវេសមិនព្រមផ្តល់សច្ចាប័នលើច្បាប់សមុទ្រUNCLOS និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដែលអាចការពារបូរណភាពទឹកដីដូនតាខ្មែរ។
លោកថា៖ «ការមិនឱ្យតម្លៃលើច្បាប់សមុទ្រUNCLOSហ្នឹង ដោយសារតែកាលណាប្រើUNCLOSទៅ វាប៉ះពាល់ទៅដល់កោះត្រល់ កោះក្រចកសេះហើយ ដែលជាកោះខ្មែរវៀតណាមបានរំលោភយក ដែលលោក ហ៊ុន សែន កាត់ទៅវៀតណាមគ្រប់គ្រង។ ចឹងបើសិនជាយកUNCLOSមកប្រើ ឬផ្តល់សច្ចាប័នលើច្បាប់សមុទ្រនេះ វាធ្វើឱ្យវៀតណាមខឹង វៀតណាមនឹងទម្លាក់ត្រកូលហ៊ុនចេញពីអំណាច»។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពី រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត សុខ ទូច ទទួលស្គាល់ថា ច្បាប់សមុទ្រUNCLOSពិតជាមូលដ្ឋានក្នុងការការពារដែនសមុទ្រនិងកោះខ្មែរ។ ប៉ុន្តែលោកថា បញ្ហាព្រំដែនសមុទ្រនិងកោះទាំងអស់នេះ ជាបញ្ហារស៊ើប ដូច្នេះលោកមិនអាចធ្វើការអត្ថាធិប្បាយឱ្យលើសហ្នឹងបានទេ។
លោកថា៖ «អាអូនឯង រឿងនេះវារសើបខ្លាំង ចំពោះអ្នកនិយាយហ្នឹងវាអត់យល់អ្វីតិចទេ កុំអាលចាក់ចង្កេះឱ្យគេរសើប យើងត្រូវធ្វើឱ្យស្ងាត់ៗសិន ខ្ញុំគ្រាន់តែជម្រាបជូនប្អូនឯង រឿងហ្នឹងខ្ញុំដឹង ប៉ុន្តែអ្នកនិយាយហ្នឹងខ្ញុំដឹងពីណាគេនោះ។ សព្វថ្ងៃនេះ ខ្ញុំមិនចង់និយាយទេ ឥឡូវនេះខ្ញុំវានៅក្នុងភាពរសើប អាអូនឯង ស្ថាប័នវិទ្យុអាអូនឯងក៏វារសើបដែរ យើងនិយាយត្រង់ៗម៉ងទៅ»។
បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ដែលពេលនោះលោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដែលរងការរិះគន់ថា ធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាម។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ត្រូវអ្នកតាមដានមិនចំណុះរដ្ឋាភិបាល លោក ហ៊ុន សែន បានអះអាងថា ធ្វើឱ្យកម្ពុជាបាត់បង់ទាំងដែនដីគោក ដែនសមុទ្រ រួមទាំងប្រជុំកោះក្រចកសេះ និងកោះត្រល់ ជាដើម ធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រងរហូតបច្ចុប្បន្ន ។
ដោយឡែក ភាគខាងលិចវិញ ថៃបានច្បាមយកកោះគុត ស្ថិតក្នុងខេត្តកោះកុង និងប្រាសាទតាមាន់តូច ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងបន្តច្បាមយកប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ដែលបច្ចុប្បន្នប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានដាក់ទ័ពគ្រប់គ្រងរួមគ្នា ដែលការណ៍នេះ ក្លាយជាក្តីបារម្ភថា កម្ពុជានឹងបាត់បង់ប្រាសាទបុរាណខ្មែរទាំងពីនេះទៀត ក្រោមដៃរដ្ឋាភិបាលគ្រួសារហ៊ុន បើនៅបន្តប្រើយន្តការទ្វេភាគី ជាមួយថៃ ដោយមិនប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាននោះ។
ជុំវិញភាពចម្រូងចម្រាសនេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ចង្អុលបង្ហាញពីមូលដ្ឋានច្បាប់រឹងមាំរបស់កម្ពុជា ដែលប្រទេសជិតខាងមិនអាចរំលោភបំពានបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថា កម្ពុជាអាចប្រើប្រាស់យន្តការដោះស្រាយ ការរំលោភយកកោះគុតពីភាគីថៃ ដោយប្រើប្រាស់មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង២៣តុលា បញ្ជាក់ថា បើមានការការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធីយោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
ជាងនោះទៅទៀត ក្នុងករណីរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ភាគីនៃកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចនៃអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការដទៃទៀត ដែលសមស្របដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបំពាន ស្របតាមច្បាប់អន្តរជាតិដែលពាក់ព័ន្ធ។
បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ហត្ថលេខីទាំង១៨ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសថៃផង ត្រូវទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕