មន្រ្តីគណបក្សប្រឆាំង​ជាង​៦០នាក់់​ត្រូវ​ចាប់​ខ្លួន​និង​កំពុង​ជាប់​ពន្ធនា​គារ​បច្ចុប្បន្ន

មន្រ្តីគណបក្សកម្លាំងជាតិ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​បញ្ជាក់​ថា រដ្ឋាភិ​បាល​បាន​ចា​​ប់​ខ្លួ​ន និង​​​ចោ​​ទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ប្រឆាំង​អ្នក​គាំទ្រ​សកម្ម​ជន និង​អ្នក​នយោបា​​យ​បក្ស​ជំទា​​ស់​ជាង​​៦​០​​នា​ក់ ​ដោ​យ​​​ចាត់​ទុក​ពួក​គេ​ជា​ក្រុម​ដែល​​​​មាន​គំរោង​ផ្តួ​ល​រលំ​​រដ្ឋា​ភិ​បា​ល ក្រោ​​​ម​​​ហេតុ​​ផ​ល​​បដិ​វត្ត​ពណ៌។

បញ្ហានេះ​ អ្នកជំនាញ​គោលនយោបាយ​ព្រមាន​ថា វិធាន​នេះ​បើ​គ្មាន​ប្រែប្រួល​ទេ នៅ​នាទី​ចុង​ក្រោយ មេដឹ​​ក​នាំ​​​​នឹង​រងគ្រោះ ដោយ​សារ​តែ​ចរន្ត​ទាម​ទារ​យុត្តិ​ធម៌។

របាយ​ការណ៍​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ ដោយ​មន្រ្តី​គណបក្ស​កម្លាំង​ជាតិ ប្រចាំ​នៅ​ប្រទេស​ជប៉ុន ឱ្យ​​ដឹង​ថា គិ​ត​ត្រឹ​​មខែ​​មេ​​សា​នេះ មាន​អ្ន​​កទោស​នយោបាយ កូតាមកពីគណបក្សប្រឆាំងមិនតិចជា​ង​ ៦​០​​នា​​ក់​​​ទេ​ដែល​​កំពុង​​ជាប់​​ពន្ធនាគារ។

ប្រភពបន្តថា ការចាប់ខ្លួន និងចោទប្រកាន់ពួកគេ គឺធ្វើ​ឡើង​ដោយ​គ្មាន​ហេ​​តុផល​​ច្បា​​ស់​​​លាស់ និង​គ្មា​ន​មូ​ល​ដ្ឋាន​ច្បាប់។ ជាង​នេះ​ទៀត ក្នុង​ចំណោម​អ្នក​គាំ​ទ្រ សកម្ម​ជន​នយោបាយ និង​អ្ន​​ក​ន​យោ​បាយ ដែល​ត្រូ​វ​ចាប់​​ខ្លួន និង​​ឃុំ​ខ្លួន​​​ក្នុង​ពន្ធនាគារ​សព្វ​ថ្ងៃ​នេះ តុលាការ​ទីក្រុង​ភ្នំពេញ បាន​ផ្ត​​ន្ទា​​​​ទោស​ប្រឆាំង​ពួក​គេ ក្នុង​កម្រិត​ទោ​ស​​អ​តិ​ប​រិមា រហូតដល់១៥ឆ្នាំ និងតិចបំផុត​ជាង​៣ឆ្នាំ។

ក្រៅពីនេះ លោក លិម គិមយ៉ា អ្នកតំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​គេបា​ញ់​សម្លាប់​នៅ​ក្នុង​​ទីក្រុង​បាង​កក ប្រទេស​ថៃ ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធនឹ​ង​គ្រួសារ​ហ៊ុន ហើយ​ជិត​៤​ខែ​ទៅ​នេះ ជនសង្ស័យ​ពី​រ​រូប លី រតនរស្មី និង​ពេជ្រ គឹម​ស្រ៊ិន ដែល​គេ​ដឹង​ជា​ទូទៅ​ថា​ស្និទ្ធ​នឹង​មេដឹក​នាំ​នោះ ប្រព័ន្ធ​យុត្តិ​ធម៌កម្ពុជា​មិន​ទាន់​ចាត់​វិធានការ​ច្បាប់​ទេ ទោះ​អ្នក​ទាំង​ពីរ​នាក់​នោះ​បន្ត​លាក់​ខ្លួន​នៅ​កម្ពុជា។

ឃាតកម្មនេះ ត្រូវបានគេអះអាង​ថា អ្នក​តំណាង​រាស្រ្ត​កូតា​មក​ពី​ណបក្ស​ជំទាស់​នេះ ជា​​ប្រ​ភេទ​មនុស្ស ដែល​​មិ​​នអាច​​អូស​ទាញ​បាន និង​ជា​អ្នក​យុទ្ធ​សាស្រ្តនៅ​ពី​ក្រោយ នៃ​​ច​​​ល​​​នាត​ស៊ូប្រ​ឆាំង​ការ​​ជិះ​​ជាន់​របស់របប​​​ទីក្រុង​ភ្នំពេញ។

របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែល​បាន​ចេញ​ផ្សាយ​កន្លង​ទៅ ហាក់​ស៊ី​គ្នា​ទៅ​នឹងរបាយ​ការណ៍​នេះ ជុំវិ​ញ​ការ​ប្រើ​ប្រព័ន្ធ​ច្បាប់ យាយី​និង​បិទ​ខ្ទប់​សំឡេង​អ្នក​រិះ​គន់។

លើ​សពីនេះទៀត លី​កាដូ យល់ឃើញថា រដ្ឋាភិបាល និងស្ថាប័ន​ដែលអនុវត្ត​ច្បាប់​មួយ​ចំនួន​ បានបន្ត​ចាប់​ ឃាត់​ និង​​ឃុំ​ខ្លួន​ អ្នក​នយោបា​យ​ អ្នក​ការពារ​សិទ្ធិ​​មនុស្ស​ សកម្មជន​ដី​ធ្លី​ សហជីព​ អ្នក​សារព័ត៌មាន​ និង​អ្នក​ប្រើ​ប្រាស់​​បណ្តាញសង្គម​ ហើ​​យ​ពួក​​​គេត្រូ​​វ​​ប្រ​​​ឈមមុខនឹងបទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ ព្រោះ​តែ​ភាព​ស​ក​ម្ម​​​​និយម​ ឬ​ការ​ប​ញ្ចេញ​ម​តិ​ របស់​អ្ន​ក​​​ទាំង​នោះ​​នៅលើបណ្តាញសង្គម។

បើតាមរបាយការណ៍​របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ​ចំនួន​អ្នក​ទោសដែ​លប្រើ​ប្រា​ស់​សិទ្ធិ ដើ​​ម្បី​​បុ​ព្វ​​ហេ​តុសិ​ទ្ធិ​មនុស្ស នយោបាយ និង​ប្រជា​ធិប​តេយ្យ នៅ​កម្ពុជា​បាន​កើ​​​នឡើង​​៦៤​​នា​​ក់​ហើ​យ ក្នុ​ង​​​ពេ​ល​ប​ច្ចុប្ប​ន្ន​នេះ។

ក្នុងចំណោមពួកគេ មានអ្នកទោសនយោបាយចំនួន ៣២នាក់ អ្នកកា​រពារប​រិស្ថា​ន​ចំនួន ៥នាក់ ក្រុម​ស​ហ​ជី​ព​២នាក់ និងអ្នកការពារ​សិទ្ធិដីធ្លី​ចំនួន២នាក់​។ ក្រៅពីនេះ នៅមានអ្នក​ដែ​ល​​ប្រើ​ប្រា​ស់ប​ណ្តាញសង្គ​ម ដើម្បី​​​ហេតុផលសិទ្ធិ​​មនុស្ស និង​ប្រជាធិបតេយ្យ​ចំ​នួន​២២នាក់​ផ្សេ​ង​​​ទៀ​​ត​។ 

សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​​អ្នក​នាំ​ពាក្យរដ្ឋា​ភិបាល លោក ប៉ែន បូណា បានទេ​​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

បើទោះជាបែបណា ទាំងលោក ហ៊ុន សែន និង​រដ្ឋាភិបាលរបស់​លោក ធ្លាប់​ថ្លែង​ការពាររួច​ហើយ​ថា អ្ន​​ក​​​ដែល​​​​ត្រូវចាប់​ខ្លួន​ទាំង​នេះ មិន​មែន​ព្រោះ​តែ​ហេតុ​ផល​សិទ្ធិ​មនុស្ស និង​នយោបាយ​ទេ ប៉ុន្តែ​ពួក​គេ​​បាន​​​ប្រ​ព្រឹត្ត​​​​បទ​​ល្មើស ដែល​ផ្ទុយ​ពី​ច្បាប់​កំណត់។

យ៉ាងណា ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរ​ជាតិ ធ្លាប់​បាន​និយាយ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ត្រូវ​បានបក្ស​កាន់​អំណាច​ប្រើ​ប្រាស់​ជា​ប្រព័ន្ធ​ ដើម្បី​យាយី​និង​បិទ​ខ្ទប់​សំឡេង​ប្រឆាំង បំពាន​​លើ​គោល​ការណ៍​សិទ្ធិមនុស្ស​អន្តរ​ជាតិ និង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា។

គេសង្កេតឃើញថា មានជនរងគ្រោះជាច្រើននាក់ដែល​ជា​អ្នក​គាំទ្រ សកម្ម​ជន និ​ង​អ្នក​នយោបាយ​​ប​ក្ស​​ប្រ​ឆាំ​​ង ត្រូវ​​ជន​មិន​ស្គាល់​មុខ​លប​វាយ​ធ្វើ​បាប​រហូត​ដល់​ស្លាប់ និង​របួស​​​ជា​​បន្ត​​​បន្ទា​ប់។

ទម្រង់​នៃ​ការ​ប្រើប្រាស់​ហិង្សានេះ​​កើតឡើង គឺ​ក្រោយពេលដែល​គ​ណ​ប​ក្ស​ស​​ង្រ្គោះជាតិ​​ត្រូវ​បាន​រំលាយ ចាប់​​​​ពី​​​ចុង​​ឆ្នាំ​​​២០១៧មក ហើយ​ជន​ដៃ​ដល់ ដែលទ​ទួល​រង​ការ​​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជាច្រើន​ករណី​ទាំង​នោះ គេ​ក​​ម្រ​​​ឃើ​​ញ​​អា​​ជ្ញា​ធ​រ ឬសមត្ថកិច្ចស្វែងរកចាប់ខ្លួន អ្នកប្រព្រឹត្តបទល្មើសបានណាស់។

យ៉ាងនេះក្តី សម្រាប់លោក ប៉ោ មករា អ្នកវិភាគ​នយោបាយ យល់​ឃើញ​ថា មាន​កត្តា​ជាច្រើន ដែល​​ជា​​ហេតុ​ផល​​នាំ​ឱ្យ​វិបត្តិ​នយោបាយ នៅបន្តជាប់គាំង និងមិនអាចរកច្រក​ចេញបាន។

ការចង់ឈ្នះ​ចា​ញ់​ ដែល​មិន​មែនជា​វប្បធម៌នយោបាយដែលល្អ គឺរដ្ឋាភិបាល ជាពិសេស អ្នកកាន់អំណាច​នឹង​​មិ​​នព្រម​​លែ​​ង​​វា​ឡើយ។ ​បើតាមអ្នកជំនាញផ្នែកនយោបាយរូបនេះ ដើម្បីអាចចៀ​សផុតពី​ភាពប្រ​ឈ​ម​ទាំង​​​​​នេះ គឺត្រូវប្រកាន់​គោលការណ៍នយោបាយ​ចាស់ទុំ និងអនុវត្តតា​មច្បាប់កំណត់​​ជាធរមាន។

ជា​ង​នេះ​ទៀ​ត ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ជាងផលប្រ​យោជន៍បុគ្គល និងគ្រួសារ គឺជាជំរើ​ស​ដ៏​ល្អ​ប្រ​សើរ ហើ​​យ​​បញ្ចៀសបាននូវបញ្ហា។

លោកបន្តថា៖ «សរុបជារួមមកវិញ ដំណោះស្រាយយើត្រូវ​ទាមទារ​ឆន្ទៈរបស់អ្នកនយោបាយ តើអ្នក​ន​យោបា​យ​មានភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាហើយនៅ? មាន​ភាព​ចាស់​ទុំ​ក្នុងកា​រ​អនុគ្រោះ​ក្នុង​នាម​ខ្មែរ និង​​​ខ្មែរ​ហើយ​នៅ? ទាំងអស់ហ្នឹង​គឺ​ជា​ដំណោះ​ស្រាយ​មួយ​ដ៏ធំ។ មួយ​ទៀត អ្នក​នយោបាយ​ត្រូវ​តែ​គោរព ជាពិ​​សេ​​​​ស​គោរព​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស »។

មកដល់ពេលនេះ កម្ពុជាត្រូវទទួលរងទណ្ឌកម្មដោយផ្នែកទាំងសេដ្ឋកិច្ច និង​នយោបាយ។ ក្រោ​យគ​​ណ​​បក្ស​​​​​ប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល បាន​រំលាយ​បក្ស​ប្រឆាំង និង​កម្ទេច​តួអ​​ង្គ​សំខាន់ៗ​​ដ​ទៃ​​​ទៀត នៃ​គោ​​​​​លការណ៍ប្រជាធិបតេយ្យ មានស្ថាប័នព័ត៌មានដែលអនុវត្តគោល​ការណ៍វិជ្ជាជីវៈ រួមទាំ​ង​ស្ថា​ប័​ន​អង្គ​ការ​​មិ​​ន​មែនរដ្ឋាភិបាលមួយ​ចំនួនផង បានរុញច្រានឱ្យសេដ្ឋកិច្ចរបស់កម្ពុជា បន្តធ្លាក់​ចុះ​ងើ​​ប​ក្បា​​លមិ​ន​រួច។

តែបញ្ហានេះ លោក ហ៊ុន សែន បានស្តីបន្ទោសថា ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​នេះ នោះ​​​​​ក៏​ព្រោះតែ​បញ្ហា​បង្ក​ឡើង​​ដោ​យ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ផ្ទុយពីអ្វីដែលលោក ហ៊ុន សែន អះ​អាង​នេះ អ្នក​​​ជំ​នាញ​ផ្នែកធូរកិច្ច មើលឃើញថា កត្តាច​ម្បងដែលនាំឱ្យ​កម្ពុ​ជា ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ហើយ​ព​ល​រដ្ឋ​​ត្រូ​វ​​ជាប់ផុងក្នុងបំណុល នោះក៏ព្រោះតែលោក ហ៊ុន សែន បាន​​បំ​​ផ្លា​ញគ្មានសល់ស្តីពី​គោលកា​រណ៍​អន្ត​រ​​ជា​​តិ ដោយព្យាយាមដឹកនាំប្រទេសតាមបែបឯកបក្ស កម្ទេចប្រព័ន្ធប្រជាធិបតេយ្យ បំពានរដ្ឋធម្មមនុញ្ញយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យជាតិប្រឈមនឹងវិបត្តិសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ