អ្នកឃ្លំាមើលហាក់គ្មានជំនឿថា រដ្ឋាភិបាលគ្រួសារហ៊ុន ជ្រើសរើសផ្លូវដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យដើម្បីសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ក្រោមសម្ពាធនៃសង្គ្រាមពាណិជ្ជកម្មរបស់មហាអំណាចនោះទេ ដរាបណាគ្រួសារនេះ នៅបន្តត្រួតត្រាស្ថាប័នជាតិកំពូលៗ ដូចជា ប្រព័ន្ធតុលាការ កងកម្លាំង និងរដ្ឋសភា ជាដើមនោះ។
ការលើកឡើងនេះ ចំពេលប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន បង្ហាញជំហរគាំទ្រឥតងាករេចំពោះប្រទេសចិន ដែលមេដឹកនាំចិន លោក ស៊ី ជីនពីង ទើបបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងពេលថ្មីៗនេះ ខណៈអាមេរិកកំពុងដាក់សម្ពាធពីវិធានដំឡើងពន្ធខ្ពស់ ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មជាមួយមហាអំណាចចិននោះ។
បើតាមលិខិតរបស់ លោកហ៊ុន សែន ផ្ញើជូន លោក ស៊ី ជីនពីង ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែមេសានេះ មេដឹកនាំរូបនេះបញ្ជាក់ដោយចំហរថា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា។
បើតាម លោក ហ៊ុន សែន ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
បន្ថែមពីនេះ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មិនត្រឹមតែបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ លើកឡើងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគ្រួសារហ៊ុន ច្រើនទស្សវត្សរ៍ទៅនេះ កម្ពុជាក្លាយជាប្រទេសក្រីក្រទៅៗ ព្រោះតែការដឹកនាំបែបផ្តាច់ការតពូជងាកទៅរកប្លុកម្មុយនិស យកចិន និងវៀតណាម ជាខ្នងបង្អែក។
ក្នុងន័យនេះ លោកគ្មានជំនឿលើ លោក ហ៊ុន សែន វិលទៅរកប្រជាធិបតេយ្យទេ ព្រោះតែកម្ពុជាមានវិបត្តិសង្គមជាច្រើន ធ្វើឱ្យបក្សកាន់អំណាចធ្លាក់ប្រជាប្រិយភាព បាត់ការគាំទ្រពីពលរដ្ឋបើហ៊ានប្រកួតអំណាចដោយសុចរិតភាពនោះ។
លោកថា៖ «មានតែប្រជាពលរដ្ឋទេ បើប្រជាពលរដ្ឋគាត់ចង់ចឹងទៀតមានន័យថា គាត់ចាប់យកចិនដែរ ព្រោះប្រជាពលរដ្ឋជាម្ចាស់អំណាច។ បើសិនជាថ្នាក់ដឹកនាំធ្វើអីស្រេចតែចិត្ត ចឹងពលរដ្ឋមិនត្រូវនៅស្ងៀមទេ គឺក្មេងៗជំនាន់ក្រោយ ត្រូវតែនាំគ្នាហ៊ានងើបឡើង ប្រឆាំងនឹងពួកផ្តាច់ការ។ និយាយឱ្យអស់ខ្ញុំអស់ជំនឿហើយ បើអត់ងើបទេគឺប្រទេសកម្ពុជាយើងក្ររហាម ថ្នាក់ដឹកនាំខ្មែរយើងនៅតែគឃ្លើន ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាយើងជៀសមិនផុតពីទុក្ខវេទនាទេ»។
មុនការមកដល់របស់ លោក ស៊ី ជីនពីង ១ថ្ងៃ ពោលគឺនៅថ្ងៃទី១៦ ខែមេសា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានជូនដំណឹងថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាមេរិក បានប្រជុំតាមប្រព័ន្ធវីដេអូជាមួយ លោក ជេមីសិន ហ្គ្រៀរ (Jamieson Greer) ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ប៉ុន្តែប្រភពនោះមិនបានបញ្ជាក់ពីលទ្ធផលប្រជុំទេ គ្រាន់តែបញ្ជាក់ថាភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។
គណបក្សកម្លាំងជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ ខែមេសា យល់ថា ដើម្បីរក្សាបានផលប្រយោជន៍សម្រាប់ពលរដ្ឋ និងជាតិ រដ្ឋាភិបាលត្រូវបង្ហាញជំហរស្មោះត្រង់ក្នុងការចរចាជាមួយអាមេរិកដោយរក្សាអព្យាក្រិតភាព ចំពោះករណីមន្ទិលសង្ស័យលើការសាងសង់កំពង់ផែនៅក្នុងដែនទឹកសមុទ្ររាម។
បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជាត្រូវស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពបញ្ចេញមតិ ព្រមទាំងលុបបំបាត់អំពើពុករលួយ ការឆបោកតាមប្រព័ន្ធអនឡាញ និងអយុត្តិធម៌សង្គម ដែលអាមេរិកតែងតែបង្ហាញក្តីបារម្ភ។
ក្រៅពីនេះ គណបក្សកម្លាំងជាតិ ចង់ឃើញកម្ពុជាពង្រឹងខ្លួនឯង ដោយផ្តើមពីការបង្រួបបង្រួមជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ តាមរយៈការបង្កើតឲ្យមានវប្បធម៌សន្ទនា ការដោះលែងអ្នកជាប់ឃុំនយោបាយ អ្នកជាប់ឃុំមនសិកា ព្រមទាំងអ្នកនយោបាយ ដែលកំពុងនិរទេសនៅក្រៅប្រទេស ឲ្យមានសេរីភាពឡើងវិញ ដើម្បីបានចូលរួមកសាងជាតិរួមគ្នា។
សម្រាប់ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក សឹង សែនករុណា គ្មានជំនឿថា មេដឹកនាំគ្រួសារហ៊ុននឹងជ្រើសរើសផ្លូវបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ព្រោះតែខ្លាចបាត់បង់អំណាច ហើយថា គ្រួសារហ៊ុននឹងបន្តយកចិនជាខ្នងបង្អែកដោយទាត់ចោលប្រទេសលោកសេរី មានអាមេរិកជាដើម។
លោកសង្កត់ធ្ងន់ថា របបដឹកនាំបែបនេះ ផលប្រយោជន៍ជាតិធ្លាក់លើតែក្រុមគ្រួសារមេដឹកនាំ បង្កើតជាអំពើពុករលួយ សេដ្ឋកិច្ចជាតិដំាក្បាលចុះ រងទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរី ហើយពលរដ្ឋនឹងក្លាយជាជនរងគ្រោះតជំនាន់។
លោកថា៖ «យើងដឹងកន្លងមកហើយ គឺមានក្រុមហ៊ុនចិនជាច្រើនមកប្រទេសយើង គឺរុករករ៉ែផ្សេងៗ ហើយបំផ្លាញព្រៃឈើ ធនធានធម្មជាតិជាច្រើន ដែលយើងមើលឃើញដូចជាអស់ឆ្នេរអស់កោះជាដើម! ដោយសារតែស្នាដៃក្រុមហ៊ុនរបស់ចិនអីទាំងអស់ ហើយមកបំពារបំពាន រំលោភនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ធនធាននៃប្រទេសហ្នឹង។ ចឹងការគប់គិតគ្នារវាងកម្ពុជានិងចិននេះ! យើងឃើញថា វាគ្មានផលចំណេញដល់ប្រជាពលរដ្ឋទេ សូម្បីតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ឃើញថា មានជាប់ពាក់ព័ន្ធនឹងប្រទេសចិនដែរ ព្រោះមានការផ្តល់សព្វាវុធសំលៀកបំពាក់យោធាអីទាំងអស់ឃើញការផ្គត់ផ្គង់ គឺចេញពីចិនទាំងអស់ វាជាគ្រោះថ្នាក់ណាស់»។
ចំពេលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កំពុងឡើងកម្តៅនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានចំៗថា បើចង់ចរចាបន្ធូរបន្ថយពន្ធ ត្រូវបដិសេធប្រទេសចិន ក្នុងការដឹកទំនិញឆ្លងកាត់ និងរារាំងក្រុមហ៊ុនចិន មិនឱ្យបោះទីតាំង ដើម្បីគេចផុតការយកពន្ធខ្ពស់របស់ខ្លួន។
ខណៈលោកទុកពេល៩០ថ្ងៃ សម្រាប់ប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ដើម្បីសម្របសម្រួលពីវិធានដំឡើងពន្ធនេះ ។
សារព្រមាននេះ ស្របពេលពេលមេដឹកនាំចិន លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅប្រទេសមួយចំនួននៅតំបន់អាស៊ី ដែលប្រឈមការយកពន្ធករគយខ្ពស់ពីអាមេរិក រួមមាន កម្ពុជា ៤៩% វៀតណាម ៤៦% និងម៉ាឡេស៊ី ២៦% ជាដើម។
យ៉ាងណាបើគ្មានអ្វីប្រែប្រួលទេ ពន្ធ៤៩ភាគរយដែល លោក ត្រាំ ប្រកាសដាក់លើកម្ពុជា នឹងត្រូវអនុវត្តក្រោយ៩០ថ្ងៃនៃការចរចានេះ ដែលជាក្តីបារម្ភពីគ្រោះថ្នាក់ដល់ជីវភាពពលរដ្ឋខ្មែររាប់លាននាក់ ជាពិសេសកម្មករ បើមេដឹកនាំខ្មែរបន្តឱ្យចិនប្រើប្រាស់ដែនដីកម្ពុជាសម្រាប់កើបលុយរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗពីអាមេរិក តាមរយៈប្រទេសកម្ពុជានេះ៕









