បុណ្យខួប១០០ថ្ងៃ លោក លិម គិមយ៉ា ហាក់បានគាស់កកាយ ពីវប្បធម៌នីទណ្ឌភាពក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ដែលបន្សល់ទុកនូវសោកនាដកម្មសម្រាប់គ្រួសារជនរងគ្រោះ ខណៈជនសង្ស័យក្នុងសំណុំរឿងឃាតកម្ម មិនត្រូវបានចាប់ខ្លួន នាំទៅកាត់ទោសនៅឡើយ ជិត៤ខែទៅនេះ។
ពិធីនេះចំឡើងនៅប្រទេសបារាំង ជាស្រុកកំណើតរបស់ភរិយា លោក លិម គិមយ៉ា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយមួយចំនួននៅក្រៅប្រទេស និងគ្រួសារជនរងគ្រោះ។
ជុំវិញរឿងនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា ការបាត់ដំណឹងសូន្យឈឹង ពីដំណឹងចាប់ខ្លួន លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ឱ្យទៅតុលាការថៃកាត់ទោស ប្រហែលជាពួកគេ ត្រូវគេបោះឱ្យក្រពើស៊ីបាត់ហើយ។
លោកសង្កត់ធ្ងន់ថា៖ «នេះសបញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នកបញ្ជានៅពីក្រោយខ្នងឃាតកម្មនេះ ទើបគាត់មិនចាប់បញ្ជូនខ្លួន លី រតនរស្មី ដែលជាទីប្រឹក្សារបស់គាត់ទៅឱ្យតុលាការថៃ ដើម្បីកាត់ទោស»។
បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា បុណ្យខួប ១០០ថ្ងៃនៃឃាតកម្មសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លិម គិមយ៉ា ប្រព្រឹត្តទៅប្រទេសបារាំង នៅក្រោមបរិយាកាស គ្មានពន្លឺយុត្តិធម៌។
លើសពីនេះ ភរិយា លោក លិម គិមយ៉ា និងកូនប្រុស បានឡើងថ្លែងសុន្ទរកឋាខ្លីជាភាសាបារាំងក្នុងពិធីបុណ្យខួប១០០ថ្ងៃនេះថា ឃាតកម្មលើ លោក លិម គិមយ៉ា បានបន្សល់ទុកនូវសោកនាដកម្មដល់គ្រួសារគាត់ ដែលថា តុលាការបារំាង នឹងស្វែងរកយុត្តិធម៌។ នេះបើតាមអ្នកបកប្រែ។
គាត់ថា៖ «ខ្ញុំសូមបង្រួមសេចក្តីមក គាត់សូមថ្លែងអំណរគុណដល់បងប្អូន ដែលបានមកចូលរួមពិធីបុណ្យនេះ នៃសោកនាដកម្មនៅក្នុងគ្រួសារដែលគាត់បានជួបប្រទះ ដោយសារតែភាពក្លាហានតស៊ូរបស់លោក លិម គិមយ៉ា ហ៊ានបរិច្ចាកដើម្បីជាតិមាតុភូមិ ដែលគាត់ចង់បាន និងសង្ឃឹមថា រដ្ឋាភិបាលបារាំងនឹងធ្វើការតាមដាននិងរកយុត្តិធម៌ជូន លោក លិម គិមយ៉ា។ គាត់ថា ការតស៊ូរបស់លោក លិម គិមយ៉ា បានលះបង់ដើម្បីដណ្តើមសេរីភាព និងប្រជាធិបតេយ្យជូនខ្មែរយើង»។
ដោយឡែក អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដែលជាសេនាធិការរដ្ឋាភិបាលធ្លាប់ទម្លាក់កំហុសបញ្ហានេះដាក់ភាគីថៃ។
លោកធ្លាប់ប្រាប់VODថា ភាពយឺតយ៉ាវចាប់ខ្លួនជនសង្ស័យទៅកាត់ទោស មកពីភាគីថៃមិនផ្តល់ភស្តុតាងបន្ថែម ឱ្យកម្ពុជាតាមការស្នើសុំ មុនកម្ពុជាបើកការស៊ើបអង្កេតលើជនសង្ស័យ។
យ៉ាងណា លោក សម រង្ស៊ី និយាយថា ជនសង្ស័យដែលលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ច្រើនខែទៅនេះ ក្រោមការការពារដោយគ្រួសារហ៊ុន។
លោក សម រង្ស៊ី គូសបញ្ជាក់នៅលើហ្វេសប៊ុកលោកថា លោក លិម គិមយ៉ា ជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ខ្មែរសញ្ជាតិបារាំង ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃ០៧ ខែមករា ឆ្នាំ២០២៥ កណ្តាលក្រុងបាងកក ប្រទេសថៃ យ៉ាងសាហាវព្រៃផ្សៃបំផុត។
លោកថា៖«ឃាតករជនជាតិថៃឈ្មោះ Akkalak peanoi និងជនសង្ស័យសំខាន់ឈ្មោះ លី រតនរស្មី ពេជ្រ គឹមស្រ៊ិន ឃ្លាំង ហួត និងបក្ខពួកផ្សេងទៀត កំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា ក្រោមការការពារពី ហ៊ុន សែន»។
លោក លិម គិមយ៉ា អាយុ៧៣ឆ្នាំ ត្រូវបានគេបាញ់សម្លាប់ ខណៈលោកនិងភរិយាជាជនជាតិបារំាងធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្លងកាត់ប្រទេសថៃ ក្នុងដំណើរវិលទៅប្រទេសបារំាងវិញ។
ឃាតកម្មនេះ ក្រោយលោក លិម គិមយ៉ា រិះគន់គ្រួសារហ៊ុន ធ្វើឱ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំក្នុងថ្ងៃឆ្លងឆ្នាំសាកល២០២៥។
ក្រោយឃាតកម្មកើតឡើង ឃាតករជនជាតិថៃឈ្មោះ Akkalak peanoi ត្រូវបានចាប់ខ្លួនបាននៅក្នុងទឹកដីកម្ពុជាក្នុងខេត្តបាត់ដំបង។
ក្រោយមក តុលាការថៃ បានចេញដីកាឱ្យចាប់ខ្លួន លី រតនរស្មី ជាទីប្រឹក្សាលោក ហ៊ុន សែន។ ដោយឡែក ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) បានចេញនិវេទន៍ក្រហម (Red notice) ឱ្យស្វែងរកចាប់ខ្លួនអ្នកផ្តល់តម្រុយ ឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា គឺជនសង្ស័យឈ្មោះ ពេជ្រ គឹមស៊្រិន ។
ពេជ្រ គឹមស៊្រិន ត្រូវគេស្គាល់ថា ជាមនុស្សស្និទ្ធនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលញឹកញាប់លោក ឃួង ស្រេង តែងតែបង្ហាញកាយវិការលូនក្រាបគ្រួសារហ៊ុន។
យ៉ាងណា ជិត៤ខែទៅនេះ ជនសង្ស័យ លី រតនរស្មី និងពេជ្រ គឹមស៊្រិន ត្រូវបានគេដឹងថា នៅបន្តលាក់ខ្លួនក្នុងប្រទេសកម្ពុជា ក្រោមការការពារដោយគ្រួសារហ៊ុន ពាក់ព័ន្ធនឹងការរៀបចំគម្រោងឱ្យធ្វើឃាតលើ លោក លិម គិមយ៉ា ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៕