ស្តី្រខ្មែរម្នាក់ទៀតអំពាវនាវ​​រក​ការ​សង្គ្រោះ​ពី​ប្រទេស​ចិន​ក្រោម​​​ហេតុ​ផល​ត្រូវ​គេ​បង្ខាំង

ស្ត្រីខ្មែរម្នាក់​ទៀត ដែល​អះអាង​ថា ត្រូវ​បាន​គេ​បង្ខាំង នៅ​ប្រទេស​ចិន មិន​ឱ្យ​មក​ជួប​បង​ប្អូន​នៅ​កម្ពុជា រយៈពេល​​៦​​ឆ្នាំ​ទៅ​នេះ​ បាន​អំពាវនាវ​​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិ​បាល ឱ្យ​ជួយ​សង្គ្រោះ ដើម្បី​បាន​មក​ថែ​បង​ពិការ នៅ​កម្ពុជា​ដែល​​ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

នេះបើ​តាម​វីដេអូ​រយៈជិ​ត​១នាទី​ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ចែក​រំលែក​តៗ​គ្នា ដែល​VOD​ទើបទទួល​បាន​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៥​នេះ។

ស្ត្រីនោះ​ថា៖ «ខ្ញុំសូម​លើក​ម្រាម​ដៃ១០​ដល់​សម្តេច​តេជោ ហ៊ុន សែន ​ខ្ញុំ​ឈ្មោះ ញ៉ែម ស្រី​លក្ខ នៅ​ភូមិឫស្សី​ស្រស់ សង្កាត់​​និរោធ ខណ្ឌ​ច្បារអំពៅ។ ខ្ញុំ​​ច​ង់​​ត្រឡប់​​​ទៅ​​ផ្ទះ​​វិញ ខ្ញុំ​ចង់​ជួប​ជុំ​បង​ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​បង​ពិការ។ ខ្ញុំ​មាន​តែ​ម្រាម​ដៃ​១០ សូម​សម្តេច​តេជោ​ជួយ​ផង។ ខ្ញុំ​នៅ​នេះ​គេ​ឃាត់​ខ្ញុំ គេ​អ​ត់​ឱ្យ​ទៅ​​ជួប​បង​ប្អូន​ខ្ញុំ​ទេ ជួយ​ខ្ញុំ​ផង។ ខ្ញុំមក​៦ឆ្នាំហើ​យ ខ្ញុំ​ចង់​ទៅ​ជួប​បង​ប្អូន​ខ្ញុំ​វិញ ជួយ​ខ្ញុំ​ផង»។

VODមិនអាចទាក់ទង​ក្រសួង​ការបទេស​កម្ពុជា ដើម្បី​សុំការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយនេះ។

ប៉ុន្តែ លោក​​ស្រី ជូ ប៊ុន​​អេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ បាន​ប្រាប់ VOD ថា លោកស្រី​មិនដឹងច្បាស់រឿងនេះ​ទេ ប៉ុន្តែ​ថា បើស្ត្រីនោះ​ពិត​ជា​ជន​រង​គ្រោះ​ពិត​មែន រដ្ឋាភិបាល​នឹង​មិន​ទុក​ជន​រ​ង​គ្រោះ​ចោល​ទេ។

លោក​ស្រី​ថា៖ «ព័ត៍​មាន​ដែល​បាន​មក រដ្ឋាភិបាល​មិន​ដែល​ទុក​ចោល​ទេ ហើយ​យើង​ក៏​បាន​អំពាវ​នាវ​ដែរថា កុំ​ឱ្យ​ចេះ​តែ​ប្រថុយ​ប្រថាន។ រឿង​នេះ​គាត់​ទៅ​៦ឆ្នាំ​ហើយ​បើ​តាម​ខ្ញុំ​ដឹង ហើយ​មាន​កាសែត​ពីរ​ហើយដែល​សួរ​ខ្ញុំ។ បើ​ទៅ៦​ឆ្នាំ មាន​ន័យ​ថា គាត់​ទៅ​ស្រុក​គេ​៦ឆ្នាំ​ហើយ[] អីចឹង​គាត់​អាច​មាន​ទំនាក់​ទំនងច្រើន​នៅ​ក្នុង​ប្រទេស​ហ្នឹង អីចឹង​ទុក​ឱ្យ​​សមត្ថ​កិច្ច​គេ​ធ្វើការ​សិន​ទៅ បើ​សិន​ជា​គាត់​ដាក់​ពាក្យ​មិន​អី​ទេ តែ​បើគាត់​បង្ហោះ​ហ្វេស​ប៊ុក​ពិបាក​រក​ណាស់»។

តាមសេចក្តីរាយការណ៍នានា ស្ត្រីរូបនោះ ត្រូវបានចាញ់​បោក​មេខ្យល់ ​ឱ្យ​ទៅ​រៀប​ការ​ជាមួយ​ជន​ជាតិ​ចិន ហើយ​ធ្លាប់​ស្វែង​រក​កិច្ច​អន្តរា​គមន៍​ច្រើន​ដង ពី​រដ្ឋាភិបាល​ តែ​មិន​បា​ន​​ជោគ​ជ័យ ខណៈ​រង​ការ​ធ្វើ​ទារុណ​កម្ម​ពី​សំណាក់​ប្តី ជា​ជន​ជាតិ​ចិន។

សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក (ADHOC) ធ្លាប់​រក​ឃើញ​ថា ក្នុង​​រ​យៈ​​ពេល​​ជាង ១១​ខែ ឆ្នាំ​២០២៤ ខេត្ត​កំពង់​ចាម និង​​ខេត្ត​ត្បូង​ឃ្មុំ គឺ​​​ជា​​ខេត្ត ដែល​​មា​ន​​តួលេខ​​ស្ត្រី​​ខ្មែរ​​រង​គ្រោះ​​ដោយ​​អំពើ​​ជួញដូរ​​មនុស្ស​​ទៅ​ប្រទេស​​ចិន​​ច្រើន​​ជា​ង​គេ។

តាមអាដហុកនៅ​ពេលនោះ ចាប់​​តាំង​​ពី​​​ខែម​ករា រហូត​​ដល់​​​ថ្ងៃ​​​ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ខ្លួន​បាន​​ធ្វើ​អន្តរា​គមន៍ និង​​ជួយ​​ស្ត្រី​ដែល​​រង​គ្រោះ ​ដោយ​​អំពើ​​ជួញ​ដូរ​​​ទៅ​​ប្រទេស​​ចិន នៅ​​ខេត្ត​ត្បូង​ឃ្មុំ ចំនួន ៨ករណី ខេត្ត​កំ​ពង់ចាម ៧ករណី ខេត្ត​ព្រៃវែង ៣ករណី ខេត្តស្វាយរៀង ៣ករណី ខេត្តក្រចេះ ២ករណី រាជធានី​​ភ្នំពេញ ៣ករណី និង​ខេត្តបន្ទាយមាន​ជ័យ ១ករណី។

របាយការណ៍នេះ ហាក់ស៊ីគ្នានឹងការអះអាង​របស់​លោក​ស្រី ជូ ប៊ុនអេង នៅពេ​ល​នេះ​ដែរ ដោយ​អ្នក​ស្រី​ថា​ ជា​បន្ត​បន្ទាប់​ស្ថាប័ន​ជំនាញ​នេះ តែ​ទទួល​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​ពីវិ​ធាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ​ពិត​ប្រាកដ​ដែល​មាន​កិច្ច​សហការ​ពី​សមត្ថកិច្ច​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ