អតីតឧកញ៉ា ហេង សិទ្ធី ទម្លាយ​សំបុត្រ​ពី​ពន្ធនាគារ​ប្រទេស​រុស្សី​ប្រឆាំង​នឹង​គ្រួសារ​ហ៊ុន

អតីតឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានគេទម្លាយថា កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​រុស្សី តាម​បណ្តឹង​អ្នក​ឧកញ៉ា ហ៊ុន តូ នោះ បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួ​ម​ដៃ​គ្នា​ផ្លាស់​​ប្តូរ​គ្រួសារ​ហ៊ុន ដើម្បី​សង្គ្រោះ​កម្ពុជា​ចេញ​ពី​ជម្រក​ពួក​ឧក្រិដ្ឋ​ជន។

នេះបើតាមសំបុត្រសរសេរ​ដោយ​ដៃ​កម្រាស់​៣ទំព័រ​រប​ស់​អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ត្រូវបាន​គេ​ទម្លាយ​ឱ្យ​VO​D​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥​នេះ។

ប្រភពសិ្នទ្ធិលោក ហេង សិទ្ធី ប្រាប់VODដោយសុំមិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា បច្ចុប្បន្ន​ លោក ហេង សិទ្ធី ត្រូវ​ជាប់​​ឃុំ​នៅប្រ​ទេស​រុស្សី​បណ្តោះ​អាសន្ន​ ដោយ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ទេ។

ប្រភព​ដដែលថា មន្រ្តីកម្ពុជាបានព្យាយាម​សុំឱ្យភាគី​រុស្សី​បញ្ជូន​លោក ហេង សិទ្ធី មក​កម្ពុជាវិញ​តែ​ត្រូវ​បាន​មេធាវី​អន្តរ​ជាតិ​ការ​ពារ​ឱ្យ​លោក ហេង សិទ្ធី ប្រឆាំង​នឹង​ការ​ស្នើ​សុំ​នេះ។

ប្រភព​ដដែល​និយាយ​ក្នុងសម្តី​ដើម​ថា៖ «គោលបំណង​របស់ លោក ហេង សិទ្ធី គាត់​ចង់​ឱ្យ​យើង​បំផុស​ធ្វើ​យ៉ាងណា​ ដើម្បី​ឱ្យ​យុវជន​ប្រជា​ពលរដ្ឋ​ជួយ​គាំ​ទ្រ​គាត់ ព្រោះ​គាត់​ឥឡូវ​កំពុង​តែ​ថិត​ក្នុង​ភាព​អយុត្តិ​ធម៌ គាត់​ចង់​ទាម​ទារ​យុត្តិ​ធម៌មក​វិញ»។

បើតាមសំបុត្ររបស់​លោក ហេង សិទ្ធី បាន​សរ​សេរ​ថា សម័យ​ឬ​របប​លោក ហ៊ុន សែន ស្រឡាញ់​តែ​អ្នក​ប្រាជ្ញ​ចេះ​​ធ្វើ​ល្ងង់ ឬ​មនុស្សស្ង​ប់​ធ្វើ​ប្រាជ្ញ បង្ហាញ​នូវ​ភក្តី​ភាព​ឥត​ព្រំដែន​ក្លែង​ក្លាយ​មួយ ធ្វើ​ឱ្យ​អ្នក​មាន​ចំណេះ​ដឹង​មាន​ឆន្ទៈ​ស្រឡាញ់​​ជាតិ​មាតុ​ភូមិ​ជាតិ​និយម​ត្រូវ​ខ្ទាត​ចេញ។

លោកថា ការ​ដែល​លោក ហ៊ុន សែន បង្កើត​ងារ​សម្តេច​នេះ សម្តេច​នោះ ព្រោះ​គេ​ចង់​ឱ្យ​ប្រជាជន​មាន​ជំនឿ​ពី​ភាព​អស្ចារ្យ​ និង​ភាព​ខុស​គ្នា​រវាង​គ្នា រវាង​វណ្ណៈ​និយម តែ​ប៉ុណ្ណោះ ការ​ពិត​ពួក​គេត្រូវ​តែ​ជា​មនុស្ស​ធម្មតា​ដែល​ស្រែក​ឃ្លាន​ការ​គោរព និង​អំណាច ដោយ​ការ​បង្ខិត​បង្ខំ​តែ​ប៉ុណ្ណោះ។

បន្ថែមលើនេះ លោកថា របប​លោក ហ៊ុន សែន បំផ្លាញ​អ្នក​ប្រាជ្ញ និង​បុគ្គល​ដែល​មាន​ទស្សនៈ​គំនិត​និយម ឱ្យ​មក​ជឿ​លើ​ការ​ដឹក​នាំ​អទិ​ទេព ហើយ​បង្រួម​អំណាច​រាជានិ​យម និង​សង្គម​និយម​ជាពិ​សេស​កម្លាំង​កកើត​ថ្មី​នៃ​យុវជន​ជំនាន់​ក្រោយ ឱ្យ​យល់​ថា​បើ​គ្មាន​ពួក​គេ​ប្រទេស​នឹង​មានភាព​ចលាចល និង​សង្រ្គាម​បង្ហូរ​ឈាម។

អតីតឧកញ៉ា លោក ហេង សិទ្ធី ចា​ប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​មក បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​លាត​ត្រដាង​ពី​ការ​រួម​ដៃ​គ្នា​ រវាង​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​ឧក្រិដ្ឋ​ជន បើក​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​មនុស្ស​តាម​អន​ឡាញ​ជាដើម។

មន្រ្តីជាន់ខ្ពស់ដែលលោក ហេង សិទ្ធី ចោទប្រកាន់មាន​ដូចជា លោក គួច ចំរើន លោក ស ថេត លោក ស សុខា លោក កើត រិទ្ធិ រួម​ទាំង​​មន្ត្រី​អន្តោ​ប្រវេសន៍​ជាដើម។

បន្ថែមលើនេះ លោកទម្លាយទៀត​ថា ឧកញ៉ា ហ៊ុន តូ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត គឺ​ជា​ជន​ឧក្រិដ្ឋ​ឆបោក ការ​ចាប់​ជំរិត និង​មេខ្លោង​គ្រឿង​ញៀន ដែល​មាន​ការ​គាំទ្រ​ពី​មន្រ្តី​រដ្ឋាភិបាល​ទាំង​នោះ​ថែម​ទៀត។

លោក ហេង សិទ្ធី ក៏បា​ន​ដាក់​ពាក្យ​ទៅ​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​មហា​ផ្ទៃ និងខុ​ទ្ទ​កាល័យ លោក ហ៊ុន ម៉ាណែត ដើម្បី​ឱ្យ​ស៊ើប​អង្កេត​លើ​មន្រ្តី​ពាក់​ព័ន្ធ ប៉ុន្តែ​គ្មាន​ការ​ស៊ើបអង្កេត​នោះ​ទេ។

ជាមួយគ្នានេះ លោក ហេង សិទ្ធី ក៏បានបង្ហោះ​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​៣ ខែ​មករា ​ឆ្នាំ​២០២៤ របស់ខ្លួន ដោយ​ទាម​ទារ​ឱ្យ​លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បើក​ការ​ស៊ើប​អង្កេត​លើ​លោក ហ៊ុន តូ។

ប៉ុន្តែ ៥ថ្ងៃក្រោយ​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​លិខិត​មួយច្បាប់​នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០២៥ ប្រាប់​ទៅ​កាន់​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស​ថា លិខិត​ឆ្លង​ដែន​របស់​លោក ហេង សិទ្ធី ត្រូវ​បាន​មោឃភា​ព​ចោល​តាម​សំណើរ​របស់​ក្រសួងមហា​ផ្ទៃ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណាបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ព្រមាន​ថា ​បើ​គ្រួសារហ៊ុន​បន្ត​ដឹក​នាំ​ប្រទេស​បែប​ផ្តាច់​ការ​ចាប់​ចង​មនុស្ស​តាម​ទំនើង​ចិត្ត ជាពិ​សេស​លើម​នុស្ស​ដែល​ហ៊ាន​លាតត្រដាង​ការ​ពិត​ក្នុង​សង្គម​នោះ អំណាច​គ្រួសារ​ហ៊ុន​នឹង​អាច​ដួល​រំលំ​ក្រោម​​អំណាច​មហា​ជន​នៅ​ថ្ងៃណា​​មួយ។

លោកថា«ត្រកូលហ៊ុន​គួ​រតែ​កែ​លម្អ​ការ​ដឹក​នាំ​របស់​ខ្លួន ត្រូវ​បង្ក្រាប​ទៅ​លើ​បទ​ឧក្រិដ្ឋ​ដែល​ឆបោក​ដោយ​ជន​ជាតិ​ចិនដែល​បង្ខាំង​មនុស្ស​ឱ្យ​ឆបោក​តាម​អន​ឡាញ​ ហើយ​និង​បទ​ចាប់​ជំរិត ហើយ​និង​មាន​ការ​គប់គិត​ជាមួយ​នឹង​ត្រកូល​ហ៊ុន​ ដូចជា លោក ហ៊ុន តូ និង​ឧកញ៉ា​មួយ​ចំនួន​ហ្នឹង គួ​រតែ​បង្ក្រាប​បទ​ល្មើសទាំ​ង​អស់​ហ្នឹង​ហើយ កុំ​ទៅ​ចាប់​អ្នក​ដែល​ហ៊ាន​លាត​ត្រដាង​បទ​ឧក្រិដ្ឋ​ទាំង​អស់​ហ្នឹង។ អ្នក​ដែល​រិះ​គន់​បទ​ឧក្រិដ្ឋ​ទាំង​អស់​ហ្នឹង អាហ្នឹង​ទើប​ត្រកូល​ហ៊ុន​អាច​គេច​ផុត ​ពី​ការ​ដែលទម្លាក់​ដោយ​មហាជន​ ដែល​គេ​អាច​អ​ត់ទ្រាំ​មិន​បាន​នឹង​ការ​ដឹក​នាំ​ផ្ដាច់​ការ​របស់​ត្រកូល​ហ៊ុន»

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា និយាយ​ថា នៅ​កម្ពុជា សែស្រ​ឡាយ​មេដឹក​នាំ​អាច​បញ្ជា​ប្រព័ន្ធ​តុលាការ​តាម​អំពើ​ចិត្ត​របស់​ពួក​គេ ជា​ហេតុធ្វើ​ឱ្យ​ពាក្យ​បណ្តឹង​របស់​ លោក ហេង សិទ្ធី ដាក់​ទៅ​កាន់​ស្ថាប័ន​ពាក់​ព័ន្ធ​គ្មាន​ការ​ស៊ើប​អង្កេត​ទេ ហើយ​ថា ការ​ដឹក​នាំ​បែប​នេះកំ​ពុង​ផ្តល់​មហន្ត​រាយ​ដល់​ប្រទេស​កម្ពុជា។

លោកថា៖ «គម្បី​រដ្ឋាភិបាល ឬស្ថាប័ន​​ពាក់​ព័ន្ធ​​យក​​ចិត្ត​​ទុក​​ដាក់​​ទទួល​​នូវ​​ព័ត៌​មាន​​ទាំង​​អស់​​ហ្នឹង ធ្វើកា​រ​​ស៊ើប​អង្កេត​ដើម្បីវែក​មុខ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ទាំង​អស់​ហ្នឹង យក​​ម​ក​​ផ្តន្ទា​​ទោស  មិន​មែន​មក​ចាប់​ខ្លួន​អ្នក​រាយ​ការណ៍​ ពី​បទល្មើស​អ្នក​ដែលប្រ​ព្រឹត្ត​អំពើ​ឆបោក បែប​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ទាំង​អស់ ដែល​ជា​​អ្ន​ក​រាយ​​ការណ៍​​អ៊ីចឹង​​ទេ អ៊ីចឹង​​សួរ​​​ថា​​​តើ​​ថ្ងៃ​ក្រោយ​​បទ​ល្មើស​​ទាំង​​អ​ស់​​ហ្នឹង ដែល​​សហគម​ន៍​​អន្ត​រ​ជាតិ​​​គេ​រិះគន់​​ម​ក​​កម្ពុជា​​យើង មាន​​វិធា​ន​​ការ​​ដោះ​​ស្រាយ​​ដោយ​​របៀប​ម៉េច»

ជុំវិញ​រឿង​នេះ VOD មិន​អាចសុំ​កា​រប​ញ្ជាក់​បន្ថែម​ពី​អ្នក​នាំពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយនេះ។

ជុំវិញរឿងនេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​រិះ​គន់​ចំពោះកា​រ​ចាប់​ខ្លួន អតីត​ឧកញ៉ា ហេង សិទ្ធី ដោយ​ពួក​គេ​បាន​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ចំពោះ​មន្ត្រី​ដែល​ លោក ហេង សិទ្ធី ទម្លាយ​ឈ្មោះ​ទាំង​នោះ ដើម្បី​បង្ហាញ​តម្លា​ភាព​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា ហើយ​អ្នក​ខ្លះ​ទៀតបាន​កោត​សរសើរ​ចំពោះភា​ព​ក្លាហាន​របស់​ លោក ហេង សិទ្ធី ដែល​ហ៊ាន​ទម្លាយ​បទ​ឧក្រិដ្ឋ​ឆបោក​នៅ​​កម្ពុជា​នេះ។

ខណៈអន្តរជាតិ​ក៏រកឃើញដែរ​ថា កម្ពុជា ជាសម្បុក​របស់​ឧក្រិដ្ឋ​ជន​យក​ធ្វើ​ជា​ទីតាំង​ចាប់​ជំរិត​ឆបោក​តាម​អន​ឡាញ ដែល​កំពុង​បង្ក​ការ​គំរាម​គំហែង​ដល់​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ