នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរថាជ្រើសរើសយកទាំងចិន និងសហរដ្ឋអាមេរិក ចំពេលមានសង្រ្គាមពាណិជ្ជកម្ម ដោយថាកម្ពុជាមិននៅក្រោមឥទ្ធិពលរបស់ប្រទេសណាមួយទេ គឺធ្វើមិត្តជាមួយបណ្តាប្រទេសទាំងអស់ដើម្បីប្រយោជន៍ជាតិ។
នេះបើតាម លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» នៅថ្ងៃទី២១ ខែមេសានេះ ។
លោក ហ៊ុន ម៉ាណែត និយាយក្នុងន័យធៀបថា ប្រទេសចិន ប្រៀបដូចស្ពៃ រីឯអាមរិកជា សាច់គោ ដែលលោកចាប់យកទាំងសាច់គោ ចាប់យកទាំងស្ពៃ ប្រៀបដូចការធ្វើម្ហូបអាហារដ៏ឆ្ងាញ់សម្រាប់ពលរដ្ឋខ្មែរ។
ក្នុងន័យនេះ លោកថា កម្ពុជានៅតែប្រកាន់គោលនយោបាយអព្យាក្រឹត្យ ដោយមិនលំអៀងទៅកាន់ប្រទេសណាមួយឡើយ និងមិនឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជាទេ។
យ៉ាងណា លោករិះគន់ថា មានអ្នកខ្លះប្រើប្រាស់ផ្លូវសង់ដោយថវិកាចិន និងធ្វើការនៅរោងចក្រវិនិយោគដោយចិន បែរជាចោទប្រកាន់ និងមានទស្សនៈមិនពេញចិត្តនឹងចិនទៅវិញ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ចំពេលកម្ពុជាត្រូវគេមើលឃើញថា បន្តឱបជើងចិនខណៈអាមេរិកកំពុងដាក់សម្ពាធពីវិធានដំឡើងពន្ធខ្ពស់ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មជាមួយមហាអំណាចចិន។
ជាមួយគ្នានេះ មេដឹកនាំចិន លោក ស៊ី ជីនពីង បានមកបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួននៅតំបន់អាស៊ី ដែលប្រឈមការយកពន្ធករគយខ្ពស់ពីអាមេរិក រួមមាន កម្ពុជា ៤៩% វៀតណាម ៤៦% និងម៉ាឡេស៊ី ២៦%។
សម្រាប់ កម្ពុជា លោក ស៊ី ជីនពីង បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ខណៈបណ្តាប្រទេសផ្សេងៗ ក្នុងនោះមានកម្ពុជាផងដែរ អាមេរិកបានពន្យាពេលដាក់ពន្ធគយរយៈពេល៩០ថ្ងៃ ហើយកំណត់បន្ទាត់ពន្ធត្រឹម ១០ភាគរយស្មើគ្នា ដើម្បីទុកផ្លូវចរចា។
យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ព្រមានថា បើចង់ចរចាបន្ធូរបន្ថយពន្ធ ត្រូវបដិសេធប្រទេសចិនក្នុងការដឹកទំនិញឆ្លងកាត់ និងរារាំងក្រុមហ៊ុនចិនមិនឱ្យបោះទីតាំង ដើម្បីគេចផុតការយកពន្ធខ្ពស់របស់ខ្លួន៕









