ក្រុមហ៊ុន​កុកអាន​ដែល​​ចាក់​ដី​លុប​ដៃ​ទន្លេ​នឹង​ត្រូវ​ប្តូរ​ទីតាំង​​ក្រោយ​​​មហាជន​ប្រតិ​កម្ម

រដ្ឋាភិបាល​ប្តូរជំហរផ្លាស់ប្តូរទីតាំង​​​ក្រុមហ៊ុន​អាន​កូ របស់​​អ្នក​ឧកញ៉ា កុក អាន ដែល​បាន​ចាក់​ដី​លុប​ដៃ​បឹង​ទន្លេ​សាប នៅក្នុង​ខេ​ត្ត​កំពង់​ឆ្នាំង ទៅទីតាំងថ្មី ក្រោយមហាជនផ្ទុះប្រតិកម្ម​រិះគន់​សកម្មភាពនេះ និងបានចែករំលែក​តៗគ្នាលើបណ្តាញ​សង្គម។

បរិបទនេះ ត្រូវបានគេមើលឃើញ​ថា បញ្ហា​អយុត្តិធម៌​សង្គម​រាប់​ម៉ឺន​ករណី រួម​ទាំង​បញ្ហា​ព្រំដែន អាច​នឹងត្រូវ​បាន​ស្តារ​ឡើង​វិញ បើ​មហាជន​ស្រុះ​ដៃ​គ្នា បញ្ចេញ​ប្រតិកម្ម​ព្រមៗ​គ្នា ដូច​ករណី​នេះ​ដែរ។

ជុំវិញបញ្ហានេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់​VOD​នៅ​ថ្ងៃ​ទី២១ខែ​មេសា​ថា ករណី​ចាក់​ដី​ចូល​ទន្លេ​សាប​នេះ កើត​ឡើង​៣​ថ្ងៃមុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ គឺ​ក្រុម​ហ៊ុន​អានកូ​របស់​អ្នកឧកញ៉ា កុក អាន។

លោកបន្តថា ទីតាំងកើតហេតុស្ថិតនៅ​ត្រង់​ចំណុច​ផែ​ថ្មី ភូមិ​ទី៨ សង្កាត់​ខ្សាម ក្រុង​កំពង់​ឆ្នាំង គឺ​ករណីចាក់​ដី​នេះ សម្រាប់​បូម​ទឹក​ទុក​បម្រើ​សេវា​កម្ម​ផ្គត់​ផ្គង់​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់​ឆ្នាំង ដែលខ្វះ​ខាត​​ទឹក​ស្អាត​ក្នុង​​រដូវ​ប្រាំង ដោយ​ពុំ​មាន​ចេតនា​ហ៊ុម​ព័ទ្ធ​យក​ជា​កម្ម​សិទ្ធិ​នោះ​ទេ។

យ៉ាងណា លោក​បញ្ជាក់​ថា លោកនិ​ង​មន្រ្តី​ធន​ធាន​ទឹក​ នឹង​ផ្អាក​ឬ​កែ​សម្រួល​ទីតាំ​ង​បូម​ទឹក​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្អាត​ឡើង​វិញ បើ​មហា​ជន​មិន​ពេញ​ចិត្ត ឬ​គិត​ថា​បង្ក​ផល​ប៉ះ​ពាល់​បរិស្ថាន សោភណ្ឌ​ភាព​​ទន្លេសាប។

លោក​ថា៖ «យើងបានធ្វើការជាមួយ​ក្រុម​ហ៊ុន​ហើយ​ដោយ​នៃ​ក្រសួង​ធន​ធាន​ទឹក​ហើយ ឲ្យ​ដឹង​ថា បឹងទន្លេសាប​ឲ្យ​ថ្ងៃ​នេះ​កំពុ​ង​ប្រជុំ​គ្នា​ ដើម្បី​សម្រប​សម្រួល​ប្លង់​ ដើម្បី​ធ្វើ​របៀប​ម៉េច​ឲ្យ​វា​ល្អ។ ចឹង​ជំនាញ​កំពុង​ប្រជុំ​ដើម្បី​កែ​សម្រួល​ ឬ​កែ​សម្រួល​ប្លង់​ជាមួយ​ក្រសួង​ធន​ធាន​ទឹក គេ​កំពុង​ប្រជុំ​ថ្ងៃ​ហ្នឹង។ ចឹ​ងបាន​ខ្ញុំសុំ​បញ្ជាក់​ថា គាត់​មិន​មែន​មក​ចាក់​ដើម្បី​យក​ដី​អី​ទេ គាត់​គ្រាន់​តែ​ចាក់​ដើម្បី​ព័ទ្ធ​ក្បាល​បូម​គាត់ ដើម្បី​ឲ្យ​ជ្រៅ​ ​ដើម្បី​បូម​ទឹក​យក​មក​បម្រើ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​កំពង់​ឆ្នាំង»។

ជុំវិញបញ្ហានេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រ​ចំពោះ​ទង្វើ​អភិបាល​​ខេត្តកំពង់​ឆ្នាំង ​លុប​ចោល​គម្រោង​​ចាក់​ដី​ចូល​​ទន្លេ​ បំផ្លាញ​សោភណ្ឌ​ភាព​បឹង​ទន្លេ​សាប​ក្នុង​ខេត្ត​កំពង់​ឆ្នាំងនេះ។

លោកសង្ឃឹមថា អាជ្ញាធរ​ខេត្តនឹងចាត់វិធាន​ច្បាប់​តឹង​រឹង​ ដោយមិ​ន​បណ្តែត​បណ្តោយ​ឱ្យ​ក្រុម​ហ៊ុន​អ្នកមាន​លុយ មាន​អំណាច​បន្ត​គឃ្លើន​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ទៀ​ត​នោះ​ទេ។

លោក​បន្ត​ថា ការផ្អាកចាក់ដីបំផ្លាញ​ដៃ​ទន្លេ​សាប​នេះ គឺ​ដោយ​សារ​កម្លាំង​រិះ​គន់​ដើម្បី​ស្ថាបនា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺ​ឆ្អាល​បញ្ហា​បរិស្ថាន ទើប​អាជ្ញាធរ​ខេត្ត​បញ្ឈប់​សកម្មភាព​ក្រុម​ហ៊ុន​ឧកញ៉ា កុក អាន នេះ។

លោកថា៖ «ទី១ខ្ញុំស្វាគមន៍ អបអរសាទរចំពោះមតិចូលរួមរបស់ប្រជាពលរដ្ឋខ្មែរក្នុនាមជាម្ចាស់អំណាចជាម្ចាស់ប្រទេស។ ការចូលរួមមានសារៈសំខាន់ណាស់ ដូច្នេះម្ដងហើយម្ដងទៀត ខ្ញុំនៅតែទទូចឲ្យប្រជាពលរដ្ឋខ្មែរក្នុងនាមជាម្ចាស់ ត្រូវតែមានមតិចូលរួមក្នុងកិច្ចការសង្គម ក្នុងកិច្ចការនយោបាយនេះគឺចៀសមិនផុតពីយើងក្នុងនាមជាម្ចាស់ទេ ហើយកុំឲ្យមានការភ័យខ្លាច​​ច្រើនពេក ត្រូវតែមានមតិដើម្បីការពារផលប្រយោជន៍រួម ប្រយោជន៍ជាតិ»

អាខោនហ្វេសប៊ុក​ឈ្មោះថា ទូច សោភណ្ឌ សរសេរ​ថា បើ​មន្រ្តី​ខេត្ត​មិន​បើក​ដៃ ក្រុម​ហ៊ុន​ខិល​ខូច​ក៏​មិនហ៊ាន​ប្រព្រឹត្តិ​ដែរ។

អាខោនហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ​ថា​ គីម សុភាណា សរសេរ​ថា ឱ! បឹង​ទន្លេ​សាប​ខ្មែរ​អើយ មន្រ្តី​ត្រូវដង ត្រូវ​ផ្លែ​គ្នា​អស់​ហើយ សូម្បី​តែ​ដៃ​ទន្លេ​ក៏​គេ​ចង់​បំផ្លាញ​ចោល​ដែរ។

ចំណែក មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំ​ខេត្តកំ​ពង់​ឆ្នាំង លោក សំ ច័ន្ទគា យល់​ថា បើ​គ្មានចរន្ត​រិះ​គន់​ខ្លាំង​ពី​មហា​ជន​ទេ អាជ្ញាធរ​ខេត្ត​និង​ក្រុម​ហ៊ុន​ប្រាកដ​ជា​មិន​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ទេ។

លោកថា កម្លាំងមហាជនដែល​ចូលរួមឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម​ជាតិ បញ្ហា​បរិស្ថាន និង​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ហើយ ដែល​សង្គម​ប្រជា​ធិប​តេយ្យ ត្រូវ​ការ​ដើម្បី​រួម​ចំណែក​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន។

សម្រាប់លោក ច័ន្ទគា លើកចិត្តទឹកឱ្យ​មហាជន​បន្ត​ចូល​រួម​តាម​ដាន​បញ្ហា​សង្គម​ជាតិ បរិស្ថាន និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​​មាន​សមត្ថ​កិច្ច​ ដែល​បណ្តោយ​ឱ្យ​ក្រុម​ហ៊ុន​អ្នក​មាន​លុយ មាន​អំណាច​បន្ត​បំផ្លាញធន​ធាន​ធម្មជាតិ​របស់​ខ្មែរ។

ម្យ៉ាងវិញទៀត លោកយ​ល់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​ចាំបាច់​ណាស់ ត្រូវ​ការ​ចូល​រួម​ឈឺ​ឆ្អាល និង​តាម​ដាន​បញ្ហា​សង្គម​ជាតិ​ពី​សំណាក់​ប្រជា​ពលរដ្ឋ ទើប​សង្គម​ជាតិ​នោះ​រី​ក​ចម្រើន​និង​អភិវឌ្ឍន៍​​កាន់​តែប្រសើរ។

លោកថា៖ «ការចូលរួមរបស់ពលរដ្ឋគឺល្អ ពលរដ្ឋគាត់ចូលរួមដោយសារតែទ្រព្យទាំងអស់ហ្នឹង គឺជាទ្រព្យសាធារណៈ អ៊ីចឹង​​បើ​​ទ្រព្យសាធារណៈពលរដ្ឋណាក៏មានសិទ្ធិក្នុងការចូលរួម ក្នុងការផ្តល់យោបល់និងសំណូមពរទៅរដ្ឋាភិបាលដែរ។ ដែលរដ្ឋាភិបាលទាល់តែមានការរិះគន់ ឬមួយប្រតិកម្មបានលោកចាត់វិធានការ អានេះហើយ​​ជាកង្វះខាតរបស់រដ្ឋាភិបាលនោះ អ៊ីចឹងរដ្ឋាភិបាលក៏គួរតែពិចារណា ក្នុងការបើកសេរីភាពបញ្ចេញមតិហ្នឹង ឲ្យបានច្រើន ដើម្បីឲ្យមហាជនក្នុងការធ្វើជាភ្នែកច្រមុះ និងការផ្តល់ព័ត៌មាននិងជួយដល់រដ្ឋាភិបាលវិញដែរ»

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋច្រើនម៉ឺន​នាក់ បានអះអាងពីការចាញ់បោកក្រុម​ឧកញ៉ា ដែល​ស្និទ្ធ​នឹងមេដឹក​នាំ ដូច​ជា​អ្នក​ចាញ់​បោក អតីត​ឧកញ៉ា ឡេង ចាន់ណា អតីត​ឧកញ៉ា ហ៊ី គីម​ហុង និង​ឧកញ៉ា ឡេង ណាវ៉ា​ត្រា ជាដើម ដែល​យុត្តិធ​ម៌​ពួក​គេ ត្រូវ​បាន​ប្រព័ន្ធ​យុត្តិ​ធម៌​កប់​ចោល​ច្រើន​ឆ្នាំ ធ្វើ​ឱ្យ​ជន​រង​គ្រោះខ្លះ ស្លាប់​ជា​បន្ត​បន្ទាប់ ដោយ​សារ​វិបត្តិ​បំណុល។

រីឯក្រុមឧកញ៉ា ជាមេឧក្រិដ្ឋជន​ឆបោក​ទាំង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ការ​ពារ​ដោយ​មេដឹក​នាំ ក្រោម​សារ «មិន​សម្លាប់​មេមាន់ ដើម្បី​យក​ពង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ