អ្នកឃ្លាំមើល រិះគន់មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ដែលមិនទទួលបណ្តឹង និងមានចំណាត់ការលើករណីចាប់រំលោភឱ្យបានទាន់ពេល ហើយទម្លាក់កំហុសលើជនរងគ្រោះប្តីប្រពន្ធ ដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនថែមទៀត ដែលទង្វើនេះប្រាកចាកពីតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងធ្វើឱ្យមានភាពអសកម្មក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីប្តីប្រពន្ធមួយគូរ បាននាំគ្នាទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អត្រូវបានប្រជានេសាទជនជាតិអ៊ីស្លាមចេញទូកទៅជួយសង្គ្រោះទាន់ពេល។ បើតាមប្រភពពីសារព័ត៌មានក្នុងស្រុកនានា ឱ្យដឹងថា ករណីលោតទឹកសម្លាប់ខ្លួននេះ ជនរងគ្រោះប្រាប់មូលហេតុថា ដោយសារពួកគេខឹងមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិធម៌ជូនស្ត្រីជាប្រពន្ធ ដែលត្រូវជនល្មើសជាមិត្តភ័ក្តចាប់រំលោភ កាលពីថ្ងៃទី១៥ ខែមេសា។
ក្រោយហេតុការណ៍នេះ អធិការនគរបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ បានចេញមុខបំភ្លឺ ដោយច្រានចោលចំពោះការលើកឡើងរបស់ជនរងគ្រោះប្តីប្រពន្ធនោះ ដែលថាសមត្ថកិច្ចមិនមានចំណាត់ការលើបណ្តឹងរបស់ខ្លួន។
ក្នុងឃ្លីបវីដេអូមានរយៈពេលជិត ៦នាទី លោក ទៀង ច័ន្ទសារ បានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមេសា ស្រ្តីរងគ្រោះ ឈ្មោះ ស៊ីម ចរិយា និងសាច់ញាតិបានទៅដាក់ពាក្យបណ្តឹង ករណីមិត្តភ័ក្តប្តីរបស់គាត់ បានចាប់រំលោភគាត់ ទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក ហើយភ្លាមៗនោះ មន្ត្រីនគរបាលក៏បានរៀបចំធ្វើពាក្យបណ្តឹងជូន និងសួរនាំស្ត្រីរងគ្រោះ ប៉ុន្តែស្ត្រីរងគ្រោះមិនសហការ និងបានចាកចេញពីប៉ុស្តិ៍នគរបាល បើទោះជាមន្ត្រីនគរបាល និងសាច់ញាតិ បានព្យាយាមហៅមកវិញក៏ដោយ។ ក្រោយមកទៀត ស្ត្រីរូបនោះ ក៏បានទៅប្រាប់ប្តីរបស់ខ្លួន ថាមន្ត្រីនគរបាលមិនចាត់ចែងតាមបណ្តឹងរបស់ខ្លួន ទើបធ្វើឱ្យពួកគេគិតខ្លី ទៅលោតទឹកសម្លាប់ខ្លួនបែបនេះ។
លោកថា៖ «ពេលដែលកំពុងធ្វើពាក្យបណ្តឹង សមត្ថកិច្ចយើងបានធ្វើការសាកសួរនាំអំពីទិដ្ឋភាពនៃការកើតហេតុ តែត្រូវបានប្អូនស្រី ឈ្មោះ ស៊ីម ចរិយា ដែលជាជនរងគ្រោះនោះ ពុំចង់រងចាំការសាកសួរពីសមត្ថកិច្ច ហើយក៏បានធ្វើការចាកចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្លាមនោះផងដែរ ក៏សមត្ថកិច្ចយើងបានតាមហៅថា ប្អូនចូលមកបំភ្លឺ បំពេញនៅក្នុងពាក្យបណ្តឹង តែសាម៉ីខ្លួននៅតែបន្តធ្វើការចាកចេញ។ នៅក្នុងពេលវេលានោះ បងស្រីនិងប្អូនប្រុសដែលបានជួយដាក់ពាក្យបណ្តឹង ក៏បានបន្តការតាមហៅ តែសាម៉ីខ្លួននៅតែបន្តធ្វើការចាកចេញ រហូតទៅដល់លំនៅឋានជួបប្តីរបស់ខ្លួន ហើយប្រាប់ប្តីរបស់ខ្លួនថា សមត្ថកិច្ចពុំបានចាត់ចែងតាមការប្តឹងរបស់ខ្លួនទេ ត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យប្តីរបស់ខ្លួនមានការគិតខ្លី ហើយក៏នាំប្រពន្ធនោះ ទៅធ្វើសកម្មភាពលោតទឹកធ្វើអត្តឃាត»។
យ៉ាងណា អធិការខណ្ឌរូបនេះ បញ្ជាក់ថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនដែលត្រូវបានចោទក្នុងបណ្តឹង និងបានស៊ើបអង្កេតលើករណីនេះ ដើម្បីមានចំណាត់ការទៅតាមនិតិវិធីច្បាប់ហើយ។
ជុំវិញករណីនេះ លោក ផេង ហេង មេធាវីការពារក្តីឱ្យលោក កឹម សុខា បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែមេសាថា តាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ទោះបីជាជនរងគ្រោះមិនទុកចិត្តនគរបាលប៉ុស្តិ៍ ក្នុងការរៀបចំពាក្យបណ្តឹងជូនគាត់ក៏ដោយ ក៏មន្ត្រីនគរបាលត្រូវដើរតួជាដើមបណ្តឹងអាជ្ញា ហើយត្រូវស្រាវជ្រាវ និងសុំគោលការណ៍ទៅព្រះរាជអាជ្ញាស៊ើបអង្កេតចាត់ការបាន។
លោកបានសរសេរក្នុងន័យដើមថា៖ «អង្គហេតុ ដែលនាងនាំបងប្អូនទៅប្តឹង គឺជាបទល្មើសព្រហ្មទណ្ឌ បើទោះបីនាងមិនទុកចិត្តនគរបាលប៉ុស្តិ៍ ក៏រឿងនេះនគរបាលត្រូវដើរតួជាដើមបណ្តឹងអាជ្ញា តាមស្រាវជ្រាវតាមតម្រុយដែលនាងបានប្រាប់ និងអាចសុំគោលការណ៍ព្រះរាជអាជ្ញាស៊ើបចាត់ការបាន។ បទសម្ភាសន៍នោះ គ្រាន់តែជារបៀបដោះសាររបស់នគរបាលពាក់ព័ន្ធ មិនមែនជាអង្គហេតុដែលច្បាប់អនុញ្ញាតនោះទេ។ រឿងនេះ នាងគ្មានកំហុសក្នុងការទៅរាយការណ៍ប្តឹងហើយ ខកខានមិនបានធ្វើបណ្តឹងជាលាយល័ក្ខអក្សរនោះទេ។ សំណាងបានលោតទឹកមិនស្លាប់ បើស្លាប់នោះជនល្មើស និងនគរបាលពាក់ព័ន្ធ នៅតែជាជនតែៗស្ករៗនឹងហើយ»។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍នៅថ្ងៃទី២១ ខែមេសានេះថា តួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហា ត្រូវជួបជាមួយពលរដ្ឋ ហើយក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងទៀត មន្ត្រីទាំងនោះត្រូវស្វែងរកព័ត៌មាន ស្រាវជ្រាវ និងតាមរកជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចាត់ការទៅតាមនីតិវិធីច្បាប់ភ្លាមៗ ដោយមិនចាំបាច់រងចាំមានពាក្យបណ្តឹងពីជនរងគ្រោះនោះទេ។
សម្រាប់ករណីប្តីប្រពន្ធដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនក្នុងករណីរំលោភនេះ លោកសង្កេតឃើញថា សមត្ថកិច្ចហាក់ព្រងើយកន្តើយ ធ្វេសប្រហែស និងមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានទាន់ពេលវេលា ដែលធ្វើឱ្យជនរងគ្រោះអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ហើយងាកទៅរកការធ្វើអត្តឃាតនេះ។
លោកថា៖ «ចឹងបានពេលដែលគាត់[ជនរងគ្រោះ]ទៅ ឃើញសមត្ថកិច្ចសួរនាំគាត់ច្រើនពេក គាត់ដើរចេញ ហើយគាត់ឈប់និយាយជាមួយហ្នឹង ចឹងបានន័យថាគាត់អត់សប្បាយចិត្ត គាត់មិនពេញចិត្តទៅនឹងសមត្ថកិច្ចដែលគាត់បានធ្វើហើយ ចឹងយើងអត់អាចទម្លាក់បញ្ហានេះទៅជនរងគ្រោះទេ យើងត្រូវយល់។ យើងមិនត្រូវត្រឹមតែចេះច្បាប់ទេ សមត្ថកិច្ចគាត់ត្រូវយល់អំពីចិត្តសាស្ត្រ យល់អំពីអារម្មណ៍របស់ជនរងគ្រោះដែរ បើសិនជាពេលនោះ យើងអាចឱ្យគាត់ទៅធ្វើការចង្អុលបង្ហាញ ឬក៏សួរចំណុចសំខាន់ៗ ហើយយើងធ្វើប្រត្តិបត្តិការចាប់[ជនល្មើស]តែម្តង ពេលនោះជនរងគ្រោះគាត់សប្បាយចិត្តវិញ យើងឃើញមានការបកស្រាយ អីចឹងយើងអត់អាចទម្លាក់បានទេ កំហុសទៅលើជនរងគ្រោះ ឬក៏ទៅលើជនដែលកំពុងតែទទួលរងវិបត្តិធ្ងន់ធ្ងរពីបញ្ហាអ្វីមួយនោះ»។
លោក យិន ម៉េងលី យល់ថា បញ្ហានេះ បើសិនមិនមានការទប់ស្កាត់ភាពអសកម្ម និងការពង្រឹងតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ឡើងវិញទេ នឹងធ្វើឱ្យប៉ះពាល់ដល់ជំនឿចិត្តរបស់ពលរដ្ឋទៅលើមន្ត្រី និងប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ទាំងមូលផងដែរ។
លោកថា៖ «ពីព្រោះមន្ត្រីនគរបាលយុត្តិធម៌ គឺជាផ្នែកមួយនៃរឿងយុត្តិធម៌នេះដែរ អីចឹងកាលណាពួកគាត់មានការមិនសូវយកចិត្តទុកដាក់ វាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ដែរ ពីព្រោះផ្តើមចេញពីមន្ត្រីទាំងអស់នេះហើយ ដែលរុញឬក៏កសាងសំណុំរឿងបញ្ជូនទៅ ចុះបើសិនជាពួកគាត់មិនយកចិត្តទុកដាក់ វាធ្វើឱ្យប្រព័ន្ធយុត្តិធម៌ដែលប្រជាពលរដ្ឋមើលមក ឃើញថា អូ!ប្រព័ន្ធយុត្តិធម៌យើងវានៅកម្សោយណាស់ អីចឹងបុគ្គលសមត្ថកិច្ចមួយចំនួនដែលគាត់ធ្វើឱ្យប៉ះពាល់ បុគ្គលសមត្ថកិច្ចមួយចំនួនទៀត គាត់អាចធ្វើបានល្អ អីចឹងដើម្បីលើកស្ទួយប្រព័ន្ធយុត្តិធម៌យើង ឱ្យកាន់តែមានជំនឿជឿជាក់ថែមទៀត ត្រូវតែពង្រឹងទៅលើសមត្ថកិច្ចមួយចំនួនដែលមានភាពអសកម្ម ដែលមិនបានយកចិត្តទុកដាក់អំពីតួនាទីរបស់ខ្លួននេះ»។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ ក្រៅពីការពង្រឹងតួនាទីរបស់មន្ត្រីនគរបាល រដ្ឋាភិបាលក៏គួរទប់ស្កាត់បញ្ហាគ្រឿងស្រវឹង គ្រឿងញៀន និងរឿងអាសអាភាសនៅលើបណ្តាញសង្គម ឬតាមប្រភពផ្សេងៗ ដែលជាដើមចមនាំឱ្យបទល្មើសរំលោភសេពសន្ថវៈនេះនៅបន្តកើតមានច្រើនក្នុងសង្គម ព្រមទាំងបង្កើនការអប់រំជាប្រចាំដល់ប្រជាពលរដ្ឋពីបញ្ហាទាំងនេះផងដែរ។
ស្រដៀងគ្នានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មើលឃើញដែរថា បើសិនជាសមត្ថកិច្ចយកចិត្តទុកដាក់បំពេញតួនាទី និងចាត់វិធានការភ្លាមៗនៅពេលដែលពលរដ្ឋទៅរាយការណ៍ និងប្តឹង ប្រហែលជារឿងនេះមិនឈានទៅដល់ការប៉ុនប៉ងធ្វើអត្តឃាត ពីសំណាក់ជនរងគ្រោះនោះទេ។
លោកថា៖ «យុត្តិធម៌គឺជាយុត្តិធម៌នៅក្នុងសង្គម ទោះបីជាជនរងគ្រោះគាត់ជាអ្នកក្រ ជាអ្នកមាន ឬក៏មានស្ថានភាពបែបណាក៏ដោយ ក៏សុទ្ធតែជាជនរងគ្រោះ ក៏ជាមនុស្ស ចឹងគ្រប់សមត្ថកិច្ចទាំងអស់ ត្រូវតែមានការយកចិត្តទុកដាក់ចំពោះពួកគាត់ បើសិនជាមានបញ្ហា ចឹងអានេះវាជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជ្ញាធរ»។
សម្រាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ជាទូទៅ បើសិនមិនមានការស៊ុមកាឡុមគ្នារវាងសមត្ថកិច្ច និងជនល្មើសទេ ហើយបើជនល្មើសនោះមាននិន្នាការនយោបាយផ្ទុយពីបក្សកាន់អំណាចទៀតនោះ គឺសមត្ថកិច្ចចាត់វិធានការចាប់ជនល្មើសបានលឿន។
សម្រាប់ករណីនេះវិញ លោកសង្កេតឃើញថា សមត្ថកិច្ច ហាក់បែរជាស្តីបន្ទោសទៅលើជនរងគ្រោះ និងបានផ្ញើរូបថតជនរងគ្រោះដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមនោះ ទៅឱ្យជនល្មើសទៅវិញ។
លោកបន្តថា៖ «នៅប្រទេសណាក៏ដោយ កាលណាមានបញ្ហាបែបនេះ មិនអាចគ្រាន់តែប្រាប់ហើយ ធ្វើមិនដឹងមិនលឺ មិនតាមដាន មិនអាចទេ ត្រូវតែតាមដាន ត្រូវតែសួរបន្ថែមតើធ្វើកើតឬមិនកើត បើមិនកើតទេ អាជ្ញាធរត្រូវតែយកចិត្តទុកដាក់ ហើយបន្តជួយតទៅទៀត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនោះ មិនអាចធ្វើមិនដឹងមិនលឺបែបហ្នឹងទេ ហើយការចេញមកបកស្រាយ[របស់មន្ត្រីនគរបាលខណ្ឌដូនពេញ]នេះ វាមិនសមជាសមត្ថកិច្ចដែលទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋទេ។ ទី១ ត្រូវតែមានសកម្មភាព [Take action] ត្រូវតែចាប់ផ្តើមមានវិធានការទៅលើជនល្មើសដោយម៉ឹងម៉ាត់បំផុត ទី២ត្រូវតែសិក្សាឡើងវិញចំពោះទំនាក់ទំនង ឬក៏ផលប្រយោជន៍របស់សមត្ថកិច្ចខ្លួនឯងហ្នឹង តើខ្លួនឯងយកចិត្តទុកដាក់ ធ្វើការងារបំពេញទៅតាមតួនាទីរបស់ខ្លួនឬអត់ ប្រសិនជាករណីនេះមានកំហុសឆ្គង ត្រូវតែមានវិធានការទៅលើមន្ត្រីមានសមត្ថកិច្ចហ្នឹងទៀត បានអ្នកក្រោយៗហ្នឹងអាចយកជាគំរូ ហើយធ្វើកិច្ចការហ្នឹងដោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋបាន»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានទេនៅថ្ងៃនេះ។
យោងតាមប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ចុះថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ បានលើកឡើងថា មន្ត្រីនគរបាលជាកងកម្លាំងប្រដាប់អាវុធដែលមានតួនាទីជាមន្ត្រីអនុវត្តច្បាប់។ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវគោរពនិងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំប្រកដោយសុច្ចរិតភាព។
ប្រភពដដែលបន្តថា មន្ត្រីនគរបាលជាតិកម្ពុជា ក៏ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ឥរិយាបទល្អ ប្រកបដោយសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌ និងភាពមិនលម្អៀងក្នុងពេលបំពេញភារកិច្ច៕