យុវជនមាតាធម្មជាតិចំនួន៥រូប នឹងឡើងតតាំងក្តីនៅតុលាការកំពូល នាថ្ងៃពុធស្អែកនេះ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ ដែលការចោទនេះ ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជាភាពអាម៉ាសរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជា។
មាតាធម្មជាតិ បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថា យុវជនចលនាមាតាធម្មជាតិទាំង៥នាក់ នឹងត្រូវឡើងតុលាការកំពូល នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រភពនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមតាមដាន និងគាំទ្រ លើកទឹកចិត្តពួកគេទាំងនោះ ដើម្បីបង្ហាញជំហរថា ការការពារបរិស្ថាន មិនមែនជាបទល្មើសនោះទេ។
កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង៥រូប ។
សកម្មជនបរិស្ថានទាំង៥រូបនោះ មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី ដែលពួកគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររៀងៗខ្លួនវិញ តាមសេចក្តីសម្រេចរបស់តុលាការ។
ពួកគេបានជាប់ពន្ធនាគារ ចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ពីបទ “រួមគំនិតក្បត់” និង “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ជុំវិញភាពសកម្មការពារធនធានធម្មជាតិ។
ពួកគេបានដាក់សំណើសុំនៅក្រៅឃុំ ខណៈដែលសំណុំរឿងរបស់ពួកគេ កំពុងស្ថិតក្នុងដំណាក់កាលបណ្តឹងឧទ្ធរណ៍។ ក្រោយការចាប់ខ្លួនក្រុមអង្គការសង្គមស៊ីវិល រួមទាំងអង្គការការពារសិទ្ធិមនុស្សលីកាដូ ចាត់ទុកការចោទប្រកាន់សកម្មជនបរិស្ថានមាតាធម្មជាតិនេះថា ជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិ។
លើសពីនេះ អង្គការលីកាដូ ចាត់ទុកវិធាននេះថា ជាការជាការគំរាមកំហែង បំបិទសំឡេងសកម្មជនបរិស្ថាន និងធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់៕