លោក ហ៊ុន ម៉ាណែត រងការ​រិះ​គន់​​ពី​ការ​ជួយ​ផ្សព្វ​ផ្សាយ​អាជីវ​កម្ម​​ឧកញ៉ា​ឆបោក ឡេង ណា​វ៉ាត្រា

នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត រ​ងកា​រ​រិះ​គន់​ថា កំពុង​រួម​ដៃ​ជាមួយ​ឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា បោក​ប្រាស់​ពលរដ្ឋ​​ក្រោម​រូប​ភាព​ជួយ​ឃោសនា​ឱ្យ​បុរី​ឧកញ៉ា​រូ​ប​នេះ លើប​ណ្តាញ​សង្គម ចំ​ពេល​អតិថិជន​ទាម​ទារ​យុត្តិ​​ធ​​ម៌​ក​រណី​សង់​ផ្ទះ​គ្មាន​ស្តង់​ដារ​និង​ខ្លះ​ទិញ​ផ្ទះ​ជាង​​៣ឆ្នាំ​​តែ​​មិន​បាន​ផ្ទះ។

ការរិះគន់​នេះ ក្រោយ លោក ហ៊ុន ម៉ាណែត ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខ្លួន​ផ្សព្វ​ផ្សាយ​វីឌីអូ​ជាង​១នាទី បង្ហាញ​ពី​បុរស​ម្នាក់​និយាយ​ថា បាន​ទទួល​ប្លង់​ពី​ក្រសួង​រៀបចំ​ដែន​ដី ដែល​ក្រសួង​លើក​លែងពន្ធ​ប្រថាប់​ត្រា និង​មិន​គិត​ថ្លៃ​សេវា​រដ្ឋបាល ព្រោះ​គាត់​ជា​អតិថិជន​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា។

ក្នុងវីឌីអូ​ដែល​ លោក ហ៊ុន​ ម៉ាណែត បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​នោះ ត្រូ​វ​បាន​ក្រុម​ជន​រងគ្រោះ​ចូល​ទៅ​បញ្ចេញ​មតិ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​រំលោភ​លើ​កិច្ច​សន្យាទិ​ញ​លក់ ធ្វើ​ឱ្យ​បាត់​បង់​ផល​ប្រយោជន៍​អតិថិ​ជន និង​ទាម​ទារ​ឱ្យ​ លោក ហ៊ុន ម៉ាណែត រក​យុត្តិ​ធម៌។

ហ្វេស​ប៊ុក​ឈ្មោះ Tong Khorng សរសេរ​ថា ការ​បំពាន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​ដូចជា សង់​ផ្ទះ​យឺត​ឱ្យ​អតិថិ​ជន​ម្នាក់ៗ​ពី​៣ទៅ​៤ឆ្នាំ សន្យា​ប្រគល់​ផ្ទះ​ប្រគល់​លុយ​សំណង​ តែ​បុរី​ធ្វើមិន​បាន ប្រគល់​តែ​ផ្ទះ​នៅ​ខ្វះ​លុយ​សំណង មិន​ដឹង​ថា​សង​លុយ​អតិថិជន​លើស​កុង​ត្រា​ពេលណា។

បន្ថែមលើនេះ បុរីឡេង ណាវ៉ាត្រា បង្ខំឱ្យ​អតិថិជន​ដោះដូរ​ផ្ទះ​ដែល​បុរី​មិន​បាន​ធ្វើ​ទៅ​ដល់ ឬ​ដីមាន​បញ្ហា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិ​កា​ច្រើន​ក្នុង​ការ​ចាក់​ដី​សាង​សង់ ធ្វើ​ឱ្យ​អតិថិ​ជនខាត​បង់ ដូច​ជា ថែម​លុយ ថែម​កុង​ត្រា​សាង​​សង់​២ឆ្នាំ​លើ​កុង​ត្រា​ចាស់ សរុប​៥ឆ្នាំ ហើយ​លុយលើស​កុង​ត្រា​របស់​អតិថិ​ជន​ត្រូវ​បាន​ភាគី​បុរី​កាត់​ចោល​ទាំង​អស់។

ប្រភពសរសេរក្នុងន័យដើម​ថា៖ «អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ខាង​បុរី​បាន​កែ​ប្រែ​ប្លង់ Masterplan ដោយ​ចិត្ត​ឯង​ ដោយ​មិន​ប្រាប់​ឬ​រក​ដំណោះ​ស្រាយ​ជូន​អតិថិជន​រង​គ្រោះ ក្នុង​ការ​កែ​ប្រែ​ប្លង់​បំបាត់​ផ្លូវ​ធំ​តូច​អស់​ជា​ច្រើន​ខ្សែ ជាពិសេស​បាន​បំបាត់​ផ្លូវ​២០​ម៉ែត្រ​នៅ​ខាង​ក្រោយ​ផ្សារ​ក្នុ​ង​(ប្លុក​៨៧)។ នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​អតិថិជន​ដែល​បាន​ទិញ​ផ្ទះនៅ​ជុំវិញ​ក្បែរៗ​នោះ​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​ជា​ខ្លាំង ពេល​ទិញ​ប្លង់​ឆ្នាំ​​ឆ្នាំ​២០២០​ មាន​ផ្លូវ​ធំ​តូច​ខ្វាត់​ខ្វែង​ តែ​ពេល​ឱ្យ​លុយ​អស់ក្នុង​ឆ្នាំ​២០២៤ បែរ​ជា​ខាង​បុរី​កែ​ប្រែ​ប្លង់​ និង​បាន​បំបាត់​ផ្លូវ​ធំ​តូច​អស់​ជា​ច្រើន​ខ្សែ»

បន្ថែមលើនេះ ហ្វេសប៊ុក​ឈ្មោះ Prom Sao រៀប​រាប់​ថា លោក​ទិញ​ផ្ទះ​នៅ​បុរី​ឡេង​ណា​វ៉ាត្រា គម្រោង​៦A ប្លុក​B តាំង​ពី​ឆ្នាំ​២០២១ តែ​មិន​បាន​ផ្ទះ ហើយ​បច្ចុប្បន្ន​លោក​ជួល​បន្ទប់​ស្នាក់​នៅ។

លោក​អំពាវ​នាវ​ឱ្យ លោក ហ៊ុ​ន ម៉ាណែត ជំរុញ​ទៅ​ភាគី​បុរី​ឱ្យ​កំណត់​ពេល​ជាក់​លាក់ ដើម្បី​បញ្ចប់​គម្រោង​សាង​សង់​ផ្ទះ​ឱ្យ​អតិថិ​ជន​រ​ង​គ្រោះ​នៅ​បុរី​ឡេង​ណា​វ៉ាត្រា គម្រោង​៦A។

លោក​បញ្ជាក់ក្នុងន័យដើមថា៖ «ខ្ញុំ​បាទ​បាន​ខ្ចី​ធនាគារ​មក​ប​ង់​ផ្ដាច់​ សុខ​​ចិ​ត្តរក​លុយ​បង់​ធនាគារ​ គិត​ថា​បាន​ផ្ទះមួយ​គ្រាន់​រ​ស់​នៅ​ហ្នឹង​គេ ឥលូវ​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម​ណាស់»។

ដោយឡែក ហ្វេស​ប៊ុក Pho Phanet ឱ្យ​ដឹង​ថា គាត់​​ជា​អតិថិជន​របស់​បុរី​ឡេង ណា​វ៉ាត្រា ៦A បាន​ព្យាយាម​រក​ដំណោះ​ស្រាយ​ពី​ភាគី​បុរី តែ​គ្មាន​លទ្ធផល​និង​ការ​ឆ្លើយ​តប​ទាល់​តែ​សោះ។

បញ្ហាដែលគាត់ជួប​ រួមមាន ផ្ទះ​វីឡា​បែប​ថៃ​ដែល​គាត់​បាន​ទិញ ម្ចាស់​គំរោង​បាន​បំពាន​ដោយយក​លូ​បង្ហូរ​ទឹក និង​ទុយោ​ទឹក​ស្អាត​បង្កប់​នៅ​ក្នុង​ដី​ឯកជន ហើយ​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឱ្យ​​ធ្វើរបង​ទ្វារ​ខាង​មុខ​ផ្ទះ​ឡើយ។ ករណី​នេះ អ្នក​​ស្រី​​បារម្ភ​ថា បើ​មាន​ចោរ​ចូល​ក្នុង​ផ្ទះ ឬ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ក្នុង​របង​តើ​មាន​អ្នក​ណា​នឹង​​ទទួល​ខុស​ត្រូវ។

ប្រភពបន្តថា នៅតំបន់ដោះ​ដូរយកជាដី​ភាគី​បុរី​សន្យា​ថា អ្នក​​ដោះ​ដូរ​ដី​នឹង​ទទួល​បាន​ផ្លូវ​៨ម៉ែត្រ តែ​ជាក់​ស្តែង​ខាង​​បុរី​ធ្វើ​ផ្លូវ​តែ​៦​ម៉ែត្រ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក ម៉ែន សុថាវ​រិន្ទ​ ចាត់​ទុក​គ្រួសារ​ហ៊ុន និង​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​បក្ស​ពួក​តែ​មួយ​ ទើប​លោក ហ៊ុន ម៉ាណែត ហ៊ាន​ផ្សព្វ​ផ្សាយ​វីដេអូ​​ការ​ពារ​បុរី​ឆបោក​ដោយ​ចំហរ​បែប​នេះ ដើម្បី​​ឱ្យ​បន្ត​លក់​ដី និង​ផ្ទះ ថែម​ទៀត​ដើម្បី​រក​លុយទ្រ​ទ្រង់​អំណាច​គ្រួសារ​ហ៊ុន។

លោកថា៖ «សុទ្ធតែបក្ខពួកគ្រួសារ​ហ៊ុន ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ មិន​ដែល​ធ្វើ​អ៊ី​ចឹង​ទេ គេត្រូវ​តែ​ជួយ​ដោះ​ស្រាយ​ប្រជា​ពលរដ្ឋ​ ក្នុង​នាម​ជារ​ដ្ឋាភិបាល​ប្រទេស​មួយ ត្រូវ​ដោះ​ស្រាយ​ប្រជា​ពលរដ្ឋ​ទាំង​អស់ បញ្ហា​ហ្នឹងត្រូវ​តែ​ដោះ​ស្រាយ​ឱ្យ​គេ​ហើយ។ មិន​ដែល​ទៅ​ដោះ​ស្រាយ​ឱ្យ​គេ​រឿង​បុគ្គល​ម្នាក់ៗ​ទេ។ ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ យើង​ត្រូវដោះ​ស្រាយ ជាទូទៅ យើង​គិត​ធ្វើ​ម៉េច យើង​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ទាំង​អស់ ប៉ុន្តែ​តាម​មើល​ទៅ​គឺ​គាត់​អសមត្ថ​ភាព​នឹង​ធ្វើហើយ ក៏​គាត់​ខំ​ដើរ​តួយ៉ាង​ណាក៏​ដោយ​វា​ទៅ​មិន​រួ​ច​យក»។  

ប្រធានអង្គការប្រជាធិតេយ្យខ្មែរ​ប្រចាំប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា ចាត់​ទុកសកម្ម​ភាព លោក ហ៊ុន ម៉ាណែត នេះ​ថា កំពុង​ជួយ​ការ​ពារ​ឧកញ៉ា​ខិល​ខូច​ជា​ហេតុ​ធ្វើ​ឱ្យ​ច្បាប់ជាប់​គាំង​ មិន​ហ៊ាន​កាត់​ទោស​ឧកញ៉ា​ប្រព្រឹត្ត​ល្មើស​ច្បាប់​ស្និទ្ធិ​មេដឹក​នាំ​បាន។

លោកថា៖ «បង្ហាញ​អំពី​ការ​ទំនាក់​ទំនង និង​ការ​ជួយ​ជ្រោម​ជ្រែង​ទៅ​វិញ​ អ៊ីចឹង​អាច​ឲ្យ​ប្រជា​ពលរដ្ឋ ឬ​ក៏​អ្នក​ដែល​គេ​តាមដាន​អំពី​បញ្ហា​អយុត្តិ​ធម៌​សង្គម ឬ​ក៏​បញ្ហា​នយោបាយ​ហ្នឹង គេ​ឃើញ​កាន់​តែ​ច្បាស់​ថា ឧកញ៉ា​និង​មេដឹក​នាំ​ប្រទេស​​នេះ គឺ​ជាក្រុម​តែ​មួយ គឺ​ជា​បក្ខ​ពួក​តែ​មួយ។ ជារឿង​ដែល​ឲ្យពួ​ក​គាត់​ពិបាក​ក្នុង​ការ​ទាម​ទារ​រក​ដំណោះ​ស្រាយ និង​ទាម​ទារ​រកយុត្តិ​ធម៌​នៅ​ពេល​ដែល​ពួក​គាត់​រង​គ្រោះ ដោយ​សារ​តែ​ឧកញ៉ា​ទាំង​អស់​ហ្នឹង។ ចឹ​ងកា​រ​ទៅ​ខំ​មិន​អី​ទាំង​អស់​ហ្នឹង វា​គឺ​ជា​ព័ត៌មានគប្បី​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត ធ្វើ​ការ​ស្រាវ​ជ្រាវ​ព័ត៌​មាន​ឲ្យ​បាន​ច្បាស់នៅ​ក្នុង​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ ហើយ​រក​ដំណោះ​ស្រាយ​ឲ្យ​ឆ្លើយ​តប​ជាមួយ​នឹង​ការ​ទាម​ទារ និង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ»។

យ៉ាងណា នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ខែ​មេសា ឆ្នាំ​​២០២៤ អំឡុង​​មាន​រលក​​ត​វ៉ា​​ខ្លាំង​ពី​​ជន​​រង​​គ្រោះ​ចាញ់​បោក​ឧកញ៉ា​ខិល​ខូច ​ធ្លា​ប់​ថ្លែង​​​ជា​សាធារណៈ​​ថា ការ​​មិន​​ចាត់​ការ​​លើ​​ក្រុម​​អ្នក​​ជំនួ​ញ​​បោក​​ពលរដ្ឋ ជា​យុទ្ធ​​សាស្រ្ត​​រក្សា​ទុក​​មេមាន់​​ដើម្បី​​យក​​ពង​។

លោកថា៖ «រដ្ឋាភិបាលពិត​ណាស់ មិនងាក​ចាប់ៗ​​​នោះ​ទេ​ យើង​មិន​​អា​ច​​យក​​រូប​មន្ត​​សម្លាប់​​មេមាន់​​នោះ​​ទេ យើ​ង​​ត្រូវ​​ធ្វើ​ម៉េច​​​ឲ្យ​​មេមាន់​​នៅ​​រស់ ដើម្បី​​យក​​ពង​​​ទៅ​​នាំ​​​ឲ្យ​​ប​ង​​ប្អូន​​ប្រជា​ពលរដ្ឋ​នេះ​ជា​គោល​ដៅ​ធំ»

ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជ្យក្រឹត្យស្តី​ពី​គោរម្យ​ងារ​ឧកញ៉ា​ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ២០២៤​នេះ​ តម្រូវ​ឱ្យ​លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា ត្រូវ​គោរព​រដ្ឋធម្ម​នុញ្ញ ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​​របស់​​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រកាន់​​ខ្ជាប់​​នូវ​​សីលធម៌​ល្អ​​ប្រកប​មុខ​​របរ​​ស្រប​​ច្បាប់ និង​ចៀស​វាង​សកម្ម​ភាព​​ណា ដែល​​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​កិត្តិ​យស និង​​សេច​​ក្តី​ថ្លៃ​​ថ្នូរ​​របស់​​គោរ​ម​ងារ​​ឧកញ៉ា។

ប៉ុន្តែបើគេសង្កេតមើលករណីឧកញ៉ា ឡេង ណាវ៉ាត្រា បំពានកិច្ចសន្យាទិញលក់ផ្ទះច្រើន​ឆ្នាំ​ទៅ​​នេះ គ្មាន​​ចំណាត់​​ការ​​ច្បាប់​​ទេ ដែល​រង​ការរិះ​គន់​ថា​មាន​គ្រួសារ​ជាខ្នង​​បង្អែក ទើប​​​ធ្វើ​ឱ្យ​​ចំណាត់​​​ការ​​ផ្លូវ​​ច្បាប់​​ត្រូវ​​ជាប់​​គាំង​​ច្រើន​​ឆ្នាំ​​បែ​ប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ