ការ​ពឹងផ្អែកលើ​ចិនខ្លាំងពេក​បង្ហាញ​ពី​ភាព​ទន់​​ខ្សោយ​និង​ការ​បាត់​បង់​អធិប​តេយ្យ​ភាព​របស់​​​កម្ពុជា

កម្ពុជាបានក្រាលកម្រាល​​​ព្រំ​ក្រហម​​ទទួល​ស្វាគមន៍​ប្រធានាធិប​តី​ចិន ​លោក ​ស៊ី ជីន​ពីង ​យ៉ាង​​អធិក​អធម កាល​ពីថ្ងៃ​​​ទី​​១៧ ខែ​មេសា ​​ឆ្នាំ​​២០២៥ ចំ​ថ្ងៃ​ខួប​​៥​០​​ឆ្នាំ នៃ​ការ​​ឡើង​​កាន់​អំណាច​​​របស់​​របប​ខ្មែរ​ក្រហម​​។​

របបខ្មែរក្រហម ដែលគាំទ្រ​ដោយ​ចិនកុម្មុយនិស្ត​ បាន​​វាយ​​ផ្តួល​​រំលំ​​របប​​សាធារណៈ​រដ្ឋ​​ខ្មែ​រ​របស់​​លោក​​សេនាប្រមុខ​ លន់ ណុល កាល​ពី​ថ្ងៃ​​ទី​​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥ បន្ទាប់​​​ពីស​ហរដ្ឋ​​អាមេរិក ​បាន​ដកការ​គាំទ្រ​ពី​របបនេះ ធ្វើ​ឱ្យកម្ពុជា​ធ្លាក់​ចូលទៅក្នុង​របបអាវខ្មៅ​ ដែល​បាន​ធ្វើឱ្យប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ជាង២លាននាក់។

ទោះ​យ៉ាងណា ក្នុង​ដំណើរ​ទស្សនកិច្ចរយៈ​ពេល​២ថ្ងៃនៅ​កម្ពុជា របស់​ លោក ស៊ី ជីន​ពីង ​ត្រូវ​​​បាន​​គេ​​អត្ថាធិប្បាយ ​ក្នុង​​សេច​ក្តីថ្លែងការ​​ណ៍​រួ​ម​​ថា ទំនាក់​ទំនងកម្ពុជា-ចិន ត្រូវ​បាន​វិវត្តន៍​ឈាន​​ដល់​​​ចំណុចខ្ពស់​​បំផុត​​នៃ​ «ភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​​នៃកិច្ចសហ​ប្រតិ​បត្តិការ»​ ពោល​គឺ​​​បាន​ឈានដល់​​កម្រិត​ខ្ពស់​ដែលមិន​ធ្លាប់មានពីមុនមក។

លោក​ថា៖ «ប្រទេសយើងទាំងពីរ កំពុងរួមគ្នាបង្កើត​សមិទ្ធ​​ផល​ថ្មីៗ ក្នុង​ក្របខ​ណ្ឌកិ​ច្ចស​ហប្រ​តិ​បត្តិ​ការត្បូង​ពេជ្រ និង​កសាង​សហគមន៍​វាសនា​​រួម ដើម្បី​ផល​​ប្រយោជ​​ន៍រួម ដោយឈរលើគោលការណ៍​គោរពអ​ធិប​​តេយ្យ​ភាព ស្មើ​ភាព ស្មើ​សិទ្ធិ មិន​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ចំពោះកម្ពុជា មិត្តចិន​ដើរតួនាទី​យ៉ាងសំ​ខា​ន់​​​​ក្នុង​ការ​​អភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេស​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ វិនិ​យោគ និង​ទេស​ចរណ៍។ ភាព​ជា​ដៃគូ​​កម្ពុជា ចិន ក៏​ជួយ​ពង្រឹង​ឯករាជ្យ​ភាព សមត្ថ​ភាព​ការ​ពារជាតិ និង​កិត្យា​​​នុភាព​​របស់​​កម្ពុជា នៅលើ​ឆាក​អន្តរ​ជាតិ»។

ជាមួយគ្នា​នេះ ប្រធានាធិបតីចិន លោក Xi Jinping បាន​បញ្ជាក់​ជាថ្មី នូវ​ការគាំទ្រ​ដ៏ខ្ជាប់ខ្ជួន​​របស់​​ប្រទេស​​ចិន​​ចំពោះ​​អធិប​តេយ្យ​ភាព​ជាតិ ឯករាជ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​​របស់​​កម្ពុជា ថែ​ម​ទាំង​​បាន​​សម្តែង​នូវ​​ការប្រឆាំង​ចំពោះកា​រ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ។

 មេដឹកនាំ​កំពូល​ចិន​រូបនេះ ​ថែម​ទាំង​​បា​ន​ព្រមាន​ប្រឆាំងរាល់ការប៉ុនប៉ង​របស់កងកម្លាំង​អរិភាព​​ទាំង​ឡាយណា ដែលចង់រំខានដល់ការរួបរួម និងមិ​ត្តភាព​ដ៏ជ្រាល​ជ្រៅ​ រវាង​ប្រជាជាតិ​ទាំង​​ពី​រ​​ផង​ដែរ​។​ នេះ​បើយោង​តាម​​​សារព័ត៌​​មាន​គាំទ្រ​រដ្ឋាភិបាលហ្វ្រេសញ៉ូ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ពេល២ថ្ងៃ​ពីថ្ងៃទី​១៧ ដល់ថ្ងៃទី​១៨​ ខែ​មេសានេះ កម្ពុជា​ ចិន បាន​​ចុះ​ហត្ថលេ​ខា​​កិ​ច្ច​ព្រម​ព្រៀង​លើ​ឯកសារ​ចំនួន​​៣៧ ក្នុងនោះ​ក៏មាន​​គម្រោង​​ធំ​ៗ ដូចជា ​​ព្រែក​ជីក​​ហ្វូណន​តេជោដែល​​ជា​ប់​គាំ​ង​ គម្រោង​​ថាមពល​​ដើ​រដោយ​​ឧស្ម័ន​​៩០០​មេហ្គាវ៉ាត់​​ក្នុង​ខេត្ត​កោះកុង និង​គម្រោង​ផ្លូវ​ដែក​ផង​ដែរ​។ ​ប៉ុន្តែ​បើទោះបីជាគម្រោង​ទាំងនេះ​ ​​ត្រូវ​បាន​ចុះ​ហត្ថលេខាក្តី​ ក៏ប៉ុន្តែនៅ​មិន​ទាន់​មាន​​ការ​ប្រកាស​​ពី​ចំនួន​​ទឹកប្រា​ក់​​នៃ​ជំនួយ​ឬ​កម្ចី ដើម្បី​គាំទ្រ​ដល់​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ទាំង​នេះ​នៅ​ឡើយទេ​​។​

លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​​​របស់​រដ្ឋាភិបាល​បាន​​កត់​សម្គាល់​​ថា ដំណើរ​ទស្ស​កិច្ច​ផ្លូវ​រដ្ឋ​របស់ ​លោក ស៊ី ជីន​ពីង កើត​​ឡើង​​ក្រោយ​​​ពី​ប្រទេស​ទាំងពីរ​បានដំឡើងកម្រិត​ទំនាក់​​ទំនង​​របស់ខ្លួនទៅជាសហគមន៍កម្ពុជា-ចិន ​ដែល​មាន​អនាគតរួមគ្នា​ក្នុងយុគសម័យ​​ថ្មី។ ​ដំណើរទស្សនកិច្ចនេះ ​មិន​ត្រឹមតែឆ្លុះបញ្ចាំង​ពី​ចំណង​​មិត្តភាពយូរអង្វែង រវាងភាគីទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែ​​​​មទាំងបង្ហាញការប្តេជ្ញាចិត្ត​រួម​គ្នា​​របស់​​​ប្រទេសទាំងពីរ ក្នុងការកសាងអនាគត​ដ៏ត្រចះ​ត្រចង់ និងប្រក​ប​ដោ​​​យ​​​បរិយាបន្ន​ថែម​ទៀតផង។

លោក ​គិន ភា ​លើកឡើង​ថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនង​កម្ពុជា-ចិន ​បាន​វិវត្តរីកចម្រើន​​​ទៅ​ជា​ភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ ​និង​ឆ្ពោះ​ទៅ​​មុខ​។ ​ប្រទេស​​​ទាំង​​ពីរ​បាន​ព្រម​ព្រៀង​​កសាង​​ស​​ហគមន៍​ដែលមានអនាគតរួមគ្នាក្នុង​យុគ​សម័យ​ថ្មី គឺ​បង្ហាញឱ្យឃើញការតាំង​ចិត្ត​របស់ខ្លួន ក្នុង​ការ​​បន្តការអ​ភិវឌ្ឍ​ប្រកបបរិយាបន្ន ចីរភាព និង​ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ការណ៍នេះ ​បង្ហាញពីជំនឿរួមគ្នា​លើថាមពល​នៃភាព​ជាដៃគូក្នុងការលើកកម្ពស់សង្គម កែប្រែជីវភាពរបស់​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរឡើង និងលើក​កម្ពស់ការតភ្ជាប់ក្នុងតំបន់។

ក៏ប៉ុន្តែអ្នក​នយោបាយ​ក្រៅរដ្ឋាភិបាល​ និង​អ្នក​ឃ្លាំមើល​សង្គម​ផ្សេង​ទៀត​ មិន​យល់​ស្រប​ទៅនឹងការ​លើកឡើង​​​ខាង​លើ​​​នេះឡើយ​។ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បច្ចុប្បន្ន​​​​ជា​​សហស្ថាប​​និ​ក​គណ​បក្ស​កែទម្រង់​​​ក​ម្ពុ​ជា​ យល់ថា មិនមែនជារឿងប្រសើរទេ​ដែល លោក ​ហ៊ុន ម៉ាណែត ​បង្ហាញ​ជំហរ​​ក្នុ​​ងការ​​ផ្តេក​ផ្តួល​​ទៅលើ​ប្រ​ទេ​ស​មួយ ដោយ​រំពឹងថា ប្រទេស​នោះ​នឹងជួយ​​ឱ្យ​កម្ពុជា​​ឱ្យ​មាន​ឯករាជភាព ​មាន​កិត្យានុភាព​អីជាដើម។

​​កា​រ​ធ្វើ​បែបនេះ ​វាមិន​មែនជារឿងដែល​ប្រសើរ​ សម្រាប់​ប្រទេស​កម្ពុជា​​ដែល​មាន​គោល​នយោ​បាយ​អព្យា​ក្រឹត​​នោះ​ទេ​។

លោកថា៖ «នេះជាទស្សនៈ​មួយ​​ដែ​ល​​បង្ហាញ​ពី​ភាព​ទន់​​ជ្រាយ​​របស់​​ប្រជាជា​តិ​​មួយ ដែល​​ផ្អែក​​​ទៅ​លើ​ប្រទេស​​មួយ​ទៀត ​ដើម្បី​ពង្រឹង​ខ្លួន ​ដើម្បី​យឹត​យោង​ខ្លួន​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ ក្នុង​នាម​ជា​​ប្រជា​ជាតិ​​មួយ​​បែបនេះ​ខ្ញុំ​ជឿ​ថា ដូច​មិន​ប្រសើរ​​សម្រាប់​​យើង​ទេ ហើយ​វាបង្ហាញ​នូវភាពទន់​ជ្រាយ​​របស់​យើង​។ រឿងមិត្តភាពដែក​ថែប​ក្តី​ មិ​ត្តភា​ពសហការត្បូងពេជ្រក្តី ​វាជារឿងល្អ​ហើយ ​​ក៏ប៉ុន្តែ​​មិនគួ​រ​​បង្ហាញ​​ជំហរបែប​​នេះ​ទេ។ យើង​ដឹងហើយ​ប្រ​ទេ​ស​កម្ពុជា​ប្រកាន់​​យក​ជំហរអព្យាក្រឹត្យ ​ដូច្នេះ​យើង​ត្រូវការ​ទំនាក់​ទំនង​គ្រប់ប្រទេស​​​ក្នុងសកល​លោក ​ក្នុង​នា​​ម​ជា​​​ប្រទេស​មួយ​ដែល​មិន​លម្អៀង​ទៅ​​ខាង​ណា ដូច្នេះ​​យើង​​ត្រូវ​មាន​ការ​​ប្រុង​​ប្រយ័ត្ន​ក្នុង​​ការ​​បង្ហាញ​ជំហររ​បស់​​យើង​»

លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​​ជំនាន់​ថ្មី​ បាន​​ថ្លែង​ថា កម្ពុជាជាប្រទេស​ត្រូវ​មាន​​ឯក​រាជ្យ​ អព្យា​ក្រិត ​អធិប​តេយ្យ​​ភាព ​បូរណភាពទឹកដី​ គឺ​ត្រូវមាន​​សមតុល តុល្យភាព​​នៅក្នុង​អ្វី​ដែល​​ត្រូវបាន​ធានា​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ដូច្នេះ​ហើយ​​មេដឹក​នាំ​នៃប្រទេស​កម្ពុជា​ ​អត់​​អាច​លម្អៀង​ ឬ​ក៏ទោ​​រទន់​​ទៅ​​​លើ​ប្រទេស​មហាអំណាច​ណាមួយ​​បាន​​ទេ។​

លោកលើក​ឡើង​ថា បើកម្ពុជា​គាំទ្រមហា​អំណាច​​ណាមួយ ហើយ​​វាយប្រហារ​​មហាអំណាច​​ផ្សេង​ទៀត នោះ​​​​​កម្ពុជា​​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ កម្ពុជាត្រូវឈរក្នុងជំហរ​អព្យាក្រឹត​ អធិប​តេយ្យភាព​ ដែល​​​​មិ​ន​​ល​ម្អៀង​​ទៅ​លើ​មហាអំណាចណា​ ហើយមិន​ចូល​បក្ស​សម្ព័ន្ធណា​ឡើយ​។

លោក ​សុវណ្ណារ៉ា ​និយាយ​​ក្នុង​​សម្តី​ដើម​ថា៖ «យើង​​មាន​​រដ្ឋធម្មនុញ្ញជាឆត្រការពារ ក៏​មាន​អនុលោម​​សន្ធិ​សញ្ញា​​​​​សន្តិភាព​​ទីក្រុង​ប៉ារីស​២៣​តុលា​​ឆ្នាំ​១៩៩១ ​គឺថា អតីត​​ប្រទេស​ដែល​​ចុះ​ហត្ថ​លេខី​ទាំង​​១៨​​ប្រទេសហ្នឹង​ គេ​​បា​​ន​សន្យា​​ធានា​និ​ង​​ការ​ពារ​​មិ​ន​ឱ្យ​រដ្ឋ​បរទេស​ណា​​ មក​​រំលោភ​​អធិប​តេយ្យ​​ភាព​ ​ក្រៅពីការ​ដាក់ទូត​ការ​ធ្វើ​ទំ​នា​​ក់​ទំនងកិច្ចការ​​បរទេស​​ទ្វេភាគី ពហុ​ភាគី ​ឬក៏ជំនួញ​ជួញ​ដូរ​ សេដ្ឋកិច្ច​ ពាណិជ្ជ​កម្មអីគឺថា​ យើង​មិន​​អាច​លំអៀ​ង​ ឬក៏វ៉ៃប្រហារ​ទៅ​លើ​​មហាអំណាច​ ឬក៏ប្រទេស​ណា​ដែល​ដាក់​ទូត​ជាមួយកម្ពុជាទេ»។

ចំណែក​ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្ស​សង្គ្រោះជាតិ បាន​បង្ហោះសារ​នៅលើ​ហ្វេសប៊ុក​របស់​​លោក​​ កាលពីថ្ងៃទី​១៩​​ខែមេសា​ថា កម្ពុជា​​បាន​ក្លាយជាទីលានប្រយុទ្ធ រវាង​អាមេរិកនិងចិន នៅក្នុងសង្គ្រាមពា​ណិជ្ជ​កម្ម ដូចអ្វី​ដែលយើង​បានដឹងបានឃើញ។

លោ​កថា​ អាមេរិកដាក់គោលដៅ​លើ​ចិន ប៉ុន្តែកម្ពុជាជាប់​​ទណ្ឌកម្ម​​ដោយ​ស្វ័យប្រវត្តិ ដោយ​​សារតែ​ លោក​ហ៊ុន សែន គប់គិត​ជាមួយចិន បង្កើតមូល​ដ្ឋាន​ទ័ព​​ចិន​នៅរាម និង​ការរកស៊ី​ទុច្ចរិត​ជាមួយចិន បន្លំបោកប្រាស់​​​អាមេរិក ហើយ​អ្នកដែល​រងគ្រោះ​គឺ​ប្រជាជនខ្មែរ។

លោកសម រង្ស៊ី បាន​សរសេរក្នុង​សំណេរដើមថា៖ «យើងត្រូវតែបញ្ចប់​ត្រកូល​ហ៊ុន កម្ពុជា​ត្រូវ​តែកែ​ប្រែជំហរ និ​ង​​ប្រកាន់​​អព្យាក្រឹតភាព ឯករាជ្យ​ភាពរបស់ខ្លួន ពង្រឹង​ទំនាក់​ទំនង ជាមួយ​អាមេរិក និង​ប្រទេសលោកខាង​លិច​ឡើងវិញ ដោយគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង​រៀបចំឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវនិង​ពិតប្រាកដ»។

បើតាម​ លោក សម រង្ស៊ី​ ពលរដ្ឋខ្មែរនឹង​​រង​គ្រោះ​​កាន់តែធ្ងន់​ធ្ងរ​ បើ​​ចិន​​​នៅ​​​​​តែ​​​​​យក​កម្ពុជា​​​ធ្វើជា​​ទីផ្សារ​​​ដើម្បី​​កើប​​​លុយ​​ពី​​អាមេរិក។

អាមេរិក និងអឺរ៉ុប លើកលែងពន្ធកម្ពុជាច្រើនឆ្នាំ​មក​​ហើយ តែ​ផលចំណេញមិនបានធ្លាក់ដល់ដៃប្រជាជនខ្មែរទេ ​គឺបានធ្លាក់ត្រឹមដៃ​ថៅកែចិន និងមន្ត្រីខ្មែរ​ពុករលួយតែប៉ុណ្ណោះ។

លោក Trump នឹងបង្កើនសម្ពាធទៅ​លើ​របប ហ៊ុន សែន ដើម្បីឲ្យ​កម្ពុជាកាត់ផ្តាច់ទំនាក់ទំនង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ជាមួយប្រទេស​​ចិន​កុម្មុយនីស្ត។

សម្រាប់ ​លោក សេក សុជាតិ អ្នកប្រឹក្សា​ផ្នែក​អភិវឌ្ឍផ្នត់គំនិត ​លើកឡើងថា នៅក្នុង​បរិបទ​នេះ​​កម្ពុជា​ប្រហែល​​ជា​ពិបាក​ ក្នុង​ការចរចា​ជាមួយ​​សហរដ្ឋអាមេរិក ​ប្រសិន​បើ​ពុំ​មាន​ហេតុ​ផលគ្រប់​គ្រាន់ ​​​ដើម្បី​ពន្យល់​អំពី​​ទិដ្ឋភាព​ដែលកម្ពុជា​​ត្រូវធ្វើការ​បង្ហាញ​​ទៅដល់​ភាគីសហរដ្ឋ​អា​មេរិក ​នៅក្នុង​ការ​ចរចាទម្លាក់ពន្ធឱ្យស្ថិតនៅ​ក្នុង​កម្រិត​ទាបណាមួយ​​។

​ដូច្នេះនៅក្នុងទិដ្ឋ​ភាពនេះ ​កម្ពុជា​បង្ហាញថា​ ចាប់យកចិន​ ហើយ​បើសិន​ជាចិន​​មិន​ជួយ​កម្ពុជា ​ក៏កម្ពុជា​ពិបាក​​ដែរ ​ពីព្រោះភាគច្រើន​​យើង​​ដឹង​ហើយ​​ថា ទីផ្សារ​របស់​កម្ពុជា​​គឺនៅ​សហ​រដ្ឋ​​អាមេរិក​ ក៏ប៉ុន្តែ​អ្នក​ដែល​ដាក់​​ទុន​​វិនិយោគ​ច្រើន​ជាងគេនៅកម្ពុជា​គឺ​ចិន។

លោកថា៖ «ដូច្នេះ​វា​គឺជាទិដ្ឋភាពមួយ​ដែល​​អាច​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​កំពុង​តែ​ក្លាយ​ទៅជាប្រធាន​បទ​​មួយ​អា​ច​ស្ថិ​តនៅក្នុង​បរិបទ​ចុះ​ទឹកជួប​ក្រពើ​​ឡើង​​លើជួប​​ខ្លា ហើយនៅក្នុង​ទិដ្ឋភាពបែបនេះ​ លុះត្រា​ណាតែថ្នាក់​ដឹ​​ក​នាំ​​​ហើយ​​នឹងភាគីកម្ពុជា​តាមគ្រប់អង្គភាព​ ស្ថាប័ន ទាំងអង្គការសង្គម​ស៊ីវិល ​និង​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ​ត្រូវ​មាន​គំនិត​រួម​គ្នា​មូល​មតិ​គ្នា​ ​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​​រួម​​មួយ​​នេះ​។ បើសិ​ន​ជា​កម្ពុជា​នៅ​​​តែ​បន្ត​រិ​ត​ដ្បិត​​ខ្លួន​​ឯ​​ង​​ឱ្យ​ស្ថិតនៅ​ក្នុង​ប៉ូល​ណា​មួយ​​ដែ​ល​​ភាគី​ម្ខាង​​ទៀត​ មិន​អាច​​ទទួល​​យក​បាន​​ អ៊ីចឹងកម្ពុជា​ក៏ពិបាក​នៅ​ក្នុង​ការ​​​ដោះ​ស្រាយ​​បញ្ហា​​​នៅ​ចំពោះ​មុខ ​ដែល​​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​លោក ​ដូណាល់ ត្រាំ ទុកពេល​​៩០​​​ថ្ងៃ​នឹង​​ដូច​គ្នា​ដែរ»

ជាមួយគ្នា​នេះ ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ បាន​ប្រកាស​ថា បន្ទាប់ពីបានពិនិត្យ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​​ក្រុងភ្នំពេញ ​និងរដ្ឋាភិបាល​បក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី​១៨ ​ខែ​មេសា​ ឆ្នាំ​២០២៥ ​ក្រុម​ប្រឹក្សា​សំយោគ​​ឃើ​​ញពី​​​ចំណុច​ដែល​​​នាំ​គ្រោះ​ថ្នាក់​​ដល់​ប្រទេស​កម្ពុជា និង​ពិភពលោក​។

​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ បានផ្តល់តួនាទី​ជាអ្នក​ការពារសន្តិសុខ​ពិភពលោក ​ឬ​ដើរ​​តួនាទី​ក្នុង​ការ​​ថែរក្សា​ស​ណ្តា​​ប់​ធ្នាប់​​​​ពិភពលោក​ដល់បក្ស​កុម្មុយនិស្ត​ចិន ដោយ​​បាន​បង្ហាញពី​ជំហរ​បដិសេធ​នូវ​តួនាទី​​របស់​​លោក​សេ​​រី ​ក្នុង​ការ​​ថែ​រក្សា​​​សណ្តាប់ធ្នាប់​​ពិភពលោក​ ។

បន្ថែមពីនេះ ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ​និងរដ្ឋាភិបាល​កុម្មុយនិស្តចិន បាន​ព្រម​ព្រៀងគ្នា​​កំណត់​​​គោល​ការណ៍​សិ​ទ្ធិ​មនុស្ស​ថ្មីមួយ ​ដែល​មិន​មែន​ជា​គោល​ការណ៍សិទ្ធិមនុស្ស​សកល​ ដែល​គាំទ្រ​ដោយ​អង្គ​ការ​សហប្រជាជា​តិ​ ​សហរដ្ឋ​អា​មេរិក ​សហភាពអឺរ៉ុប និងលោក​សេរី​ផ្សេងៗ​ទៀតនោះទេ។

ប្រភពដដែល បន្តថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ បាន​លើ​កប្រទេស​កម្ពុជា​​ទាំង​មូល​​ទៅ​ឱ្យ​ចិន​​កុម្មុយ​និស្ត​​គ្រប់​គ្រ​ង តាំង​ពី​​វិស័យ​​សន្តិ​​សុខ រហូត​​ដល់​​វិស័យ​​សេដ្ឋកិច្ច​​ ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យាជាដើម។

លោក ​គឹម សុខ ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ បាន​ថ្លែង​​ថា ការផ្តល់​ឱ្យប្រទេសចិន​នូវកិច្ច​សហ​​ប្រតិបត្តិការណ៍​ រវាង​រដ្ឋាភិបាល​ចិន​ និងរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បែបនេះ គឺជាការ​​ទាត់ចោ​ល​​នូវ​គោល​ការណ៍​​ប្រជា​​ធិប​តេយ្យ​​សុទ្ធ​សាត។

លោកថា៖ «គោលការណ៍​​និង​ជំហ​ររបស់រដ្ឋាភិបាល​ក្រុងភ្នំពេញ គឺ​ជាកា​រ​​ប្រឆាំង​​ទាំង​ស្រុង​​ទៅ​​នឹង​ឆន្ទៈ​​របស់​​ពលរដ្ឋ​ខ្មែរ ប្រឆាំង​ស្មារតី​​ខ្លឹមសារ​នៃរដ្ឋធម្ម​នុញ្ញកម្ពុជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារិស ហើយក៏ប្រឆាំ​ង​នឹ​ងស្មារតី​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ និងពិភពលោកទាំងមូល​ដែល​ត្រូវដើរតួនាទី​យ៉ាងសំខាន់​រវាង​មហាអំណាចទាំងអស់​ ជាពិសេស​មហាអំណាច​នៃ​លោក​សេរី ​ដែល​ត្រូវធានានូវការ​គោរពសិទ្ធិមនុស្ស​ជាសកល។ ទង្វើ​របស់​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ​នេះ ​ប្រាប់​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​មើល​ឃើញ​​ច្បាស់​ថា ពួកគេ​ជាអ្នក​​កម្ទេ​​ច​ចោល​នូវ​សេចក្តីប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ចង់​បាន​សុខ ​​ហើយ​នឹងការ​រីក​ចម្រើន​សម្រាប់​ប្រទេស​​កម្ពុជា​»

ក្រុមប្រឹក្សា​ជាតិតស៊ូ បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំង​ក្នុង​​និង​ក្រៅ​ប្រទេស​ ​រួប​រួម​​កៀក​​ស្មា​គ្នា​ធ្វើចលនា​​ដើម្បី​​សង្គ្រោះ​ប្រទេស​​ជា​តិ​​​ពី​ពួក​កុម្មុយ​និស្ត​​ផ្តាច់​ការ ​ដែ​ល​​យក​​ប្រទេស​​កម្ពុជា​​​ឱ្យ​ស្ថិត​នៅ​ក្រោម​​ឥទ្ធិពល​​របស់​​ប្រទេស​​កុម្មុយ​និស្ត​ចិន​ទៀត។

បន្ថែមពីនេះ ​លោក ​សម រង្ស៊ី បាន​លើកឡើងថា ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ប៉ុល ពត ចាប់​យក​​ចិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរស្លាប់​ជិត​ ២​លាន​នាក់ ខណៈ​​​ថ្ងៃទី​​១៧ ខែ​មេសា ឆ្នាំ​​២០២៥ លោក ហ៊ុន សែន ចាប់​​​យក​ចិន​​ម្តង​​​ទៀត​ថា​​​​តើពលរដ្ឋខ្មែរប៉ុន្មាន​នាក់​នឹង​ស្លាប់?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ