ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ រស់នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នើយ៉ាងទទូចដល់អាជ្ញាធរ បញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនមួយ ដែលពួកគាត់អះអាងថា បានធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកពីអណ្តូង និងបារម្ភខ្លាចមានការបាក់ដីស្រែចម្ការ ខណៈខាងក្រុមហ៊ុនក៏បានប្តឹងពលរដ្ឋ ៧នាក់ ទៅតុលាការផងដែរ ដោយចោទពីបទ ញុះញង់។
ការស្នើនេះ ស្របពេលដែលប្រជាពលរដ្ឋរាប់សិបនាក់ នៅថ្ងៃទី២២ ខែមេសានេះ បាននាំគ្នាទៅប្រមូលផ្តុំនៅសាលាឃុំចារ និងបានជួបជាមួយអាជ្ញាធរឃុំស្រុក។
ប្រជាពលរដ្ឋរស់នៅភូមិចារ លោក កិន ឆាយ ឱ្យដឹងថា ដំបូងឡើយ ម្ចាស់អាជីវកម្មបូមខ្សាច់នោះ បានទិញដីពីប្រជាពលរដ្ឋ ហើយស្នើសុំទៅខាងអាជ្ញាធរស្រុក ត្រឹមកាយអាចន៍ដីលក់ ក្រោយមកក៏បានឈានដល់ការធ្វើអាជីវកម្មបូមខ្សាច់ខ្នាតធំតែម្តង ដែលធ្វើឱ្យប៉ះពាល់បាក់ដីស្រែចម្ការ និងប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ដោយឃើញពីផលប៉ះពាល់នេះ លោកថា ប្រជាពលរដ្ឋក៏បានជូនដំណឹងទៅអាជ្ញាធរភូមិឃុំផងដែរ ប៉ុន្តែអាជ្ញាធរហាក់ពុំបានអើពើលើបញ្ហានេះទេ ដែលធ្វើឱ្យពលរដ្ឋផ្ទុះការតវ៉ា នៅអំឡុងខែមេសានេះ។
លោកថា៖ «អីចឹងហើយជាដើមហេតុ ចៅហ្វាយស្រុក គាត់ក៏បាននិយាយដោះសារថា បើសិនជាខ្ញុំអត់មានសិទ្ធិដែរ គឺមានសិទ្ធិឱ្យត្រឹមតែ ៣ម៉ែត្រទេ ហើយឃុំក៏មានសិទ្ធិឱ្យ ៣ម៉ែត្រដែរ តែពេលគេបូមខ្សាច់ ខ្ញុំអត់ដឹងដែរ ហើយបើសិនជាឃុំគាត់អត់អនុញ្ញាត ឃុំគាត់អត់ព្រមព្រៀងឱ្យគេបូម ក៏គ្មានអ្នកណាគេហ៊ានបូមដែរ អាហ្នឹងគឺគាត់ចាប់ផ្តើមទំលាក់កំហុសទៅម្នាក់ម្ខាង។ ហើយតាំងពីគេបូមខ្សាច់ គាត់អត់ដែរចុះមើលទេ អត់ដែលចុះមកមើលថា ហ៎! ប្រជាពលរដ្ឋទៅប្រាប់ទៅហ្នឹង គាត់មកមើល ពីកន្លែងបូមខ្សាច់ទៅឃុំហ្នឹងចម្ងាយដី១គីឡូកន្លះ គាត់អត់ដែលមកកន្លែងរណ្តៅខ្សាច់សោះ។ ប្រជាពលរដ្ឋគាត់ព្រួយបារម្ភ ទី១ គឺជាក់ស្តែងបូមៗមែនទែន ឡើងលិចឡើងធំៗតែម្តង បូមជាង១០ម៉ាស៊ីនធំ»។
អ្នកស្រី ជា មុំ ជាប្រជាពលរដ្ឋរស់នៅភូមិចារដែរនោះ បានឱ្យដឹងថា រយៈពេលជាង១ខែមកនេះ ក្រុមហ៊ុន បូមខ្សាច់មួយដែលអ្នកស្រីមិនចាំឈ្មោះ បានទៅធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូនខ្សាច់ចេញពីតំបន់ដែលពួកគាត់រស់នៅ បណ្តាលឱ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ ៥ភូមិ ទៅ ៧ភូមិ នៅក្នុងឃុំចារនេះ។
អ្នកស្រីសង្កេតឃើញថា នៅពេលដែលក្រុមហ៊ុននោះ មកបូមខ្សាច់ បានធ្វើឱ្យអណ្តូងទឹករបស់ប្រជាពលរដ្ឋ មិនសូវមានទឹកដូចមុននិងល្អក់កករ ហើយការដឹកជញ្ជូនខ្សាច់នោះទៀតសោត បានធ្វើឱ្យហ៊ុយដីប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ខណៈពលរដ្ឋដែលមានដីនៅជាប់នឹងទីតាំងបូមខ្សាច់នោះ ក៏បារម្ភពីការបាក់ដីស្រែចម្ការរបស់ពួកគាត់ផងដែរ។
ករណីនេះ អ្នកស្រីថា ប្រជាពលរដ្ឋជាង ១ពាន់នាក់ ក្នុងឃុំចារ បាននាំគ្នាផ្តិតមេដៃស្នើដល់ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ និងបញ្ឈប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុននោះជាបន្ទាន់ ដើម្បីបញ្ចៀសនូវហានិភ័យនានា ដែលបង្កឱ្យការបូមខ្សាច់នេះមកលើប្រជាពលរដ្ឋ។
អ្នកស្រី ជា មុំ បាននិយាយថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត និងអស់លោកខាងរ៉ែថាមពល សូមអន្តរាគមន៍ឱ្យខាងអ្នកបូមខ្សាច់ហ្នឹង គាត់ដកចេញពីប្រជាពលរដ្ឋនៅភូមិចារតែម្តង ព្រោះមកនេះមិនមែនជួយអភិវឌ្ឍន៍ភូមិចារទេ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋភូមិចារ ជាពិសេសគឺអណ្តូងទឹកពួកខ្ញុំប្រើប្រាស់រាល់ថ្ងៃតែម្តង វាមានភាពអាក់ខានទឹក»។
បើតាមអ្នកស្រី ជា មុំ ក្រៅពីរងផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពីសកម្មភាពបូមខ្សាច់នេះ ខាងភាគីក្រុមហ៊ុន ក៏បានប្តឹងប្រជាពលរដ្ឋចំនួន ៧នាក់ ដែលមានដីស្រែជាប់នឹងទីតាំងបូមខ្សាច់ ទៅសាលាដំបូងខេត្តតាកែវផងដែរ ពាក់ព័ន្ធនឹងបទ ញុះញង់ និងបរិហាកេរ្តិ៍ជាសាធារណៈផងដែរ ក្រោយពីពលរដ្ឋបានតវ៉ាបិទផ្លូវ ទាមទារឱ្យបញ្ឈប់អាជីវកម្មបូមខ្សាច់នេះ កាលពីពេលថ្មីៗនេះ។
យោងតាមដីការបស់អយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីដើមខែមេសា ឆ្នាំ២០២៥នេះ បានកោះហៅប្រជាពលរដ្ឋទាំង៧នាក់ ឱ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមេសា ជុំវិញដំណើររឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បរិហាកេរ្តិ៍ជាសាធារណៈ និងប្រើប្រាស់មធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ» តាមបណ្តឹងរបស់ឈ្មោះ ភាព លីហុង។
ប្រជាពលរដ្ឋដែលរងបណ្តឹង មិនបានបញ្ជាក់ឈ្មោះ បាននិយាយថា ប្រជាពលរដ្ឋដែលរងបណ្តឹងពុំបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ ហើយការដែលពួកគាត់ប្រមូលផ្តុំគ្នាតវ៉ា ដោយសារតែបារម្ភពីការបាត់បង់ប្រភពទឹកប្រើប្រាស់ក្នុងភូមិ និងការបាក់ដីស្រែរបស់ពួកគាត់។
ជាមួយគ្នានេះ អ្នកស្រីក៏បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយបញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុន និងទម្លាក់ចោលនៅបទចោទប្រកាន់ទៅលើប្រជាពលរដ្ឋទាំង ៧នាក់នេះផងដែរ។
អ្នកស្រីនិយាយថា៖ «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចពុក សូមលោកជួយមេត្តាមើលកូនចៅខាងក្រោមនេះផង ព្រោះអីដីកាតុលាការបានកោះហៅកូនចៅទាំង ៧នាក់ ពីបទ ញុះញង់ រឿងរណ្តៅខ្សាច់នេះ ធាតុពិតកូនចៅអត់មានការញុះញង់អីទេ គឺប្រជាជនសុទ្ធតែនៅក្បែរនេះទាំងអស់ សូមលោកដកដីកាចេញពីប្រជាជនទាំង៧នាក់នេះផង ព្រោះប្រជាជនទាំង៧នាក់នេះ គ្មានលទ្ធភាពទៅតតាំងក្តីជាមួយនឹងម្ចាស់អាជីវកម្មទេ ហើយមួយវិញទៀត សូមលោកថ្នាក់ដឹកនាំទាំងអស់ ជួយអន្តរាគមន៍ចំពោះម្ចាស់អាជីវកម្មរណ្តៅខ្សាច់នេះ ប្រជាជននៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាសយើងនេះ សុំឱ្យបញ្ឈប់ការបូមខ្សាច់នេះជាបន្ទាន់»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលខេត្តតាកែវ លោក វ៉ី សំណាង និងអភិបាលស្រុកព្រៃកប្បាស លោក ឌឹម គឹមសាន្ត បានទេនៅថ្ងៃអង្គារនេះ។
ប៉ុន្តែកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលស្រុកព្រៃកប្បាស បានចេញសេចក្តីបំភ្លឺជុំវិញបញ្ហានេះថា នៅក្នុងមូលដ្ឋានភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពិតជាមានអាជីវកម្មបូមខ្សាច់ប្រាកដមែន ដែលមានអាជ្ញាប័ណ្ណ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ។
រដ្ឋបាលស្រុក បានអះអាងថា មុននឹងចេញអាជ្ញាប័ណ្ណ មន្ទីររ៉ែ និងថាមពលខេត្ត បានចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំង ដោយបានគិតពីការរងផលប៉ះពាល់ដែលនៅជុំវិញនោះរួចរាល់ គឺមិនមានករណីបាក់ស្រុតដូចការព្រួយបារម្ភឡើយ ហើយក៏មិនដែលមានករណីដាច់ប្រភពទឹកអណ្តូង បណ្តាលមកពីការបូមខ្សាច់ដែរ ព្រោះនីវ៉ូទឹកអណ្តូងស្មើគ្នា ហើយទឹកដែលជ្រាបមកតាមខ្សាច់ក៏មិនបានបូមយកទៅណាដែរ គឺនៅតែក្នុងរណ្តៅខ្សាច់នោះដដែល។
ប្រភពដដែលបន្តទៀតថា ការផ្តល់អាជ្ញាប័ណ្ណរណ្តៅខ្សាច់នេះ ខាងមន្ទីរចេញឱ្យម្ចាស់អាជីវកម្មរយៈពេលតែ១ឆ្នាំ ដែលមានដីទំហំ ៣៧ ៧០០ ម៉ែត្រការ៉េ ខណៈទីតាំងកាយយកខ្សាច់មានទំហំ ៥០ម៉ែត្រ គុណ ៦០ម៉ែត្រ ឬស្មើ ៣ ០០០ម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែក ចំងាយផ្ទះដែលជិតជាងគេ ប្រមាណជាង២០០ម៉ែត្រ ពីរណ្តៅខ្សាច់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា នៅពេលពលរដ្ឋដាក់ពាក្យបណ្តឹង អាជ្ញាធរគួរមានការចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងមានតម្លាភាពជុំវិញផលប៉ះពាល់ទៅលើដី និងបរិស្ថាន ពីអាជីវកម្មបូមខ្សាច់នេះ។ លោកបន្តថា បើដូចជាប្រជាពលរដ្ឋលើកឡើងមែន នោះពួកគាត់រងផលប៉ះពាល់ពីការបូមខ្សាច់ហើយ ហើយត្រូវរងបណ្តឹងនៅតុលាការពីសំណាក់ម្ចាស់អាជីវកម្មប្តឹងថែមទៀត ដែលនេះកាន់តែជាបន្ទុកបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ។
លោកថា៖ «ចឹងលើករណីនេះ ជាកាតព្វកិច្ច និងការទទួលខុសត្រូវ អាជ្ញាធរត្រូវតែមានការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានតម្លាភាព ហើយនិងយុត្តិធម៌ ហើយរកការពិតឱ្យឃើញ និងស្វែងរកដំណោះស្រាយមួយដ៏សមស្រប ដើម្បីឱ្យមានការទទួលយកបានទាំងអស់គ្នា ហើយកុំឱ្យមានការប៉ះពាល់សម្រាប់បងប្អូនប្រជាពលរដ្ឋ»៕