តុលាការខេត្តសៀមរាប​បោះរឿង​ផ្កាយ១​លោក សម្បត្តិ កុសល ឱ្យ​ទៅ​ACU ក្រោម​សម្ពាធ​រិះ​គន់

សាលាដំបូងខេត្តសៀមរាប បានបោះសំណុំរឿងនគរបាល​ផ្កាយមួយ ​លោក សម្បត្តិ កុសល ឱ្យទៅ​អង្គ​ភាពប្រឆាំង​អំពើ​​ពុក​រលួយ​វិញ ក្រោយ​សំណុំរឿ​ង​នេះ រង​ការ​រិះ​គន់​ថា ភរិយា​លោក​ផ្កាយ​១​រូប​នោះ ខ្ចី​លុយ​មិនសង​ហើយ ប្តឹង​ម្ចាស់​បំណុល​រហូត​ជាប់​គុក​ទៀត។

សាលាដំបូងខេត្តសៀមរាប និយាយក្នុងសេចក្តី​ប្រកាស​ព័ត៌​មាន ចុះ​ថ្ងៃ​ទី​២១ខែ​មេសា​នេះ​ថា ខ្លួន​សម្រេច​ផ្ទេរ​សំណុំ​រឿង​របស់​ឈ្មោះ សម្បត្តិ កុសល ប្តឹង​ឈ្មោះ ចិន ស្រីដា និង​ឈ្មោះ ទី ប្រាថ្នា ពីបទ ប៉ុន​ប៉ង​សូកប៉ាន់ ជូន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ការប្រកាសផ្ទេរសំណុំរឿនេះ គឺចំថ្ងៃដដែល ដែល​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប លោក គង់ សំសារ៉េច ចេញ​ដីកា​កោះ ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៥ តម្រូវ​ឱ្យ​មេធាវី​លោក ទី ប្រាថ្នា ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា​​នេះ តាម​បណ្តឹង​របស់​​លោក សម្បត្តិ កុសល ដែល​ប្តឹង​កូន​ក្តី​ខ្លួន​ពី​បទ ប៉ុន​ប៉ងសូក​ប៉ាន់ ប្រព្រឹត្តិនៅ​ក្រុង​សៀម​​រាប ខេត្ត​សៀម​រាប ​កា​ល​ពី​អំឡុង​ឆ្នាំ​២០២៣។

បើតាមប្រវត្តិរឿង លោក ទី ប្រាថ្នា ជា​ប្តី​អ្នក​ស្រី ចិន ស្រីដា ដែល ចិន ស្រីដា បាន​ឱ្យ​លុយ​ភរិយា លោក សម្បត្តិ កុសល ខ្ចី​លុយ​ចំនួន ២ម៉ឺន​ដុល្លារ។

តែម្ចាស់បំណុល ចិន ស្រីដា ត្រូវបាន​តុលាការ​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃទី​១៨ ខែ​​កុម្ភៈ ឆ្នាំ​​២០២៥ ចេញ​​សាល​​ក្រ​ម​​​ព្រហ្ម​​ទណ្ឌ​ ​ផ្តន្ទាទោ​ស ដាក់​​ពន្ធនា​គារ ២ឆ្នាំ និង​​បង្គាប់​​​​ឱ្យ​​សំណង​​​ជំ​ងឺ​​ចិត្ត​​​​​​ទៅ​​​ឱ្យ​​ដើម​​​បណ្តឹង ឈ្មោះ សម្បតិ្ត កុសល ចំនួន ៤លាន​រៀល ក្រោម​​​ការ​​​ចោ​ទ​​ពី​បទ គំរាមកំហែង​ហែកកេរ្តិ៍ ដែលការប្តឹងចោទប្រក្រោយពីស្ត្រីជាម្ចាស់បំណុល គំរាម​​​ទម្លាយ​រឿង សន្យា​រត់​ការឱ្យ​ចូល​ក្រប​ខណ្ឌន​គរ​បាល​ជាតិ បើ​នៅ​តែមិន​ព្រម​សង​លុយ​២ម៉ឺន​ដុល្លារ​នោះ​មក​វិញ។

សាលក្រមសាលាដំបូងខេត្តសៀមរាបនេះ រងការរិះគន់​ជាច្រើ​ន​ពីអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ដែល​រិះគ​ន់ថា ភរិយា​លោក សម្បត្តិ កុសល ខ្ចីលុយ​មិន​សង​ហើយ ប្តឹង​ម្ចាស់​លុយ​ដាក់​គុក​បាន​សម្រេច​ទៀត។

យ៉ាងណា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍បាត់ដំបង បាន​​បើកសវនាការ ជំនុំ​ជម្រះ ជន​ជាប់​​ចោទ​​​ឈ្មោះ​ ចិន ស្រីដា អាយុ២៧ឆ្នាំ មា​​ន​ទីលំនៅ​នៅភូមិ​​សាលា​​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​​រាប ខេត្ត​សៀម​រាប បាន​នៅ​ក្រៅ​ឃុំ ក្រោយ​គាត់​ជាប់​ពន្ធនា​គារ​ជិត​២ខែ​រួច​មក។

ក្រោមសំឡេងរិះគន់​នេះ​ដែរ លោក សម្បត្តិ កុសល ក៏​ត្រូវ​បាន​​ក្រសួង​មហា​ផ្ទៃ ផ្ទេរ​​តួនាទី​​​ពី​ស្នង​​ការ​​​រងនគរបា​ល​​​ខេត្ត​​បន្ទាយ​មាន​ជ័យ ឱ្យ​ទៅ​បម្រើ​ការ​​ងារ​​នៅ​​នាយក​​ដ្ឋាន​វិទ្យុ​​ទាក់​ទង​វិញ។ ប៉ុន្តែក្រសួង​សមី​នេះ មិនបាន​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​ជុំវិញ​សារ​បែក​ធ្លាយ​សំឡេង លោក សម្បត្តិ កុសល ដែល​ទាម​ទារ​ប្រាក់​ដើម្បីរត់​ការ​ចូល​ក្រប​ខណ្ឌ​រដ្ឋ ក្នុង​តម្លៃ​ចម្លោះ​ពី​២០​ទៅ​៣០​ម៉ឺន​ដុល្លារ​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ