តុលាការទីក្រុងភ្នំពេញ បានលើកពេលប្រកាសសាលក្រមទៅដើមខែឧសភា ក្រោយពីបិទបញ្ចប់ការសួរដេញដោលលើអង្គសេចក្តី ជុំវិញសំណុំរឿងទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ ក្រោមបទចោទ មិនរាងចាលក្នុងបទមជ្ឈឹម ខណៈអ្នកជំនាញផ្នែកសិទ្ធិមនុស្ស មើលឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំង អ្នកដែលសកម្មក្នុងរឿងនយោបាយ សិទ្ធិកម្មករ និងសហជីពនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការខ្លាចរអា មិនហ៊ានប្រកួតប្រជែងដោយយុត្តិធម៌ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងដំណើរការបោះឆ្នោត ក្នុងពេលខាងមុខនេះ។
ថ្លែងក្រោយបិទបញ្ចប់សវនាការ នៅព្រឹកថ្ងៃពុធនេះ លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សកម្លាំងជាតិ បានប្រាប់អ្នកកាសែតនៅបរិវេណតុលាការ ដោយបញ្ជាក់ពីជំហររបស់ខ្លួនថា លោកមិនញញើតនឹងការដាក់គំនាបផ្លូវច្បាប់ ប្រឆាំងរូបលោកឡើយ។
លោកបន្តថា អ្វីដែលខ្លួនបានធ្វើ សម្រាប់ក្របខណ្ឌនយោបាយ គឺវាមិនប្រាស់ចាកពីច្បាប់ ហើយក៏មិនបង្កឱ្យមានភាពជ្រួលច្របល់ដូចអ្វីដែលតុលាការរកឃើញថា ជាកំហុសនោះដែរ។ ហើយម្យ៉ាងវិញទៀត លោកនៅតែរក្សាជំហរនយោបាយដូចដើមមិនងាករេនោះឡើយ។
លោកបន្តថា៖《តាមពិតទាក់ទងការបារម្ភ គឺយើងមិនមានការព្រួយបារម្ភអីទេ ព្រោះយើងដឹងហើយថាអ្វីៗ យើងមិនបានប្រព្រឹត្តកំហុសដូចអ្វីការចោទប្រកាន់នោះទេ》។
សវនាការដែលសួរដេញដោលគ្នា ទៅលើអង្គសេចក្តីនៅថ្ងៃនេះ គឺកើតឡើងក្រោយពីតុលាការទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យ លោក រ៉ុង ឈុន ត្រូវចូលខ្លួនតតាំងក្តី នៅក្នុងសវនាការ ដែលនឹងប្រព្រឹត្តទៅពេលព្រឹកជាកំហិត។ ដីកាតុលាការ ដែលចេញដោយ លោក សេង ហៀង នៅពេលនោះក៏តម្រូវដែរ ប្រសិនបើភាគីចុងចោទ មានភស្តុតាងដោះបន្ទុក ត្រូវយកទៅជាមួយ នៅអំឡុងពេលនៃសវនាការ។
លោក សេង ហៀង ដែលជាព្រះរាជអាជ្ញារង នៃតុលាការក្រុងភ្នំពេញ ត្រូវគេដឹងថាគឺជាកូនប្រុសរបស់លោក សេង ទៀង ដែលជាមនុស្សជិតស្និទ្ធបំផុតតែម្នាក់គត់របស់លោក ហ៊ុន សែន។
លោក សេង ទៀង ដែលជាមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល ហើយតែងនៅកៀកជានិច្ចជាមួយនិងប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ គឺលោកទទួលបន្ទុកក្នុងការចាត់ចែងលុយកាក់ ដែលលោក ហ៊ុន សែន ទុកចិត្តជាងគេ។
ហេតុនេះ ការផ្តល់រឿងក្តីដ៏សំខាន់មួយនេះ ឱ្យលោក សេង ហៀង ទទួលខុសត្រូវប្រាកដណាស់ ក្នុងតួនាទីដែលបម្រើការនៅក្នុងស្ថាប័នអយ្យការ ដែលភារកិច្ចជួយរកភាពយុត្តិតធម៌សម្រាប់សង្គម លោក រ៉ុង ឈុន ទំនងជាពិបាកនឹងទទួលបាននូវយុត្តិធម៌ តាមរយៈការជំនុំជម្រះក្តីនេះណាស់។
ក្រៅពីនេះ លោក រ៉ុង ឈុន គឺជាដៃគូនយោបាយ ដែលសាកសមបំផុត និងលេចធ្លោ ក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៨។
ហេតុនេះ ប្រសិនបើដាក់អ្នកផ្សេង ឱ្យអនុវត្តនីតិវិធី ខុសពី លោក សេង ហៀង ប្រាកដណាស់ ប្រសិនរកមិនឃើញពីពិរុទ្ធភាពទេ លោក រ៉ុង ឈុន នៅតែអាចអនុវត្តគោលនយោបាយបានល្អ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតខាងមុខនេះ។
ប៉ុន្តែ ទោះចង់ឬមិនចង់ បើទោះជា លោក រ៉ុង ឈុន រកមិនឃើញពីបទល្មើសណាមួយ តាមរយៈបទចោទថ្មីទៀតនេះក្តី តែបើអ្នកកាន់រឿងក្តីនេះ ជាកូនរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជាទៅហើយ ដែលជាគណបក្សគូប្រជែងសន្លឹកឆ្នោតដ៏ស្វិតស្វាញ ប្រហែលជានឹងពិបាកទទួលបានសេរីភាពតាមផ្លូវតុលាការនេះណាស់។ លើសពីនេះទៅទៀត ការប្រើប្រាស់ប្រព័ន្ធតុលាការ គឺជាខែលមួយរួចទៅហើយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការរាំងខ្ទប់ មិនឱ្យលោក រ៉ុង ឈុន អាចធ្វើអ្វីបាននៅក្នុងឋានៈជាអ្នកនយោបាយ ទាំងពេលនេះ និងថ្ងៃខាងមុខ។
រីឯ សមាគមការពារសិទ្ធិមនុស្ស លីកាដូ បានចេញរបាយការណ៍សង្ខេបរបស់ខ្លួន ក្រោយសវនការបានបិទបញ្ចប់ទៅនៅថ្ងៃនេះ។
តាមរយៈរបាយការណ៍នេះ អាដហុក សង្កេតឃើញថា មានអ្នកគាំទ្ររបស់គណបក្សកម្លាំងជាតិ ប្រមាណ៥០នាក់ បានចេញមុខមកគាំទ្រ ការចូលផ្តល់សក្ខីកម្មរបស់លោក រ៉ុង ឈុន។
ដូចគ្នាដែរ កម្លាំងនគរបាល មានទាំងឯកសណ្ឋាន និងជនស៊ីវិលប្រមាណ៥០នាក់ ត្រូវបានគេដាក់ពង្រាយ អមដោយការរឹតបន្តឹងសន្តិសុខ នៅជុំវិញបរិវេណតុលាការ។
បើតាមលោក រ៉ុង ឈុន តុលាការនឹងប្រកាសសាលក្រម ក្នុងសំណុំរឿង «ញុះញង់ និងបទចោទមិនរាងចាលក្នុងបទមជ្ឍឹម » នេះនៅថ្ងៃទី៥ ខែឧសភា ពេលព្រឹក។
តុលាការបានលើកយក ៤ករណីមកសួរដេញដោល នៅព្រឹកនេះ ទាក់ទងសកម្មភាពនៃចុះជួបពលរដ្ឋ ដែលរងគ្រោះដីធ្លីនៅបឹងតាមោក អ្នកដែលមានជម្លោះដីធ្លីនៅព្រលានយន្តថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងសកម្មភាពមួយចំនួនទៀត ដែលលោកចុះជួបសកម្មជនគណបក្សនៅតាមមូលដ្ឋានជាដើម។
តែលោកបានជម្រាបអង្គសវនាការថា អ្វីដែលលោកធ្វើនេះ គឺមិនផ្ទុយពីច្បាប់ឡើយ ហើយលោកមានសុទិដ្ឋិនិយមថា នៅថ្ងៃប្រកាសសាលក្រមនោះ នឹងទទួលបានសេរីភាព តាមរយៈការជំនុំជម្រះនេះ។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) យល់ឃើញថា អ្វីដែលគេប្រើប្រាស់នីតិវិធីតាមផ្លូវតុលាការ ប្រឆាំងលោក រ៉ុង ឈុន នេះ ជាការបង្ហាញឱ្យឃើញរួចទៅហើយ គឺគេមិនចង់ឱ្យទីប្រឹក្សាគណបក្សប្រឆាំងនេះ អាចអនុវត្តតួនាទី និងភារកិច្ចបានដោយស្រួលទៅលើសកម្មភាពនយោបាយទេ។
មិនតែប៉ុណ្ណោះ មិនថាតែពេលនេះទេ រូបភាពកន្លងទៅ បានបង្ហាញរួចទៅហើយថា លោក រ៉ុង ឈុន ពិតជារកផ្លូវដើរមិនចង់បាន ក្នុងរឿងនយោបាយនេះ។
បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ គូប្រកួតនយោបាយ គេព្យាយាមរកគ្រប់វិធី ធ្វើយ៉ាងណាបិទផ្លូវលោក រ៉ុង ឈុន មិនអាចឱ្យធ្វើសកម្មភាពអ្វីកើត ដោយប្រើប្រាស់ប្រព័ន្ធតុលាការនេះ ជារនាំង និងជាខែល ព្រោះគណបក្សដែលជាគូប្រជែងគេចាត់ទុកថាវាជាឧបសគ្គដ៏ធំ និងជាការគំរាមកំហែងដល់ការកាន់អំណាច ប្រសិនបើទុកឱ្យលោក រ៉ុង ឈុន មានសេរីភាពពេញលេញ ក្នុងការធ្វើនយោបាយ។
លោកបន្តថា៖《អញ្ចឹងបើយើងមើលទៅនេះ ក៏ជាគំនាបផ្នែកនយោបាយមួយ សម្រាប់លោក រ៉ុង ឈុន សម្រាប់ការចូលរួមសកម្មនូវក្នុងសកម្មភាពនយោបាយ នៃគណបក្សប្រឆាំងនេះដែរ》។
លោក រ៉ុង ឈុន ជាអតីតអ្នកតស៊ូដ៏សកម្មសម្រាប់សំឡេងកម្មករ គ្រូបង្រៀន និងសហជីព ដែលគេចាត់ទុកថាជាបុរសស្អាតស្អំម្នាក់។ ក្រៅពីតួនាទីដែលលោកធ្លាប់ទទួលបាន ជាតំណាងសមាជិកឃ្លាំមើលកម្ពុជា ជាប្រធានសហជីព និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោកក៏ធ្លាប់ទទួលបានតួនាទីជាមន្រ្តីជាន់ខ្ពស់ នៅក្នុងស្ថាប័ន គ.ជ.ប ដែរ។ ដោយមានភក្តីភាពចំពោះសេរីភាព និងប្រជាធិបតេយ្យ លោក រ៉ុង ឈុន ក៏ត្រូវបង្ខំចិត្តដើរចេញពីតួនាទីនេះ ទាំងប្រាក់បៀវត្តន៍ខ្ពស់ ឡានទំនើប និងមានអ្នកបើកឡានឱ្យស្រាប់ផង ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ នៅចុងឆ្នាំ២០១៧។
គិតមកដល់ពេលនេះ លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ។ កាលពីខែកក្កដា ឆ្នាំ២០២០ លោកត្រូវបានលោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការទីក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ ខណៈមនុស្ស២នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងរឿងក្តីជាមួយគ្នានេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២០ខែ។
នៅក្នុងរឿងក្តីនេះ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» គឺនៅបន្ទាប់ពីអ្នកតស៊ូមតិដ៏សកម្មរូបនេះ បាននិយាយពីបញ្ហាទាក់ទងព្រំដែនកម្ពុជាវៀតណាម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយឡែក ការជាប់មន្ទីរឃុំឃាំងលើកទី១របស់ លោក រ៉ុង ឈុន គឺកើតឡើងកាលពី២០ឆ្នាំមុន ក៏មានជាប់ទាក់ទិននឹងរឿងព្រំដែនដែរនេះដូចគ្នាដែរ។
រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាប់ខ្លួនលោកនៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីលោក រ៉ុង ឈុន ព្យាយាមរត់គេចខ្លួន នៅក្រោយពេលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ កាលពីខែតុលា ឆ្នាំ២០០៥ ដែលជំទាស់ទៅនឹងការចុះហត្ថលេខារបស់លោក ហ៊ុន សែន ទៅលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជាវៀតណាម។
ជុំវិញរឿងនេះ លោក សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោកទាមទារឱ្យសួរនាំទៅស្ថាប័នតុលាការជំនួសវិញ ត្រូវជាងក្នុងរឿងក្តីនេះ។
លោកបន្តថា៖《ព្រោះតែអញ្ចឹងហើយបានសួរតុលាការគេទៅបានដឹង ព្រោះតុលាការគេមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការចោទប្រកាន់ អាហ្នឹងបានគេកោះអញ្ជើញគាត់។ រឿងហ្នឹងសួរខ្ញុំអត់ឆ្លើយកើតទេណា》។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់អាចស្វែងរកប្រតិកម្មតបចំពោះរឿងនេះ ពីលោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមតុលាការទីក្រុងភ្នំពេញ បាននៅឡើយទេ ដោយទូរសព្ទចូលជាច្រើនដងហើយ តែគ្មានអ្នកទទួលនៅថ្ងៃនេះ។
ទាក់ទិនរឿងក្តីព្រហ្មទណ្ឌ ដែលតុលាការទីក្រុងភ្នំពេញ នឹងសើរើមកជំនុំជម្រះ នៅថ្ងៃស្អែកនេះ លោក រ៉ុង ឈុន ត្រូវតុលាការចោទប្រកាន់ពីបទ«មិនរាងចាលក្នុងបទមជ្ឈឹម»។ បើគេពិនិត្យមើលពីបទចោទនេះ គឺស្របគ្នានឹងគណបក្សកម្លាំងជាតិ ប្រកាសធ្វើសមាជវិសាមញ្ញ ដោយស្នើសុំគោលការណ៍រៀបចំសមាជនៅនឹងទីលានប្រជាធិបតេយ្យ មិនបានសម្រេចម្តងជាពីរដង។ សមាជិកវិសាមញ្ញនេះ គឺធ្វើឡើងក្នុងទិសដៅកែសម្រួលក្បាម៉ាស៊ីនបក្ស ហើយក៏មាននិយាយដែរ ពាក់ព័ន្ធនឹងរបៀបវារៈនយោបាយរបស់គណបក្ស។ប៉ុន្តែ បើតុលាការចោទប្រកាន់ពីអ្វីដែលគណបក្សធ្វើដែលវាស្របនឹងច្បាប់នេះទៅហើយ វាហាក់បីដូចជាអាក្រក់មើលពេកណាស់។ ហេតុនេះ ទំនងជាគ្មានជំរើសណាមួយដែលល្អជាជាងយកករណី លោក រ៉ុង ឈុន ចុះជួបជនរងគ្រោះនៅតាមមូលដ្ឋានថាជាកំហុសនៃបទល្មើសវិញ វាហាក់ទំនងជាការចោទប្រកាន់ដោយកំរោលបែបនេះ។
អ្នកវិភាគនយោបាយ ចាត់ទុកថា គណបក្សកាន់អំណាច មានតែដើរផ្លូវមួយនេះទេ ទើបអាចសង្រ្គោះជីវិតនយោបាយរបស់ខ្លួនបាន។ បើការធ្វើដូចនេះ វាជាការបង្ហាញនូវភាពអាម៉ាស់យ៉ាងណាក្តី តែយ៉ាងហោចណាស់ អាចស្រោចស្រង់ជីវិតគណបក្ស អាចរស់បានទៅមុខទៀតដែរ។
ហើយម្យ៉ាងវិញទៀត មិនថាលោក ហ៊ុន សែន ឬកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទេ ប្រាកដណាស់ពួកគេ ពិតជាមិនអាចចូលរួមការបោះឆ្នោតមួយ ដែលរៀបចំឡើងដោយចំហរ យុត្តិធម៌ និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យតទៅទៀតបានឡើយ។ ជាងនេះទៀត អ្នកកាន់ចង្កូតគណបក្សប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់រួចហើយថា ពីពេលនេះទៅមុខ កម្ពុជាមិនអាចរៀបចំការបោះឆ្នោតមួយ តាមបែបប្រជាធិបតេយ្យតទៅទៀតបានឡើយ។
បើទោះជាបែបណា សម្រាប់លោក រ៉ុង ឈុន នៅតែមានជំនឿថា អ្វីដែលលោកបានធ្វើក្នុងពេលកន្លងទៅ គឺមិនមានទាស់ខុសអ្វីទៅនឹងគោលការណ៍ច្បាប់ទេ។ លោកបន្តទៀតថា សកម្មភាពដែលលោកចុះមូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រ វាគឺជារឿងត្រឹមត្រូវ ព្រោះគណបក្សនយោបាយ ប្រាកដណាស់ មិនថាគណបក្សកាន់អំណាចទេ គឺនេះវាជារបៀបវារៈនយោបាយមួយដែរ របស់គណបក្ស។
ហេតុនេះ ក្នុងនាមជាអ្នកនយោបាយបក្សជំទាស់ ក៏មានកម្មវិធីនយោបាយ មិនខុសពីគណបក្សដទៃទៀតដែរ ការជ្រើសរើសជួបសកម្មជន ឬជនរងគ្រោះ វាគឺមានកំណត់នៅក្នុងបទបញ្ជាផ្ទៃ លក្ខខន្តិកៈគណបក្សនយោបាយ និងច្បាប់ស្តីពីការបោះឆ្នោតជាដើម។
លោកថា៖ «បើសិនជាយើងពិនិត្យមើលពីការដែលយើងទៅជួបប្រជាពលរដ្ឋនៅបឹងតាមោក និងប្រជាពលរដ្ឋនៅកណ្តាលស្ទឹងក្តី យើងឃើញថា វាអត់មានព្យសនកម្មចអីកើតឡើងទេ ដូច្នេះការចោទប្រកាន់ហ្នឹងវាមិនឆ្លុះបញ្ចាំងការពិតទេ»។
លោក រ៉ុង ឈុន និយាយថា មកដល់ពេលនេះ លោកនៅតែជួបបញ្ហាមិនចប់មិនហើយ បើទោះបីជាលោកបានអនុវត្តទោសបានពេញលេញហើយក្តី តែការស្នើសុំការផ្តល់នីតិសម្បទាឡើងវិញ នៅតែជួបឧបសគ្គដដែល។ មកដល់ពេលនេះ សាលាឧទ្ធរណ៍ភ្នំពេញ នៅតែគ្មានការឆ្លើយតបជាវិជ្ជមាន ក្រោយពេលនេះអនុវត្តទោសចប់ជាស្ថាពរ តាមសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូលជុំវិញនឹងបទចោទ ញុះញង់នេះហើយយ៉ាងណាក្តី៕