សាច់ញាតិ យុវជន និងសង្គមស៊ីវិល ស្នើតុលាការកំពូល ដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៥នាក់ ឱ្យមានសេរីភាព ដោយពួកគេថា ការបន្តឃុំខ្លួនយុវជនទាំងនោះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា និងជាការបើកដៃឱ្យមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយបំផ្លាញធនធានធម្មជាតិ។
ការស្នើនេះ បានធ្វើឡើងស្របពេលដែលតុលាការកំពូល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានបើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំ របស់យុវជនមាតាធម្មជាតិទាំង៥រូប។
ពួកគេទាំងនោះមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី បច្ចុប្បន្ន ពួកគេកំពុងជាប់ពន្ធនាគារ ដាច់ដោយឡែកពីគ្នាក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤មក បើគិតត្រឹមថ្ងៃពុធនេះ មានរយៈពេលជិត១០ខែហើយ។
ការតតាំងក្តីនៅតុលាការកំពូលថ្ងៃនេះ បានធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍បដិសេធ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មិនបានឱ្យពួកគេបាននៅក្រៅឃុំ តាមការចោទរបស់សាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារចាប់ពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ពីបទ “រួមគំនិតក្បត់” និង “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” ជុំវិញភាពសកម្មការពារធនធានធម្មជាតិ។
នៅមុខតុលាការកំពូល នាព្រឹកនេះដែរ គេសង្កេតឃើញមានសាច់ញាតិ យុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិប្រមាណជាង ៣០អង្គ/នាក់ បាននាំគ្នាទៅតាមដាន និងរងចាំស្តាប់លទ្ធផលនៃសវនាការនេះផងដែរ។
អ្នកស្រី ប៉ាត់ រស្មី ភរិយាលោក ថុន រដ្ឋា បានលើកឡើងថា ស្វាមីរបស់អ្នកស្រី និងយុវជនបរិស្ថានផ្សេងទៀត មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ដែលករណីនេះអ្នកស្រីបានស្នើដល់តុលាការកំពូល និងស្ថាប័នពាក់ព័ន្ធ ពិចារណាឡើងវិញក្នុងការដោះលែងយុវជនទាំង៥នោះ ដើម្បីការពារធនធានធម្មជាតិ និងលាតត្រដាងនូវភាពអសកម្មរបស់មន្ត្រីមួយចំនួន។
អ្នកស្រីថា៖ «គួរតែដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគាត់បានការពារធនធានធម្មជាតិ ក៏ដូចជាលាតត្រដាងនូវមន្ត្រីមួយចំនួនដែលពុករលួយ អីចឹងយើងអត់មានអីទេ មានតែស្នើសុំឱ្យតុលាការច្រានចោលបទចោទប្រកាន់ទាំងអស់ទៅលើគាត់ ហើយឱ្យគាត់មានសេរីភាពឡើងវិញ ដើម្បីជួបជុំគ្រួសារ ដើម្បីផ្តល់ភាពកក់ក្តៅឱ្យប្រពន្ធនិងកូន»។
យុវជនដែលស្រឡាញ់បរិស្ថាន និងគាំទ្រសកម្មភាពរបស់ចលនាមាតាធម្មជាតិ លោក ធូ រ៉ាឃីម យល់ថា ជារឿងអយុត្តិធម៌ ដែលមានការឃុំខ្លួន និងចោទប្រកាន់ទៅលើក្រុមយុវជនចលនាមាតាធម្មជាតិទាំង ៥រូប ដែលអ្នកខ្លះត្រូវជាប់ពន្ធនាគារ៦ឆ្នាំ និងខ្លះទៀតដល់ទៅ៨ឆ្នាំ ខណៈពួកគេខំលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើសកម្មភាពការពារបរិស្ថាន និងផលប្រយោជន៍រួម។
លោករំពឹងថា តុលាការកំពូល នឹងពិចារណាក្នុងការដោះលែងពួកគេ ព្រោះការបន្តឃុំខ្លួនក្រុមមាតាធម្មជាតិនេះ មិនមានផលចំណេញណាមួយសម្រាប់តុលាការ និងរដ្ឋាភិបាលនោះទេ គឺមានតែធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងជាការធ្វើឱ្យបាត់សំឡេងអ្នកដែលហ៊ានលាតត្រដាងនូវការពិត ពីភាពអសកម្មរបស់មន្ត្រីនៅថ្នាក់មូលដ្ឋាន និងបញ្ហាបរិស្ថាន។
លោកថា៖ «នៅពេលដែលគេចាប់ក្រុមចលនាមាតាធម្មជាតិ ហៅថាក្រុមបរិស្ថាន ដែលចាំលាតត្រដាងនូវបញ្ហាអសកម្ម របស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន មិនថាក្រសួងបរិស្ថាន មិនថាអ្នកណាៗទេដែលពាក់ព័ន្ធ ខ្ញុំមើលឃើញថា នៅមានការចន្លោះប្រហោង នៅពេលដែលពួកគាត់ត្រូវបានជាប់ពន្ធនាគារ គ្មានអ្នកណាលាតត្រដាងនូវបញ្ហាទាំងអស់ហ្នឹងបាន។ នៅពេលដែលគ្មាននណារលាតត្រដាងនូវបញ្ហា ក៏គ្មានដំណោះស្រាយណាមួយសមស្របទៅ ដើម្បីសង្គមជាតិនេះផងដែរ»។
ចំណែក ម្តាយរបស់លោក ថុន រដ្ឋា គឺអ្នកស្រី ម៉ៅ ធឿន បានថ្លែងទាំងទឹកភ្នែកដោយទទូចឱ្យតុលាការលើកលែងទោស និងដោះលែងកូនរបស់គាត់ឱ្យមានសេរីភាពវិញ។
អ្នកស្រីថា៖ «កូនខ្ញុំអត់មានកំហុសអីទេ កូនខ្ញុំស្នេហារជាតិពិតប្រាកដ សូមឱ្យតុលាការហ្នឹងដោះលែងកូនខ្ញុំវិញមក»។
ចំណែក លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញនិងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ដែលតាមដានរឿងនេះ បានឱ្យដឹងថា ក្នុងសវនាការនាព្រឹកនេះ យុវជនមាតាធម្មជាតិទាំង៥នាក់ បានលើកឡើងពីហេតុផលនៃការស្នើសុំនៅក្រៅឃុំថា ពួកគេមានបញ្ហាសុខភាព ខណៈយុវជនខ្លះមានកូនតូច មានឪពុកម្តាយឈឺ និងត្រូវបន្តការសិក្សាជាដើម។
លោកបន្តថា សកម្មភាពរបស់យុវជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំទាំងនេះ គឺធ្វើឡើង ដើម្បីការពារបរិស្ថាន និងប្រយោជន៍សង្គមប៉ុណ្ណោះ ដែលការណ៍នេះ តុលាការគួរផ្តល់ភាពស្អាតស្អំដល់ពួកគេឡើងវិញ។
លោកថា៖ «ដូច្នេះយើងសង្ឃឹមថា ពួកគាត់អាចមានសេរីភាពឡើងវិញ ហើយក៏សង្ឃឹមថា ទៅថ្ងៃមុខ តុលាការនឹងពិចារណានៅក្នុងការផ្តល់ភាពស្អាតស្អំទៅដល់ពួកគាត់ផងដែរ»។
បើតាម លោក សាន់ ម៉ាឡា តុលាការកំពូល គ្រោងប្រកាសសាលក្រមលើសំណុំរឿងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង៥រូបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេនៅថ្ងៃនេះ។
យោងតាមអត្ថបទខ្លីមួយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី២៣ខែមេសានេះ បានលើកឡើងថា សកម្មជនយុវជនមាតាធម្មជាតិ តែងតែ និងបន្តទទួលរងការរំលោភបំពាន ការគំរាមកំហែង និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ចំពោះភាពសកម្មនិយម ដោយអហិង្សារបស់ពួកគេ ។
បើតាមប្រភពនោះ ក្រុមយុវជនមាតាធម្មជាតិ ធ្លាប់តស៊ូមតិទាមទារឱ្យលុបចោលការផ្តល់ដីឱ្យឯកជនអភិវឌ្ឍន៍ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ (ឧទ្យានជាតិគិរីរម្យ) ទាមទារឱ្យមានការការពារព្រៃឈើនៅលើភ្នំបូកគោ ពីការឈូសឆាយដើម្បីអភិវឌ្ឍន៍ជាទីក្រុង ទាមទារឱ្យបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុង ទាមទារឱ្យការពារកោះកុងក្រៅ និងទាមទារឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេ-សមុទ្រ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម។
សកម្មជនមាតាធម្មជាតិទាំងនោះ ឋិតក្នុងចំណោមមនុស្សចំនួន ៦៤នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំដោយការប្រើប្រាស់សិទិ្ធរបស់ខ្លួននៅកម្ពុជា តាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស។ មនុស្សទាំង ៦៤នាក់ ត្រូវបានអាជ្ញាធរចាត់ថ្នាក់ជាជនជាប់ចោទនៃបទល្មើសព្រហ្មទណ្ឌ។
លើសពីនេះ ក្រោយការចាប់ខ្លួនសកម្មជនបរិស្ថានទាំងនោះ អង្គការលីកាដូ ធ្លាប់ចាត់ទុកថា ការចាប់ខ្លួន និងការចោទប្រកាន់យុវជនមាតាធម្មជាតិទាំង៥រូបនេះ ជាភាពអាម៉ាសរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជា៕