មេដឹក​នាំ​គ្រួសារ​ហ៊ុនបន្ត​បញ្ជាក់​​ពីការគាំទ្រ​​របស់​ចិន​​​លើ​គ​ម្រោង​​​ព្រែក​​ជីក​​​ហ្វូណន​​​តប​នឹង​ការ​​​រិះ​​គន់

ជាថ្មីទៀត មេដឹកនាំគ្រួសារ​ហ៊ុន បន្ត​បញ្ជាក់​ពីការ​គាំទ្រ​របស់​ចិន ​​លើ​គម្រោង​​ព្រែក​ជីក​​ហ្វូណន ខណៈ​​មាន​​ការ​លើក​ឡើង​​ថា ការ​លម្អៀង​ទៅ​រក​ចិន​ជ្រុល វា​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​ចរចា ​ដើម្បី​បន្ធូរ​​បន្ថយ​វិធាន​ដំ​ឡើ​​ង​ព​ន្ធ​ពី​អាមេរិក ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​របស់​មហា​អំណាច​ដែល​មិន​ធ្លាប់​មាន។

នៅក្នុងពិធីបើក​សម័យប្រជុំ​លើកទី៣ ព្រឹទ្ធសភា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​​២២ ​ខែ​មេសា ​ឆ្នាំ​២០២៥​​នេះ ​លោក ហ៊ុន សែន ប្រធាន​​ព្រឹទ្ធ​សភា បាន​​ថ្លែង​ថា ដំណើរ​ទស្សន​កិច្ច​​រប​ស់​​លោក​ប្រធានា​​ធិបតី​ចិន ស៊ី ជីន​ពីង ​​រយៈ​​ពេល​២ថ្ងៃ​​​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​​១៧​ដល់​ថ្ងៃ​ទី​​១៨​ខែ​មេសា​កន្លង​មក​​នេះ​​ បាន​​ផ្តល់​ផល​ប្រយោជន៍​​យ៉ាង​​ច្រើន​ដល់​ទំនាក់​ទំនង​រវាង​​​ប្រទេស​ទាំង​២​ ​ជាពិសេស​​ទំនាក់​ទំនង​​ខាង​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​ដែល​ជា​ការ​គាំទ្រ​​យ៉ាង​សំខាន់។

លោកថា៖ «ជាពិសេសអ្វីដែល​យើងមើលឃើញ​គឺនៅត្រង់ថា ល្បឿន​​​នៃ​ការ​​ជី​ក​ព្រែក​​ហ្វូណន​តេ​ជោ ​នឹង​បន្ត​ហើយ​ក៏​សូម​បញ្ជាក់​ថា ព្រែក​ជីក​នេះ​បើ​ទោះ​បី​ជា​មាន​​​ឬ​គ្មាន ​មិត្ត​​ចិន​​ក៏​យើង​ត្រូវ​តែ​​​ធ្វើ​ឱ្យ​បាន​​ដែរ​ ប៉ុន្តែជាភ័ព្វសំណាង​របស់​​យើង​ ដែល​​មិត្ត​ចិន​បាន​ប្រកាស​នៅ​ក្នុង​ការ​​ផ្តល់​​ជំនួយ​ ក៏​ដូច​ជា​ឱ្យ​ក្រុម​​ហ៊ុន​មក​​ចូល​រួម​សម្រាប់​​ដំណើរ​ការ​​ព្រែក​ជីក​នេះ ​ដែល​​យើង​នឹង​​សម្រេច​ជីក​ព្រែក​នេះ​ឱ្យ​បាន​​តាម​ល្បឿន​​ដែល​​យើង​​បានកំណត់»។

ការលើកឡើង​ពីរឿងព្រែកជីកហ្វូណន​របស់ លោក ​ហ៊ុន សែន នេះ​​បាន​​ធ្វើឡើង​​​តែ​មួយ​​ថ្ងៃ​​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក ​ហ៊ុន ម៉ាណែត បាន​​លើក​ឡើង​ពី​បញ្ហា​នេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់​ផែទេសចរណ៍​អន្តរជាតិ​ខេត្តកំពត កាល​ពីថ្ងៃទី២១ ខែ​មេសា លោក ហ៊ុន ម៉ាណែត បានថ្លែង​ថា មាន​ការ​លើក​ឡើង​​ថា ហេតុ​អ្វី​​បាន​​ជាចិ​ន​​ទើ​​ប​ប្រកាស​ជួយជី​ក​​ព្រែក​ហ្វូណន​តេ​ជោ​​នៅ​ពេល​នេះ គឺ​ដោយ​សារ​ចិនទើបតែឈ្លោះគ្នា​ជាមួយ​អាមេរិក ខណៈ​កាលពីមុន​ចិនមិនដែល​ប្រកាសជួ​យ​ទេ។

លោក ​ហ៊ុន ម៉ាណែត បាន​ប្រតិកម្ម​ចំពោះការ​លើកឡើង​បែប​នេះ ដោយ​ជំរុញឱ្យទៅឆែក​រកមើល​​ភស្តុតាង​នៅ​​លើ​ហ្គូហ្គល(google) ​ដែល​លោក​ថា ​មានទាំងអស់ ពីព្រោះ​គម្រោង​នេះ​មិន​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចិន​បដិសេធ​ជួយនោះទេ។

លោកថា៖ «ខ្ញុំទៅ​ជួប​ប្រធានាធិបតី ស៊ី ជីន​ពីង ទូត​ចិនបានចេញ​សារថា យើង​នឹង​បន្ត​សហការ​គ្នា​​លើ​​កា​រ​កសាង​នេះ។ អ៊ីចឹងខ្ញុំគ្រាន់​តែប្រាប់ថាអ៊ីចេះ បើចង់វ៉ៃប្រហារវ៉ៃទៅ​ចុះ ប៉ុន្តែគួរ​តែផ្អែក​លើ​​ការ​ពិត​ខ្លះ​ផង​ បើសិន​មិនអ៊ីចឹងទេ ប្រជាពលរដ្ឋខ្មែរគាត់មានការវិនិច្ឆ័យច្បាស់លាស់។ បើ​សិន​ជា​គ្មានភស្តុតាងស្រួលបួល ​បើ​មិន​​និយាយ​គេមិន​ថា​គរ​ទេ។​ ប៉ុន្តែបើអ្នកឯងជ្រុលជា​និយាយ​​ហើយ​សូមឱ្យមាន​ភស្តុងច្បាស់​ផង ទឡ្ហីករណ៍​​ដើម្បីការពារអំណះអំណាងបើមិន​ចឹងទេ​កាន់​តែបាត់​នូវជំនឿ។ អ៊ីចឹងទៅឆែកមើលទៅ​ថាតើពេលណាដែល​រដ្ឋាភិបាលចិន​ប្រកាស​មិន​ដែល​ជួយទៅលើគម្រោងនេះ។ គឺបានចរចាគ្នាពីដើម អ្វីដែលការប្រកាសជា​ផ្លូវការគ្រាន់​តែ​ជាការប្រកាសបន្ថែមដោយ​ប្រធា​នាធិបតីចិន​តែប៉ុណ្ណោះ​។ ពីមុនមក​ជំហរ​មិនដែល​ប្រែប្រួល​ទេ»។

ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត នេះ​​ទំនង​​ជា​ការឆ្លើយ​តប​នឹង​ លោក គឹម សុខ អ្នកនាំ​ពាក្យ​​​ក្រុម​ប្រឹក្សាជាតិ​តស៊ូ ដែលបាន​ធ្វើអត្ថាធិប្បាយ​កាលពី​ថ្ងៃទី២០ ខែ​មេសា​ថា ការ​ដែល​​ចិន​ប្រកាសគាំទ្រគម្រោង​ព្រែកជីក​​ហ្វូណនពេលនេះ គឺ​ដើម្បីទប់ទល់​នឹង​អាមេរិកដែលបាន​ដំឡើង​ពន្ធលើទំនិញចិន។

លោក គឹម សុខ ​បានថ្លែងតាម​រយៈវី​ដេអូមួយ​កាល​ពី​ថ្ងៃ​ទី​​២០​​ខែ​មេសា​​ថា កាល​ពី​ចិន​​និង​​សហរដ្ឋ​អាមេរិក​​មិន​​​ទាន់​​មាន​​សង្គ្រាម​​ពាណិជ្ជ​កម្ម​ជាមួយ​គ្នា ចិន​​មិ​ន​ផ្តល់​ប្រាក់​​ឱ្យ​ក្រុម​​គ្រួសារ​​ហ៊ុន​ជីក​ព្រែក​ហ្វូណន​​នោះទេ។​ ក៏ប៉ុន្តែ​ខណៈ​​ចិ​ន​និង​សហរដ្ឋ​អាមេរិក ​កំពុង​​ប្រឈម​​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ក្តៅ​គគុក​ បែរជា​ចិនបង្ហាញ​ជំ​ហ​​​រផ្តល់​លុយ​ឱ្យ​រដ្ឋាភិ​បាល​​​ក្រុម​​គ្រួសារ​​ហ៊ុន ជីកព្រែកហ្វូណន​ទៅ​វិញ តើ​​មូល​ហេតុ​អ្វី?

លោកថា៖ «មានរឿងធំ២ រឿងធំទី១​សង្គ្រាមពាណិជ្ជកម្ម​​ចិន​ និងសហរដ្ឋអាមេរិក​ ចិន​មិនដួលទេ ក៏ប៉ុន្តែ​អ្វី​ដែល​​ចិនបារម្ភបំផុត គឺខ្លាច​ក្រុមគ្រួសារហ៊ុន​ដួល​រលំ នៅ​ពេល​ដែល​​សហរដ្ឋ​អាមេរិ​​ក​ដាក់​​ពន្ធ​​ពាណិជ្ជ​កម្មលើ​ទំនិញ​​របស់​កម្ពុជា ដែល​​​នាំ​ទៅ​លក់​នៅ​ទីផ្សារ​​អាមេរិក​ក្នុង​អត្រា​​ភាគរយ​​ខ្ពស់​​ពេក។ បើរដ្ឋាភិបាល​ក្រុមគ្រួសារ​​ហ៊ុន​ដួល​រលំ ចិន​បាត់​ឧបករណ៍​​របស់​​ខ្លួន​នៅ​កម្ពុជា ​ដែល​​អាច​ពង្រីក​អនុត្តរ​ភាព​តំបន់​​តាម​រយៈ​មធ្យោ​​បាយ​នៃការ​ពង្រឹង​ភូមិ​សាស្ត្រ ​ហើយ​និង​ការ​​សម្រេច​​ចិត្ត​នយោបាយ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ដែល​​ជាមធ្យោ​បាយ​​នៃកា​រ​ជួយ​ជ្រោម​ជ្រែង​​នូ​វ​​មហិច្ឆតា​របស់​ចិន។ បើ​បាត់​រដ្ឋាភិបាល​​ត្រកូល​ហ៊ុន​មាន​ន័យ​​ថា ចិនបាត់​បង់​ផល​​ប្រយោជន៍​​ដ៏ធំ​មួយ​របស់​ខ្លួន​​​ពីប្រទេស​កម្ពុជា»

រឿងធំទី២ ត្រូវ​បាន លោក ​គឹម សុខ បញ្ជាក់​ថា ការ​​ចំណាយ​លុយ​ឱ្យ​កម្ពុជា​​ជី​ក​ព្រែក​ហ្វូណន​​នេះ ចិន​អាច​រំដោះ​ទំនិញ​របស់​ខ្លួន​​ដែល​​កក​ស្ទះ​ មិន​បាន​​​នាំ​ទៅ​​សហរដ្ឋ​អាមេរិក​ ដើម្បីប​ង្ហូរ​​មក​​កម្ពុជា និង​​ចិន​​មាន​សិទ្ធិ​​ចូល​​រួម​គ្រប់គ្រង​ព្រែក​ជីកហ្វូណន​ជាដើម ពីព្រោះ​​ចិន​តែង​តែ​​កេង​ចំណេញគ្រប់ដំណាក់កាលពីកម្ពុជា។

សូមបញ្ជាក់​ថា នៅក្នុង​ដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីន​ពីង​ កិច្ចព្រមព្រៀង និង​កិច្ច​សន្យា​ចំនួន៥ ស្តីពីការអភិវឌ្ឍ​គម្រោងព្រែកជីក​ហ្វូណន ​ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​ចំនួន​៣៧​ផ្សេង​ទៀត ត្រូវបានចុះហត្ថលេ​ខា​​ជាផ្លូវការរវាងកម្ពុជា និងចិន។ ប៉ុន្តែ​ក្នុងកិច្ច​ព្រម​ព្រៀង​ទាំងនោះ ​គេ​មិន​ឃើញ​មាន​បញ្ជាក់​ពី​ចំនួន​​ទឹកប្រា​ក់​​​កម្ចី​ ឬទឹកប្រាក់​ជំនួយ ​ដែល​រដ្ឋា​ភិបាល​ចិន​​នឹងផ្តល់ដល់កម្ពុជា​​នោះទេ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី​ថ្ងៃទី១៨ ខែ​មេសា កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ចំនួន​៥ គឺជាឯកសារ​ពាក់ព័ន្ធនឹងគម្រោង​គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ​ ដែល​កំណត់ពីការបណ្តាក់ទុនរបស់អ្នក​វិនិយោគ ប្រតិបត្តិការសាងសង់ និងការថែទាំជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ​ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៧០០លាន​ដុល្លារ ​​​ត្រូវ​បាន​ប្រា​រព្ធ​​ពិធី​បើកការដ្ឋាន​សាងសង់យ៉ាងអធិកអធម ​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤។ ប៉ុន្តែ​ចាប់តាំង​ពីពេល​នោះ​មក​ គម្រោង​ព្រែកជីកនេះ​បានជាប់គាំង​ ដែល​ការ​ជាប់​គាំង​នេះ​ ​ត្រូវបាន​សារព័ត៌មាន​អន្តរជាតិ ​ចុះ​ផ្សាយ​​​ថា ដោយ​សារ​​តែចិន​មិន​ផ្តល់​ជំនួយ​​លើ​គម្រោង​ព្រែកជីកនេះ។

គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ​​នៃទន្លេ​មេគង្គ ឆ្លងកាត់តាមព្រែក​តាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែក​​តាហ៊ីង នៃ​ទន្លេបាសាក់​​ស្រុក​កោះធំ និង​បន្ត​រហូត​ដល់សមុទ្រ​ខេត្ត​កែប។

គម្រោងនេះ ឆ្លង​កាត់​ខេត្តចំនួន៤ រួម​មាន ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប ដែល​​មានប្រជា​ជន​សរុប ១,៦លាន​នាក់ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​នេះ។

នៅក្នុង​កិច្ចប្រជុំព្រឹទ្ធសភា​ ​នៅព្រឹកថ្ងៃទី​២២ខែ​​មេសា​នេះ លោក ​ហ៊ុន សែន ក៏​បាន​​ធ្វើការ​​កត់​​សម្គាល់​​ផងដែរ​ថា នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែររយៈ​ពេល​៣ថ្ងៃកន្លង​មកនេះ ប្រ​ពលរដ្ឋ​បាន​ចូល​រួម​សប្បាយ​យ៉ាងច្រើនកុះករ ដោយ​ពុំមានអ្នកណាខ្វល់ពីការ​ដំឡើង​ពន្ធ​ដល់៤៩ភាគ​រយ​របស់​សហរដ្ឋអាមេរិកនោះទេ លើកលែង​តែ​ពួកអ្នកវិភាគ​ឥត​គម្របនៅ​ក្រៅ​ប្រទេស ​ប៉ុន្តែ​អ្នកនៅក្នុង​ប្រទេស​ ដូចជាមិនចាប់​​អារម្មរណ៍​រឿង​ពន្ធ​នេះទេ។

ការ​ថ្លែងរបស់ លោក ​ហ៊ុន សែន ​នេះ​គឺមិនបាន​ឆ្លុះបញ្ចាំងពីការ​ពិត​ឡើយ ពីព្រោះ​​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​​របស់​​​លោក​ តែង​តែ​ធ្វើការ​បង្ក្រាប​​ឥតឈប់ឈរ​ទៅលើសំឡេង​ប្រឆាំង​ ​ ​ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​បា​ក់ស្បាត​​​​មិនសូវ​ហ៊ាន​លើក​យកបញ្ហា​ជាតិ​​មក​និយាយ​ឡើយ ​ដោយ​សារ​តែខ្លាច​សមត្ថកិច្ច​ និងតុលាការ ​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​​គ្រួសារ​ហ៊ុន​ចាប់​ដាក់​​ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ