ក្នុងជំនួប២ថ្ងៃមេដឹកនាំ​ថៃនិ​ង​កម្ពុជា​មិន​លើក​របៀប​វារៈ​​បញ្ហា​ព្រំដែន​និង​យុត្តិធម៌​លោក លិម គិម​យ៉ា

ក្នុងជំនួប​រយៈ​ពេល២ថ្ងៃរ​បស់មេ​ដឹក​នាំ​ថៃ​ និ​ង​កម្ពុជា ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល សង្កេត​​ឃើញ​​ថា មិន​បាន​លើក​របៀប​​​វារៈ​បញ្ហា​ព្រំដែន បញ្ហា​ប្រាសាទ​បុរាណ​ខ្មែរ និង​យុត្តិ​ធម៌ លោក លិម គិម​យ៉ា នោះ​ទេ ដែល​ថា ជា​ភ​ស្តុតាង​មួយ​ទៀ​ត​​បញ្ជាក់​ថា គ្រួសារ​ហ៊ុន​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ និង​ក្បត់​ប្រជា​ជាតិ​ខ្មែរ ដើម្បី​តែ​ចង់​ក្តោប​អំណាច​តពូជ។

ជុំវិញបញ្ហានេះ ប្រធានចលនាជាតិ​តស៊ូ លោក សម រង្ស៊ី បង្ហោះ​សារ​កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ ២០២៥ និយាយ​ថា កិច្ច​ព្រម​ព្រៀង អនុស្សារណៈ កំណត់​ហេតុ និ​ង​លិខិត​ប្ដូរ​សារ​សរុប​ចំនួន​៧ របស់​មេដឹក​នាំ​កម្ពុជា​ លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ គ្មាន​​និយាយ​សោះ​ឡើយ​លើ​ការ​គិត​គូរដល់​ការ​រក​យុត្តិធម៌​ជូន លោក លិម គិមយ៉ា។

ប្រភពបន្តថា នេះ​បញ្ជាក់​ច្បាស់​ថា នាយករដ្ឋ​មន្ត្រីទាំ​ង​ពីរ ជួយ​ការ​ពារ​លោក លី រតន​រស្មី និង​លោក ពេជ្រ គឹម​ស្រ៊ិន ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​រៀប​ចំ​ផែន​ការ​សម្លាប់​ លោក លិម គិមយ៉ា អតីត​សមាជិក​សភា នៃប្រទេស​កម្ពុជា ពី​គណបក្ស​សង្គ្រោះ​ជាតិ។

សម្រាប់លោក សម រង្ស៊ី យល់ថា ពួកគេនិយាយ​ពីការពង្រឹ​ង​កិច្ច​សហការ​កង​ទ័ព ប៉ុន្តែ លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រាប់​អ្នក​ស្រី ផែថងថា​ន ឱ្យ​ដក​កង​ទ័ព​ថៃ ដែល​កំពុង​ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា មាន​ប្រាសាទ​តាមាន់​តូច តាមាន់​ធំ និង​ប្រាសាទ​តាក្របី រួម​និង​ កោះ​គុត នោះ​ទេ។

ប្រភ​ព​បន្ត​ថា លោក ហ៊ុន ម៉ាណែត និង អ្នកស្រី ផែថងថាន ក៏​បិទ​ចោល​នូវ​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែ​ន ដែល​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​ជម្រះ​គ្នា នៅ​តុលាការ​អន្តរ​ជាតិ។ ការ​បិទ​រឿង​នេះ បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត ក្បត់​ប្រជាព​លរដ្ឋ​ខ្មែរ ដែល​កំពុង​ព្រួយ​បារម្ភ អំពី​ការ​បាត់​បង់​ទឹក​ដី​ជាតិ​កម្ពុជា។

លោក សម រង្ស៊ី ហាក់ស្តីបន្ទោស​ថា ចំពោះបញ្ហាពាណិជ្ជកម្ម​វិញ លោក ហ៊ុន ម៉ាណែត បើក​ទ្វារ​កម្ពុជា ចំហ​ទទួល​សំរាម​ទំនិញ​ពី​ថៃ។ រីឯ​អ្នក​ស្រី ផែថងថាន បង្ហាញ​ភាព​ឆ្លាត ព្រម​ព្រៀង​ប្រមូល​យក​កម្លាំង​ពលកម្ម​ខ្មែរ ទៅ​បង្កើន​ផលិត​កម្ម​ថៃ​ទៅ​វិញ។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់​VO​D​នៅថ្ងៃទី២៤ ខែ​មេសា​នេះ​ថា លោក ហ៊ុន ម៉ាណែត ប្រាកដ​ជាមិន​ហ៊ាន​និយាយ​រឿង​ឃាតកម្ម​ លោក លិម គិមយ៉ា និង​បញ្ហា​កោះ​គុត​នោះ​ទេ​ ព្រោះវា​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​គាត់ ឬ​អំណាច​គ្រួសារ​គាត់។

លោកបន្តថា ការមិនលើយកបញ្ហាព្រំដែន ប្រាសាទបុរាណខ្មែរ ជាពិសេស​បញ្ហា​រស៊ើប​ខ្លាំង​គឺ​ឃាត​កម្មលោក លិម គិមយ៉ា ឆ្លុះ​បញ្ចាំង​ថា លោក ហ៊ុន ម៉ាណែត គ្មាន​ទំនូល​ខុសត្រូវ​ចំពោះជា​តិ​មាតុ​ភូមិ​នោះ​ទេ។

ម្យ៉ាងវិញទៀត លោកអះអាងថា មេដឹកនាំគ្រួសារហ៊ុន គ្មាន​ឆន្ទៈ​ការ​ពារ​និង​ទាម​ទារ​ទឹក​ដី​របស់​បុព្វ​បុរសខ្មែរ​នោះ​ទេ គឺ​បណ្តោយ​ឱ្យ​បរទេស​បន្ត​គឃ្លើន​ហ៊ាន​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ​ក្នុង​សម័យ​ទំនើប​នេះ។

លោកថា៖ «វាឆ្លុះបញ្ចាំងពីការមិនយកចិត្តទុកដាក់ ក្នុងនាមជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋខ្លួន ត្រូវបានធ្វើទុក្ខបុកម្នេញ ឬក៏ត្រូវបានបាញ់សម្លាប់នៅប្រទេសណាមួយ គឺក្នុងនាមដ្ឋាភិបាលជារបស់រដ្ឋ គឺសុទ្ធតែគិតគូរជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរកការពិត ចំពោះបញ្ហាដែលកើតឡើងចំពោះប្រជាពលរដ្ឋខ្លួននៅក្រៅប្រទេស ហ្នឹងខ្ញុំនិយាយមួយគឺការមិនយកចិត្តទុកដាក់ ទីពីរប្រសិបើរដ្ឋាភិបាលមិនលើកយកសំណុំរឿងហ្នឹងមកនិយាយ មកបង្ហាញច្បាស់លាស់ទេ អាហ្នឹងគឺមហាជនខ្មែរយល់ឃើញថា ឃាតកម្មលើ លោក លិម គិមយ៉ា នេះអាចទាក់ទងទៅនឹងមនុស្សមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា»។

ស្រដៀងគ្នានេះដែរ ប្រធានអង្គការប្រជាធិ​បតេយ្យខ្មែរប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយា​យ​ថា ការ​មិន​ជជែក​របៀប​វារៈ​រឿង​បញ្ហា​កោះគុត និង​បញ្ហា​ឃាតកម្ម​ លោក លិម គិមយ៉ា ឆ្លុះ​បញ្ចាំង​កាន់​តែ​ច្បាស់ថា​មេដឹកនាំ​កម្ពុជា គ្មាន​ឆន្ទៈ​គិត​គូរ​ពី​បញ្ហា​ជាតិ​មាតុ​ភូមិ​កម្ពុជា​នោះ​ទេ។

លោកប​ន្តថា ការដឹកនាំអសមត្ថភាព​រ​បស់ លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ ទឹក​ដី​ចេះ​តែបាត់​បង់ ហើយ​ប្រទេស​ជិត​ខាង​នឹង​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​តាម​ទំនើង​ចិត្ត​ជាដើម។

លោកថា៖ «គឺជាការដែលខ្វះការទទួលខុសត្រូវទៅលើជោគវាសនារបស់ប្រទេសជាតិ ជោគវាសនារបស់​​ប្រជាពលរដ្ឋ ហើយបង្ហាញអំពីភាពកម្សោយនៃការដឹកនាំរបស់ខ្លួន ដែលមិនអាចទទួលខុសត្រូវទៅលើអ្វីដែលជាបញ្ហារបស់ប្រទេសជាតិ បញ្ហាប្រជាពលរដ្ឋដែលគេអាចង់ឲ្យមានកាដោះស្រាយ ចឹងអ្វីទាំងអស់ គឺជាមូលដ្ឋាន ជាភស្តុតាងមួយយ៉ាងច្បាស់ ដែលនឹងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រលោកក្នុងជំនាន់នៃការដឹកនាំប្រទេសក្នុងរបបមេដឹកនាំបច្ចុប្បន្ន»។

VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និង​អ្នក​នាំពាក្យ​រដ្ឋា​ភិ​បាល លោក ប៉ែន បូណា ដើម្បីសុំ​ការ​បំភ្លឺ​ជុំវិ​ញ​រឿង​នេះ​បាន​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា​ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់​នាយក​រដ្ឋ​មន្រ្តី​​ថៃ ​នៅ​ថ្ងៃ​ទី​២៣ ខែ​​មេសា​​នេះ នាយក​​រដ្ឋ​​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់​​ថា មាន​​ឯកសារ​​ចំនួន​៧​ ត្រូវ​បាន​​ភាគី​ទាំង​​២​​ចុះ​​ហត្ថ​លេខា​​រួម​គ្នា។ កិច្ចព្រមព្រៀងទាំងនោះ និយាយពីកិច្ចសហប្រតិបត្តិ​ការ​​វិស័យ​​ការ​ងា​រ កិច្ច​គាំពារ​បរិស្ថាន​ឆ្លង​ដែន និង​ការ​អភិវ​ឌ្ឍ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​​នៅ​ព្រំដែន ជា​ដើម។

បន្ថែមលើនេះ លោក ហ៊ុន ម៉ាណែត បានអរគុណដល់ថៃដែល​​មិ​ន​ឱ្យ​ជន​ណា​​ម្នាក់ ប្រើប្រាស់​ទឹក​​​ដី​​ខ្លួន​ជ្រៀត​​ជ្រែក​កិច្ច​​ការ​ផ្ទៃក្នុ​ង​​​កម្ពុជា ចំពេល​ប្រទេស​ថៃ​បាន​គ្រប់​គ្រង​កោះគុត​ទាំង​ស្រុង រួមទាំង​​បំពាន​យក​តំបន់​ប្រាសាទតាមាន់​តូច តាមាន់ធំ និងប្រាសាទ​​តាក្របី។

ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហាក់ស្តីបន្ទោសថា លោក ហ៊ុន ម៉ាណែត គ្មាន​គំនិ​ត​ជាតិនិយម គឺ​មិន​ព្រម​និយាយ​ប្រាប់​ភាគី​ថៃ​ឱ្យ​ដក​ទ័ព​ចេញ​ពី​តំប​ន់​ប្រាសាទ​ដែល​ថៃ​ឈ្លាន​ពាន​នោះ​ទេ។

លោកថា​ លោក ហ៊ុន ម៉ាណែត មិនត្រឹមតែគ្មានគំនិត​ជាតិ​និយម​ប៉ុណ្ណោះ​ទេ គឺ​ចង់​កាត់​ទឹក​ដី​កោះ​គុត និងប្រាសាទ​បូរាណ​ខ្មែរ​មួយ​ចំនួន​ឱ្យ​ថៃ ដើម្បី​ជា​ថ្នូរ​បង្រ្កាប​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​ក្នុ​ង​ប្រទេស​ថៃ។

លោកថា៖ «មូលហេតុដែល លោក ហ៊ុន ម៉ាណែត ក៏ដូចជា លោក ហ៊ុន សែន នឹងមិនព្រមនិយាយពីបញ្ហាអាយុជីវិជាតិដូចជា បញ្ហាបូរណភាពទឹកដី ដូចជាបញ្ហាយុត្តិធម៌សង្គម ឬក៏ហៅថាការប្រព្រឹត្តបទឧក្រិដ្ឋកម្មឆ្លងដែនអីប្រាប់ទៅថៃហ្នឹង ដោយសារក្រុមគ្រួសារ លោក ហ៊ុន សែន ពាក់ព័ន្ធក្នុងរឿងហ្នឹង វាជ្រៅពាក់ព័ន្ធអំពើដែលខុសឆ្គងសម្រាប់ប្រទេសជាតិខ្មែរជ្រៅពេក។ ហើយបើជំរុញឲ្យភាគី លោក ហ៊ុន ម៉ាណែត ប្រាប់ថៃថាទៅរៀបចំឯសារប្ដឹងទៅតុលាការអន្តរជាតិ លើសំណុំរឿងកោះគុត ឬប្រាសាទបុរាណខ្មែរហ្នឹងជំរុទៅថៃ គេវៃបកមកវិពាក់ព័ន្ធរឿងកិច្ចព្រមព្រៀងព្រំដែនខុសច្បាប់ជាមួយនឹងវៀតណាម»។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវ​បានគេបាញ់​​សម្លាប់​ក្នុងទឹ​ក​ដីថៃ តែ​ជិត​៤ខែ​​ទៅ​​នេះ ជន​សង្ស័យ​ឈ្មោះ លី រតនរស្មី និង​​ពេជ្រ គឹមស៊្រិន ដែល​​ត្រូវ​បាន​​គេ​ដឹង​ថា នៅ​បន្ត​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា មិនត្រូវ​បាន​ចាប់ប​ញ្ជូន​ទៅ​ឱ្យ​ភាគីថៃ​​តាម​ការ​ស្នើ​សុំ​នោះ​ទេ។

ដោយ​ឡែក សំណុំរឿងកោះគុតវិញ គ្រួសារហ៊ុន​រងកា​រ​រិះគន់​ថា កំពុង​ធ្វើ​នយោបាយ​ផ្គាប់​ចិត្ត​ប្រទេស​ជិត​ខាងដើម្បី​តែ​អំណាច បើ​មិន​ព្រ​ម​ប្តឹង​ប្រទេស​ថៃទៅ​តុលាការ​អន្តរ​ជាតិ ICJ ដើម្បី​ទាម​ទារ​ចំណែក​នៃ​កោះគុត​ពី​ថៃ ខណៈ​គ្រួ​សារ​ថាក់​ស៊ីន បាន​ប្រកាស​ថា កោះគុ​ត​ជា​កម្ម​សិទ្ធិ​ដាច់​មុខ​ទាំង​ស្រុង​របស់​ថៃ។

ទង្វើនេះ ត្រូវ​​បា​ន​គេមើលឃើញថា មេដឹកនាំ​គ្រួសារ​ហ៊ុន បាន​ដើរ​ផ្ទុយ​​ទៅ​​នឹ​ង​​មាត្រា​​៥២ និង​​មាត្រា​​៥៥​នៃ​​រដ្ឋ​ធម្ម​នុញ្ញ ដែល​​​បាន​​​ចែង​​ថា សន្ធិ​សញ្ញា និង​​កិច្ច​ព្រម​​ព្រៀង​​ទាំ​ង​​ឡាយ​​ណា​​ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ អធិប​តេយ្យ បូរណ​ភា​ព​ទឹក​ដី អព្យាក្រឹត​ភាព និងឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួម​​​ជាតិ ដើម្បីការពារឯកភាពជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែង​ថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារអស់​មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ