សមាជិកសភាបក្សប្រឆាំងជប៉ុនមកពីគណបក្សជំនាន់ថ្មី លោក ណាអូតុ សាកាគូឈិ នៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានស្នើទៅរដ្ឋាភិបាលជប៉ុន ដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម ត្រូវជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយនិងសង្គម។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាដែលមានការសួរដេញដោល ពាក់ព័ន្ធនឹងរឿងកិច្ចការបរទេសរបស់រដ្ឋាភិបាលជប៉ុន លោក ណាអូតុ សាកាគូឈិ បានលើកឡើងថា ជប៉ុនក្នុងនាមជាប្រទេសផ្ដល់ជំនួយដ៏ធំមួយដល់កម្ពុជា មិនគួរបន្តសម្ងំស្ងៀមទៀតទេ ហើយត្រូវចាត់វិធានការបន្ទាន់ជុំវិញស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សមាជិកសភារូបនេះ ក៏បានលើកឡើងដែរថា ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក ការបោះឆ្នោតត្រូវបានធ្វើឡើងដោយមិនសេរី និងមិនយុត្តិធម៌ទេ។
លើសពីនេះ លោក ណាអូតុ សាកាគូឈិ បានប្រាប់សភាជប៉ុនទៀតថា មានសកម្មជនខាងគណបក្សប្រឆាំងខ្មែរ ដែលនៅប្រទេសជប៉ុន ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ ដាក់ក្នុងបញ្ជីខ្មៅ ហើយបានបញ្ជូនសារគំរាមទៅសកម្មជនទាំងនោះថា អាជ្ញាធរនឹងចាប់ខ្លួនពួកគេ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ។
បន្ថែមពីនេះ សមាជិកសភារូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន គួរត្រួតពិនិត្យផងដែរ លើមន្ត្រីកម្ពុជាមួយចំនួន ដែលឧស្សាហ៍ចេញចូលទឹកដីជប៉ុន ដែលអាចពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងឆ្លងដែន។ លោកបានចោទសួរពីករណីនេះ ឱ្យភាគីតំណាងរដ្ឋាភិបាលជប៉ុនឆ្លើយបំភ្លឺនៅក្នុងកិច្ចប្រជុំរដ្ឋសភា។
នៅក្នុងប្រទេសកម្ពុជាឯណេះវិញ ក្រុមមេធាវីរបស់ លោក កឹម សុខា និងអ្នកគាំទ្ររបស់លោក នៅតែបន្តសម្តែងការសោកស្តាយអាណិតអាសូរយ៉ាងខ្លាំង ដល់ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសទាំងអយុត្តិធម៌ ឱ្យជាប់ឃុំនៅក្នុងផ្ទះដោយដកហូតអស់នូវសិទ្ធិសេរីភាពផ្សេងៗ។
លោកស្រី ម៉េង សុភារី សហមេធាវីលោក កឹម សុខា ត្រូវបានវិទ្យុអាស៊ីសេរី ស្រង់សម្តីថា លោក កឹម សុខា ត្រូវបានដកហូតសេរីភាព សូម្បីតែម្តាយចាស់ជរាដែលមានជំងឺ ក៏មិនអាចទៅសួរសុខទុក្ខគាត់បានដែរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ។
លោកស្រី ថ្លែងថា ប្រជាពលរដ្ឋខ្មែរបានដើរកម្សាន្តទៅធ្វើបុណ្យនៅវត្តសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែលោក កឹម សុខា នៅជាប់ឃុំក្នុងផ្ទះ សូម្បីតែឱកាសផ្ញើសារឬទទួលសារជូនពរឆ្នាំថ្មី នៅលើបណ្តាញសង្គមក៏មិនអាចធ្វើបានដែរ។
អ្នកស្រីថា៖ «គួរឱ្យសោកស្តាយ ក៏ដូចជានឹកអាណិតដល់ឯកឧត្តម កឹម សុខា ជាពន់ពេកណាស់ ដែលសូម្បីតែឱកាសរបស់គាត់ចង់ទៅធ្វើបុណ្យ ឬមួយក៏គោរពប្រណិបត៍ម្តាយរបស់គាត់ ដែលមានវ័យចាស់ជរា ក៏ដូចជាកំពុងតែមានជំងឺផង ក៏គាត់អត់អាចទៅជួបជុំម្តាយរបស់គាត់បាន»។
ចំណែក លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា ម្នាក់ទៀត និងលោក មុត ចន្ថា អតីតនាយខុទ្ទកាល័យលោក កឹម សុខា បានសរសេរសារបង្ហោះលើហ្វេសប៊ុកដោយបានជូនពរលោក កឹម សុខា និងលោកស្រី ព្រមទាំងបុត្រីទាំងពីរ សូមមានសុខភាពល្អបរិបូរណ៍មាំមួនទាំងផ្លូវចិត្ត ផ្លូវកាយ ពិសេសសូមឲ្យប្រធានអតីតគណបក្សសង្គ្រោះជាតិ រួចចាកផុតពីអកុសលទាំងពួង និងទទួលបាននូវសិទ្ធិសេរីភាព និងយុត្តិធម៌ឡើងវិញនៅក្នុងឆ្នាំថ្មីនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាធំៗ ដែលប្រទេសជាតិកំពុងប្រឈម។
ជាមួយគ្នានេះ លោក មុត ចន្ថា បានលើកឡើងថា លោក កឹម សុខា បានធ្វើពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានចូលរួមចលនាតស៊ូរបស់សម្តេចបវរសេដ្ឋា សឺន សាន ក្នុងការបណ្តេញយួនឈ្លានពាន ដោយបានឆ្លងកាត់ឧបសគ្គ និងគ្រោះថ្នាក់ជាច្រើនលើកច្រើនសារ។
លោកថា លោកកឹម សុខា មិនត្រឹមតែត្រូវជាប់ពន្ធនាគារ ជាប់ច្រវាក់យ៉ាងអយុត្តិធម៌ប៉ុណ្ណោះនោះទេ គឺលោកត្រូវទទួលរងនូវការគំរាមកំហែងដល់អាយុជីវិតដោយចំហរ និងដោយប្រយោលជាច្រើនលើក។
ប្រធានអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រាប់ លោក មុត ចន្ថា ក្នុងសម្តីដើមកាលពីលោកមិនទាន់ជាប់ឃុំថា៖ «សព្វថ្ងៃនេះ ខ្ញុំគិតថា ជីវិតដែលជារូបកាយរបស់ខ្ញុំអាចបានស្លាប់ ឬធ្លាប់ត្រូវបានគេសម្លាប់រួចទៅហើយ ក៏ប៉ុន្តែជីវិតដែលជាបេះដូងពិតរបស់ខ្ញុំ ដែលស្មោះត្រង់ចំពោះមាតុភូមិកម្ពុជា និងបងប្អូនរួមឈាមខ្មែររបស់ខ្ញុំ នៅតែរស់ជាអមតៈ ទោះបីមានការចោទប្រកាន់ ឬចាប់បង្ខំ ឬភ្ជង់កាំភ្លើង ឱ្យខ្ញុំក្បត់ជាតិខ្មែរក៏ខ្ញុំមិនធ្វើជាដាច់ខាត»។
សូមបញ្ជាក់ថា សាលាឧទ្ធរណ៍បានបើកសវនាការលើសំណុំរឿង លោក កឹម សុខា ចំនួន១១លើករួចមកហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់បានសម្រេចសេចក្តី ថាតើមេបក្សប្រឆាំងរូបនេះ ពិតជាមានទោសក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព(ក្បត់ជាតិ)គុបគិតជាមួយរដ្ឋបរទេស ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចកាត់ទោសគាត់ឱ្យជាប់ឃុំនៅក្នុងផ្ទះ២៧ឆ្នាំ និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិតដែរឬយ៉ាងណានោះទេ។
លោក កឹម សុខា ដែលតាំងពីដើមទីមក តែងតែប្រកាសពីការប្រកាន់យកនូវគោលការណ៍អហិង្សា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដោយមិនយកខ្មែរណាធ្វើជាសត្រូវ ត្រូវបានអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចសង្គ្រប់ចូលទៅចាប់ខ្លួន ទាំងពាក់កណ្តាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងដែលលោកនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
កាលនោះ លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងការរិះគន់ និងការថ្កោលទោសពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ចំពោះការចាប់ខ្លួនអ្នកតំណាងរាស្ត្រទាំងនៅមានអភ័យឯកសិទ្ធិសភានេះថា ជាបទល្មើសជាក់ស្តែង ទាំងដែលធាតុពិត លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ ហើយរហូតមកដល់ពេលនេះតុលាការក៏មិនបានបង្ហាញពីភស្តុតាងអាថ៌កំបាំងណាមួយដែលបញ្ជាក់ថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ពិតជាបានគុបគិតជាមួយរដ្ឋបរទេសណាមួយនោះឡើយ ក្រៅតែពីឯកសារនិងឃ្លីបវីដេអូដែល លោក កឹម សុខា បានថ្លែងជាសាធារណៈ កាលពីពេលកន្លងមក ដែលផ្តល់ឱ្យដោយមេធាវីរដ្ឋាភិបាលគ្រួសារហ៊ុន ដែលជាដើមបណ្តឹងតែប៉ុណ្ណោះ។
សម្រាប់អ្នកគាំទ្រលោក កឹម សុខា ការដែលតុលាការមិនព្រមដោះលែង និងនៅតែបន្តដាក់ទោសទាំងបំពានទៅលើ លោក កឹម សុខា ទាំងដែលមិនមានភស្តុងតាងអ្វីរឹងមាំនោះ គឺដោយសារតែមេបក្សប្រឆាំងរូបនេះ មិនព្រមចុះចូលលោក ហ៊ុន សែន។
លោក ស៊ន តារា អ្នកធ្វើអត្ថាធិប្បាយល្បីឈ្មោះ ដែលឪពុករបស់លោកក៏ត្រូវបានរដ្ឋាភិបាលគ្រួសារហ៊ុនចាប់ដាក់ពន្ធនាគារ ដើម្បីដាក់សម្ពាធឱ្យលោកចុះចូលជាមួយគណបក្សប្រជាជន ប៉ុន្តែលោកបានបដិសេធចុះចូល បានសរសេរលើហ្វេសប៊ុករបស់លោកក្នុងសំណេរដើមថា៖ «ខ្ញុំសូមគោរពវិរៈភាព លោក កឹម សុខា ចំពោះការតស៊ូលះបង់សុខសុវត្ថិភាពខ្លួន ដើម្បីបុព្វហេតុជាតិ ចូលរួមលើកស្ទួយសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ជាមួយគ្នានេះ លោក មាស សុផល ដែលក៏ជាអ្នកគាំទ្រលោក កឹម សុខា ដែរនោះ ក៏បានបញ្ចេញមតិក្នុងសំណេរដើមផងដែរថា៖ «ពួកផ្តាច់ការយល់ថា ពួកគេកំពុងឈ្នះ គឺឈ្នះលើសេរីភាព លោក កឹម សុខា តែពួកគេកំពុងចាញ់គឺចាញ់នូវសេចក្តីល្អ ការអំណត់ និងការលះបង់របស់ លោក កឹម សុខា។ ថ្ងៃណាមួយពួកគេនឹងយល់ពីរឿងនេះ»។
សម្រាប់ លោក បោយ រើយ ដែលប្រកាសថាខ្លួនគឺជាអ្នកគាំទ្រ លោក កឹម សុខា បានថ្លែងអំណរគុណជាអនេក ដល់អ្នកជឿជាក់គាំទ្រ និងមិនរត់ចោល លោក កឹម សុខា ដែលកំពុងមានទុក្ខនិងថែមទាំងហ៊ានចេញមុខជូនពរប្រធានអតីតគណបក្សសង្គ្រោះជាតិ ព្រោងព្រាតនៅតាមបណ្តាញសង្គម ក្នុងរដូវកាលចូលឆ្នាំថ្មី។
លើសពីនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក បោយ រើយ ថែមទាំងបង្ហោះឃ្លិបវីដេអូមួយរបស់លោក កឹម សុខា ដែលលោកបានថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងពិធីមួយ កាលពីពេលកន្លងមកថា ការតស៊ូនិងការប្តេជ្ញាចិត្តរបស់ លោក កឹម សុខា គឺសុខចិត្តរងគ្រោះសុខចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាង គឺដោយសារលោកចង់ឱ្យប្រទេសកម្ពុជា មាតុភូមិកម្ពុជាអមតៈ ចង់ឱ្យពូជសាសន៍ខ្មែរអមតៈ ទោះបីពួកលោកអត់នៅអមតៈក៏ដោយ។
លោកថា៖ «អីចឹងជម្រើសមានតែ២ទេឬមួយ យើងសុខចិត្តរស់នៅដោយអយុត្តិធម៌ ដោយការឈឺចាប់ជារៀងរហូតតកូនតចៅយើង ការធ្វើខ្ញុំគេជារៀងរហូត ការរងការជិះជាន់ជារៀងរហូត ឬក៏យើងត្រូវតស៊ូដើម្បីសេរីភាព? ខ្ញុំយល់ថាសេរីភាពនេះ គ្មានអ្នកណាគេដាក់ជើងពានមកឱ្យយើងទេ ទាល់តែយើងងើបឡើងធ្វើការតស៊ូ ប៉ុន្តែគោលការណ៍របស់យើងគឺតស៊ូដោយអហិង្សាអត់ធ្មត់ ប៉ុន្តែយើងអត់ធ្មត់នេះយូរហើយ។ អ៊ីចឹងហើយខ្ញុំមិនខកចិត្តទេ បើសិនគេចាប់ខ្ញុំទៅ ខ្ញុំអស់សេរីភាពហើយ ខ្ញុំស្លាប់ក៏ដោយតែឱ្យតែប្រជាពលរដ្ឋខ្មែរយើងបន្តការតស៊ូដើម្បីឆន្ទៈប្រជាពលរដ្ឋតទៅទៀតគឺខ្ញុំសប្បាយចិត្តណាស់»។
VODនៅមិនទាន់អាចទាក់ទង លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ប៉ុន្តែលោកធ្លាប់បានថ្លែងកាលពីពេលកន្លងមកថា កម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តខុសច្បាប់ជាប់ទោស។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលត្រូវបានគេមើលឃើញជាទូទៅថា បានប្រើប្រាស់ប្រព័ន្ធតុលាការឱ្យរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួន លោក កឹម សុខា ដែលជាគូប្រជែងនយោបាយរបស់ខ្លួន បានថ្លែងនៅក្នុងសម័យប្រជុំលើកទី៣ នៃព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែមេសាថា អ្វីដែលលោកចាប់អារម្មណ៍បំផុតនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចេញទៅលេងចូលឆ្នាំ ហើយចាស់ៗនាំគ្នារាំសប្បាយក្រោមម្លប់សន្តិភាព ដែលហាក់ដូចជាគ្មានអ្នកណាមានកង្វល់រឿងអាមេរិកដាក់ពន្ធលើកម្ពុជា៤៩ភាគរយនោះទេ លើកលែងតែពួកអ្នកវិភាគអត់គម្របនៅក្រៅប្រទេស។
យ៉ាងណាក្តី លោក ហ៊ុន សែន ដែលត្រូវបានគេផ្តល់តំណែងក្រៅក្របខណ្ឌថា ជាប្រធានតុលាការគ្រប់ជាន់ថ្នាក់ផងនោះ មិនបានអើពើ ឬក៏លើកឡើងពីករណីលោកកឹម សុខា និងអ្នកទោសនយោបាយ ព្រមទាំងសកម្មជនសង្គមជាច្រើនផ្សេងទៀត ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការនៅក្រោមកណ្តាប់ដៃលោកនោះទេ។
សម្រាប់ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានចាត់ទុកសំណុំរឿងលោក កឹម សុខា ថាជាការស៊ីឡាក់នយោបាយរបស់អ្នកកាន់អំណាច ដោយយកដៃគ្រវាសកូនអុកគណបក្សប្រឆាំងចោល ហើយចាប់ផ្ដើមលេងសារថ្មី។ អ្នកច្បាប់រូបនេះ និយាយថា នៅពេលយុត្តិធម៌ត្រូវបានពន្យាពេល គឺមានន័យថា យុត្តិធម៌ត្រូវបានបដិសេធ។
ដោយប្រដូចទម្រង់ការតស៊ូនយោបាយរបស់ លោក កឹម សុខា ទៅនឹងបុគ្គលល្បីនៅលើពិភពលោក ដូចជាលោក ណេលសិន ម៉ាន់ដេឡា ជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកនយោបាយដែលបានក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់របស់ប្រទេសអាហ្រ្វិកខាងត្បូង និងលោកស្រី អង់សាន ស៊ូជី មេបក្សប្រឆាំងមីយ៉ាន់មា ជាដើម លោក វន ចាន់ឡូត លើកទឹកចិត្តឱ្យក្នុងកម្មវិធីធំៗរបស់ខ្មែរក្រៅប្រទេស និងក្នុងប្រទេស (បើអាច) គួរដាក់បញ្ចូលនូវរបៀបវារៈ លោក កឹម សុខា ដើម្បីជាស្ពានស្ដារការរួបរួមជាតិឡើងវិញ ដាស់អន្ដរជាតិឱ្យគិតគូពីបញ្ហានយោបាយនៅកម្ពុជា និងបង្ហាញពីអត្ថិភាពនៃគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៣លាននាក់៕