សហមេធាវីការពារក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក ផែង ហេង បាននិយាយថា វិទ្យុអាស៊ីសេរី RFA និង VOA ឈ្នះក្តី ប្រធានាធិបតីអាមេរិក ជុំវិញវិធានផ្តាច់ជំនួយនោះ ដោយសារតុលាការឯករាជ្យ ដែលគេហៅថា «នីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យសេរី»។
ការលើកឡើងរបស់ លោក ផែង ហេង ក្រោយពីមានសេចក្តីរាយការណ៍នានា អះអាងថា តុលាការសហព័ន្ធក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ទី២២ ខែមេសានេះ បានចេញដីកាបង្គាប់ឱ្យទទួលយកបុគ្គលិក របស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)ចូលធ្វើការវិញ។
សេចក្តីសម្រេចនេះ បន្ទាប់ពីចៅក្រមបើកសវនាការទៅលើបណ្តឹងរបស់អ្នកតំណាងវិទ្យុទាំងពីរនេះ ដែលបានតវ៉ាប្រឆាំងនឹងការផ្តាច់ជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល តាមបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។
ជុំវិញសេចក្តីសម្រេចនេះ លោក ផែង ហេង បានចោទជាសំណួរថា តើតុលាការពិតជាមិនខ្លាច លោកប្រធានាធិបតី ដូណាល់ ត្រាំ ទេឬ ដែលហ៊ានសម្រេចសេចក្តីប្រឆាំងនឹងលោកប្រធានាធិបតី ហើយថែមទាំងបង្គាប់ឱ្យបើកប្រាក់ខែ និងផ្តល់ការងារឱ្យ VOA និង RFA?។ លោកថា នេះហើយដែលគេហៅថា នីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យសេរី។
លើសពីនេះ លោកថា លទ្ធិប្រជាធិបតេយ្យសេរី គឺសំដៅដល់ការបែងចែកអំណាចរដ្ឋជា៣ ឱ្យដាច់ពីគ្នា គឺនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោកថា អំណាច៣នេះ ត្រូវឯករាជ្យពីគ្នា និងមិនស្ថិតក្រោមអំណាចណាមួយនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីអំឡុងខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិរបស់ខ្លួន បញ្ចប់បុក្គលិកសំឡេងសហរដ្ឋអាមេរិក វីអូអេ ១៣០០នាក់ ខណៈវិទ្យុអាស៊ីសេរី និងអឺរ៉ុបសេរី ក៏ត្រូវប្រឈមមុខនឹងការបិទទ្វារដូចគ្នា ក្រោមហេតុផលបន្តកាត់បន្ថយការចំណាយរបស់ការិយាល័យសហព័ន្ធ។
ជាការកត់សម្គាល់ ការលើកឡើងរបស់សហមេធាវីរូបនេះ ខណៈកូនក្តីលោកគឺ លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជិត១០ឆ្នាំទៅនេះ តាមបណ្តឹងរបស់គណបក្សកាន់អំណាច ដែលគេមើលឃើញថា ជាការប្រឌិតបែបចោទប្រកាន់ ដើម្បីបំបិទសំឡេងជំទាស់ ទោះរដ្ឋធម្មនុញ្ញបានចែងថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស ។
ការប្រើដៃតុលាការ ដើម្បីបញ្ចប់ជីវិតនយោបាយមេបក្សប្រឆាំង ពីសង្វៀននយោបាយនេះ ត្រូវគេមើលឃើញថា ក្រោយពីមេដឹកនាំបក្សអំណាច លោក ហ៊ុន សែន ត្រូវបានពលរដ្ឋបោះឆ្នោត ដកសេចក្តីទុកចិត្តជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៣មក រហូតបក្សកាន់អំណាច បាត់បង់អាសនៈ ជិតពាក់កណ្តាលទាំងក្នុងសភា និងនៅថ្នាក់ឃុំសង្កាត់។
សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ធ្លាប់បានបញ្ចេញប្រតិកម្មថា ការចោទប្រកាន់ លោក កឹម សុខា ជាការចោទប្រកាន់បែបប្រឌិត ហើយថាការផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ឃុំ ២៧ឆ្នាំទៀតសោធ ថាជាបរាជ័យប្រព័ន្ធយុត្តិធម៌ ។
លើសពីនេះ មហាអំណាចលោកសេរីមួយនេះ គូសបញ្ជាក់ថា ការបដិសេធ សេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
សហរដ្ឋអាមេរិកពេលនោះ ក៏បានអំពាវនាវឱ្យអាជ្ញាធរអនុញ្ញាតឱ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធ ប្រជាធិបតេយ្យពិតប្រាកដមួយ៕