គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់សមាជិកបក្សរបស់ខ្លួនម្នាក់ទៀត នៅខេត្តកំពង់ធំ ថាជាការបន្តធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងប៉ះពាល់ដល់ដំណើរការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក យ៉ាង សុខយាង ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយមេប៉ុស្តិ៍នគរបាលឃុំស្រឡៅ បានកោះហៅគាត់ទៅកាន់ស្នាក់ការប៉ូលីសឃុំ ដោយមិនដឹងពីមូលហេតុ និងគ្មានបង្ហាញដីកាចាប់ខ្លួនដល់សាមីខ្លួន និងក្រុមគ្រួសារបានដឹងឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
ករណីនេះ គណបក្សកម្លាំងជាតិ យល់ឃើញថា ការចាប់ខ្លួនលោក យ៉ាង សុខយាង ជាការបំភិតបំភ័យថ្មីមួយទៀត ក៏ដូចជាការបន្តធ្វើទុក្ខបុកម្នេញទៅលើថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
គណបក្សនេះ ក៏បានអំពាវនាវដល់សមត្ថកិច្ច ដោះលែង លោក យ៉ាង សុខយាង និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាសនយោបាយល្អ ដល់គ្រប់គណបក្ស ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ។
សម្រាប់ លោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ មិនទាន់ដឹងទេ ថាតើសមត្ថកិច្ចបានចាប់បញ្ជូនខ្លួន លោក យ៉ាង សុខយាង ទៅកាន់ទីណានៅឡើយ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសានេះ។
លោកថា៖ «ខ្ញុំអត់ដឹងថា គេបញ្ជូនទៅដល់ទីណា គ្រាន់តែក្រុមការងារខេត្តកំពង់ធំ បានធ្វើកំណត់ហេតុ និងធ្វើការរាយការណ៍មកថា អនុប្រធានក្រុមការងារស្រុកតាំងគោកម្នាក់ ត្រូវបានចាប់ខ្លួន តែប៉ុណ្ណឹងទេ អីចឹងយើងអត់ដឹងថាបញ្ជូនទៅដល់ណាទេ»។
តែយ៉ាងណា បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការចាប់ខ្លួន លោក យ៉ាង សុខយាង ដែលជាអនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោកនេះ គឺធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសសុខសង្គម និងបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ។
ប្រភពដដែល បន្តថា តាមចម្លើយសារភាព និងភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គម មកយកធ្វើសកម្មភាពញុះញង់ និងអុជអាល តាមរយៈការបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលអំពើនេះបំពានធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ «ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបដិសេធតបបន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ។
លោកថា៖ «មើលតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យណា មិនមានអីត្រូវបញ្ជាក់បន្ថែមក្រៅពីសេចក្តីប្រកាសព័ត៌មានទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរី ដែលប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិ មិនថាមតិស្រប មតិផ្ទុយ មតិប្រឆាំង ឬមតិរិះគន់នោះទេ ហើយគោលការណ៍សកល ក៏អនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំ និងការធ្វើនយោបាយផងដែរ។
ប៉ុន្តែលោកថា អ្វីដែលនៅភាពប្រទាំងប្រទើសនោះ គឺការបកស្រាយខុសគ្នារវាងអាជ្ញាធរ និងតុលាការ ឬក៏អ្នកអនុវត្តច្បាប់ និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល។
លោក នី សុខា បន្តថា ការចាប់ខ្លួនសកម្មជនគណបក្សក្រៅរដ្ឋាភិបាល ឬសកម្មជនសង្គម ដែលបញ្ចេញមតិរិះគន់នៅលើបណ្តាញសង្កមនេះ ទោះសមត្ថកិច្ចពន្យល់ថា ជាការអនុវត្តច្បាប់ ប៉ុន្តែចង់មិនចង់ក៏បក្សនយោបាយ អ្នកជំនាញអង្គការសហប្រជាជាតិ និងសហគមន៍ជាតិ-អន្តរជាតិ នៅតែមើលឃើញថាជាការរឹតត្បិតសិទ្ធិសេរីភាព ច្រើនជាងការអនុវត្តច្បាប់។
លោកថា៖ «អីចឹងហើយបានយើងនៅតែបន្តស្នើឱ្យមានការពិនិត្យឡើងវិញ ចំពោះបញ្ហាទាក់ទងទៅនឹងការផ្តល់ ឬក៏បើកឱ្យមានលក្ខណៈទូលំទូលាយនៅសិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋហ្នឹង ដើម្បីធានាបានថា កម្ពុជាយើងមានការគោរពនូវសិទ្ធិមនុស្សជាសកល សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ និងការជួបជុំសមាគមដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ»។
បើតាម លោក នី សុខា ជាដំណោះស្រាយ ក៏ដូចជាដើម្បីបន្ធូរបន្ថយកម្តៅនយោបាយ ឬការប្រទាំងប្រទើសគ្នាណាមួយ រដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧នេះ និងគណបក្សនយោបាយទាំងអស់ គួរមានការការផ្សះផ្សា បង្រួបបង្រួមជាតិ និងចរចាគ្នាខាងផ្លូវនយោបាយ ដោយឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញ ជាជាងការប្រើប្រាស់យន្តការច្បាប់ ទៅដាក់ទោសទណ្ឌលើសកម្មជននយោបាយ និងសកម្មជនសង្គម ដែលជារូបភាពមួយមិនល្អក្នុងសង្គមកម្ពុជា។
គិតមកទល់ពេលនេះ រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ និងឃុំខ្លួនអ្នក នយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គម កើនឡើងដល់ជាង ១០០នាក់ ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម និងការបញ្ចេញមតិ ដោយអហិង្សា។
បើតាមមន្ត្រីបក្សប្រឆាំង មានអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល យ៉ាងហោចណាស់ជិត ៥០ នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើងកាន់អំណាច។
ដោយឡែក សម្រាប់តែគណបក្សកម្លាំងជាតិមួយ គឺមានក្បាលម៉ាស៊ីនរបស់គណបក្សនេះជាច្រើននាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមាន លោក ស៊ុន ចន្ធី អតីតប្រធានគណបក្ស លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិកគណបក្ស(ត្រូវបានដោះលែងវិញក្រោយចុះចូល) លោក ជិន ប៊ុនណ្ណារ័ត្ន អគ្គនាយករដ្ឋបាល លោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានគណបក្សកម្លាំងជាតិខេត្តកំពង់ចាម, លោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ និងចុងក្រោយនេះ លោក យ៉ាង សុខយាង អនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ។
សភាសហភាពអឺរ៉ុប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចដោយជំរុញឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ចាត់វិធានការដាក់ទណ្ឌកម្មឱ្យមានប្រសិទ្ធភាពលើក្រុមមនុស្ស ដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ ត្រូវបានដោះលែង៕









